ពលរដ្ឋ​ខេត្ត​បាត់ដំបង​ស្ដាយ​តំបន់​ភ្នំ​តា​គ្រាម ត្រូវ​បាន​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​វៀតណាម និង​បុគ្គល​មាន​អំណាច​ជីក​គាស់​កាយ​ធ្វើ​អាជីវកម្ម

ដោយ ខែ សុណង
2021-07-06
Share
ពលរដ្ឋ​ខេត្ត​បាត់ដំបង​ស្ដាយ​តំបន់​ភ្នំ​តា​គ្រាម ត្រូវ​បាន​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​វៀតណាម និង​បុគ្គល​មាន​អំណាច​ជីក​គាស់​កាយ​ធ្វើ​អាជីវកម្ម ពលរដ្ឋ​រស់​នៅ​ភូមិ​ប៉ោយ​ស្វាយ​នាំ​គ្នា​ស្រែក​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ចិន និង​បុគ្គល មាន​អំណាច​ធ្វើ​អាជីវកម្ម​ថ្ម ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រ​ជា​ពល​រដ្ឋ​អះ​អាង​ថា​ ភ្នំ​ជា​ច្រើន​នៅ​ស្រុក​បា​ណន់​ ខេត្ត​បាត់​ដំបង​ ត្រូវ​បាន​ក្រុម​ហ៊ុន​ចិន​ និង​វៀត​ណាម​ ឃុប​ឃិត​ជា​មួយ​អ្នក​មាន​អំណាច​មួយ​ចំនួន​ ជីក​គាស់​កាយ ធ្វើ​អាជីវ​កម្ម​ដោយ​សេរី​ ពល​រដ្ឋ​រាប់​រយ​គ្រួសារ​រស់​នៅ​ព័ទ្ធ​ជុំ​វិញ​ភ្នំ​នោះ សោក​ស្តាយ​សម្បត្តិ​ធម្ម​ជាតិ​កេរ​ដូន​តា​ដ៏​មាន​តម្លៃ​ទាំង​នេះ ហើយ​ពួក​គេ​បាន​តវ៉ា​សុំ​ឱ្យ​អាជ្ញា​ធរ​បញ្ឈប់​អាជីវ​កម្ម​ទាំង​នេះ​ជា​ច្រើន​លើក​ច្រើន​សារ តែ​គ្មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ។

ពលរដ្ឋ​ប្រ​មាណ ​៣​រយ​គ្រួសារ​ រស់​នៅ​ក្នុង​ភូមិ​ចំនួន​៤ ​ក្នុង​ឃុំ​តា​គ្រាម​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ នៅ​តែ​បន្ត​ទាម​ទារ​ឱ្យ​អាជ្ញា​ធរ​ បញ្ឈប់​ក្រុម​ហ៊ុន ធ្វើ​អាជីវ​កម្ម​ថ្ម​ភ្នំ​ទាំង​នោះ​ជា​បន្ទាន់។ ប្រជា​ពល​រដ្ឋ​ត្អូញត្អែរ​ថា ការ​ធ្វើ​អាជីវ​កម្ម​ថ្ម​ភ្នំ​នេះ​បាន​ប៉ះ​ពាល់​សុខ​ភាព​របស់​ពួក​គាត់​ដោយ​សារ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ថ្ម​តាម​រថយន្ត​ធំៗ ធ្វើ​ឱ្យ​ដី​ហុយ​ខ្លាំង ចូល​ផ្ទះ​សម្បែង​ពួក​គាត់។

ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ប៉ោយ​ស្វាយ​ ឃុំ​តា​គ្រាម​ លោក​ស្រី​ ពៅ សុ​ផេង ប្រាប់​អា​ស៊ី​សេរី​នៅ​ថ្ងៃ​ទី​០៦​ ខែ​កក្កដា​ ថា​ អាជីវ​កម្ម​កាយ​ភ្នំ​ទាំង​នេះ បាន​ធ្វើ​ឱ្យ​បាត់​បង់​ជម្រក​សត្វ​ព្រៃ​ ព្រៃ​ឈើ​ និង​អត្ត​សញ្ញាណ​ភូមិ​កំណើត​របស់​ពួក​គាត់​។ លើស​ពី​នេះ បណ្ដាល​ឱ្យ​អាកាស​ធាតុ​នៅ​ក្នុង​តំបន់​នោះ​ប្រែ​ប្រួល​ទៅ​ជា​ក្ដៅ​ខុស​ប្រក្រតី។ លោក​ស្រី​និយាយ​ថា នៅ​ពេល​ភ្លៀង​ធ្លាក់​ម្ដងៗ ធ្វើ​ឱ្យ​ខូង​ដី​និង​មាន​ធូលី​ដី​លាយ​ឡំ​ជាតិ​កំបោរ ហូរ​មក​ចាក់​ដី​កសិកម្ម​របស់​អ្នក​ភូមិ ​បណ្ដាល​ឱ្យ​ខូច​ខាត​ផល​ដំណាំ។ លោក​ស្រី​បញ្ជាក់​ថា ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ទាំង​នេះ​មក​ធ្វើ​អាជីវកម្ម​ជាង ១០ឆ្នាំ​កន្លង​មក​នេះ ប្រជា​ពល​រដ្ឋ​រស់​នៅ​លំបាក ហើយ​អ្នក​ខ្លះ​ប្រឈម​ការ​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម រលាក​ច្រមុះ (អាឡែហ្ស៊ី​ច្រមុះ (Allergies) ដោយសារ​តែ​ស្រូប​ធូលី​ដី​ហុយ ដែល​ឡាន​របស់​ក្រុម​ហ៊ុន​អាជីវកម្ម​ថ្ម​ភ្នំ​ធ្វើដំណើរ​ឆ្លងកាត់​ជា​រៀង​រាល់​ថ្ងៃ​នោះ៖ «ហុយ​ពេក​នៅ​មិន​បាន​ទេ រថយន្ត​បើកបរ​ហុយ​ទាំង​យប់​ហុយ​ទាំង​ថ្ងៃ ហើយ​ឡាន​បើក​លឿនៗ ណាស់ ហើយ​ធ្វើ​ការ​គ្មាន​ម៉ោង​គ្មាន​ពេល​ទេ ម៉ោង ១១យប់ ក៏​មាន សំខាន់​គឺ​ហុយ​ខ្លាំង​តែ​ម្ដង »

ស្ត្រី​ដ​ដែល​បន្ត​ថា​ កន្លង​មក​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​ តែង​តែ​លើក​គ្នា​តវ៉ា បិទ​ផ្លូវ​មិន​ឱ្យ​រថយន្ត​ធំៗ ដឹក​ថ្ម​ឆ្លង​កាត់​ភូមិ ​ដោយ​សារ​តែ​ដី​ហុយ​ដី​ខ្លាំង​ពិបាក​ដក​ដង្ហើម។ លោក​ស្រី​បន្ថែម​ថា​ អ្នក​ភូមិ​មិន​ស្គាល់​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​ធ្វើ​អាជីវ​កម្ម​កាយ​ភ្នំ​ទាំង​នេះ​ទេ ព្រោះ​អាជ្ញាធរ​ព្យាយាម​លាក់​បាំង​ព័ត៌មាន៖ «នៅ​ពេល​ដែល​ពួក​ខ្ញុំ​តវ៉ា​ថា ឡានទឹក​ហ្នឹង​ខូច​ទើប​មិន​បាន​មក​ស្រោច​ផ្លូវ​ឱ្យ ឥឡូវ​ប្រសិន​បើ​មិន​ធ្វើ​ការ​ស្រោចទឹក​ទៀងទាត់​ទេ​ប្រជាជន​បិទ​ផ្លូវ​មែនទែន​ហើយ។ ពួក​ខ្ញុំ​សំណូមពរ​ដល់​សម្ដេច​ពុក សម្ដេច​ម៉ែ​ជួយ​អនុគ្រោះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប៉ោយ​ស្វាយ​នេះ​ផង ហុយ​ណាស់​សម្ដេច​ម៉ែ សូម​ជួយ​កូន​ចៅ​ផង ខ្ញុំ​ចាស់ៗ អស់​ហើយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​បាត់​ដំបង​ លោក កត បូរ៉ាន ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​តំណាង​ពល​រដ្ឋ​ ព្រោះ​លោក​ថា សមត្ថ​កិច្ច​ជំនាញ​មិន​ទាន់​ទទួល​បាន​លិខិត​ស្នើ​សុំ​ពី​ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ។ បន្ថែម​ពី​នេះ លោក​បាន​ចោទ​ប្រកាន់​ទៅ​អ្នក​ភូមិ​វិញ​ថា ជា​ការ​ញុះ​ញង់។ លោក​អះ​អាង​ថា ប្រសិន​បើ​មាន​បញ្ហា​ទាំង​នោះ​កើត​ឡើង​ លោក​នឹង​ដោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​ និង​ស្នើ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​ចាត់​វិធាន​ការ​លើ​ក្រុម​ហ៊ុន​ទាំង​នោះ​ទៅ​តាម​ច្បាប់។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​នូវ​វិធានការ​ណា​មួយ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ៖ «គ្មាន​លិខិត​ស្នាម គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ វា​ជា​ពាក្យ​សម្ដី​អ្នក​សារ​ព័ត៌មាន​តែ​ប៉ុណ្ណឹង។ បើ​មាន​លិខិត​ស្នាម​អី​មក នោះ​ទើប​ដោះ​ស្រាយ​ជូន​កើត ធម្មតា​នៅ​សុខៗ អ្នក​សារ​ព័ត៌មាន​ទៅ សួរ​គេ​តាម​រយៈ​បុគ្គល​ម្នាក់ នោះ​វា​ពិបាក​ដែរ ខ្ញុំ​និយាយ​ត្រង់ៗ»

ទោះ​ជា​យ៉ាង​ណា​ អនុ​ប្រធាន​អង្គការ​ការ​ពារ​បរិស្ថាន​ និង​សិទ្ធិ​ពល​រដ្ឋ​ (CPEHO) ខេត្ត​បាត់​ដំបង​ លោក​ ធី​ សុ​ភឿត​ សង្ស័យ​ថា​ក្រុម​ហ៊ុន​ដែល​មក​ធ្វើ​អាជីវ​កម្ម​រុក​រក​រ៉ែ​ ថ្ម​ម៉ាប នៅ​តំបន់​ភ្នំ​តា​គ្រាម​ និង​ភ្នំ​គល់​ គ្មាន​អាជ្ញា​ប័ណ្ណ​ និង​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​នោះ​ឡើយ​។ លោក​ថា​បញ្ហា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ពល​រដ្ឋ​តវ៉ា​ជា​បន្ត​បន្ទាប់​។ លោក​សង្កេត​ឃើញ​ថា មន្ទីរ​ជំនាញ​ និង​អាជ្ញាធរ​មូលដ្ឋាន ហាក់​ព្រងើយ​កន្តើយ​មិន​បាន​ឆ្លើយ​តប និង​មាន​វិធាន​ការ​ណា​មួយ​ចំពោះ​ក្តី​កង្វល់​របស់​ពល​រដ្ឋ​នោះ​ឡើយ៖ «ពលរដ្ឋ​ទាំង​អស់ គាត់​សំណូមពរ​អ៊ីចឹង គឺ​ត្រឹម​ត្រូវ​ហើយ ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ ហើយ​យើង​ត្រូវ​តែ​ហ៊ាន​តវ៉ា​អ្វី​ដែល​ក្រុមហ៊ុន​ធ្វើ​ខុស​ច្បាប់ សំខាន់​ច្បាប់​ក្រុមហ៊ុន​មាន​ហើយ​តែ​ពួក​គាត់​អនុវត្ត​ខុស​ពី​គោល​ការណ៍ ការ​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។ ខ្ញុំ​សំណូមពរ​ឱ្យ​អាជ្ញាធរ​កុំ​ឱ្យ​ឃើញ​លុយ​តិចតួច​ហ្នឹង​បិទ​ភ្នែក សូម​ឱ្យ​អាជ្ញាធរ​សហការ​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត​ផង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គួរ​តែ​ណែនាំ​ដល់​ក្រុម​ហ៊ុន​ណា​ដែល​មក​ធ្វើ​អាជីវ​កម្ម​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ពល​រដ្ឋ​ និង​ប៉ះ​ពាល់​បរិស្ថាន។ លើស​ពី​នេះ លោក​ស្នើ​ឱ្យ​មន្ទីរ​ជំនាញ​ពាក់​ព័ន្ធ​ឱ្យ​បញ្ឈប់​ក្រុម​ហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវ​កម្ម​ដោយ​ខុស​ច្បាប់។

អ្នក​ស្រុក​បាណន់​ចាត់​ទុក​ភ្នំ​ទាំង​នេះ ជា​និមិត្ត​រូប​ស្រុក​កំណើត​របស់​ពួក​គាត់ កំពុង​ឈាន​ទៅ​រក​ការ​បាត់​បង់​រូប​រាង​ទាំង​ស្រុង​។ ពួក​គាត់​បារម្ភ​ថា ភ្នំ​ទាំង​នេះ អាច​នឹង​ហិន​ហោច​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដែល​នឹង​ក្លាយ​ជា​តំបន់​វាល​រាប ដូច​ភ្នំ​ផ្សេងៗ នៅ​ខេត្ត​ព្រៃ​វែង​មិន​ខាន​ឡើយ​។ អ្នក​ភូមិ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ប្រសិន​បើ​បាត់​បង់​ភ្នំ​ទាំង​នេះ​ពួក​គាត់​គ្មាន​លទ្ធ​ភាព​ការ​ពារ​សម្បត្តិ​ធន​ធាន​ធម្ម​ជាតិ​ទាំង​នេះ​បាន​ទេ ស្រប​ពេល​ដែល​ម្ចាស់​ក្រុម​ហ៊ុន​សុទ្ធ​តែ​មាន​ឥទ្ធិពល។ លើស​ពី​នេះ ភ្នំ​ដែល​គេ​កំពុង​ជីក​គាស់​កាយ​ស្ទើរ​តែ​បាត់​រូប​រាង​រួម​មាន​ មាន​ភ្នំ​តា​គ្រាម​ ភ្នំ​ថ្ម​ក្រហម ភ្នំ​អន្សែ ភ្នំ​ប៉ើយ​ស្វាយ​ ភ្នំ​ពពូល​ ភ្នំ​តា​ត្រ​ងោល​ និង​ភ្នំ​គល់​ជា​ដើម​។ ភ្នំ​ធម្មជាតិ​ទាំង​នេះ​ ធ្លាប់​ផ្តល់​ម្លប់​បៃតង​ស្រស់​ស្អាត​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ការ​ដ្ឋាន​ កាយ​ជីក​កាយ​ និង​កិន​ថ្ម ដោយ​មាន​គ្រឿង​ចក្រ​រាប់​សិប​គ្រឿង​ ដឹក​ជញ្ជូន​ថ្ម​ធ្វើ​អាជីវ​កម្ម​យ៉ាង​គគ្រឹកគគ្រេង​ស្ទើរ​ជា​រៀង​រាល់ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល