ពលរដ្ឋ​ខេត្ត​ភាគ​ឦសាន​បារម្ភ​ពី​អាកាសធាតុ​ក្ដៅ និង​ខ្យល់​កន្ត្រាក់​ដែល​បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជាង ៨០ខ្នង និង​ពលរដ្ឋ ២នាក់​ស្លាប់

ដោយ ហេង រស្មី
2019.03.25
ផ្ទះរលំ ស្រុក​កូន​មុំ ខេត្ត​រតនគិរី ៦២២ លំនៅឋាន​ពលរដ្ឋ​រស់​នៅ​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគិរី ដួល​រលំ​ដោយសារ​ខ្យល់​កន្ទ្រាក់ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ២០១៩។
រូបភាព៖ ហ្វេសបុក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម

ពលរដ្ឋ​រស់​នៅ​ខេត្ត​ភាគ​ឦសាន ព្រួយ​បារម្ភ​ពី​អាកាសធាតុ​ក្ដៅ និង​ខ្យល់​កន្ទ្រាក់ ដែល​បាន​បំផ្លាញ​លំនៅឋាន​ពលរដ្ឋ​ជាង ៨៣ខ្នង និង​មនុស្ស ២នាក់​ស្លាប់​ដោយសារ​រន្ទះ​បាញ់ កាល​ពី​ពេល​ថ្មីៗ នេះ។ លើស​ពី​នេះ​អាកាសធាតុ​ក្ដៅ បង្ក​ឲ្យ​ប្រភព​ទឹក​មួយ​ចំនួន​រីង​ហួត ក៏​ជា​បន្ទុក​បន្ថែម​ទៀត ប៉ះ​ពាល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ និង​សត្វ​ពាហនៈ។

ពលរដ្ឋ​រស់​នៅ​ខេត្ត​ក្រចេះ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​រតនគិរី ចាត់​ទុក​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ទ្រាក់ និង​អាកាសធាតុ​ក្ដៅ​ក្នុង​ឆ្នាំ ២០១៩នេះ កំពុង​គំរាម​កំហែង​ជីវភាព​រស់នៅ ​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ សត្វ​ពាហនៈ​របស់​អ្នក​ភូមិ​ធ្ងន់ធ្ងរ។ ពួក​គេ​អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ គឺ​ជា​ដើម​ចម​យ៉ាង​សំខាន់ នាំ​ឲ្យ​កើត​មាន​បម្រែបម្រួល​អាកាសធាតុ និង​បាតុភូត​ធម្មជាតិ ដែល​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​យក​មធ្យោបាយ ទប់ទល់​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ​គ្រប់​រូបភាព និង ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ជាដើម។

អភិបាល​ស្រុក​ឆែប ខេត្ត​ព្រះវិហារ លោក សុខ សាន្តតារា ចាត់​ទុក​ខ្យល់​កន្ទ្រាក់ គឺ​ជា​គ្រោះ​ធម្មជាតិ​ដ៏​សាហាវ ដែល​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ម្លូ​ព្រៃ១ ចំនួន ១៩ខ្នង ក្នុង​នោះ​មាន​ផ្ទះ ៥ខ្នង ដួល​រាប​ដល់​ដី កាល​ពី​ថ្ងៃ​ទី២៣ មីនា។ លោក​ថា បាតុភាព​នេះ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ ហើយ​អាជ្ញាធរ​ស្រុក​បាន​ដាក់​កម្លាំង​ជួយ​លើក​ផ្ទះ​ប្រជា​ពលរដ្ឋ និង​ចែក​អំណោយ​កាកបាទ​ក្រហម​ជូន​ពលរដ្ឋ​រង​គ្រោះ៖ «ខ្ញុំ​កំពុង​តែ​នៅ​កន្លែង​ដែល​ដួល​ហ្នឹង កំពុង​ចែក​អំណោយ​ដល់​ពលរដ្ឋ កំពុង​តែ​ជួយ​ដាក់​កម្លាំង ដើម្បី​លើក​ផ្ទះ​គាត់។ ជាក់​ស្ដែង​ក្នុង​ការ​រង​គ្រោះ​ខ្យល់​កន្ត្រាក់ ពី​ល្ងាច​មិញ​នោះ ល្បើក​ខ្លាំង​ដួល​រលំ​ផ្ទះ​តែ ៥ផ្ទះទេ ចំពោះ​ជញ្ជាំង​ដែល​ប៉ះពាល់ គឺ​មាន ១៣ផ្ទះ។ សរុប​ទាំង​អស់ ១៩ផ្ទះ​ទេ ហើយ​ក្នុង​ហ្នឹង​មិន​ប៉ះពាល់​អាយុ​ជីវិត​បង​ប្អូន​ដែរ»

ចំណែក​នៅ​ខេត្ត​ក្រចេះ  មានពលរដ្ឋ២នាក់ស្លាប់ និង​ម្នាក់​រង​បួស​ដោយសារ​រន្ទះ​បាញ់។ រី​ឯ​លំនៅឋាន​ពលរដ្ឋ​ចំនួន ២៨ខ្នង បាន​ដួល​រលំ​ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​រសៀល​ថ្ងៃ​ទី២៣ មីនា។ នៅ​ខេត្ត​កំពង់ធំ​ឯ​ណោះ​វិញ គ្រោះ​ធម្មជាតិ ឬ​ខ្យល់​កន្ត្រាក់​នេះ បាន​បង្ក​ឲ្យ​ខូច​ខាត​ផ្ទះ​ពលរដ្ឋ ២៦ខ្នង ក្នុង​ឃុំ​នីពេជ្រ ស្រុក​កំពង់​ស្វាយ។ ចំណែក​នៅ​ខេត្ត​រតនគិរី​បាតុភាព​គ្រោះ​ធម្មជាតិ​នេះ បាន​បំផ្លាញ​លំនៅឋាន​ពលរដ្ឋ​ចំនួន ១០ខ្នង នៅ​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ។ នេះ​បើ​យោង​តាម ហ្វេសប៊ុក (Facebook) ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។

សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ​រស់នៅ​ស្រុក​ស្នូល ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ម្នាក់​ដែល​ស្លាប់​ដោយសារ​រន្ទះ​បាញ់ នៅ​គ្រា​ដែល​កំពុង​ជ្រក​ទឹក​ភ្លៀង​ក្រោម​ខ្ទម ក្នុង​ចម្ការ ឋិត​នៅ​ឃុំ​គ្រញូង​សែន ជ័យ ស្រុក​ស្នូល​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មីនា។ រី​ឯ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ វ័យ១៦ឆ្នាំ រស់នៅ​ឃុំ​ស្នូល ក៏​ត្រូវ​រន្ទះ​បាញ់​នៅ​គ្រា ដែល​កំពុង​អង្គុយ​ក្រោម​ផ្ទះ។

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ឃុំ​ស្រែ​ឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន បាន​ទម្លាក់​កំហុស​បាតុភាព​គ្រោះ​ធម្មជាតិ​នេះ មក​ពី​អាជ្ញាធរ​រដ្ឋ និង ស្ថាប័ន​ពាក់ព័ន្ធ​មិន​យក​ចិត្ត​ទុក​ដាក់​ការពារ​ព្រៃ​ឈើ​ឲ្យ​គង់វង្ស។

លោក​ថា អាកាសធាតុ​ក្ដៅ​ឆ្នាំ​នេះ​បង្ក​ភាព​ស្មុគស្មាញ​ដល់​ជីវភាព​ពលរដ្ឋ និង​សត្វ​ចិញ្ចឹម​អ្នកស្រុក ​​​ពិបាក​រក​ប្រភព​ទឹក ខ្វះខាត​ចំណី ខណៈ​តំបន់​ពួក​គាត់​រស់នៅ មាន​កន្លែង​ខ្លះ​បុក​អណ្ដូង​ពុំ​មាន​ទឹក។ លោក​ថា ការប្រែប្រួល​អាកាសធាតុ​ដ៏​អាក្រក់​នេះ មាន​សភាព​ប្លែក​ពី​សម័យ​ដើម ពោល​កាល​ពី​មិន​ទាន់​បាត់បង់​ព្រៃ​ឈើ​ធំធេង លោក​មិន​ដែល​ឃើញ​គ្រោះ​ធម្មជាតិ​ដូច​នេះ​ទេ«ឥឡូវ​ទោះ​បី​យើង​មើល​ឃើញ​ថា ប្រែប្រួល​អាកាសធាតុ​ដែល​មាន​ក្ដៅ​ហួស​ប្រក្រតី មូលហេតុ​មក​ពី​អស់​ព្រៃ​ឈើ ក៏​យើង​ថា​ទៅ ក៏​មិន​ដឹង​ពី​ណា​អ្នក​ស្ដាប់ ចុះ​បើ​គេ​ស្ដាប់ ក៏​មិន​ដឹង​ស្ដាប់​ក៏​មិន​ដឹង​មាន​ពី​ណា​អនុវត្ត​កុំ​ឲ្យ​មាន​បទ​ល្មើស​ព្រៃ​ឈើ។ កន្លែង​ខ្ញុំ​ខ្វះ​ទឹក ជីក​អណ្ដូង ១៦ម៉ែត្រ​ហើយ អត់​ចេញ​ទឹក​ទៀត។ ពលរដ្ឋ​ច្រើន​ទៀត​ខ្វះ​ទឹក​ដែរ យ៉ាប់​ណាស់»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក លោក ចាន់ យុត្ថា ដើម្បី​ស្នើសុំ​ការ​បំភ្លឺ​រឿង​នេះ ក៏​ប៉ុន្តែ​លោក​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​នៅ​គ្រា​ដែល​អាស៊ី​សេរី​ហៅ​ទៅ នៅ​ថ្ងៃ​ទី២៤ និង​ទី២៥ មីនា។

ថ្មីៗ នេះ ក្រសួង​ធនធាន​ទឹក និង ឧតុនិយម បាន​ជូន​ដំណឹង​ ព្យាករ​អាកាសធាតុ​លើក​ទី២ សម្រាប់​រដូវប្រាំង​ និង​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ ដោយ​បង្ហាញ​ថា បាតុភូត អែល អ៊ីណូ EI Nino នឹង​គ្រប​ដណ្ដប់​ក្នុង​ប្រទេស​កម្ពុជា ក្នុង​កម្រិត ៦០ភាគ​រយ និង ៤០ភាគ​រយ​ទៀត ទទួល​រង​ឥទ្ធិពល​បាតុភូត​អន្តរកាល។ លើស​ពី​នេះ រដូវ​ប្រាំង​នឹង​អូស​បន្លាយ​ពេល​ដល់​ពាក់​កណ្ដាល​ខែ​ឧសភា ឆ្នាំ២០១៩  ហើយ​នៅ​ទូទាំង​ប្រទេស​សីតុណ្ហភាព​អតិបរមា​មធ្យម​ឋិត​ក្នុង​រង្វង់ ៣៦អង្សា ដល់ ៣៨អង្សា។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់ថា បាតុភាព​គ្រោះ​ធម្មជាតិ​នេះ នឹង​បង្ក​ការ​លំបាក​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ ហេតុ​នេះ​អាជ្ញាធរ​ត្រូវ​មាន​កញ្ចប់​ថវិកា​សង្គ្រោះ​បន្ទាន់​ជួយ​ប្រជាពលរដ្ឋ។ លោក​ថា ប្រសិន​បើ​ស្ថាប័ន​ពាក់ព័ន្ធ និង​ពលរដ្ឋ​មិន​ព្រួត​ដៃ​គ្នា​អភិរក្ស​ព្រៃ​ឈើ​ឲ្យ​បាន​ប្រសើរ​ទេ លោក​មិន​សង្ឃឹម​ថា គ្រោះធម្មជាតិ ឬ​ខ្យល់​កន្ត្រាក់​នឹង​អាច​កាត់​បន្ថយ​បាន​ទេ ហើយ​យុទ្ធនាការ​ដាំ​ដើម​ឈើ​ឡើង​វិញ ​ក៏​គួរ​តែ​កើត​មាន​នៅ​គ្រប់​តំបន់​ដែរ៕


បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។