ពលរដ្ឋនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ អះអាងថា ក្រុមហ៊ុនចិនដែលកំពុងធ្វើអាជីវកម្មរ៉ែមាសនៅជាប់តំបន់ព្រៃឡង់ បានបង្ហូរទឹកកខ្វក់ចូលក្នុងអូរជីនីត ដែលជាអូរធម្មជាតិ ធ្វើឲ្យប្រជាពលរដ្ឋចំនួន៧ភូមិ មិនអាចប្រើប្រាស់ទឹកអូរនេះបាន។ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរអនុវត្តច្បាប់ដូចក្រុមហ៊ុនចិននៅខេត្តបាត់តំបង ដែលបានធ្លាយសារធាតុពុលចូលទឹកស្ទឹងបណ្ដាលឲ្យត្រីងាប់។
ប្រជាសហគមន៍ស្ថិតនៅឃុំសុចិត្រ ស្រុកសណ្ដាន់ អះអាងថា ក្រុមហ៊ុនចិន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) បានបង្ហូរទឹកកខ្វក់ចូលក្នុងទឹកអូរជីនិត ដែលជាអូរធម្មជាតិមានប្រជាពលរដ្ឋប្រមាណ ៧ភូមិ កំពុងប្រើប្រាស់ទឹកអូរមួយនេះជាប្រចាំ។
ប្រជាសហគមន៍រស់នៅឃុំសុចិត្រ លោក ថោង កុយ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ខែសីហា ថា ក្រុមហ៊ុនចិនកំពុងតែធ្វើអាជីវកម្មរ៉ែមាស នៅភូមិស្នងអន ជាប់ជើងភ្នំជី បានបង្ហូរទឹកកខ្វក់ដែលសល់ពីការចម្រាញ់រ៉ែ ចូលទៅក្នុងទឹកអូរធម្មជាតិមួយ ឈ្មោះអូរជីនិត ដែលប្រជាពលរដ្ឋប្រើប្រាស់ជាប្រចាំថ្ងៃ ។ លោកថា ប្រសិនបើអាជ្ញាធរភូមិឃុំមិនអើពើជូនដំណឹងទាំងនេះ ដល់ប្រជាពលរដ្ឋដទៃទៀតបានដឹងទេនោះ ពួកគាត់អាចនឹងយកទឹកក្នុងអូរនេះទៅប្រើប្រាស់ ដែលអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដោយសារទឹកកខ្វក់នេះ សល់ពីការលាងសម្អាតសារធាតុគីមីនៅពេលគេចម្រាញ់រ៉ែ។
លោក ថោង កុយ៖ «ប៉ះពាល់ខ្លាំងចំពោះអ្នកដែលរស់នៅឃុំ និងរស់នៅតាមជួរតាមដងស្ទឹងទាំងអស់ វាមិនមែនតែប៉ះពាល់ត្រឹមតែឃុំសុចិត្រដែលនៅខាងលើនោះទេ គឺប៉ះពាល់មួយជួរអូរជីនិតមកខាងក្រោយ ព្រោះអូរជីនិត វាហូរធ្លាក់មកមិនត្រឹមតែមួយឃុំទេ វាធ្លាក់មកដល់ខាងស្រុកសន្ទុកទៀតគឺវាប៉ះមួយជួរនោះ គឺប៉ះពាល់ខ្លាំងមកកាន់សុខភាពប្រជាជន មិនថា សត្វសាធារណៈអីទេគឺប៉ះពាល់ទាំងអស់»។
លោកស្នើទៅអាជ្ញាធរឃុំឲ្យប្រញាប់រាយការណ៍ទៅថ្នាក់លើ និងហាមឃាត់ក្រុមហ៊ុនចិនឱ្យបញ្ឃប់ការបង្ហូរទឹកកខ្វក់ទាំងនោះចូលក្នុងអូរមួយនេះជាបន្ទាន់ បើពុំដូច្នោះទេ ប្រជាពលរដ្ឋជាច្រើននិងរងគ្រោះដោយសារប្រើប្រាស់ទឹកអូរមួយនេះ។
ទាក់ទងនឹងបញ្ហានេះ មេឃុំសុចិត្រ លោក ប្រាក់ មិន សុំមិនអត្ថាធិប្បាយលើរឿងនេះនោះទេ ដោយគ្រាន់តែបញ្ជាក់ប្រាប់ថា ពិតជាមានករណីបង្ហូរទឹកកខ្វក់ចូលក្នុងអូរជីនិតនេះមែន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អភិបាលខេត្តកំពង់ធំ លោក ងួត រតនៈ និងប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ លោក ណឹម ចាន់ថា បានទេនៅថ្ងៃទី១៣ ខែសីហា នេះ។ ចំណែកតំណាងក្រុមហ៊ុនចិន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) ក៏មិនអាចទាក់ទងបានដែរ។
ជុំវិញរឿងនេះ នាយកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត គាំទ្រឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ មានវិធានការផ្លូវច្បាប់ទៅក្រុមហ៊ុននេះដែលគ្រប់គ្រងទឹកកខ្វក់ ឬសារជាតិពុលមិនបានត្រឹមត្រូវ ធ្វើឲ្យបែកធ្លាយឬបង្ហូរចូលទៅក្នុងអូរធម្មជាតិធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផង។ លោកជំរុញឲ្យអាជ្ញាធរចុះសិក្សាស្រាវជ្រាវឲ្យបានត្រឹមត្រូវ ប្រសិនបើរកឃើញពិតមែនត្រូវតែចាត់វិធានការតាមច្បាប់ដូចក្រុមហ៊ុនចិន នៅខេត្តបាត់ដំបងដែរ។
លោក អំ សំអាត៖ «ប្រសិនបើក្រុមហ៊ុននេះ មិនបានអនុវត្តត្រឹមត្រូវកិច្ចសន្យា ត្រឹមត្រូវតាមគម្រោងវិនិយោគអភិវឌ្ឍន៍របស់ខ្លួនទេ រដ្ឋត្រូវតែចាត់វិធានការទៅលើក្រុមហ៊ុននេះ ឬក៏ដកហូតអាជ្ញាប័ណ្ណប្រសិនបើក្រុមហ៊ុននេះ មិនគោរពទៅតាមលក្ខខណ្ឌ ឬក៏អាជ្ញាប័ណ្ណ ឬក៏ច្បាប់នៃច្បាប់របស់ប្រទេសកម្ពុជាយើង អាជ្ញាធរត្រូវតែចាត់វិធានការ»។
ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD)ទទួលបានលិខិតអនុញ្ញាតរុករករ៉ែ លោហធាតុ ពីរដ្ឋាភិបាលឯកបក្ស កាលពីចុងខែមីនា ឆ្នាំ២០២០ ដែលមានផ្ទៃដីប្រមាណជាង ១ម៉ឺន ៥ពាន់ហិកតារ (១៥.១០០) ហិកតារ ស្ថិតនៅឃុំសុចិត្រ ស្រុក សណ្ដាន់ ខេត្តកំពង់ធំ ខាងត្បូង នៃដែនជម្រកសត្វព្រៃ-ព្រៃឡង់ជាប់ តំបន់ទេសចរណ៍ភ្នំជី។ ក្រុមហ៊ុននេះម្នាស់ ជាជនជាតិចិន និង ដែលធ្លាប់បានឧបត្ថម្ភប្រាក់ រាប់ម៉ឺនដុល្លារអាមេរិកដល់កាកបាទក្រហមកម្ពុជារបស់អ្នកស្រី ប៊ុន រ៉ានី ប្រពន្ធលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។