ប្រជាពលរដ្ឋអះអាងថា ភ្នំជាច្រើននៅស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានក្រុមហ៊ុនចិន និងវៀតណាម ឃុបឃិតជាមួយអ្នកមានអំណាចមួយចំនួន ជីកគាស់កាយ ធ្វើអាជីវកម្មដោយសេរី ពលរដ្ឋរាប់រយគ្រួសាររស់នៅព័ទ្ធជុំវិញភ្នំនោះ សោកស្តាយសម្បត្តិធម្មជាតិកេរដូនតាដ៏មានតម្លៃទាំងនេះ ហើយពួកគេបានតវ៉ាសុំឱ្យអាជ្ញាធរបញ្ឈប់អាជីវកម្មទាំងនេះជាច្រើនលើកច្រើនសារ តែគ្មានដំណោះស្រាយនៅឡើយទេ។
ពលរដ្ឋប្រមាណ ៣រយគ្រួសារ រស់នៅក្នុងភូមិចំនួន៤ ក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នៅតែបន្តទាមទារឱ្យអាជ្ញាធរ បញ្ឈប់ក្រុមហ៊ុន ធ្វើអាជីវកម្មថ្មភ្នំទាំងនោះជាបន្ទាន់។ ប្រជាពលរដ្ឋត្អូញត្អែរថា ការធ្វើអាជីវកម្មថ្មភ្នំនេះបានប៉ះពាល់សុខភាពរបស់ពួកគាត់ដោយសារក្រុមហ៊ុនដឹកជញ្ជូនថ្មតាមរថយន្តធំៗ ធ្វើឱ្យដីហុយខ្លាំង ចូលផ្ទះសម្បែងពួកគាត់។
ប្រជាពលរដ្ឋរស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម លោកស្រី ពៅ សុផេង ប្រាប់អាស៊ីសេរីនៅថ្ងៃទី០៦ ខែកក្កដា ថា អាជីវកម្មកាយភ្នំទាំងនេះ បានធ្វើឱ្យបាត់បង់ជម្រកសត្វព្រៃ ព្រៃឈើ និងអត្តសញ្ញាណភូមិកំណើតរបស់ពួកគាត់។ លើសពីនេះ បណ្ដាលឱ្យអាកាសធាតុនៅក្នុងតំបន់នោះប្រែប្រួលទៅជាក្ដៅខុសប្រក្រតី។ លោកស្រីនិយាយថា នៅពេលភ្លៀងធ្លាក់ម្ដងៗ ធ្វើឱ្យខូងដីនិងមានធូលីដីលាយឡំជាតិកំបោរ ហូរមកចាក់ដីកសិកម្មរបស់អ្នកភូមិ បណ្ដាលឱ្យខូចខាតផលដំណាំ។ លោកស្រីបញ្ជាក់ថា ចាប់តាំងពីក្រុមហ៊ុនទាំងនេះមកធ្វើអាជីវកម្មជាង ១០ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋរស់នៅលំបាក ហើយអ្នកខ្លះប្រឈមការកើតជំងឺរលាកផ្លូវដង្ហើម រលាកច្រមុះ (អាឡែហ្ស៊ីច្រមុះ (Allergies) ដោយសារតែស្រូបធូលីដីហុយ ដែលឡានរបស់ក្រុមហ៊ុនអាជីវកម្មថ្មភ្នំធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃនោះ៖ « ហុយពេកនៅមិនបានទេ រថយន្តបើកបរហុយទាំងយប់ហុយទាំងថ្ងៃ ហើយឡានបើកលឿនៗ ណាស់ ហើយធ្វើការគ្មានម៉ោងគ្មានពេលទេ ម៉ោង ១១យប់ ក៏មាន សំខាន់គឺហុយខ្លាំងតែម្ដង » ។
ស្ត្រីដដែលបន្តថា កន្លងមកអ្នកភូមិរាប់រយគ្រួសារ តែងតែលើកគ្នាតវ៉ា បិទផ្លូវមិនឱ្យរថយន្តធំៗ ដឹកថ្មឆ្លងកាត់ភូមិ ដោយសារតែដីហុយដីខ្លាំងពិបាកដកដង្ហើម។ លោកស្រីបន្ថែមថា អ្នកភូមិមិនស្គាល់ឈ្មោះក្រុមហ៊ុនដែលធ្វើអាជីវកម្មកាយភ្នំទាំងនេះទេ ព្រោះអាជ្ញាធរព្យាយាមលាក់បាំងព័ត៌មាន៖ « នៅពេលដែលពួកខ្ញុំតវ៉ាថា ឡានទឹកហ្នឹងខូចទើបមិនបានមកស្រោចផ្លូវឱ្យ ឥឡូវប្រសិនបើមិនធ្វើការស្រោចទឹកទៀងទាត់ទេប្រជាជនបិទផ្លូវមែនទែនហើយ។ ពួកខ្ញុំសំណូមពរដល់សម្ដេចពុក សម្ដេចម៉ែជួយអនុគ្រោះប្រជាពលរដ្ឋរស់នៅភូមិប៉ោយស្វាយនេះផង ហុយណាស់សម្ដេចម៉ែ សូមជួយកូនចៅផង ខ្ញុំចាស់ៗ អស់ហើយ » ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរ៉ាន ច្រានចោលចំពោះការលើកឡើងរបស់តំណាងពលរដ្ឋ ព្រោះលោកថា សមត្ថកិច្ចជំនាញមិនទាន់ទទួលបានលិខិតស្នើសុំពីប្រជាពលរដ្ឋនៅឡើយទេ។ បន្ថែមពីនេះ លោកបានចោទប្រកាន់ទៅអ្នកភូមិវិញថា ជាការញុះញង់។ លោកអះអាងថា ប្រសិនបើមានបញ្ហាទាំងនោះកើតឡើង លោកនឹងដោះស្រាយជូនប្រជាពលរដ្ឋ និងស្នើឱ្យអាជ្ញាធរខេត្តចាត់វិធានការលើក្រុមហ៊ុនទាំងនោះទៅតាមច្បាប់។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតនូវវិធានការណាមួយ ដើម្បីដោះស្រាយបញ្ហានោះទេ៖ « គ្មានលិខិតស្នាម គឺមិនអាចយកជាការបានទេ វាជាពាក្យសម្ដីអ្នកសារព័ត៌មានតែប៉ុណ្ណឹង។ បើមានលិខិតស្នាមអីមក នោះទើបដោះស្រាយជូនកើត ធម្មតានៅសុខៗ អ្នកសារព័ត៌មានទៅ សួរគេតាមរយៈបុគ្គលម្នាក់ នោះវាពិបាកដែរ ខ្ញុំនិយាយត្រង់ៗ » ។
ទោះជាយ៉ាងណា អនុប្រធានអង្គការការពារបរិស្ថាន និងសិទ្ធិពលរដ្ឋ (CPEHO) ខេត្តបាត់ដំបង លោក ធី សុភឿត សង្ស័យថាក្រុមហ៊ុនដែលមកធ្វើអាជីវកម្មរុករករ៉ែ ថ្មម៉ាប នៅតំបន់ភ្នំតាគ្រាម និងភ្នំគល់ គ្មានអាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ។ លោកថាបញ្ហានេះហើយ ទើបធ្វើឱ្យពលរដ្ឋតវ៉ាជាបន្តបន្ទាប់។ លោកសង្កេតឃើញថា មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ហាក់ព្រងើយកន្តើយមិនបានឆ្លើយតប និងមានវិធានការណាមួយចំពោះក្តីកង្វល់របស់ពលរដ្ឋនោះឡើយ៖ « ពលរដ្ឋទាំងអស់ គាត់សំណូមពរអ៊ីចឹង គឺត្រឹមត្រូវហើយ ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ ហើយយើងត្រូវតែហ៊ានតវ៉ាអ្វីដែលក្រុមហ៊ុនធ្វើខុសច្បាប់ សំខាន់ច្បាប់ក្រុមហ៊ុនមានហើយតែពួកគាត់អនុវត្តខុសពីគោលការណ៍ ការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ។ ខ្ញុំសំណូមពរឱ្យអាជ្ញាធរកុំឱ្យឃើញលុយតិចតួចហ្នឹងបិទភ្នែក សូមឱ្យអាជ្ញាធរសហការគ្នាជាមួយប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោតផង » ។
មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានគួរតែណែនាំដល់ក្រុមហ៊ុនណាដែលមកធ្វើអាជីវកម្មប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ និងប៉ះពាល់បរិស្ថាន។ លើសពីនេះ លោកស្នើឱ្យមន្ទីរជំនាញពាក់ព័ន្ធឱ្យបញ្ឈប់ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មដោយខុសច្បាប់។
អ្នកស្រុកបាណន់ចាត់ទុកភ្នំទាំងនេះ ជានិមិត្តរូបស្រុកកំណើតរបស់ពួកគាត់ កំពុងឈានទៅរកការបាត់បង់រូបរាងទាំងស្រុង។ ពួកគាត់បារម្ភថា ភ្នំទាំងនេះ អាចនឹងហិនហោចនៅពេលដ៏ខ្លីខាងមុខ ដែលនឹងក្លាយជាតំបន់វាលរាប ដូចភ្នំផ្សេងៗ នៅខេត្តព្រៃវែងមិនខានឡើយ។ អ្នកភូមិសោកស្ដាយយ៉ាងខ្លាំងប្រសិនបើបាត់បង់ភ្នំទាំងនេះពួកគាត់គ្មានលទ្ធភាពការពារសម្បត្តិធនធានធម្មជាតិទាំងនេះបានទេ ស្របពេលដែលម្ចាស់ក្រុមហ៊ុនសុទ្ធតែមានឥទ្ធិពល។ លើសពីនេះ ភ្នំដែលគេកំពុងជីកគាស់កាយស្ទើរតែបាត់រូបរាងរួមមាន មានភ្នំតាគ្រាម ភ្នំថ្មក្រហម ភ្នំអន្សែ ភ្នំប៉ើយស្វាយ ភ្នំពពូល ភ្នំតាត្រងោល និងភ្នំគល់ជាដើម។ ភ្នំធម្មជាតិទាំងនេះ ធ្លាប់ផ្តល់ម្លប់បៃតងស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាការដ្ឋាន កាយជីកកាយ និងកិនថ្ម ដោយមានគ្រឿងចក្ររាប់សិបគ្រឿង ដឹកជញ្ជូនថ្មធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងស្ទើរជារៀងរាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។