ប្រជាសហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គនៅតែព្រួយបារម្ភ ពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីជាច្រើនតំបន់ផ្សេងទៀត តាមដៃទន្លេមេគង្គ នៃតំបន់ទន្លេបី ក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តក្រចេះ បើទោះបីជា រដ្ឋាភិបាលប្រកាសមិនសាងសង់ទំនប់វារីអគ្គិសនី នៅតួទន្លេមេគង្គយ៉ាងណាក្តី។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងចាត់ទុក ការសន្យារបស់រដ្ឋាភិបាលដែលសម្រេចថា មិនសាងសង់ទំនប់វារីអគ្គិសនីតាមតួទន្លេមេគង្គ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ស្របពេលដែលរដ្ឋាភិបាលឡាវ និងចិន នៅតែសាងសង់ទំនប់វារីអគ្គិសនី តាមតួទន្លេមេគង្គជាបន្តបន្ទាប់ ដោយមិនខ្វល់ពីការរិះគន់ និងផលប៉ះពាល់បរិស្ថានឆ្លងដែនដល់ប្រជាជនកម្ពុជានោះឡើយ។
ប្រជាសហគមន៍នេសាទ រស់នៅតាមដងទន្លេមេគង្គក្នុងក្រុងស្ទឹងត្រែង លោក លី សុចិត្រា ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលកម្ពុជាគួរតែស្នើឱ្យរដ្ឋាភិបាលឡាវ និងចិន បញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនី នៅតួទន្លេមេគង្គ ដើម្បីសុវត្ថិភាពបរិស្ថាន និងជីវភាពរស់នៅរបស់ពលរដ្ឋ។
លោកសង្កេតឃើញថា ធនធានត្រីទឹកសាបថយចុះជាបន្តបន្ទាប់ ហើយរបបទឹកក៏ប្រែប្រួលខុសប្រក្រតីដែរ ក្រោយពីមានការសាងសង់ទំនប់វារីអគ្គិសនី នៅតួទន្លេមេគង្គ ក្នុងប្រទេសឡាវ និងប្រទេសចិនកន្លងទៅ។
លោក លី សុចិត្រា៖ «បើអ្នកសាងសង់ខាងលើ គួរតែគិតពីផលប៉ះពាល់ដល់ប្រទេសជិតខាងអ៊ីចឹង។ បើសិនជាមានការសាងសង់ទន្លេមេគង្គខាងលើ ប្រទេសគេផ្សេងៗ យើងក៏មិនសប្បាយចិត្តដែរ ព្រោះប្រទេសគេនីមួយៗ ហូររបបទឹកប្រាស្រ័យគ្នា»។
ប្រជាសហគមន៍រូបនេះបន្ថែមថា ប្រសិនបើគណៈកម្មការទន្លេមេគង្គកម្ពុជា និងរាជរដ្ឋាភិបាល មិនរកមធ្យោបាយអន្តរាគមន៍ទៅភាគីឡាវ និងរដ្ឋាភិបាលចិន ផ្អាកការសាងសង់ទំនប់វារីអគ្គិសនី នៅតួទន្លេមេគង្គនោះទេ ការសំណូមពររបស់ភាគីពាក់ព័ន្ធ នៅតែមិនទាន់ត្រូវបានដោះស្រាយដដែល។
ប្រតិកម្មនេះធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងជាសាធារណៈថា រដ្ឋាភិបាលសម្រេចមិនសាងសង់ទំនប់វារីអគ្គិសនី នៅលើទន្លេមេគង្គនោះទេ បើទោះបីជាចំណេញ បែបណាក៏ដោយ។
លោកថ្លែងបែបនេះ ក្នុងពិធីបិទស្ទឹងសាងសង់ ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ឋិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា។
លោក ហ៊ុន ម៉ាណែត៖ «បើកសាងវារីអគ្គិសនីណាតាមបណ្តោយទន្លេមេគង្គទេ ព្រោះវាប៉ះពាល់ច្រើន យើងគិតណាស់។ អគ្គិសនីយើងត្រូវការ យើងរកមើលកន្លែងណាដែរមិនមានផលប៉ះពាល់»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមរឿងនេះពីអគ្គលេខាធិការគណៈកម្មការទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ បាននៅឡើយទេ នៅថ្ងៃទី១ ធ្នូ ដោយទូរសព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ បារម្ភថា តំបន់ទន្លេបី ក្នុងដៃទន្លេមេគង្គ រួមមាន ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ឋិតក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី គឺជាតំបន់ដែលរដ្ឋាភិបាល គ្រោងនឹងសាងសង់ទំនប់វារីអគ្គិសនីបន្ថែមទៀត បន្ទាប់ពីសាងសង់ទំនប់សេសានក្រោមពីររួចរាល់។
លោកស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់នោះ។
លោក លាង ប៊ុនលាភ៖ «យើងប្រមូលភស្តុតាងទាំងអស់ យកជូនរដ្ឋាភិបាលចិន ដើម្បីឱ្យលោកមានដឹងពីផលប៉ះពាល់ទាំងឡាយ ដែលកើតមក។ បណ្ដុំទំនប់ទាំងអស់នៅតួទន្លេខាងលើឆ្លងមកខាងក្រោម ដែលធ្វើកម្ពុជារៀងផលប៉ះពាល់ធ្ងន់ ពីការដែលប្រទេសទាំងអស់ នៅផ្នែកខាងលើ និងខាងក្រោម មិនបានជជែកដោះស្រាយគ្នាឱ្យមានភាពយុត្តិធម៌»។
បើតាមកម្មវិធីតាមដានទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ (Mekong Dam Monitor) របស់មជ្ឈមណ្ឌល Stimson Center ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ ទាំងសាងសង់រួច កំពុងសាងសង់ និងគ្រោងសាងសង់ មានសរុបជាង ៥រយ ក្នុងនោះវារីអគ្គិសនីចំនួន ១១ កំពុងប្រតិបត្តិនៅលើអាងទន្លេមេគង្គ នៅក្នុងប្រទេសចិន។
ទន្លេមេគង្គមានប្រវែងជាង ៤ពាន់គីឡូម៉ែត្រ (៤.២០០) ឆ្លងកាត់ប្រទេសចំនួន ៦រួមមាន កម្ពុជា ឡាវ វៀតណាម ថៃ ចិន និងប្រទេសភូមា និងជាប្រភពអាហារចម្បង ឬបន្ទាប់បន្សំសម្រាប់មនុស្សជាង៦០លាននាក់នៅក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។