ប្រជាពលរដ្ឋរស់នៅស្រុកចំនួនបីជុំវិញតំបន់ព្រៃព្រះរកា នៃខេត្តព្រះវិហារ កំពុងព្រួយបារម្ភចំពោះការបាត់បង់ព្រៃឈើយ៉ាងគំហុក។ ដោយសារការព្រួយបារម្ភនេះ ក្រុមអ្នកភូមិមិនអាចនៅស្ងៀមបានទេ គឺពួកគេបាននាំគ្នាធ្វើយុទ្ធនាការការពារ បើទោះបីជាមិនមានវត្តមានមន្ត្រីជំនាញរបស់រដ្ឋាភិបាលចូលរួមក៏ដោយ។
ប្រជាពលរដ្ឋជិត ៦០នាក់ មកពីស្រុកត្បែងមានជ័យ និងស្រុកឆែប កំពុងប្រមូលផ្ដុំគ្នាធ្វើយុទ្ធនាការដើរល្បាតការពារព្រៃព្រះរកា ចំនួនពីរថ្ងៃជាប់គ្នាចាប់ពីថ្ងៃពុធ ទី១៥ ខែតុលា តទៅ។
ការប្រមូលផ្ដុំគ្នាក្នុងតំបន់ព្រៃព្រះរកា នោះ គឺពួកគេមានគោលបំណងចុះទប់ស្កាត់បទល្មើសព្រៃឈើ ព្រមទាំងបង្ក្រាបដោយខ្លួនឯងផ្ទាល់ មិនចាំបាច់មានមន្ត្រីរដ្ឋបាលព្រៃឈើចូលរួមទេ។
អ្នកគាំទ្រសកម្មភាពបណ្ដាញសហគមន៍ការពារព្រៃព្រះរកា មកពីឃុំពោធិ៍ ស្រុកត្បែងមានជ័យ គឺលោក ពេជ្រ ពន់។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី១៥ ខែតុលា ថា រូបលោករួមជាមួយសហគមន៍ប្រជាពលរដ្ឋមកពីឃុំម្លូព្រៃ នៃស្រុកឆែប និងសហគមន៍ប្រមេរ ស្រុកត្បែងមានជ័យ ចំនួន ៥៦នាក់ កំពុងនាំគ្នាបោះតង់ដើរល្បាតការពារព្រៃព្រះរកា។ បុរសដដែលបញ្ជាក់ថា ក្នុងការចាប់ផ្ដើមល្បាតពេញមួយថ្ងៃទី១៥ ខែតុលា គឺបានជួបប្រទះឃើញបទល្មើសព្រៃឈើជាច្រើនកន្លែង និងដើមឈើធំៗជាច្រើនប្រភេទ ត្រូវគេកាប់ខុសច្បាប់៖ «ខ្ញុំដើរហ្នឹងជួបបទល្មើសគេកំពុងអារឈើដោយម៉ាស៊ីនត្រង់ស៊ីន័រច្រើនកន្លែង គឺចាប់បាន ២គ្រឿង។ ហើយឥឡូវហ្នឹង វាដឹងព័ត៌មាន គឺស្ងាត់។ យើងដើរគ្រប់កន្លែងដែលគេកាប់ហើយ ច្រើនដែរមានដើមគគីរធំៗ ដើមកកោះដើមអី មានមុខ១៥ ហើយបន្ទារដល់ទៅ ១១០-១២០-១៥០ មិនដឹងថាគេយកទៅធ្វើអ្វីទេ ដែលគេដឹកយកទៅ»។
ក្រុមអ្នកភូមិដែលស្ម័គ្រចិត្តនាំគ្នាដើរល្បាតការពារនោះ ឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ២១ភូមិ ៩ឃុំ និង ៣ស្រុក ដែលរស់នៅជុំវិញព្រៃព្រះរកា គឺទីពឹងទៅលើការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនៅក្នុងព្រៃនេះរាប់ជំនាន់មកហើយ តាំងពីដើររកឃ្មុំ រកត្រី បោចផ្ដៅ ដងជ័រទឹក និងរើសជ័រចុង មកលក់ដូរ ជាដើម។

ក្រុមអ្នកភូមិ អំពាវនាវដល់មន្ត្រីរដ្ឋាភិបាលឱ្យជួយចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ចំពោះការកាប់បំផ្លាញព្រៃនោះ។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ ដែលតែងគាំទ្រសកម្មភាពបណ្ដាញការពារព្រៃឈើ លោក ប៉ិក សោភ័ណ មានប្រសាសន៍ថា តំបន់ព្រៃព្រះរកា ដែលមានទំហំជាង ១០ម៉ឺនហិកតារ បច្ចុប្បន្នកំពុងទទួលរងការកាប់បំផ្លាញយ៉ាងខ្លាំងក្លា ដោយមិនមានការទប់ស្កាត់ណាមួយមានប្រសិទ្ធភាពទេ៖ «ភាគច្រើន គឺកាប់ទាំងយកឈើ ហើយទាំងអ្នកពីចម្ងាយ គឺទៅកាប់រានបែបជាចម្ការ។ ឥឡូវយើងមើលអត់ឃើញការស្រាកស្រាន្តទេ ក្រោយពីមានបទល្មើសព្រៃឈើយ៉ាងគំហុកមក ក៏វានៅតែបន្តកើតមានតទៅទៀតដដែល»។
ព្រៃព្រះរកា ដែលស្ថិតនៅចន្លោះស្រុកបីនៃខេត្តព្រះវិហារ គឺស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ត ត្រូវបានប្រជាពលរដ្ឋដែលរស់នៅជុំវិញ ធ្លាប់ស្នើសុំទៅរដ្ឋាភិបាល ឱ្យដាក់ទៅជាព្រៃការពារជាច្រើនលើកមកហើយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះវិហារ នៅមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។