អភិបាលរងខេត្តព្រះវិហារម្នាក់រងការចោទថា ឈូសព្រៃសហគមន៍ជីអោករាប់រយហិកតារ
2022.10.28
អភិបាលរងខេត្តព្រះវិហារម្នាក់ រងការចោទថា ជាមេខ្លោងឈូសឆាយទន្ទ្រានដីព្រៃសហគមន៍ជីអោក ដែលជនជាតិដើមភាគតិចកួយខំអភិរក្សជាច្រើនឆ្នាំមកហើយ។ ប្រជាសហគមន៍ថា អាជ្ញាធរ និងក្រុមហ៊ុនឯកជន គ្រោងនឹងឈូសឆាយដីព្រៃសហគមន៍នេះឱ្យអស់ប្រមាណ ៣០០ហិកតារ ប៉ះពាល់ទីកន្លែងរកអនុផលព្រៃឈើយ៉ាងសំខាន់របស់អ្នកភូមិបន្សល់ទុកក្រោយ។
ពលរដ្ឋជាង ៣០០គ្រួសារ ភាគច្រើនជាជនជាតិដើមភាគតិចកួយ រស់នៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង កំពុងពិបាកចិត្តខ្លាច ដើមឈើធំៗ មានអាយុកាលរាប់រយឆ្នាំ ដែលអ្នកភូមិអាស្រ័យផលជាច្រើនឆ្នាំមកហើយ ប្រឈមការឈូសរំលំ និងកាប់បំផ្លាញ ក្រោមរូបភាពផ្តល់ដីសម្បទានសង្គមកិច្ច។
អ្នកភូមិស៊ើបដឹងថា ឧកញ៉ាម្នាក់ ឈ្មោះ អ៊ុក គឹមសាន មានតួនាទីជា អភិបាលរងខេត្តព្រះវិហារ មានមហិច្ឆតា ច្បាមយកដីព្រៃនៅតំបន់នោះធ្វើអាជីវកម្ម និងទន្ទ្រានយកដី ធ្វើកសិកម្មអស់រាប់រយហិកតារដោយសារតែទីផ្សារដីហក់ឡើងថ្លៃ។
សមាជិកសហគមន៍ម្នាក់ទៀត គឺលោក ជុំ ជី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ តុលាថា សកម្មភាពឈូសឆាយដីព្រៃសហគមន៍នេះ នៅតែបន្តកើតមានច្រើន អស់ប្រមាណជិត ៣០ហិកតារ ដោយគ្មានការទប់ស្កាត់នៅឡើយទេ។
លោកសោកស្ដាយ ព្រៃអភិរក្សនេះ ដែលសំបូរដើមឈើធំៗ បន្សល់ចុងក្រោយ នឹងហិនហិច ប៉ះពាល់ប្រព័ន្ធសេដ្ឋកិច្ចជនជាតិដើមភាគតិចក្រីក្រ ដែលមានទម្លាប់ប្រមូលអនុផលព្រៃឈើចិញ្ចឹមជីវិត។ លោកអះអាងថា អាជ្ញាធរមូលដ្ឋានខេត្តនេះ បានឃុបឃិតគ្នាជាប្រព័ន្ធ បំផ្លាញព្រៃអភិរក្សនេះ ដោយចាត់ឱ្យអាជ្ញាធរភូមិ/ឃុំ លួងលោមពលរដ្ឋ ឱ្យផ្ដិតមេដៃ ឯកភាពកាត់ឆ្វៀលដីព្រៃសហគមន៍ទំហំ ៣០០ ហិកតារ ដើម្បីវិនិយោគឱ្យក្រុមហ៊ុនឯកជន ជាថ្នូរនឹងទទួលបានដីសម្បទានសង្គមកិច្ច ៖
«បើនិយាយថា ឱ្យពលរដ្ឋព្រមគ្រឿងចក្រឈូសឆាយព្រៃ គឺពលរដ្ឋអត់ព្រមទេ។ ព្រោះគណៈកម្មការឃុបឃិតគ្នា បានគេព្រមព្រាង អ្នកធំៗ អ្នកតូចតាចគេគ្មានស្ដាប់»។
របាយការណ៍អង្កេត របស់ប្រជាសហគមន៍ជីអោក រកឃើញថា ឧកញ៉ា អ៊ុក គឹមសាន ដែលជាម្ចាស់ក្រុមហ៊ុន សាន់ តាណា (SANTANA AGRO PRODUCTS CO., LTD) កំពុងប្រើលេស កាប់រំលំដើមឈើធំៗ និងឈូសឆាយព្រៃអភិរក្សនេះ ដោយមិនខ្វល់ពីទុក្ខវេទនា របស់ពលរដ្ឋនោះឡើយ។ លើសពីនេះ កន្លងទៅអ្នកភូមិរាប់រយនាក់តែងតែលើកគ្នាតវ៉ា ស្នើឱ្យទប់ស្កាត់សកម្មភាពឈូសឆាយព្រៃនេះដែរ តែគ្មានបានផលឡើយ ព្រោះអាជ្ញាធរ តែងតែកាន់ជើងក្រុមហ៊ុន ហើយគំរាមប្រជាសហគមន៍មិនឱ្យតវ៉ា។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញសកម្មភាពឈូសឆាយនេះ ពីអ្នកនាំពាក្យសាលាខេត្តព្រះវិហា លោក យង់ គឹមហឿង បាននៅឡើយទេនៅថ្ងៃ ២៥ តុលា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ចាន់សុជាតិ បដិសេធមិនបំភ្លឺរឿងនេះ ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទនោះទេ។
ប៉ុន្តែអ្នកភូមិជីអោក អះអាងថា មេឃុំរមណីយ លោក ឃុត រី តែងតែចុះចួបពលរដ្ឋ ដោយជំរុញឱ្យ ពលរដ្ឋចូលរួមផ្ដិតមេដៃ គាំទ្រឱ្យ អាជ្ញាធរកាត់ឆ្វៀលដីព្រៃសហគមន៍ជីអោក ៣០០ហិកតារ ដើម្បីវិនិយោគដំណាំគ្រាប់ស្វាយចន្ទី និងអភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ចចែកជូនពលរដ្ឋក្រីក្រ។ រីឯពលរដ្ឋក្រីក្រនឹងទទួលបានដីសម្បទានសង្គមកិច្ចជាប្រភេទដីឡួត៍ ទំហំ ទទឹង២៥ ម៉ែត្រ គុណ ៥០ ម៉ែត្រ ពីគម្រោងអភិវឌ្ឍន៍នេះ។
វិទ្យុអាស៊ីសេរីមិនទាន់អាច ទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលរងខេត្តព្រះវិហារ ឧកញ៉ា អ៊ុក គឹមសាន បាននៅឡើយទេ នៅថ្ងៃទី ២៥ តុលា ដោយជំនួយការរបស់លោកបានលើកទូរសព្ទជំនួស ហើយនិយាយយ៉ាងខ្លីថា គាត់មិនដឹងរឿងរ៉ាវនេះទេ។
កាលពីដើមខែកញ្ញា ឆ្នាំ ២០២១ ពលរដ្ឋជាង ១០០នាក់ បានលើកគ្នាតវ៉ាជាច្រើនថ្ងៃ ដើម្បីទាមទារឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពឈូសផ្តួលរំលំដើមឈើធំៗ រាប់ពាន់ដើម ក្នុងព្រៃអភិរក្សមួយនេះ នៅចំណុចក្រោយត្រពាំងព្រះ។
អ្នកភូមិថា ព្រៃសហគមន៍នេះ មានសក្ដានុពលធនធានធម្មជាតិសំបូរបែប ផ្តល់ប្រយោជន៍ច្រើនដល់អ្នកភូមិ នៅកៀកភូមិជីអោក ដែលជនជាតិដើមភាគតិចកួយជាច្រើនគ្រួសារ ខំថែទាំ និងរកអនុផលព្រៃឈើ។ រីឯ មន្ត្រីបរិស្ថាន និងអាជ្ញាធរខេត្តព្រះវិហារ មិនចាប់អារម្មណ៍អភិរក្សព្រៃឈើបន្សល់ចុងក្រោយទាំងនេះទេ គឺចូលដៃជើង ជាមួយក្រុមហ៊ុនឈូសកម្ទេចព្រៃ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តព្រះវិហារ លោក ឡោ ចាន់ ពន្យល់ថា ព្រៃសហគមន៍ភូមិជីអោក ជាផ្នែកមួយនៃដែនជម្រកសត្វព្រៃបឹងពែរ បានទទួលស្គាល់ដោយព្រះរាជ្យក្រឹត្យ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តនេះ គ្មានសិទ្ធិវិនិយោគ ព្រៃនេះឱ្យក្រុមហ៊ុនឯកជននោះទេ។ លោកទទូចឱ្យរដ្ឋាភិបាលស៊ើបអង្កេត ពីភាពមិនប្រក្រតី នៃការឈូសឆាយព្រៃអភិរក្សនេះ ដោយត្រូវអនុវត្តច្បាប់ ដល់អ្នកពាក់ព័ន្ធដែលឃុបឃិតគ្នា បំផ្លាញព្រៃអភិរក្សទាំងនេះ៖
«ត្រូវរ៉ូវជាមួយអាជ្ញាធរថ្នាក់ជាតិ និងខាងក្រសួងទេ ដីហ្នឹងក៏ទៅមិនរួចដែរ។ នេះមានការត្រូវរ៉ូវជាមួយក្រសួងហើយ បានធ្វើបាន ហេតុអីបានអ៊ីចឹងក្រសួងមិនមែនលោកមិនដឹងទេ។ មន្ទីរបរិស្ថានរាយការណ៍មកក្រសួងរហូត មន្ទីរបរិស្ថានបានត្រឹមរាយការណ៍ អត់ហ៊ានជាមួយក្រុមហ៊ុនទៀតឥឡូវហ្នឹង»។
រីឯសកម្មជនការពារបរិស្ថាន លោក ហេង ស្រស់ ថ្លែងថា លោកហួសចិត្ត នៅគ្រាដែលឧកញ៉ា ដែលមានរឿងអាស្រូវបំផ្លាញព្រៃឈើ ត្រូវតែងតាំងជាអភិបាលរងខេត្ត។ លោកថា ឧកញ៉ា អ៊ុក គឹមសាន មានជាប់ពាក់ព័ន្ធបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង កាលពីឆ្នាំ ២០១៦ មិនឃើញមន្ត្រីជំនាញស៊ើបអង្កេត ដើម្បីឱ្យទទួលខុសត្រូវតាមច្បាប់នៅឡើយទេមកទល់ពេលនេះ៖
«យើងមិនសប្បាយចិត្តចំពោះរដ្ឋាភិបាល គាត់នៅតែបន្តតែងតាំងឧក្រិដ្ឋកម្មព្រៃឈើ ក្លាយជាមន្ត្រីគ្រាក់ៗ ក្នុងជួររដ្ឋាភិបាល។ នេះជាហានិភ័យមួយ ធ្វើឱ្យព្រៃឈើនៅបន្តវិនាសកម្មទៅមុខទៀត»។
របាយការណ៍របស់សកម្មជនបរិស្ថាន បង្ហាញថា កាលពីឆ្នាំ២០១៦ ឧកញ៉ារូបនេះ បានប្រើរថយន្តយីឌុប ៣០គ្រឿង ដឹកឈើប្រណិត ពីស្រុកសៀមប៉ាង យកទៅលក់នៅក្រៅប្រទេស និងកៀរគរពលរដ្ឋឱ្យចូលព្រៃអភិរក្ស កាប់ឈើលក់ឱ្យខ្លួន។
ព្រៃសហគមន៍ភូមិជីអោក ឬហៅម្យ៉ាងទៀតថា សហគមន៍តំបន់ការពារធម្មជាតិជីអោកបឹងព្រៃ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃបឹងពែរ មានផ្ទៃដីជាង ២ពាន់ហិកតារ (២.០៦០)។ ព្រៃសហគមន៍នេះបានចុះបញ្ជី ទទួលស្គាល់ដោយក្រសួងបរិស្ថាន កាលពីឆ្នាំ២០០៣ ឋិតក្នុងភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
អ្នកភូមិថា សកម្មភាពឈូសឆាយព្រៃអភិរក្សនេះ កំពុងបំផ្លាញជម្រកសត្វព្រៃ រួមមាន សត្វទន្សោង ស្វា ខ្ទីង ប្រើស ក្ងោក និងជ្រូកព្រៃជាដើម។
ព្រៃអភិរក្សនេះមានដើមឈើកម្រជិតផុតពូជរួមមាន ធ្នង់ សុក្រំ កកោះ គគីរ ផ្ចឹក និងឈើទាល កំពុងប្រឈមការឈូសឆាយ និងកាប់រំលំជាបន្តបន្ទាប់ ៕