ជនជាតិ​ដើម​​ខេត្តមណ្ឌលគិរី ឃាត់​គ្រឿង​ចក្រ​ក្រុមហ៊ុន​ ឈូស​ឆាយ​ព្រៃ ប៉ះពាល់​ដើម​ឈើ​ផលិត​ជ័រ​រាប់​រយ​ដើម

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជា​ច្រើន​នាក់ ​រស់​នៅ​ខេត្តមណ្ឌលគិរី​ បាន​លើក​គ្នា​តវ៉ា ​២​ថ្ងៃ​ជាប់​គ្នា​ ចាប់​តាំង​ពី​ថ្ងៃ​ទី១៥ ​ដល់​ថ្ងៃ​ទី១៦ ​មីនា ​ដើម្បី​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ព្រៃ​អភិរក្ស ​ពី​សំណាក់​​ក្រុមហ៊ុន​ វីឡេក ឌីវឺឡប់មែន (Village Development)។ អ្នកភូមិ​អះអាង​ថា​ ក្រុមហ៊ុន​នេះ​ បាន​យក​គ្រឿងចក្រ​ពីរ​គ្រឿង​ឈូស​ផ្តួល​ដើម​ឈើ​ធំៗ អស់​រាប់​រយ​ដើម ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ភូមិ​ឡៅកា ​ដែល​ពួកគាត់​អាស្រ័យ​ផល​​បែប​ប្រពៃណី។

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ៥០នាក់ រស់​នៅ​ភូមិឡៅកា ​សង្កាត់​សុខដុម ​ក្រុង​សែន​មនោរម្យ​ ទាមទារ​ឱ្យ​ក្រុមហ៊ុន វីឡេក ឌីវឺឡប់មែន (Village Developmen) ដែល​ជា​របស់​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​មណ្ឌលគិរី លោក យឹម លុច ទូទាត់​សំណង​ប៉ះប៉ូវ​ការ​ខូច​ខាត​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ នៅ​រយៈ​ពេល​ ៣​ថ្ងៃ​ចុង​ក្រោយ​នេះ​។ ​អ្នកភូមិ​អះអាង​ថា​ ក្រុមហ៊ុន​មួយ​នេះ​បាន​ឈូស​បំផ្លាញ​ដើម​ឈើ​ធំៗ ជិត ១ពាន់​ដើម ​ដែល​ភាគ​ច្រើន​ជា​ដើម​ឈើ​ផលិត​ជ័រទឹក​ និង​ដើម​ជ័រចុង ​ដែល​ជា​ឆ្នាំងបាយ​​របស់​ពួកគាត់។

សមាជិក​សហគមន៍​ភូមិឡៅការ លោកស្រី ​ភ្លឹក ណាវី ​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៦ មីនា​ថា ក្រុមហ៊ុន​នេះ បាន​ឈូស​ឆាយ​បំពាន​ចូល​ព្រៃស្រោង ​ទំហំ​ចាប់​ពី ៥ ទៅ ៦ម៉ែត្រ បណ្ដោយ​ជិត ២គីឡូ​ម៉ែត្រ ប៉ះពាល់​ដើមឈើ​ទាំង​តូច​ទាំង​ធំ​ដួល​រាយ​ប៉ាយ​ពេញ​ព្រៃ។

លោកស្រី​បន្ត​ថា ​មក​ទល់​ពេល​នេះ ​ក្រុមហ៊ុន​បាន​ផ្អាក​សកម្មភាព​ឈូ​ស​ឆាយ​ហើយ ​ប៉ុន្តែ​មិន​ឃើញ ​អាជ្ញាធរ​ខេត្ត​ ចុះ​ដោះស្រាយ​នៅ​ឡើយ​ទេ​។ លោកស្រី​ចាត់​ទុក ​ទង្វើ​របស់​ក្រុមហ៊ុន​នេះ​ថា​ ជា​ការ បំពាន​សិទ្ធិ​ជាមូលដ្ឋាន ​របស់​ជន​ជាតិ​ដើម​ភាគតិច ​ដែល​ពឹង​ផ្អែក​លើ​ អនុផល​ព្រៃឈើ​ចិញ្ចឹម​ជីវិត៖ «ការ​ឈូស​ឆាយ​ហ្នឹង ​ប៉ះពាល់​ច្រើន​ណាស់ ខែ​ហ្នឹង ខែ៣ រក​ឃ្មុំ។ បើ​អស់​ព្រៃ​ពិបាក​រស់​នៅ ​បេះ​ស្លឹក​ព្រិច ​ចុង​ផ្ដៅ ​និង​ច្រើន​ទៀត ដែល​ពួក​ខ្ញុំ​រក​ស៊ី​ធនធាន​ធម្មជាតិ»

ស្ត្រី​ដដែល​បន្ថែម​ថា អ្នកភូមិ​ឡៅកា​ទាំង​មូល ចាត់​ទុក​ព្រៃ​សហគមន៍​នេះ ជា​ប្រភព​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ដែល​ពួក​គាត់​តែងតែ​រក​ផ្សិត រក​ឃ្មុំ ជ័រចុង និង​ជ័រ​ទឹក​ជា​ដើម ប្រសិន​បើ​ឈូស​ឆាយ​ព្រៃ​អស់​ នឹង​ប៉ះពាល់​ជីវភាព​ពួក​គាត់​កាន់​តែ​ធ្ងន់។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក ​ស៊ុន សារុន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ ​បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី១៦ មីនា ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ចំណែក​ចៅ​សង្កាត់​សុខដុម លោក ពាន សុផាត បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ដោយ​លោក​ថា​កំពុង​ជាប់​រវល់។

រីឯ​តំណាង​ក្រុមហ៊ុន វីឡេក ឌីវឺឡប់មែន លោក គ្រុយ រីណា បដិសេធ​ថា លោក​ពុំ​មែន​ជា​តំណាង​ក្រុមហ៊ុន​ដូច​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នោះ​ទេ។ លោក​ថា លោក​គឺ​ជា​មន្ត្រី​នគរបាល ចុះ​ឃ្លាំ​មើល​ពលរដ្ឋ​តវ៉ា ខ្លាច​ក្រែង​កើត​មាន​អំពើ​ហិង្សា៖ «ក្នុង​នាម​ជា​នគរបាល​ ចុះ​មើល​សភាព​ការណ៍​កន្លែង​នោះ ពលរដ្ឋ​គាត់​ចេញ សភាព​ការ​ច្រឡោត ដក​កាំបិត​អ៊ីចឹង»

តំបន់​ការពារ​ធម្មជាតិ​ឡៅកា មាន​ទំហំ​ដី ២.២២៦ហិកតារ បាន​ចុះបញ្ជី​ជា​ព្រៃ​សហគមន៍​ដោយ​ក្រសួង​បរិស្ថាន​កាលពី​ឆ្នាំ ២០១៤។ ព្រៃ​សហគមន៍​នោះ​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច នៃ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខែត្រ​មណ្ឌលគិរី។ អ្នកភូមិ​ថា ចាប់​តាំង​ពី​បង្កើត​សហគមន៍​មក ពួកគេ​ប្រឈម​បញ្ហា​ច្រើន ដូចជា​ សហគមន៍​បាន​ប្ដឹង​ចោទ​ប្រកាន់​ក្រុមហ៊ុន វីឡេក ឌីវឺឡប់មែន ទាក់ទិន​ការរំលោភ​ឈូស​ឆាយ​ព្រៃ​ការពារ​ជិត ៣០០​ហិកតារ និង​កាប់​បំផ្លាញ​ដើមឈើ ផលិត​ជ័រទឹក​សហគមន៍​រាប់ពាន់​ដើម។

ទីប្រឹក្សា​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ លោក គ្រើង តុលា ស្នើ​ឱ្យ​ក្រសួង​កសិកម្ម និង​ ក្រសួង​បរិស្ថាន ​សហការ​គ្នា​ចុះ​ដោះ​ស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់ ​ទាក់ទិន​ករណី​ ក្រុមហ៊ុន​បន្ត​បំផ្លាញ​ព្រៃឈើ​បន្សល់​ចុងក្រោយ ​ដែល​អ្នកភូមិ​ខំ​ថែទាំ៖ «រាល់​ការ​បាត់​បង់​ព្រៃ​ឈើ ម្ចាស់​ក្រុមហ៊ុន​ហ្នឹង ​គាត់​ដាំ​ដុះ​រួច​ហើយ បញ្ឈប់​ការ​ឈូស​ឆាយ​រួច​ហើយ ឥលូវ​គាត់​ធ្វើ​ឱ្យ​ប៉ះពាល់​ព្រៃឈើ ​គួរ​តែ​ចេញ​មុខ​មក​ដោះស្រាយ ដើម្បី​បញ្ចប់​សំណុំ​រឿង»

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក លោក ​ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា នេះ​ពុំ​មែន​ជា​លើក​ទី១ ទេ ដែល​ក្រុមហ៊ុន​នេះ ​បាន​ឈូស​ឆាយ​ព្រៃ​សហគមន៍​ ដោយ​គ្មាន​ការ​ដោះ​ស្រាយ​ឱ្យ​ពិត​ប្រាកដ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត ​និង​ក្រសួង​ពាក់ព័ន្ធ​ គួរតែ​កំណត់​ព្រំប្រទល់​ដី​ក្រុមហ៊ុន​ឱ្យ​ច្បាស់លាស់ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ដោយ​យុត្តិធម៌​ និង​តម្លាភាព៖ «ស្ងាត់​មួយ​រយះ​មក ​ឥលូវ​ចាប់​ផ្ដើម​ឈូស​ឆាយ​ទៀត​ហើយ​ ដោយ​មិន​កំណត់​ទីតាំង​ច្បាស់លាស់ ​ដី​សម្បទាន​ទទួល​បាន​ប៉ុណ្ណា ? ​ ដើមឈើ​ជ័រ​មិន​បាន​កំណត់ ​ទុក​ឱ្យ​សហគមន៍។ នីតិវិធី​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ដើម​ឈើ​ជ័រ ដាច់​ខាត​ត្រូវ​តែ​ទុក»

ច្បាប់​ស្ដីពី​ព្រៃឈើ​មាត្រា​៤៤ ចែង​ថា សហគមន៍​មូលដ្ឋាន​ បាន​ដំណើរ​ការ​ក្រោម​កិច្ច​ព្រមព្រៀង​ព្រៃ​សហគមន៍​មាន​សិទ្ធិ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្នុង​ដែន​ព្រៃឈើ ស្រប​តាម​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍​ដែល​បាន​កំណត់​ព្រំ​ប្រទល់​​ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ព្រៃ​សហគមន៍។ សហគមន៍​មូលដ្ឋាន​មិន​អាច​យក​ព្រៃ​សហគមន៍​ទៅ​ប្រើប្រាស់​ក្រោម​រូបភាព​សម្បទាន ឬ​លក់ដូរ ឬ​ផ្ទេរសិទ្ធិ​ព្រៃឈើ​ទៅ​ភាគី​ទី​៣ បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។