សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងសកម្មជនមាតាធម្មជាតិ ៣នាក់ មកជំនុំជម្រះបន្តទៀតនៅថ្ងៃទី៨ ខែមេសា ប៉ុន្តែតុលាការនឹងប្រកាសសាលក្រមសំណុំរឿងនេះនៅថ្ងៃទី៥ ខែឧសភាខាងមុខ។ គ្រួសាររបស់សកម្មជនមាតាធម្មជាតិបន្តទទូចដល់តុលាការឱ្យដោះលែងសកម្មជនទាំងនោះវិញ។
ក្នុងសវនាការលើកទីពីរនេះ ក្រុមប្រឹក្សាជំនុំជម្រះបានសួរដេញដោលមន្ត្រីនគរបាលដែលបង្កសំណុំរឿង និងចាក់វីដេអូមួយចំនួនដែលក្រុមសកម្មជនបានបង្ហោះលើហ្វេសប៊ុកមាតាធម្មជាតិ មុននឹងឱ្យតំណាងអយ្យការ និងមេធាវីជនជាប់ចោទធ្វើសេចក្តីសន្និដ្ឋានរៀងៗខ្លួន ដើម្បីបិទបញ្ចប់សវនាការ។ មានចំណុចជាច្រើនដែលក្រុមអ្នកសង្កេតការណ៍វាយតម្លៃថា ជារឿងមិនសមហេតុផល និងខ្វះមូលដ្ឋានច្បាប់ ប៉ុន្តែតុលាការបានលើកយកមកដាក់បន្ទុកសកម្មជនទាំងបីនាក់។ ជាឧទាហរណ៍ តុលាការបានចោទប្រកាន់សកម្មជនទាំង ៣នាក់ គឺលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ថា បានប្រព្រឹត្តបទល្មើសញុះញង់ តាំងពីឆ្នាំ២០១៣ ពោលគឺគិតត្រឹមការបង្កើតទំព័រហ្វេសប៊ុកមាតាធម្មជាតិ ដែលក្រុមសកម្មជនទាំងនោះប្រើប្រាស់ដើម្បីបង្ហោះវីដេអូរឿងបរិស្ថាន។ ប៉ុន្តែតាមពិត ពួកគេទាំងបីនាក់ បានចាប់ផ្តើមការងារជាសកម្មជនបរិស្ថានក្នុងឆ្នាំ២០១៥ និង ២០២០ ឯណេះទេ។ ទាក់ទងនឹងការចោទសួររបស់ពួកគេទៅកាន់រដ្ឋាភិបាលរឿងលុបបឹងធម្មជាតិ ដែលមាននៅក្នុងវីដេអូវិញ ចៅក្រមតុលាការក្រុងភ្នំពេញបែរជាឆ្លើយជំនួសរដ្ឋាភិបាលថា ការអភិវឌ្ឍរបស់រដ្ឋាភិបាលធ្វើឡើងដោយមានបែបបទត្រឹមត្រូវ។
ចំណុចមួយទៀត គឺតំណាងអយ្យការបានចាត់ទុក ការផលិត និងផ្សព្វផ្សាយវីដេអូរបស់សកម្មជនទាំងនោះ បូករួមទាំងការផ្តល់បទសម្ភាសរបស់ពួកគេដល់ស្ថាប័នព័ត៌មាន ថាជាទង្វើញុះញង់។ ចំណែកគម្រោងរបស់កញ្ញា ឡុង គន្ធា ដែលចង់ស្លៀកពាក់សដើរពីវត្តភ្នំទៅភូមិគ្រឹះនាយករដ្ឋមន្ត្រីនោះវិញ ក៏អាជ្ញាធរចាត់ទុកថា ជាទង្វើញុះញង់ឱ្យមានវឹកវរក្នុងសង្គមដែរ។ ត្រង់កន្លែងនេះ ក្រុមអ្នកសង្កេតការណ៍បានចាត់ទុកថា ជាបុរេវិនិច្ឆ័យរបស់អាជ្ញាធរ និងតំណាងអយ្យការ ពីព្រោះគ្មានចលាចល ឬបញ្ហាអសន្តិសុខសង្គមណាមួយកើតឡើងតាមរយៈសកម្មភាពរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ព័ត៌មានដែលសកម្មជនបានបង្ហាញនោះ ជារឿងពិតជាក់ស្តែង ហើយករណីខ្លះអាជ្ញាធរបានចុះដោះស្រាយថែមទៀត ក្រោយពួកគេបង្ហោះវីដេអូ។
មេធាវីការពារក្តីឱ្យសកម្មជនមាតាធម្មជាតិទាំង ៣នាក់ គឺលោក សំ ចំរើន មានប្រសាសន៍ថា ផ្អែកតាមការសិក្សាសំណុំរឿង និងសវនាការសួរដេញដោលទាំងពីរលើករួចមក កូនក្តីរបស់លោកមិនបានប្រព្រឹត្តអំពើល្មើសច្បាប់នោះឡើយ។ ផ្ទុយទៅវិញ សកម្មភាពរបស់ពួកគេ ជាអំពើសុចរិត និងស្របតាមច្បាប់ ក្នុងបំណងចូលរួមការពារបរិស្ថាន៖ « សកម្មភាពពួកគាត់បានធ្វើកន្លងមក គឺស្ថិតក្នុងក្របណ្ឌច្បាប់ មិនបានបំពានច្បាប់ត្រង់ចំណុចណាមួយ ហើយមិនបានបណ្តាលឱ្យមានការខូចខាតដល់សង្គម ឬដល់បុគ្គលណាទេ គឺគាត់ធ្វើក្នុងបំណងល្អ ធ្វើក្នុងទិសដៅវិជ្ជមានមួយ » ។
ដូចគ្នានេះដែរ មន្ត្រីអង្គការសង្គមស៊ីវិលដែលតាមដានសវនាការសំណុំរឿងនេះទាំងពីរលើកវាយតម្លៃថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើសកម្មជនទាំង ៣ នាក់ឡើយ។

មន្ត្រីតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា ពិនិត្យឃើញថា ការចោទប្រកាន់ និងការឃុំខ្លួនសកម្មជនមាតាធម្មជាតិទាំង ៣នាក់ ធ្វើឡើងដោយផ្អែកទៅលើការសន្មត់របស់អាជ្ញាធរតែប៉ុណ្ណោះ។ លោកអំពាវនាវដល់តុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងពួកគេឱ្យមានសេរីភាពវិញ៖ « ភាពវឹកវរ ឬក៏អសន្តិសុខសង្គមដែលព្រះរាជអាជ្ញា និងសមត្ថកិច្ចលើកឡើង វាគ្រាន់តែជាការសន្មត់ ឬក៏ជាការធ្វើបុរេវិនិច្ឆ័យតែប៉ុណ្ណោះ។ ហើយបើយើងផ្អែកទៅលើសកម្មភាពកន្លងមក ដែលពួកគាត់បានធ្វើ យើងឃើញថា មិនមានអសន្តិសុខសង្គមណាមួយកើតឡើងទេ។ វាមានតែជួយជំរុញឱ្យមានដំណោះស្រាយ និងចូលរួមផ្តល់ព័ត៌មានពិតដល់សាធារណជន » ។
សវនាការលើកទីពីរនេះ មានការចូលរួមឃ្លាំមើលពីសំណាក់មន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងមន្ត្រីអង្គការសហប្រជាជាតិផង សរុបជាង ១០នាក់។ មន្ត្រីតុលាការបានអនុញ្ញាតឱ្យសាច់ញាតិរបស់កញ្ញា ឡុង គន្ធា ចូលស្តាប់សវនាការ ប៉ុន្តែមិនអនុញ្ញាតឱ្យប្រពន្ធលោក ថុន រដ្ឋា បានចូលទៅទេ ក្រោមហេតុផលថា លោកស្រីមកពីតំបន់ដែលកំពុងផ្ទុះជំងឺកូវីដ-១៩។ លោកស្រីបានអង្គុយចាំស្តាប់ដំណឹង នៅមុខតុលាការជាថ្មីម្តងទៀត តាំងពីព្រឹករហូតដល់ថ្ងៃត្រង់។

ប្រពន្ធរបស់លោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ស្នើយ៉ាងទទូចដល់តុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងប្តីលោកស្រី និងសកម្មជនដទៃទៀតឱ្យមានសេរីភាពវិញ ព្រោះពួកគេជាមនុស្សស្អាតស្អំ មិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ៖ «បើតុលាការមិនបានដោះលែងប្តីខ្ញុំទេ ខ្ញុំពិតជាមានអារម្មណ៍ថាឈឺចាប់មែនទែន។ យុវជនដែលស្រឡាញ់ធនធានធម្មជាតិ ការពារធនធានធម្មជាតិ បែរជាតុលាការចាប់ដោយអត់មានទោសកំហុសអ្វី ចាប់ដាក់គុកច្រវាក់បែបនេះ »។
អាជ្ញាធរបានចាប់ខ្លួនលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី កាលពីដើមខែកញ្ញា ឆ្នាំ២០២០។ ការចាប់ខ្លួននេះ កើតមានឡើងបន្ទាប់ពីកញ្ញា ឡុង គន្ធា បានបង្ហោះសារលើហ្វេសប៊ុកអំពីគម្រោងដើរពីវត្តភ្នំទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំជួបផ្ទាល់ជាមួយលោកនិយាយអំពីបញ្ហាលុបបឹងតាមោក។ តុលាការបានចោទប្រកាន់ពួកគេពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ។
គិតត្រឹមដើមខែមេសានេះ សកម្មជនទាំង ៣នាក់ បានជាប់ឃុំក្នុងពន្ធនាគារជាង ៧ខែ មកហើយ។ ការចាប់ឃុំខ្លួនសកម្មជនបរិស្ថាន សកម្មជនសង្គម និងសកម្មជននយោបាយតាមអំពើចិត្តបែបនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិថ្កោលទោសរបបលោក ហ៊ុន សែន ជាបន្តបន្ទាប់។ សហគមន៍ជាតិ និងអន្តរជាតិ នៅតែទាមទារឱ្យរបបនេះទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកជាប់ឃុំទាំងនោះ ហើយត្រូវងាកមកគោរពសិទ្ធិពលរដ្ឋរបស់ខ្លួនវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។