ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មការរៀបចំបុណ្យជាតិអន្តរជាតិ ក្រសួងព្រះបរមរាជវាំង អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរមូលដ្ឋាន និងសង្គមស៊ីវិលធ្វើការផ្នែកបរិស្ថាន បានរួមគ្នាប្រារព្ធពិធីរុក្ខទិវាដាំកូនឈើ ៩ កក្កដា។ ពិធីនោះប្រារព្ធឡើងនៅតំបន់គ១ ភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមប្រមាណ ៧ពាន់នាក់។
ពិធីរុក្ខទិវាដាំកូនឈើ ៩ កក្កដា លើកទី២៦ ត្រូវបានប្រារព្ធឡើងនៅជុំវិញតំបន់ប្រាសាទព្រះវិហារ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឡោ រស្មី មានប្រសាសន៍នៅថ្ងៃទី៩ កក្កដា ថា ការជ្រើសរើសយកទីតាំងដាំកូនឈើនៅឆ្នាំនេះស្ថិតនៅតំបន់គ១ ដែលជាឈ្មោះសម្រាប់សម្គាល់ទីតាំងមូលដ្ឋានកងទ័ពគ១ នៅក្នុងកងវរសេនាតូចលេខ៩៦ ដែលគេហៅថា ងឯករាជ្យ។
លោកថា គណៈកម្មការរៀបចំបានប្រើប្រាស់កូនឈើប្រណិតជាង ១ម៉ឺនដើម ដាំលើផ្ទៃដី ១២ហិកតារដែលមានបំណងប្រែក្លាយតំបន់នោះឲ្យទៅជាមានការអភិរក្សធនធានធម្មជាតិ សម្រាប់រមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីទាក់ទាញអ្នកទេសចរណ៍៖ «កិច្ចការនេះមានអត្ថន័យសម្បើមណាស់ មិនមែនធម្មតាទេដែលយើងប្រារព្ធពិធីបុណ្យក្នុងបរិវេណម្ដុំប្រាសាទព្រះវិហារនេះ មានអត្ថន័យជ្រាលជ្រៅណាស់ ព្រោះកន្លែងប្រាសាទព្រះវិហារ គឺយើងបានដឹងហើយ គឺជាមរកតវប្បធម៌ដ៏មានតម្លៃរបស់យើង។ យើងដាំឈើនៅទីនោះដើម្បីធ្វើយ៉ាងណាឲ្យមានភាពស្រស់ត្រកាលមានពណ៌បៃតងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ»។
ការប្រារព្ធពិធីរុក្ខទិវាដាំកូនឈើ ៩ កក្កដា បានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈកម្មការរៀបចំបុណ្យជាតិអន្តរជាតិ ក្រសួងព្រះបរមរាជវាំង អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរមូលដ្ឋាន និងសង្គមស៊ីវិលធ្វើការផ្នែកបរិស្ថាន នៅតំបន់គ១ ភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អ្នកនាំពាក្យក្រសួង លោក ឡោ រស្មី បានឲ្យដឹងដែរថា ការដាំដើមឈើប្រណិតចំនួនជាង ១ម៉ឺនដើមមានការចូលរួមដាំពីទាហាន ប៉ូលិស កងការពារនិងប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៧ពាន់នាក់។ រហូតមកដល់ឆ្នាំ២០១៦ ក្រសួងបានរៀបចំទិវានេះចំនួន ២៦លើករួចមកហើយ នៅលើផ្ទៃដីជាង ៤០០ហិកតារ។
ក្នុងការប្រារព្ធទិវានេះដែរ ក្រុមអង្គការសង្គមស៊ីវិល វិស័យឯកជន សិស្សានុសិស្សក៏បានធ្វើយុទ្ធនាការដាំកូនឈើ និងដាំដើមឈើអបអរទិវានេះដែរ។
សង្គមស៊ីវិល និងប្រជាសហគមន៍មកពីបណ្ដាខេត្តមួយចំនួនធ្វើយុទ្ធនាការបោះជំរំក្នុងព្រៃដាំកូនឈើប្រណិតជាង ២ពាន់ដើម និងដើមឈើហូបផ្លែមួយចំនួន នៅព្រៃសហគមន៍ក្បាលខ្លា ក្នុងតំបន់ព្រៃឡង់ នៅខេត្តកំពង់ធំ។
ប្រធានកម្មវិធីការងារកសាងដៃគូនៃអង្គការស្ពានសន្តិភាព លោក ណុប សុក្ខា ឲ្យដឹងថា យុទ្ធនាការនេះ ចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី៨ កក្កដា ដើម្បីបណ្ដុះស្មារតីប្រជាពលរដ្ឋឱ្យចូលរួមការពារ និងស្ដារឡើងវិញនូវធនធានធម្មជាតិនៅក្នុងតំបន់ព្រៃមួយនេះ ក្រោមប្រធានបទសន្តិភាព និងបរិស្ថានចាប់ផ្ដើមពីខ្ញុំ៖ «ការចូលរួមភាគច្រើនពួកគាត់ចាប់អារម្មណ៍ថា ការដាំកូនឈើនេះ ដូចជា ធ្វើឲ្យគាត់យល់ពីតម្លៃនៃព្រៃឈើយល់តម្លៃនៃការបាត់បង់ព្រៃឈើគាត់មានការប្ដេជ្ញាចិត្តខ្ពស់ចាប់ពីថ្ងៃនេះទៅ គាត់រួមចំណែកក្នុងការកាត់បន្ថយជាអតិបរមាក្នុងការប្រើប្រាស់ផលិតផលដែលចេញពីឈើ។ ឧទាហរណ៍គាត់ឈប់ទិញគ្រឿងសង្ហារិម គាត់ឈប់ប្រើប្រាស់សារធាតុប្លាស្ទិក ព្រោះនាំឲ្យខូចបរិស្ថាន និងបំពុលបរិស្ថាន គាត់បំផុសចលនាឲ្យអ្នកដែលអត់ទាន់ចូលរួមដាំឲ្យឆ្នាំក្រោយទៀតចូលរួមដាំ ហើយអប់រំផ្សព្វផ្សាយថា ឲ្យទាំងអស់គ្នាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើរួមគ្នាដាំដើមឈើវិញ»។
ចំណែករដ្ឋបាលព្រៃឈើនៅឯខេត្តសៀមរាប ក៏មានសេចក្ដីរាយការណ៍ថា មានការប្រារព្ធពិធីដាំកូនឈើដែរ នៅស្រុកស្វាយលើ។ នៅថ្ងៃអាទិត្យ ទី១០ កក្កដា និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏នឹងអបអរទិវានេះដោយដាំកូនឈើនៅឯឧទ្យានជាតិគិរីរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។