សវនាការ​​បង្ហាញថា​ សកម្មជន​​មាតាធម្មជាតិ​មិន​​បាន​​ប្រព្រឹត្តបទល្មើស​​អ្វីឡើយ

ដោយ ទីន ហ្សាការីយ៉ា
2021-04-08
Share
សវនាការ​​បង្ហាញថា​ សកម្មជន​​មាតាធម្មជាតិ​មិន​​បាន​​ប្រព្រឹត្តបទល្មើស​​អ្វីឡើយ (ពាក់ម៉ាស់លើកដៃ) យុវជន ថុន រដ្ឋា នៅពេលបញ្ជូនមកកាន់តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។
រូប៖ គេ​ផ្ដល់​ឱ្យ

សាលាដំបូង​​រាជធានីភ្នំពេញ​ បាន​លើក​យក​​សំណុំ​រឿង​​សកម្មជន​​មាតាធម្មជាតិ ៣នាក់ មក​ជំនុំ​ជម្រះ​បន្ត​ទៀតនៅថ្ងៃទី៨ ខែមេសា ប៉ុន្តែតុលាការនឹង​ប្រកាស​​សាលក្រម​​​សំណុំ​រឿងនេះនៅថ្ងៃទី៥ ខែឧសភាខាងមុខ។ ​​គ្រួសាររបស់​​សកម្មជន​មាតាធម្មជាតិបន្ត​ទទូច​ដល់​តុលាការ​ឱ្យ​ដោះលែងសកម្មជន​​ទាំងនោះវិញ។

ក្នុង​សវនាការ​លើកទីពីរ​​​នេះ​ ក្រុមប្រឹក្សា​​ជំនុំ​ជម្រះ​​បាន​​សួរ​ដេញដោល​​មន្ត្រីនគរបាល​​ដែល​បង្ក​សំណុំ​រឿង​ និង​​ចាក់​​វីដេអូមួយ​ចំនួន​​ដែល​​ក្រុម​​សកម្មជន​​បាន​​បង្ហោះ​លើ​ហ្វេសប៊ុក​​មាតាធម្មជាតិ​ មុន​នឹង​​ឱ្យ​​តំណាង​​អយ្យការ​ និង​មេធាវី​​ជន​ជាប់​ចោទ​​ធ្វើ​សេចក្តីសន្និដ្ឋាន​​រៀងៗខ្លួន​ ដើម្បីបិទ​​បញ្ចប់​​សវនាការ។ មាន​​ចំណុចជាច្រើន​​ដែល​​ក្រុម​​អ្នក​​សង្កេត​ការណ៍​​វាយ​តម្លៃថា​ ជារឿង​​មិន​​សមហេតុផល​ និង​​ខ្វះមូលដ្ឋាន​​ច្បាប់​ ប៉ុន្តែ​​តុលាការ​​បាន​លើក​​យក​មក​ដាក់​​បន្ទុក​​សកម្មជន​​ទាំង​បី​នាក់។​ ជាឧទាហរណ៍ ​តុលាការ​​បាន​​ចោទ​​ប្រកាន់​​សកម្មជន​ទាំង ៣នាក់ គឺ​លោក ថុន រដ្ឋា​ កញ្ញា ឡុង គន្ធា​ និង​​កញ្ញា ភួន កែវរស្មី​ ថា​ បាន​​ប្រព្រឹត្ត​បទល្មើស​​ញុះញង់ ​តាំងពី​ឆ្នាំ​២០១៣​ ពោល​គឺ​​គិត​ត្រឹម​​ការ​បង្កើត​​ទំព័រហ្វេសប៊ុក​មាតាធម្មជាតិ ដែល​​ក្រុម​​សកម្មជន​​ទាំងនោះ​​ប្រើប្រាស់​​ដើម្បី​​បង្ហោះវីដេអូ​រឿង​​បរិស្ថាន។​ ​ប៉ុន្តែ​​តាម​​ពិត​ ពួក​គេ​​ទាំងបីនាក់​ ​បាន​​ចាប់​​ផ្តើម​ការងារ​​ជា​ស​កម្មជន​បរិស្ថាន​ក្នុង​ឆ្នាំ២០១៥​ និង​​ ២០២០​ ​ឯណេះទេ។ ​ទាក់ទង​នឹងការ​​ចោទ​សួរ​​របស់​ពួក​គេ​​ទៅកាន់​​រដ្ឋាភិបាល​រឿង​លុប​​បឹង​​ធម្មជាតិ​​ ដែល​មាន​​នៅក្នុង​​វីដេអូវិញ​ ចៅក្រមតុលាការ​​ក្រុង​​ភ្នំពេញ​​បែរ​ជា​ឆ្លើយ​ជំនួស​​រដ្ឋាភិបាល​ថា​ ការ​​​អភិវឌ្ឍ​របស់​​រដ្ឋាភិបាល​​ធ្វើឡើង​​ដោយ​​មាន​​បែប​បទ​ត្រឹមត្រូវ។

ចំណុចមួយ​​ទៀត ​គឺ​​តំណាង​អយ្យការ​​បាន​ចាត់​ទុក​​ ការផលិត និង​​ផ្សព្វផ្សាយ​​វីដេអូរបស់​​សកម្មជន​ទាំងនោះ ​បូក​រួម​ទាំង​ការ​ផ្តល់​បទសម្ភាស​​របស់​ពួក​គេ​​ដល់​​ស្ថាប័ន​​ព័ត៌មាន​ ថា​ជា​​ទង្វើ​ញុះញង់។ ​ចំណែ​ក​គម្រោង​​របស់​កញ្ញា ឡុង គន្ធា​ ដែល​ចង់​​ស្លៀក​ពាក់​​ស​ដើរ​​ពីវត្តភ្នំ​ទៅភូមិ​គ្រឹះ​​នាយករដ្ឋ​មន្ត្រីនោះ​វិញ​ ក៏​​អាជ្ញាធរ​​ចាត់​ទុក​ថា​ ជា​ទង្វើ​ញុះញង់​​ឱ្យ​មាន​វឹកវរ​ក្នុង​​សង្គម​ដែរ។​ ត្រង់​កន្លែងនេះ​ ក្រុម​អ្នក​សង្កេតការណ៍​​បាន​​ចាត់ទុកថា​ ជាបុរេវិនិច្ឆ័យ​​របស់​​អាជ្ញាធរ និង​​តំណាង​​អយ្យការ​ ពីព្រោះ​គ្មាន​​ចលាចល​ ឬបញ្ហា​អសន្តិសុខ​​សង្គម​​ណាមួយ​​​កើត​ឡើង​​តាម​រយៈសកម្មភាព​​របស់​ពួក​គេឡើយ។​ ផ្ទុយ​ទៅវិញ​ ព័ត៌មាន​​ដែល​សកម្មជន​​បាន​​បង្ហា​ញ​នោះ ​ជា​រឿង​ពិត​ជាក់​ស្តែង​ ហើយ​ករណី​ខ្លះ​​អាជ្ញាធរ​​បាន​ចុះ​ដោះស្រាយ​ថែម​ទៀត​ ក្រោយ​ពួក​គេ​​បង្ហោះវីដេអូ។​

មេធាវី​ការពារក្តី​ឱ្យ​សកម្មជន​មាតាធម្មជាតិ​​​ទាំង ៣នាក់ ​គឺលោក សំ ចំរើន​ មាន​ប្រសាសន៍ថា​ ផ្អែក​តាម​​ការ​​សិក្សា​សំណុំ​រឿង​ និង​​សវនាការ​​សួរដេញដោល​​ទាំងពីរ​លើក​​រួចមក​ កូន​ក្តី​​របស់​លោក​​មិន​បាន​​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បា​ប់​​នោះឡើយ។ ​ផ្ទុយ​ទៅវិញ​ សកម្មភាព​របស់​ពួកគេ​ ជាអំពើសុចរិត និង​ស្រប​តាម​ច្បាប់ ក្នុងបំណង​ចូល​រួម​​ការ​ពារ​បរិស្ថាន៖ «សកម្មភាព​ពួកគាត់​បាន​ធ្វើ​កន្លងមក គឺ​ស្ថិត​ក្នុងក្របណ្ឌ​ច្បាប់ ​មិន​បាន​បំពាន​ច្បាប់​ត្រង់ចំណុច​ណាមួយ ​ហើយ​មិន​បាន​បណ្តាល​ឱ្យ​​មាន​​ការ​​ខូច​ខាត​ដល់​សង្គម​​ ឬដល់​បុគ្គល​ណាទេ​ គឺ​គាត់​ធ្វើ​ក្នុង​​បំណងល្អ ធ្វើ​ក្នុង​​ទិសដៅ​​វិជ្ជមាន​មួយ»

ដូចគ្នានេះដែរ​ មន្ត្រីអង្គការ​សង្គម​ស៊ីវិល​​ដែល​តាម​ដាន​សវនាការ​សំណុំ​រឿង​នេះ​ទាំងពីរ​លើក​​វាយ​តម្លៃថា​ តុលាការ​​គ្មាន​ភស្តុតាង​​គ្រប់​គ្រាន់​​ដើម្បី​ដាក់​បន្ទុក​​លើ​​សកម្មជន​ទាំង ៣ នាក់ឡើយ។​

a8418ef0-9b50-4b8d-a8d2-a8aa28a6eb87.jpeg
(ឆ្វេង) លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី សកម្មជនចលនាមាតាធម្មជាតិ។

មន្ត្រីតស៊ូមតិ​​នៃ​​គម្រោង​អ្នក​ការពារ​​ព្រៃឈើ​នៃ​​សមាគម​​​បណ្តាញយុវជន​​កម្ពុជា​ (CYN)​ លោក​ សាន់ ម៉ាឡា​ ពិនិត្យ​ឃើញ​ថា​ ការ​ចោទ​​ប្រកាន់​​ និង​​ការ​ឃុំ​ខ្លួន​​សកម្មជន​​មាតាធម្មជាតិ​​ទាំង ៣នាក់ ធ្វើ​ឡើង​ដោយ​​ផ្អែកទៅលើការ​​សន្មត់​​របស់​​អាជ្ញាធរតែប៉ុណ្ណោះ។​ លោក​អំពាវនាវ​​ដល់​តុលាការ​​ឱ្យ​ទម្លាក់​ចោល​​បទចោទ​​ប្រកាន់ ​និង​​ដោះលែង​​ពួក​គេ​​​ឱ្យ​មាន​សេរីភាព​វិញ«ភាព​វឹកវរ ឬ​ក៏​អសន្តិសុខសង្គម​ដែល​ព្រះរាជអាជ្ញា ​និង​​សមត្ថកិច្ច​លើក​ឡើង ​វាគ្រាន់​តែ​ជា​​ការ​សន្មត់ ​ឬក៏​​ជា​​ការ​​ធ្វើ​បុរេវិនិច្ឆ័យ​តែ​​ប៉ុណ្ណោះ។ ​ហើយ​បើ​យើង​​ផ្អែក​ទៅលើ​​សកម្មភាព​កន្លងមក​ ដែល​ពួក​គាត់​​បាន​ធ្វើ​​ យើង​ឃើញ​ថា ​មិន​មាន​អ​សន្តិសុខ​សង្គម​​ណាមួយ​​កើត​​ឡើង​ទេ។ ​វា​មាន​​តែ​ជួយ​ជំរុញ​ឱ្យ​​មាន​​ដំណោះស្រាយ ​និង​​ចូល​រួម​ផ្តល់​ព័ត៌មាន​ពិត​​ដល់​​សាធារណជន»

សវនាការ​លើក​ទីពីរ​នេះ ​មាន​ការ​ចូល​រួម​​ឃ្លាំមើល​ពី​សំណាក់​​មន្ត្រីអង្គការ​សង្គម​​ស៊ីវិល​ជាតិ ​និង​​អន្តរជាតិ ​រួម​ទាំងមន្ត្រី​​អង្គការ​​សហប្រជាជាតិផង​ សរុបជាង​ ១០នាក់។​ មន្ត្រីតុលាការ​​បាន​​អនុញ្ញាត​​ឱ្យ​​សាច់ញាតិ​​របស់​​កញ្ញា ឡុង គន្ធា​ ​ចូលស្តាប់​សវនាការ​ ប៉ុន្តែមិន​​អនុញ្ញាត​​ឱ្យ​​ប្រពន្ធ​​លោក ថុន រដ្ឋា​ បាន​ចូល​​ទៅទេ​ ក្រោម​​ហេតុផល​​ថា​ លោកស្រី​មក​ពី​​តំបន់​​ដែល​​កំពុង​ផ្ទុះ​ជំងឺកូវីដ-១៩។​ លោកស្រី​​បាន​​អង្គុយចាំស្តាប់​ដំណឹង​​​ នៅ​មុខ​​តុលាការ​ជា​ថ្មីម្តង​​ទៀត ​តាំងពី​ព្រឹក​​រហូត​​ដល់​​ថ្ងៃ​ត្រង់។​

Thon_Rotha_wife_and_Long_kunthear_sister.jpg
(ឆ្វេង) លោកស្រី ប៉ាត់ រស្មី ប្រពន្ធលោក ថុន រដ្ឋា និងកញ្ញា ឡុង សុខស្រីលីន ប្អូនស្រីកញ្ញា ឡុង គន្ធា។ (រូប៖ គេផ្តល់ឱ្យ)

ប្រពន្ធ​របស់​​លោក ថុន រដ្ឋា គឺ​លោកស្រី​ ប៉ាត់ រស្មី ​ស្នើយ៉ាង​​ទទូច​​ដល់​តុលាការ​​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​​ប្រកាន់​ និង​​ដោះលែងប្តីលោកស្រី​ និង​​សកម្មជន​​ដទៃទៀត​​ឱ្យ​​មាន​​សេរីភាព​វិញ​ ព្រោះពួក​គេ​​ជា​មនុស្ស​ស្អាតស្អំ​ មិន​បាន​​ប្រព្រឹត្ត​បទល្មើស​អ្វីឡើយ៖ «បើ​តុលាការ​​មិន​បាន​ដោះលែង​​ប្តី​ខ្ញុំ​ទេ ​ខ្ញុំ​ពិត​ជា​​មាន​​អារម្មណ៍​ថា​ឈឺ​ចាប់​​មែន​ទែន។ ​យុវជន​ដែល​​ស្រឡាញ់​​ធនធាន​ធម្មជាតិ ​ការពារ​ធនធានធម្មជាតិ ​បែរ​ជា​តុលាការ​​ចាប់​​ដោយ​​អត់​មាន​ទោស​​កំហុស​អ្វី​ ចាប់​​ដាក់​​គុកច្រវាក់​​បែបនេះ»។

អាជ្ញាធរ​បាន​​ចាប់​ខ្លួន​​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា ​និង​​កញ្ញា ភួន កែវរស្មី ​កាល​ពី​ដើម​ខែ​កញ្ញា​ ឆ្នាំ២០២០។ ​ការ​ចាប់​ខ្លួន​នេះ​ កើត​មាន​​ឡើង​​បន្ទា​ប់​​ពី​​កញ្ញា​ ឡុង គន្ធា ​បាន​បង្ហោះ​សារ​​លើ​ហ្វេសប៊ុក​​អំពី​គម្រោង​​ដើរ​​ពី​វត្តភ្នំ​​ទៅ​កាន់​​ភូមិគ្រឹះ​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដើម្បី​​ស្នើសុំ​ជួប​​ផ្ទាល់​​ជាមួយ​​លោក​​និយាយ​​អំពី​​បញ្ហា​​លុប​បឹង​តា​មោក។​ តុលាការ​បាន​ចោទ​​ប្រកាន់​ពួក​គេ​​ពី​បទ​ញុះញង់​​ឱ្យ​មាន​ភាព​វឹកវរ​​ធ្ងន់ធ្ងរ​​ដល់​​សន្តិសុខ​សង្គម​ ដែល​ប្រឈម​​នឹង​​ការ​ជាប់​ពន្ធនាគារ​​រហូត​​ដល់​ ២ឆ្នាំ។

គិត​ត្រឹម​ដើម​ខែមេសានេះ សកម្មជន​​ទាំង ៣នាក់ បាន​​ជាប់ឃុំ​ក្នុងពន្ធនាគារជាង ៧ខែ មកហើយ។​ ការ​ចាប់​ឃុំខ្លួន​​សកម្មជនបរិស្ថាន​ សកម្មជន​សង្គម​​ និង​​សកម្មជន​​នយោបាយ​តាម​អំពើ​​ចិត្ត​បែបនេះ ​បាន​ធ្វើ​ឱ្យ​សហគមន៍​​អន្តរជាតិ​​ថ្កោល​ទោស​​របបលោក​ ហ៊ុន សែន​ ជាបន្តបន្ទាប់។ ​សហគមន៍ជាតិ និង​​អន្តរជាតិ ​នៅ​តែ​​ទាម​ទារ​​ឱ្យ​របបនេះ​​ទម្លាក់​ចោល​បទ​ចោទ​​ប្រកាន់ ​និង​​ដោះលែង​អ្នក​​ជាប់​ឃុំ​​ទាំង​នោះ ​ហើយ​​ត្រូវ​ងាក​​មក​គោរព​សិទ្ធិ​​ពលរដ្ឋ​របស់​ខ្លួន​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល