ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​ពី​ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ជីវភាព

ដោយ ប្រាជ្ញ ចេវ
2024.08.09
ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​ពី​ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ជីវភាព ទិដ្ឋភាព​ទឹក​ភ្លៀង​ជន់​លិច​ផ្លូវ​មួយ ក្នុង​​ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០២៤។
រូប៖ ​ហ្វេសប៊ុក​រដ្ឋបាល​ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ/2024-08-09

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​ពី​បញ្ហា​ជំនន់​ទឹក​ភ្លៀង​លិច​ហូរ​ចូល​ក្នុង​ផ្ទះ និង​លិច​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ដែល​បង្ក​ឱ្យ​រំខាន​ដល់​ការ​រស់នៅ និង​ប្រកប​មុខ​របរ​របស់​ពួកគាត់។ ពួកគាត់​ថា បញ្ហា​ជំនន់​ទឹក​ភ្លៀង​ជន់​លិច​ស្ទើរ​រាល់​ឆ្នាំ​នេះ​គឺ​ដោយសារតែ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​បឹង​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចាក់​ដី​លុប​បឹង​ធម្មជាតិ។

ជំនន់​ទឹក​ភ្លៀង​នៅ​រាជធានី​ភ្នំពេញ​កើត​មាន​ឡើង​ស្ទើរ​រាល់​ឆ្នាំ​បណ្ដាល​ឱ្យ​ផ្សារ និង​កំណាត់​តូច​ធំ​ជាច្រើន​ត្រូវ​លិច ហើយ​កន្លែង​ខ្លះ​ទៀត​មាន​សំរាម​លាយឡំ​នឹង​ទឹក​លូ​ស្អុយ​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ប្រឈម​នឹង​បញ្ហា​សុខភាព។

អាជីវករ​លក់​មាន់​នៅ​ផ្សារ​គីឡូ​ម៉ែត្រ​លេខ៧ ខណ្ឌ​ឫស្សីកែវ លោកស្រី ម៉ាន ម៉ារី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី៩ ខែសីហា ថា លោកស្រី​លក់​មាន់​មិន​ដាច់​នោះ​ទេ​ដោយសារ​ភ្លៀង​ខ្លាំង​ធ្វើ​ឱ្យ​លិច​ផ្លូវ​ដូច្នេះ​គ្មាន​អតិថិជន​ចេញ​មក​ទិញ​ម្ហូប​អាហារ​នោះ​ទេ។ លោកស្រី​បន្ត​ថា ក្រៅពី​លក់​មិន​ដាច់​ហើយ​នោះ ផ្ទះ​លោកស្រី​ក៏​ជន់​លិច​ផង​ដែរ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ជាពិសេស​គឺ​លូ​ទឹក​ស្អុយ​ហូរ​ចូល​ផ្ទះ​ដែល​បណ្ដាល​ឱ្យ​កូន​លោកស្រី​កើត​រមាស់​ស្បែក ។

លោកស្រី ម៉ាន ម៉ារី៖ «អ៊ីចឹង​ទៅ​វា​គគ្រិច​ទៅ​មាន​ផល​ប៉ះពាល់​ខ្លួន​ប្រាណ​យើង​កូនចៅ​យើង​ខ្លួន​យើង​ផល​ប៉ះពាល់​ប្រព័ន្ធ​ការពារ​ចាស់​ដល់​ក្មេង​វា​ឆ្លង​លឿន​វា​ធ្វើ​ឱ្យ​ជំងឺ​រោគ​រូស​អ៊ីចឹង​ទៅ​បរិស្ថាន​មិន​ល្អ​មិន​ស្អាត»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ លោកស្រី យឹម សុវណ្ណា សង្កេត​ឃើញ​ថា ជំនន់​ទឹក​ភ្លៀង​ពី​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​កើន​ឡើង​ដែល​ធ្វើ​ឱ្យ​ផ្លូវ​លិច​ស្ទើរ​គ្រប់​កន្លែង​ពិបាក​ធ្វើ​ដំណើរ និង​ប្រឈម​គ្រោះ​ថ្នាក់​នៅ​តាម​ដង​ផ្លូវ​ពីព្រោះ​លោកស្រី​មើល​ជង្ហុក​មិន​ឃើញ។ លោកស្រី​បារម្ភ​មាន​សត្វ​ពស់ សត្វ​ក្អែប​ខាំ​កូន​លោកស្រី ខណៈ​ខ្សែភ្លើង​នៅ​តាម​ដង​ផ្លូវ​ធ្លាក់​រាយប៉ាយ​អាច​ប្រឈម​នឹង​ឆក់​ជា​ដើម។

លោកស្រី យឹម សុវណ្ណា៖ «បច្ចុប្បន្ន​នៅ​កម្ពុជា​យើង​កន្លែង​ខ្លះ​ជួនកាល​រាំង​ភ្លើង​ពីរបី​ថ្ងៃ​ទឹក​មិន​ទាន់​ស្រក​ផង​ដល់​ពេល​អ៊ីចឹង​កន្លែង​ខ្លះ​ទៀត​ប្រព័ន្ធ​លូ​ច្រើនជាង។ ប្រសិន​ជា​មាន​ប្រព័ន្ធ​លូ​ទឹក​ភ្លៀង​ពេល​ភ្លៀង​មក​វា​អាច​ជន់​តែ​ពេល​រាំង​វា​ទៅ​អស់​តែ​បែរជា​រាំង​ភ្លៀង​ទឹក​អត់​វា​នៅ​ហ្នឹង​ដដែល​ដល់​អ៊ីចឹង​វា​មាន​ផល​ប៉ះពាល់​ជាមួយ​សត្វ  ក្អែប ខ្ទួយ ពស់ អី​ខ្ញុំ​ថ្ងៃ​មុន​ទឹក​លិច​ជុំវិញ​ផ្ទះ​ពស់​ចូល​មក​ដល់​បន្ទប់​ចូល​មក​ដល់​ផ្ទះ​បាយ​ហើយ​កូន​តូចៗ​ទៀត​បារម្ភ​មែនទែន​ខ្លាច»

ដោយឡែក​ពលរដ្ឋ​មួយ​ចំនួន ក៏​បាន​បង្ហោះ​សារ​នៅ​បណ្ដាញ​សង្គម​កាល​ពី​យប់​ថ្ងៃ​ទី៨ ដោយ​បង្ហាញ​ថា ផ្លូវ២០០៤ ផ្លូវ២០០២ ផ្លូវ​ហាណូយ និង​ផ្លូវ​ម្ដុំ​ផ្សារ​អូរឫស្សី​ជាដើម​លិច​ទាំង​ស្រុង ដែល​ធ្វើ​ឱ្យ​ម៉ូតូ និង​ឡាន​មួយ​ចំនួន​ខូច​ហើយ​ពួកគាត់​នាំ​គ្នា​ចុះ​បណ្ដើរ​ម៉ូតូ ហើយ​ខ្លះ​ទៀត​ទុក​ឡាន​ចោល​កណ្ដាល​ផ្លូវ​ជាដើម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៩ ខែ​សីហា។

ក៏​ប៉ុន្តែ​រដ្ឋបាល​ខណ្ឌ​សែន​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ផេក នៅ​ថ្ងៃ​ទី៩ ខែសីហា បង្ហាញ​ថា ទឹក​លិច​នៅ​តំបន់​សង្កាត់​ភ្នំពេញថ្មី និង​សង្កាត់​ឃ្មួញ​ស្រក​បន្តិច​ហើយ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់​ថ្ងៃ​ទី៨ ខែសីហា​ដែល​បណ្ដាល​ឱ្យ​​ផ្លូវ​មួយ​ចំនួន​ក្នុង​ខណ្ឌ​សែនសុខ​លិច។ រដ្ឋបាល​ខណ្ឌ​សែន​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ពន្លឿន​ការ​បូម​ទឹក​ទម្លាក់​ទៅ​បឹង​តាមោក ខណៈ​ដែល​បឹង​មួយ​នេះ ក៏​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល ពុះ​ហែក​ចែក​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ព្រម​ទាំង​ឧកញ៉ា ដែល​ជិត​ស្និទ្ធ​នឹង​លោក ហ៊ុន សែន។

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​បណ្ដាញ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាពជា​ដៃ​គូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា យល់​ឃើញ​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​បឹង​ធម្មជាតិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចាក់​ដី​លុប​បញ្ហា​ជំនន់​ទឹក​ភ្លៀង​កើត​មាន​ឡើង​ស្ទើរ​រាល់​ឆ្នាំ បើ​ទោះ​ជា​ភ្លៀង​ធ្លាក់​តិចតួច​ក៏ដោយ ក៏​នៅ​រាជធានី​ភ្នំពេញ​ជន់​លិច​ដែរ។ លោក​បន្ត​ថា បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព និង​សុខភាព​របស់​ពលរដ្ឋ​កាន់តែ​ធ្ងន់ធ្ងរ ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​គ្មាន​ឆន្ទៈ​ដោះស្រាយ​ទេ​នោះ​ទេ។

លោក សាន់ ម៉ាឡា៖ «ការ​ជន់​លិច​នេះ​រដ្ឋាភិបាល​ហាក់​បី​ដូចជា​មិន​បាន​ឆ្លើយតប​មក​កាន់​ប្រជាពលរដ្ឋ​ឱ្យ​ទំនង​សោះ​គាត់​តែងតែ​បន្ទោស​ថា មក​ពី​មេឃ​ភ្លៀង ហើយ​គាត់​ក៏​មិន​ដែល​បង្ហាញ​ប្រាប់​ប្រជាពលរដ្ឋ​ថា​ត្រូវ​ដោះស្រាយ​ម៉េច  លិច​ដោយសារ​មេឃ​ភ្លៀង​បែប​ណា​ខ្លះ​នោះ​ទេ។ ជាពិសេស​យើង​ឃើញ​ផ្លូវ​នៅ​ភ្នំពេញ​ហ្នឹង​កកស្ទះ​ដោយសារតែ​បន្ត​ជួសជុល​ឥត​ឈប់​ឥត​ឈរ​ពេល​ក៏​ខាង​រដ្ឋាករ​ទឹក ពេល​ខ្លះ​ខាង​អគ្គិសនី ពេល​ខ្លះ​ក៏​ត្រូវការ​ផ្លូវ​ដើម្បី​ដោះដូរ​ប្រព័ន្ធ​លូ»

កន្លង​ទៅ​រដ្ឋាភិបាល​តែង​រង​ការ​រិះគន់​ពី​ពលរដ្ឋ​ថា អសមត្ថភាព​ជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​ពលរដ្ឋ និង​ចេះ​តែ​បន្ត​កាត់​ឆ្វៀល​ដី​បឹង​ធម្មជាតិ​ដែល​ជា​ផ្លូវ​រំដោះ​ទឹក​ឱ្យ​ទៅ​អ្នក​មាន​អំណាច​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ ពួកគាត់​ធ្លាប់​ព្រមាន​ពី​ការ​ចាក់​ដី​លុប​បឹង​ធ្វើ​ឱ្យ​ជន់​លិច​រាជធានី​ភ្នំពេញ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពី​មតិ​រិះគន់ និង​កែ​លម្អ​តាម​ការ​ស្នើសុំ​របស់​ពលរដ្ឋ​នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​ភ្នំពេញ​បាត់បង់​អាង​ស្តុក​ទឹក​ស្ទើរ​ទាំង​ស្រុង។

របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត​ចេញផ្សាយ​កាលពី​ខែ​ធ្នូ ឆ្នាំ២០១៩ បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ១៩៩០ មក រដ្ឋាភិបាល​បាន​លុប​បឹង​ធម្មជាតិ នៅ​ក្នុង​​រាជធានី​​ភ្នំពេញ អស់​ចំនួន ១៦បឹង​ហើយ។ ចំណែក​បឹង​នៅសល់​ចំនួន ១០ទៀត កំពុង​ប្រឈម​ការ​ចាក់​លុប​ដោយ​ផ្នែកៗ ជា​បណ្ដើរៗ។ ការ​លុប​បឹង​ទាំង​នោះ​អាច​ធ្វើ​ឱ្យ​ក្រុងភ្នំពេញ​រង​ការ​គំរាមកំហែង ដោយសារ​គ្រោះ​ទឹក​ជំនន់ ទាំង​ជំនន់​ទឹក​ភ្លៀង និង​ទឹក​ជំនន់​ពី​ប្រព័ន្ធ​ទន្លេ​មេគង្គ។ លើស​ពី​នេះ​បឹង​មួយ​ចំនួន ដែល​ការពារ​ដោយ​អនុក្រឹត្យ ក៏​កំពុង​ប្រឈម​នឹង​ការ​ចាក់​លុប​ដូចគ្នា​ដែរ ហើយ​ប្រសិនបើ​ស្ថានភាព​ដូច​បច្ចុប្បន្ន​នៅតែ​បន្ត​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ នឹង​បាត់បង់​ត្រី​ធម្មជាតិ និង​បាត់បង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កង្វក់​បែប​ធម្មជាតិ ហើយ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។