សហគមន៍​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ធ្វើ​ឱ្យ​ប្រែប្រួល​លំហូរ​ទឹក បណ្តាល​ឱ្យ​ទិន្នផល​ត្រី​ធ្លាក់ចុះ​ខ្លាំង

0:00 / 0:00

ប្រជា​សហគមន៍​នេសាទ​រស់នៅ តាម​ដង​ទន្លេមេគង្គ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង អះអាង​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ គឺជា​មូលហេតុ ធ្វើ​ឱ្យ​ប្រែប្រួល​លំហូរ​ទឹក បណ្តាល​ឱ្យ​ទិន្នផល​ត្រី​ធ្លាក់ចុះ​ខ្លាំង​ជា​បន្តបន្ទាប់ ប៉ះពាល់​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ពលរដ្ឋ។ ពួកគាត់​អះអាង​ថា ស្ថានភាព​ទឹក​ក្នុង​អាង​ទន្លេមេគង្គ​ឆ្នាំនេះ ប្រែប្រួល​ខុស​ប្រក្រតី មិន​ត្រឹមតែ​ប៉ះពាល់​ធនធាន​ត្រី និង​ផ្សោត​ប៉ុណ្ណោះ​ទេ ការ​ធ្វើ​កសិកម្ម របស់​ពលរដ្ឋ​នៅ​តាម​ជ្រលង​ដង​ទន្លេ ក៏​រង​ផល​ប៉ះពាល់​ដែរ។ប្រជា​សហគមន៍​នេសាទ​រស់នៅ តាម​ដង​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង បង្ហាញ​ពី​បញ្ហា​ប្រឈម​ជាច្រើន ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​ធ្លាក់ចុះ បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ក្រោយពី​ទឹក​ទន្លេ​មេគង្គ បាន​ប្រែប្រួល​ខុស​ប្រក្រតី បណ្តាល​ឱ្យ​ទិន្នផល​ត្រី និង​សត្វ​ផ្សោត បន្ត​ថយ​ចុះ​ជា​រៀងរាល់​ឆ្នាំ។

ពួកគាត់​ថ្លែង​បែបនេះ ស្របគ្នា​នឹង​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​«​តាម​ដង​ទន្លេមេគង្គ​ជាមួយ​សាយ» ដែល​រៀបចំឡើង ដោយ​អង្គការ​អុក​ស្វា​មកាលពី​ថ្ងៃទី​២៣ មិថុនា កន្លង​ទៅ ក្នុង​បំណង​លើកកម្ពស់​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ និង​ជីវភាព​រស់នៅ​របស់​សហគមន៍ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ផ្លាស់ប្ដូរ​លំហូរ​ទឹក និង​ការ​គំរាមកំហែង​កើន​ឡើង​ដល់​សន្តិសុខ​ស្បៀង។

យុទ្ធនាការ​នោះ​មាន​រយៈពេល ៤​ខែ ចាប់ពី​ខែ​មីនា ដល់​ខែ​មិថុនា ឆ្នាំ​២០២២ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង ពី​ភាព​សម្បូរ​បែប​នៃ​អាង​ទន្លេមេគង្គ និង​សារៈសំខាន់​ចំពោះ​ជីវិត​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ដែល​អាស្រ័យ​ផល​ទឹកទន្លេ។

សមាជិក​គណៈកម្មការ​អេកូ​ទេសចរណ៍​ឃុំ​ព្រះ​រំកិល លោក ផយ វណ្ណា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ២៤ មិថុនា​ថា ប្រជា​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល បាន​ធ្លាក់ចុះ​ប្រាក់ចំណូល ពី​វិស័យ​ទេសចរណ៍ ដោយសារ​លែង​មាន​វត្តមាន​សត្វ​ផ្សោត ក្នុង​អន្លង់​អភិរក្ស​ឈើទាល​។ លោក​ថា ការសាងសង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង នៅ​កៀក​តំបន់​នោះ ធ្វើ​ឱ្យ​ផ្សោត​ងាប់​ជា​បន្តបន្ទាប់ ដោយសារ​ប្រែប្រួល​ចរន្តទឹក ធ្វើ​ឱ្យ​ផ្សោត​បាត់បង់​ចំណី។

លោក​បន្ថែម​ថា កន្លង​ទៅ​ផ្សោត ៣​ក្បាល បាន​ងើប​បង្ហាញខ្លួន នៅ​អន្លង់​អភិរក្ស​ឈើទាល ក្នុង​អាង​ទន្លេ​មេគង្គ អាច​រក​ប្រាក់​ចំណូល​ជូន​សហគមន៍​ជាច្រើន​ម៉ឺន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ តាមរយៈ​ដឹក​ភ្ញៀវ​ទេសចរ និង​លក់​ម្ហូបអាហារ ប៉ុន្តែ​ក្រោយ​ពី​ផ្សោត​ទាំងនោះ ងាប់​អស់ ប្រជា​សហគមន៍​កំពុង​ជួប​ការ​លំបាក ខ្សត់​ភ្ញៀវ​ទេសចរណ៍៖ «ទៅ​លើ​វិស័យ​ភ្ញៀវ​ទេសចរណ៍​មក​តំបន់​ហ្នឹង មានការ​ថយ​ច្រើន ភ្ញៀវ​មក​អត់​បាន​ជិះទូក​ទេ គាត់​មក​មួយ​ភ្លែត​ហើយ​ត្រឡប់​ទៅវិញ ដោយសារ​អត់​មាន​ផ្សោត។

លោក ផយ វណ្ណា បាន​ទម្លាក់​កំហុស​បញ្ហា​ទាំងនេះ ដោយសារ​វត្តមាន​ទំនប់​វារីអគ្គិសនី​ដនសាហុង ដែល​មាន​ភូមិសាស្ត្រ កៀក​អន្លង់​អភិរក្ស​ផ្សោត ក្នុង​ឃុំ​ព្រះ​រំកិល។ លោក​ថា កាលពី​មិន​ទាន់​មាន​វត្តមាន​ទំនប់​វារីអគ្គិសនី​ដនសាហុង ប្រជា​សហគមន៍​អាច​លក់​សំបុត្រ​បាន ចាប់ពី ១​លាន ៥០​ម៉ឺន​រៀល​ទៅ ២​លាន​រៀល​ក្នុង​មួយ​ខែ ហើយ ភ្ញៀវ​ទេសចរ​ភាគច្រើន មកពី​ប្រទេស​ឡាវ ចូលចិត្ត​ទស្សនា​ផ្សោត​ងើប​បង្ហាញ​ខ្លួន។

រីឯ​ប្រជា​សហគមន៍​អភិរក្ស​ផ្សោត​ព្រែកកាំពី លោក ឈ្នៀង លន ឱ្យដឹង​ថា ពលរដ្ឋ​រស់នៅ​ឃុំ​សំបុក​មួយ​ចំនួន​ធំ បាន​បោះបង់​មុខរបរ​នេសាទ​ត្រី ហើយ​ធ្វើ​ចំណាកស្រុក និង​ខ្លះទៀត ទៅ​ធ្វើ​ការ​សំណង់ ដោយសារ​ទិន្នផល​ត្រី​បន្ត​ធ្លាក់ចុះ​ជា​រៀងរាល់​ឆ្នាំ។

លោក​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ នៅ​បន្ត​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ហើយ​ពលរដ្ឋ​មួយ​ចំនួន​ទៀត បាន​រក​ប្រាក់​ចំណូល​តាមរយៈ ដឹក​ភ្ញៀវ​ទេសចរ​ទស្សនា​ផ្សោត និង​លក់​វត្ថុ​អនុស្សាវរីយ៍។

លោក​បន្ថែម​ថា មាន​ហេតុផល​ជាច្រើន​ធ្វើ​ឱ្យ​ទិន្នផល​ត្រី​ធ្លាក់ចុះ និង​សត្វ​ផ្សោត​ងាប់ ដោយសារ​បទល្មើស​នេសាទ ការ​ប្រែប្រួល​លំហូរ​ទឹកទន្លេ​មេគង្គ ក្រោម​រូបភាព​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​តាម​ទន្លេ​មេគង្គ​៖ «ត្រី​ហ្នឹង​វា​រក អត់​សូវ​បានតែ ឥលូវ​ហ្នឹង ទឹក​ពីលើ​មក ដោយសារ​ទំនប់​វារីអគ្គិសនី​ធំ វា​ឡើង​ចុះៗ ជាប់​អីចឹង​ត្រី​អត់​មាន​ទេ»។

ចំណែក​ប្រធាន​សហគមន៍​នេសាទ​ភូមិ​ថ្មី សង្កាត់​សាមគ្គី ខេត្ត​ស្ទឹងត្រែង លោក លី វិចិត្រ សង្កេត​ឃើញ​ថា បន្ទាប់ពី​មាន​វត្តមាន​ទំនប់​វារីអគ្គិសនី​ដនសាងហុង នៅ​ប្រទេស​ឡាវ ធនធាន​ជលផល ថយ​ចុះ​ជា​លំដាប់ ហើយ​ពលរដ្ឋ​ដែល​មាន​ទម្លាប់​នេសាទ​ត្រី​មុខរបរ​អាជីព តែងតែ​ត្អូញត្អែរ ពី​ការ​ធ្លាក់​ចុះ​ប្រភព​ចំណូល​ដោយសារ​ចាប់​ត្រី​លែង​បាន។ លោក​ថា ក្នុង​ឆ្នាំ​២០២២​នេះ ពលរដ្ឋ​នៅ​មូលដ្ឋាន មិនអាច​រក​ត្រី​បាន សូម្បីតែ​ត្រី​រៀល ដើម្បី​ធ្វើ​ប្រហុក ខុសប្លែក​ពី​ឆ្នាំមុនៗ​។ ក្រោយ​ពី​ពលរដ្ឋ​មិន​អាច​នេសាទ​រក​ត្រី​បាន អ្នក​ភូមិ​មួយចំនួន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​កម្មករ​ដោះបំណុល​គេ​៖ «ឃើញ​ថា គាត់​បោះបង់​ច្រើន​ដែរ​ពីមុន​នៅ​មួយ​ភូមិៗ មាន ៨០ ភាគរយ​នៃ​ការ​នេសាទ តែ​ឥលូវ​ឃើញថា គាត់​ចំណាកស្រុក ទៅ​ធ្វើការ​ប្រទេសក្រៅ​ខ្លះ និង​ប្រទេសជិតខាង​។ អ៊ីចឹង​ឃើញថា គាត់​អាច​បោះបង់​ការ​នេសាទ​ច្រើន»។

​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​គណៈកម្មការ​ទន្លេ​មេគង្គ​ជាតិ លោក តែ ណាវុធ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៤ មិថុនា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

អង្គការ​អុកស្វាម (Oxfam) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាល​ពី​ថ្ងៃទី​១៧ មិថុនា បង្ហាញ​ពី​គោល​បំណង​នៃ​យុទ្ធនាការ «​តាម​ដង​ទន្លេមេគង្គ​ជាមួយ​សាយ » ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​សហគមន៍​ងាយ​រងគ្រោះ តាម​តំបន់​ទន្លេមេគង្គ ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ផ្លាស់ប្តូរ​លំហូរ​ទឹក និង​ការ​កើនឡើង​នៃ​ការ​គំរាម​ដល់​សន្តិសុខ​ស្បៀង»។

ប្រធាន​គម្រោង​បរិយាប័ន្ន​២ នៃ​អង្គការ​អុកស្វាម អ្នកស្រី កែវ កណិកា បាន​ថ្លែង​ក្នុង​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​នេះ​ថា បញ្ហា​ទន្លេ​មេគង្គ គឺជា​បញ្ហា​របស់​យើង​ទាំងអស់​គ្នា​ដែល​ត្រូវ​រួមគ្នា​ខ្វល់ខ្វាយ និង​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់។ លោកស្រី​ថា គោល​បំណង​ស្នូល​នៃ​យុទ្ធនាការ​នេះ បំផុស​ចលនា​យុវជន ឱ្យ​ស្វែងយល់ កាន់តែ​ច្បាស់​ពី​អត្ថប្រយោជន៍​ទន្លេ​មេគង្គ ផ្សា​ភ្ជាប់​វប្បធម៌​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច ជាពិសេស​អ្នក​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ។

លោកស្រី​ចង់ឱ្យ​យុវជន​បំផុសគំនិត​ស្រឡាញ់​បរិស្ថាន​ឱ្យ​បាន​ច្រើន និង​ចូលរួម​សកម្មភាព​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ទាក់ទង​ទន្លេមេគង្គ។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ មាន​ប្រសាសន៍​ថា ដង​ទន្លេមេគង្គ​មាន​សក្កានុពល​ធនធានធម្មជាតិ និង​ជីវចម្រុះ​សំបូរ​បែប គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ និង​យុវជន​ចូលរួម​ថែរក្សា​ការពារ​។ លោក​ថា ដើម្បី​ឱ្យ​ធនធាន​ទន្លេមេគង្គ និង​ធនធាន​ធម្មជាតិ​គង់វង្ស ទាល់តែ​ពលរដ្ឋ និង​ក្រុម​យុវជន​ចូលរួម​អភិរក្ស​ទាំងអស់គ្នា តាមរយៈ​មក​ទស្សនា​កម្សាន្ត និង​ខ្វល់ខ្វាយ​ពី​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី ប៉ះពាល់​គុណភាព​ទឹក និង​ជីវចម្រុះ​៖ «ការ​ដែល​យើង​ជិះទូក​តាម​ខេត្ត​ទាំង​បួន ដែល​ឡាយ​តាម​ហ្វេ​ស​បុក​ក្តី ភាពយន្ត​ក្តី ពលរដ្ឋ​ទូទៅ​មិនបាន​នៅ​ទីនេះ​ក្តី លោក​នឹង​បាន​ឃើញ​ទេសភាព​តាម​ដង​ទន្លេមេគង្គ​។ នេះ​ជា​ការ​លើកកម្ពស់​តម្លៃ​ជីវចម្រុះ ក្នុង​ទេសភាព​តំបន់​ទន្លេមេគង្គ។

អង្គការ​អុកស្វាម (Oxfam) បាន​ចាត់ទុក​ទន្លេមេគង្គ គឺជា​បេះដូង​ទ្វីបអាស៊ី​អាគ្នេយ៍ ដែល​មាន​ប្រវែង​ជាង ៤ ពាន់​គីឡូម៉ែត្រ ហូរ​កាត់​ប្រទេស​ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម​។ លើស​ពី​នេះ ទន្លេមេគង្គ​ដើរ​តួនាទី​សំខាន់​ផ្គត់ផ្គង់​សេដ្ឋកិច្ច តាមរយៈ​វិស័យ​ទេសចរណ៍ធម្មជាតិ និង​ផ្តល់​តម្រូវការ​ថាមពល​នៅក្នុង​តំបន់​។ អង្គការ​អុកស្វាម​ព្រួយបារម្ភ​ថា ទន្លេ​មេគង្គ​កំពុង​ទទួលរង​នូវ​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ បង្ក​គ្រោះថ្នាក់ និង​ហានិភ័យ​ដល់​សហគមន៍ ដែល​មាន​ប្រជាជន​យ៉ាងហោចណាស់ ៧០​លាន​នាក់ កំពុង​អាស្រ័យ​ផល​លើទឹក​ទន្លេ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។