ពលរដ្ឋរស់នៅខេត្តភាគឦសាន ព្រួយបារម្ភពីអាកាសធាតុក្ដៅ និងខ្យល់កន្ទ្រាក់ ដែលបានបំផ្លាញលំនៅឋានពលរដ្ឋជាង ៨៣ខ្នង និងមនុស្ស ២នាក់ស្លាប់ដោយសាររន្ទះបាញ់ កាលពីពេលថ្មីៗ នេះ។ លើសពីនេះអាកាសធាតុក្ដៅ បង្កឲ្យប្រភពទឹកមួយចំនួនរីងហួត ក៏ជាបន្ទុកបន្ថែមទៀត ប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងសត្វពាហនៈ។
ពលរដ្ឋរស់នៅខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងខេត្តរតនគិរី ចាត់ទុកគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ និងអាកាសធាតុក្ដៅក្នុងឆ្នាំ ២០១៩នេះ កំពុងគំរាមកំហែងជីវភាពរស់នៅ និងបំផ្លាញទ្រព្យសម្បត្តិ សត្វពាហនៈរបស់អ្នកភូមិធ្ងន់ធ្ងរ។ ពួកគេអះអាងថា ការកាប់បំផ្លាញព្រៃឈើ គឺជាដើមចមយ៉ាងសំខាន់ នាំឲ្យកើតមានបម្រែបម្រួលអាកាសធាតុ និងបាតុភូតធម្មជាតិ ដែលទាមទារឲ្យរបបក្រុងភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវយកមធ្យោបាយ ទប់ទល់សកម្មភាពបំផ្លាញព្រៃឈើគ្រប់រូបភាព និង ទប់ស្កាត់បទល្មើសព្រៃឈើ ជាដើម។
អភិបាលស្រុកឆែប ខេត្តព្រះវិហារ លោក សុខ សាន្តតារា ចាត់ទុកខ្យល់កន្ទ្រាក់ គឺជាគ្រោះធម្មជាតិដ៏សាហាវ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្ឋនៅឃុំម្លូព្រៃ១ ចំនួន ១៩ខ្នង ក្នុងនោះមានផ្ទះ ៥ខ្នង ដួលរាបដល់ដី កាលពីថ្ងៃទី២៣ មីនា។ លោកថា បាតុភាពនេះមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ ហើយអាជ្ញាធរស្រុកបានដាក់កម្លាំងជួយលើកផ្ទះប្រជាពលរដ្ឋ និងចែកអំណោយកាកបាទក្រហមជូនពលរដ្ឋរងគ្រោះ៖ «ខ្ញុំកំពុងតែនៅកន្លែងដែលដួលហ្នឹង កំពុងចែកអំណោយដល់ពលរដ្ឋ កំពុងតែជួយដាក់កម្លាំង ដើម្បីលើកផ្ទះគាត់។ ជាក់ស្ដែងក្នុងការរងគ្រោះខ្យល់កន្ត្រាក់ ពីល្ងាចមិញនោះ ល្បើកខ្លាំងដួលរលំផ្ទះតែ ៥ផ្ទះទេ ចំពោះជញ្ជាំងដែលប៉ះពាល់ គឺមាន ១៣ផ្ទះ។ សរុបទាំងអស់ ១៩ផ្ទះទេ ហើយក្នុងហ្នឹងមិនប៉ះពាល់អាយុជីវិតបងប្អូនដែរ » ។
ចំណែកនៅខេត្តក្រចេះ មានពលរដ្ឋ២នាក់ស្លាប់ និងម្នាក់រងបួសដោយសាររន្ទះបាញ់។ រីឯលំនៅឋានពលរដ្ឋចំនួន ២៨ខ្នង បានដួលរលំដោយសារខ្យល់កន្ត្រាក់ នៅរសៀលថ្ងៃទី២៣ មីនា។ នៅខេត្តកំពង់ធំឯណោះវិញ គ្រោះធម្មជាតិ ឬខ្យល់កន្ត្រាក់នេះ បានបង្កឲ្យខូចខាតផ្ទះពលរដ្ឋ ២៦ខ្នង ក្នុងឃុំនីពេជ្រ ស្រុកកំពង់ស្វាយ។ ចំណែកនៅខេត្តរតនគិរីបាតុភាពគ្រោះធម្មជាតិនេះ បានបំផ្លាញលំនៅឋានពលរដ្ឋចំនួន ១០ខ្នង នៅឃុំត្រពាំងក្រហម ស្រុកកូនមុំ។ នេះបើយោងតាម ហ្វេសប៊ុក (Facebook) ក្រសួងធនធានទឹក និងឧតុនិយម។
សេចក្ដីរាយការណ៍ពីពលរដ្ឋរស់នៅស្រុកស្នូល ខេត្តក្រចេះ ឲ្យដឹងថា ជនរងគ្រោះម្នាក់ដែលស្លាប់ដោយសាររន្ទះបាញ់ នៅគ្រាដែលកំពុងជ្រកទឹកភ្លៀងក្រោមខ្ទម ក្នុងចម្ការ ឋិតនៅឃុំគ្រញូងសែន ជ័យ ស្រុកស្នូលកាលពីថ្ងៃទី២៣ ខែមីនា។ រីឯជនរងគ្រោះម្នាក់ទៀត វ័យ១៦ឆ្នាំ រស់នៅឃុំស្នូល ក៏ត្រូវរន្ទះបាញ់នៅគ្រា ដែលកំពុងអង្គុយក្រោមផ្ទះ។
ជនជាតិដើមភាគតិចកួយ រស់នៅឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក ថាន់ វ៉ន បានទម្លាក់កំហុសបាតុភាពគ្រោះធម្មជាតិនេះ មកពីអាជ្ញាធររដ្ឋ និង ស្ថាប័នពាក់ព័ន្ធមិនយកចិត្តទុកដាក់ការពារព្រៃឈើឲ្យគង់វង្ស។
លោកថា អាកាសធាតុក្ដៅឆ្នាំនេះបង្កភាពស្មុគស្មាញដល់ជីវភាពពលរដ្ឋ និងសត្វចិញ្ចឹមអ្នកស្រុក ពិបាករកប្រភពទឹក ខ្វះខាតចំណី ខណៈតំបន់ពួកគាត់រស់នៅ មានកន្លែងខ្លះបុកអណ្ដូងពុំមានទឹក។ លោកថា ការប្រែប្រួលអាកាសធាតុដ៏អាក្រក់នេះ មានសភាពប្លែកពីសម័យដើម ពោលកាលពីមិនទាន់បាត់បង់ព្រៃឈើធំធេង លោកមិនដែលឃើញគ្រោះធម្មជាតិដូចនេះទេ៖ «ឥឡូវទោះបីយើងមើលឃើញថា ប្រែប្រួលអាកាសធាតុដែលមានក្ដៅហួសប្រក្រតី មូលហេតុមកពីអស់ព្រៃឈើ ក៏យើងថាទៅ ក៏មិនដឹងពីណាអ្នកស្ដាប់ ចុះបើគេស្ដាប់ ក៏មិនដឹងស្ដាប់ក៏មិនដឹងមានពីណាអនុវត្តកុំឲ្យមានបទល្មើសព្រៃឈើ។ កន្លែងខ្ញុំខ្វះទឹក ជីកអណ្ដូង ១៦ម៉ែត្រហើយ អត់ចេញទឹកទៀត។ ពលរដ្ឋច្រើនទៀតខ្វះទឹកដែរ យ៉ាប់ណាស់ » ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា ដើម្បីស្នើសុំការបំភ្លឺរឿងនេះ ក៏ប៉ុន្តែលោកបានចុចផ្ដាច់ទូរស័ព្ទនៅគ្រាដែលអាស៊ីសេរីហៅទៅ នៅថ្ងៃទី២៤ និងទី២៥ មីនា។
ថ្មីៗ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានជូនដំណឹង ព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំនេះ ដោយបង្ហាញថា បាតុភូត អែល អ៊ីណូ EI Nino នឹងគ្របដណ្ដប់ក្នុងប្រទេសកម្ពុជា ក្នុងកម្រិត ៦០ភាគរយ និង ៤០ភាគរយទៀត ទទួលរងឥទ្ធិពលបាតុភូតអន្តរកាល។ លើសពីនេះ រដូវប្រាំងនឹងអូសបន្លាយពេលដល់ពាក់កណ្ដាលខែឧសភា ឆ្នាំ២០១៩ ហើយនៅទូទាំងប្រទេសសីតុណ្ហភាពអតិបរមាមធ្យមឋិតក្នុងរង្វង់ ៣៦អង្សា ដល់ ៣៨អង្សា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា បាតុភាពគ្រោះធម្មជាតិនេះ នឹងបង្កការលំបាកខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេតុនេះអាជ្ញាធរត្រូវមានកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ជួយប្រជាពលរដ្ឋ។ លោកថា ប្រសិនបើស្ថាប័នពាក់ព័ន្ធ និងពលរដ្ឋមិនព្រួតដៃគ្នាអភិរក្សព្រៃឈើឲ្យបានប្រសើរទេ លោកមិនសង្ឃឹមថា គ្រោះធម្មជាតិ ឬខ្យល់កន្ត្រាក់នឹងអាចកាត់បន្ថយបានទេ ហើយយុទ្ធនាការដាំដើមឈើឡើងវិញ ក៏គួរតែកើតមាននៅគ្រប់តំបន់ដែរ៕