អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ជម្លៀស​ពលរដ្ឋ​រងគ្រោះ​ទឹក​ជំនន់​ជា​ច្រើន​គ្រួសារ​ទៅ​ទី​ទួល​សុវត្ថិភាព

0:00 / 0:00

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៅ​ទី​ទួល​មាន​សុវត្ថិភាព​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី២០ កញ្ញា ក្រោយ​ពេល​ជំនន់​ទឹក​ភ្លៀង​លិច​តំបន់​ព្រំដែន​ក្រុង​ប៉ោយប៉ែត។ ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​មួយ​ចំនួន​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ផ្ដល់​ស្បៀង​អាហារ​ជូន​ដល់​ពួកគាត់​ជា​បន្ទាន់។

ជំនន់​ទឹក​ភ្លៀង​​និង​ទឹក​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​បណ្ដាល​ឱ្យ​អូរ​ព្រំដែន​កម្ពុជា និង​ថៃ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ហក់​ឡើង​​លិច​​ផ្លូវ​ថ្នល់​និង​ផ្ទះ​របស់​ពលរដ្ឋ​រាប់​ពាន់​ខ្នង។

ចៅ​សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត​ លោក ស្រិល អិន ប្រាប់​វិទ្យុ​អាស៊ី​សេរី​​ថា ​ពេល​នេះ​ទឹក​ជំនន់​នៅ​គ្រប់​សង្កាត់​ក្នុង​ក្រុង​ប៉ោយប៉ែត​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២០ កញ្ញា។ លោក​បន្ត​ថា ​​ក្នុង​នោះ​សង្កាត់​ប៉ោយប៉ែត និង​សង្កាត់​ផ្សារ​កណ្ដាល​ធ្ងន់ធ្ងរ​ជាង​គេ ដោយ​ទឹក​លិច​រោងចក្រ​មួយ​កន្លែង ​លិច​ផ្លូវ​ជាតិ​លេខ៥ ​ប្រវែង​ជាង​ ១​គីឡូ​ម៉ែត្រ លិច​សាលា​រៀន វត្ត​អារាម​ ចំណត​ឡាន​ក្រុង​ប៉ោយប៉ែត ​ទីបញ្ជាការ​ប៉ូលិស​ការពារ​ព្រំដែន​មួយ​កន្លែង និង​លិច​ផ្ទះ​របស់​ពលរដ្ឋ​រាប់​ពាន់​​ខ្នង​ផ្ទះ​ទៀត​។ លោក​បញ្ជាក់​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី២០ កញ្ញា លោក​បាន​​​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន ១៨គ្រួសារ​ទៅ​ដាក់​នៅ​ទីទួល​មាន​សុវត្ថិភាព៖ «ឥឡូវ​នេះ​វា​លិច​គ្រប់​កន្លែង​ទាំង​អស់​មិន​ដឹង​ជួយ​ត្រង់​ណា​ទុក​ត្រង់​ណា ព្រោះ​ភ្លៀង​អត់​ទាន់​រាំង​សោះ។​ទឹក​ភ្លៀង​ពី​លើ​និង​ទឹក​មក​ពី​ប្រទេស​ថៃ ព្រោះ​ទឹក​វា​ពេញ​អូរ​ពេញ​ប្រឡាយ​អស់​ហើយ​ ដល់​ពីរ​ថ្ងៃ​នេះ​ភ្លៀង​មក​ពី​ម៉ោង​៤ភ្លឺ​មក​ដល់​ម៉ោង​នេះ​មិន​ទាន់​រាំង​ផង​។​ខ្ញុំ​កំពុង​ដើរ​មើល​ផ្លូវ​ទឹក​​រក​កន្លែង​កាយ​រំដោះ​ទឹក​​អេស្កាវាទ័រ​របស់​អភិបាល​ក្រុង​៣គ្រឿង​ដើរ​កាយ​កន្លែង​ធំៗ សម្រាប់​បង្ហូរ​ ហើយ​រោង​ចក្រ​ហាតឌីស​កំពុង​ចូល​ស្មើ​ជង្គង់​ក្នុង​រោងចក្រ អីចឹង​បាន​ថា ម៉ោង​នេះ​មិន​ដឹង​ជួយ​យ៉ាង​ម៉េច​ទុក​យ៉ាង​ម៉េច »

Poipet_Flood_092021_1.jpg
ប្រជាពលរដ្ឋ ២០គ្រួសារ​កំពុង​​ស្នាក់​នៅ​ទី​ទួល​សុវត្ថិភាព​ នៅ​សង្កាត់​ប៉ោយប៉ែត ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក​យោធភូមិភាគ​ទី៥

លោក​បន្ត​ថា ទឹក​ជំនន់​បាន​ហូរ​ចូល​ក្រុង​ប៉ោយប៉ែត​​តាំង​ពី​ថ្ងៃ​ទី១៩ កញ្ញា ហើយ​រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​បន្ត​ហក់​ឡើង​​មិន​ទាន់​បាន​ធូរស្រាល​នៅ​ឡើយ​ទេ។

​គេហទំព័រ​ហ្វេសប៊ុក​យោធា​ភូមិភាគ​ទី៥ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី២០ កញ្ញា​ថា ទាហាន​ប្រតិបត្តិ​ការ​សឹក​រង​ក្រុង​ប៉ោយប៉ែត​បាន​​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​ ២០​គ្រួសារ​រស់​នៅ​​ជាប់​អូរ​ព្រំដែន​ក្នុង​សង្កាត់​ប៉ោយប៉ែត ​ទៅ​ទី​ទួល​មាន​សុវត្ថិភាព។

ទោះ​ជា​យ៉ាង​ណា​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត​លោក ​អ៊ិត ស៊ីម ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​ទឹក​ជំនន់​បាន​ហូរ​ចូល​ផ្ទះ​របស់​លោក​តាំង​ពី​ថ្ងៃ​ទី១៩ កញ្ញា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ស្រក​នៅ​ឡើយ​ទេ។ ពលរដ្ឋ​រូប​នេះ​ព្រួយបារម្ភ​ខ្លាច​គ្មាន​ស្បៀង​អាហារ​អំឡុង​ពេល​នេះ​ ព្រោះ​ចាប់​តាំង​ពី​ទឹក​លិច​ផ្ទះ​មក គ្រួសារ​របស់​លោក​មិន​អាច​​​​ដើរ​រើស​អេតចាយ​ និង​ប្រកប​មុខ​របរ​អ្វី​បាន​​ឡើយ​។ លោក​ថា រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​មិន​ទាន់​ផ្ដល់​ស្បៀង​អាហារ​និង​មក​សួរ​សុខទុក្ខ​ពួក​លោក​នៅ​ឡើយ​ទេ៖ «អង្គុយ​មើល​មុខ​គ្នា​ហ្នឹង​មិន​ដឹង​ថា ឥឡូវ​មិន​ដឹង​ទៅ​ណា​កើត​បើ​ទៅ​ងាក​ទឹក មិន​ដឹង​ដើរ​ទៅ​ណា​កើត មាន​តែ​អង្គុយ​មុខ​ជណ្ដើរ​លើ​ផ្ទះ​ហ្នឹង​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​ហ្នឹង។ ខ្ញុំ​សុំ​សំណូម​ព​ឱ្យ​អាជ្ញាធរ​ជួយ​ចុះ​មើល​ប្រជាជន​ដែល​កំពុង​រងគ្រោះ​ហ្នឹង​ផង »

ជុំ​វិញ​រឿង​នេះ​ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី មាន​ប្រសាសន៍​ថា ​ទឹក​ជំនន់​លើក​នេះ​មាន​សន្ទុះ​ខ្លាំង​ជាង​ពេល​មុនៗ និង​បាន​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ ជា​ពិសេស​កម្មករ​សំណង់​ អ្នក​ដើរ​រើស​អេតចាយ​ និង​អ្នក​រត់​ម៉ូតូ​ឌុប​ ធ្វើ​ឱ្យ​ពួកគាត់​បាត់​បង់​ប្រាក់​ចំណូល​ទាំង​ស្រុង​។ លោក​យល់​ថា ស្ថានភាព​បែប​នេះ​អាជ្ញាធរ​ពាក់​ព័ន្ធ​គួរតែ​​ចុះ​ផ្ដល់​ស្បៀង​អាហារ​ជូន​ដល់​ពួកគាត់​ជា​បន្ទាន់​ ព្រោះ​ពួកគាត់​រង​គ្រោះ​ផ្ទួនៗ៖ «ស្នើ​ឱ្យ​អាជ្ញាធរ​និង​រដ្ឋាភិបាល​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ហ្នឹង ហើយ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​មាន​ជំនួយ​សូម​មេត្តា​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ផង ព្រោះ​ដោយសារ​តែ​ហានិភ័យ​នៃ​គ្រោះ​អត់​ឃ្លាន​ហ្នឹង​វា​មាន​កម្រិត​ខ្ពស់​ណាស់ ដោយសារ​ការ​បិទ​ច្រក រាតត្បាត​ជំងឺ​កូវីដ១៩ និង​ទឹក​ជំនន់​ទៀត​ យើង​មើល​រូប​នេះ គឺ​ទុក្ខ​ជាន់​លើ​ទុក្ខ »

ជា​មួយ​គ្នា​នេះ​រដ្ឋបាល​ស្រុក​មង្គល​បូរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ចេញ​សេចក្ដី​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​​នៅ​ជាប់​ដង​ស្ទឹង​មង្គល​បូរី​​ ឱ្យ​ត្រៀម​ស្បៀង​អាហារ​​​ថ្នាំ​ពេទ្យ​ និង​​ទុក​ដាក់​សម្ភារៈ​មាន​តម្លៃ​នៅ​កន្លែង​​សុវត្ថិភាព​។ រដ្ឋបាល​ស្រុក​​បន្ត​ថា​ អាជ្ញាធរ​នឹង​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី​នៅ​ពេល​មាន​ទឹក​ជំនន់​។ ​​សេចក្ដី​ប្រកាស​ដដែល​បញ្ជាក់​ថា ​ពេល​នេះ​ទឹក​ស្ទឹង​មង្គល​បូរី​បាន​ហក់​ឡើង​ខ្លាំង ដែល​អាច​នឹង​កើត​មាន​ទឹក​ជំនន់​​​អំឡុង​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។