ពលរដ្ឋនៅក្រុងប៉ោយប៉ែតប្រតិកម្មនឹងអាជ្ញាធរមិនចាត់វិធានការក្រុមហ៊ុនឯកជនចាក់ដីលុបស្រះបណ្ដាលឲ្យទឹកលិចផ្ទះពួកគាត់

ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រតិកម្មនឹងអាជ្ញាធរក្រុងនេះថា បណ្ដោយឱ្យក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ភី ភី ភី (PPP) របស់ប្អូនថ្លៃលោកឧកញ៉ា កុក អាន ចាក់ដីលុបស្រះសាធារណៈបណ្ដាលឱ្យលិចផ្ទះរបស់ប្រជាពលរដ្ឋតាមអំពើចិត្ត។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើរបស់អាជ្ញាធរនេះថា ជាការមិនយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ។
តំណាងប្រជាពលរដ្ឋនៅភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត លោក វន វ័ន ថ្លែងនៅថ្ងៃទី១៨ ឧសភាថា អាជ្ញាធរក្រុងប៉ោយប៉ែតបដិសេធនឹងសំណើរបស់ពួកលោក ដែលមានស្នាមមេដៃរបស់ពលរដ្ឋជាង ១០០នាក់ប្ដឹងសុំឱ្យអាជ្ញាធរចាត់វិធានការតាមច្បាប់លើក្រុមហ៊ុនក្រឡុកស៊ីម៉ង់ ភី.ភី.ភី (PPP) រំលោភយកដីស្រះទឹកសាធារណៈ។ លោកបញ្ជាក់ថា មន្ត្រីសាលាក្រុងម្នាក់បានគំរាមចាត់វិធានការមកលើតំណាងពលរដ្ឋ ដែលប្ដឹងតវ៉ាលើរឿងនេះទៅវិញ៖ «អីចឹងប្រាស់ចាកគ្នាដោយសារគាត់ទារអត្តសញ្ញាណប័ណ្ណ ទាល់តែគ្រប់ ១១គ្រួសារ បានគាត់ទទួលបណ្ដឹង ហើយសុំលេខពលរដ្ឋម្នាក់!អ្នកដែលមានផ្ដិតមេដៃ។ ខ្ញុំគិតថារឿងនេះអាជ្ញាធរក្រុងកំពុងតែមានការពាក់ព័ន្ធគ្នាហើយបិទបាំងការរំលោភដីរដ្ឋ ហើយកំពុងតែបណ្ដេញប្រជាពលរដ្ឋដោយបង្ខំហើយបែបនេះ»។
ពលរដ្ឋនៅក្រុងប៉ោយប៉ែតម្នាក់ទៀត លោក ឆេង ប៊ុនហាក់ អះអាងថា ផ្ទះរបស់លោកត្រូវបានក្រុមហ៊ុនក្រឡុកស៊ីម៉ង់ ភី.ភី.ភី (PPP) ចាក់ដីលុបស្រះបណ្ដាលឱ្យទឹកលិចផ្ទះប្រមាណ ១ខែមកហើយ ដោយពុំមានអាជ្ញាធរណាអើពើជួយដល់គ្រួសារលោកនៅឡើយទេ។ លោកបញ្ជាក់ថា សព្វថ្ងៃនេះមានពលរដ្ឋប្រមាណ ២០គ្រួសារហើយ ដែលទ្រាំរស់នៅលើទឹកស្អុយ និងលើដីភក់យ៉ាងលំបាកនោះ៖ «ខ្ញុំរស់នៅពិបាកណាស់ ព្រោះអីខ្ញុំកំពុងតែអត់លុយផង រកមួយថ្ងៃហូបមួយថ្ងៃដល់ពេលទឹកលិចអ៊ីចឹង នៅមិនកើតអ៊ីចឹង វាពិបាកទទួលយកណាស់ ក្ដៅក្រហាយណាស់ដល់អ៊ីចឹង។ បើយើងរស់នៅមានសេចក្ដីមិនដែលប៉ះពាល់អ្នកណា ដល់ពេលគេធ្វើមកលើយើងអ៊ីចឹង យើងត្រូវរើផ្ទះរើអីចេញ ដល់ពេលអីចឹងយើងរស់នៅម៉េចកើត បើក្នុងផ្ទះសុទ្ធតែទឹក និងភក់អ៊ីចឹង»។
អាស៊ីសេរីមិនអាចទាក់ទងម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ភី.ភី.ភី (PPP) លោក គីម ឡេដារ៉ូ និងអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ព្រមទាំងអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៨ ឧសភា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែមន្ត្រីសាលាក្រុងប៉ោយប៉ែតម្នាក់សុំមិនបញ្ចេញឈ្មោះ ប្រាប់អាស៊ីសេរីថា មូលហេតុដែលអាជ្ញាធរក្រុងមិនបានទៅដោះស្រាយលើរឿងនេះ ដោយសារតំណាងពលរដ្ឋដាក់ឯកសារមិនទាន់គ្រប់គ្រាន់៖ «សំខាន់គាត់ដាក់ពាក្យបណ្ដឹងមកអត់គ្រប់ឯកសារដល់ពេលគ្រប់ឯកសារបានក្រុមការងារពួកខ្ញុំចុះទៅទីតាំងដីជាក់ស្ដែង ហើយពាក្យបណ្ដឹងរបស់គាត់ហ្នឹងឯកសារវាអត់គ្រប់គ្រាន់»។
កាលពីថ្ងៃទី១២ ឧសភាអ្នកភូមិរស់នៅទីតាំងដែលមានបញ្ហានៅភូមិផ្សារកណ្ដាល ជាង ១០០នាក់ប្ដឹងទៅសាលាក្រុងប៉ោយប៉ែត ទាមទារឱ្យអាជ្ញាធរចាត់វិធានការលើក្រុមហ៊ុនមួយនេះតាមច្បាប់ ប៉ុន្តែរហូតមកទល់ពេលនេះអាជ្ញាធរមិនទាន់ដោះស្រាយជូនពួកគាត់នៅឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា អាជ្ញាធរក្រុងប៉ោយប៉ែតគួរតែដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានឆាប់ ពីព្រោះពួកគាត់រស់នៅលើទឹកដោយលំបាក។ លោកចាត់ទុកការទាមទាររបស់មន្ត្រីសាលាក្រុងប៉ោយប៉ែតឱ្យពលរដ្ឋបន្ថែមឯកសារនេះថា គ្រាន់តែជាលេសដោះសាដើម្បីគេចចេញពីការទទួលខុសត្រូវប៉ុណ្ណោះ៖ «នេះជាការបំបិទមាត់មួយមិនពួកគាត់ហ្នឹងរាយការណ៍ទៅអាជ្ញាធរ ហើយអាជ្ញាធរខ្លួនឯងហ្នឹងមិនបានដោះស្រាយបែរទៅជាគំរាមកំហែងមិនឱ្យប្ដឹងគឺជារឿងមួយដែលប្រព្រឹត្ត ផ្ទុយទៅលើគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងរបបប្រជាធិបតេយ្យនិយាយអំពី អាជ្ញាធរហ្នឹងជាអ្នកបម្រើរាស្ត្របែរទៅជាគំរាមកំហែងរាស្ត្រទៅវិញ»។
កាលពីថ្ងៃទី៥ ខែឧសភា ក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ភីភីភី (PPP) បានដកគ្រឿងច្រកចេញពីតំបន់ដីជម្លោះ នៅភូមិផ្សារកណ្ដាល បន្ទាប់ពីពលរដ្ឋដើរប្រមូលស្នាមមេដៃតវ៉ាប្រឆាំងនឹងការលុបស្រះនេះ។ ក្រុមហ៊ុននេះបានចាក់ដីលុបស្រះបានប្រមាណ ៤០ភាគរយ ក្នុងចំណោមផ្ទៃប្រហែល ១ហិកតារ។ អ្នកភូមិឱ្យដឹងថា ប្រជាពលរដ្ឋនៅតំបន់នោះជាង ១០០គ្រួសារផ្សេងទៀត ប្រឈមនឹងលិចទឹកក្នុងរដូវវស្សាខាងមុខបណ្ដាលមកពីការចាក់ដីលុបស្រះនេះ។ ពលរដ្ឋ បន្តទាមទារឱ្យក្រុមហ៊ុនកាយដីចេញពីស្រះទឹកសាធារណៈនោះជាបន្ទាន់ ដើម្បីឱ្យពលរដ្ឋនៅតំបន់បានប្រើប្រាស់ទឹកដូចដើមឡើងវិញ។អ្នកភូមិព្រមានថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយជូនពួកគាត់ទេ នោះពួកគាត់នឹងលើកគ្នាទៅសាលាក្រុងនៅពេលឆាប់ៗ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។