សហគមន៍​ព្រៃ​ឡង់​ខេត្ត​​ព្រះវិហារ​​ថា ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ កាប់​​បំផ្លាញ​​ព្រៃ​​ឡង់​​ធ្វើ​​អាជីវកម្ម​​ទ្រង់ទ្រាយ​​ធំ

0:00 / 0:00

សហគមន៍ព្រៃឡង់ខេត្តព្រះវិហារអះអាងថា ដែនជម្រក​សត្វព្រៃឡង់ ដែល​ការពារ​ដោយ​អនុក្រឹត្យ នៅ​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ​ឈើ​ធ្វើ​អាជីវកម្ម​​យ៉ាង​​គគ្រឹកគគ្រេង ពី​​សំណាក់​​ក្រុមហ៊ុន​សម្បទាន​​​សេដ្ឋកិច្ច ធី ង៉ា អភិវឌ្ឍន៍ និង​​វិនិយោគ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT)។ ការ​លើក​ឡើង​នេះ បន្ទាប់​​ពី​​ពួក​​គេ​​ចុះ​​ពិនិត្យ​​ស្ថានភាព​​ព្រៃ​​ឡង់​​នៅ​ពេល​​ថ្មីៗ នេះ ប្រទះ​ឃើញ​​រថយន្ត​កែច្នៃ ៧គ្រឿង ដឹក​ជញ្ជូន​ឈើ​មូល​ធំៗ ចេញ​ពី​ព្រៃ​ឡង់ តម្រង់​ទៅ​បរិវេណ​​ក្រុមហ៊ុន​​នេះ ដើម្បី​​អារ​​ច្រៀក​​ធ្វើ​​អាជីវកម្ម។

សហគមន៍ព្រៃឡង់ និង​សកម្មជន​បរិស្ថាន សង្កេត​ឃើញ​ថា ស្ថានភាព​ព្រៃ​ការពារ​មួយ​នេះ កំពុង​ឈាន​ដល់​ការ​ប្រកាស​អាសន្ន​ហើយ ព្រោះ​សកម្មភាពកាប់ឈើ និង​ដឹក​ឈើ​ខុស​ច្បាប់​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន នៅ​តែ​កើត​មាន​ច្រើន​គ្មាន​ការ​ទប់​ស្កាត់។ ពួក​គេ​ថា ក្រុមហ៊ុន ធីង៉ាអភិវឌ្ឍន៍ និងវិនិយោគ ដែលទទួលសិទ្ធិ​ប្រមូលអនុផលព្រៃឈើ ពី​ក្រសួង​កសិកម្ម​នៅ​ជាប់​ព្រៃ​ឡង់ កំពុង​លួច​បន្លំ​​កាប់​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ឡង់ ដឹក​ជញ្ជូន​ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន។

មន្ត្រីសម្រប​សម្រួល​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ កុម្ភៈ​ថា ក្រុម​ល្បាត​ព្រៃ​ឡង់ បាន​ប្រទះ​ឃើញ​រថយន្ត​កែច្នៃ ៧គ្រឿងដឹកជញ្ជូនឈើពីព្រៃឡង់ ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន​នេះ កាល​ពី​ថ្ងៃ​ទី១០ កុម្ភៈ ហើយ​ពួក​គេ​បាន​ថត​រូបភាព ទុក​ជា​ភស្តុតាង។ លោក​ថា សហគមន៍​បាន​ទៅ​ដល់​ទីតាំង​ក្រុមហ៊ុន​នេះ ប្រទះឃើញ​គំនរ​ឈើ​រាប់​រយ​ម៉ែត្រ​គូប ឋិត​នៅ​ពីរ​ទីតាំង​ផ្សេងគ្នា ក្នុង​នោះ​ឈើ​ល្អៗ គេ​ដឹក​មក​រក្សា​ទុក​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន ដោយ​មាន​សន្តិសុខ​យាម​ល្បាត​យ៉ាង​ប្រុងប្រយ័ត្ន។ រីឯ​ឈើ​មូល មាន​មុខ​កាត់​ប្រហែល ២តឹក ប្រវែង​ជិត ២ម៉ែត្រ ត្រូវ​គេ​ទុក​នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​បរិវេណ​ក្រុមហ៊ុន។ លោក​បន្ថែម​ថា បច្ចុប្បន្ន​មាន​គោយន្ត​មិន​ក្រោម ៥០គ្រឿងទេ ដឹក​ជញ្ជូន​ឈើ​លក់​ឱ្យ​ក្រុមហ៊ុន និង​មាន​រថយន្ត​យីឌុប ត្រៀម​ដឹក​ឈើ​ចេញ​ក្រៅ​ទៀត​ផង៖ «បើ​តាម​ខ្ញុំ​បាន​ទៅ​ឃើញ ជាក់​ស្តែង​គោយន្ត​ក៏​សំបូរ​ច្រើន ឡាន​កែច្នៃ​សំបូរ​ដែរ។ គោយន្ត​កន្ត្រៃ​មិន​ក្រោម ៥០គ្រឿង​ទេ បន្ត​កន្ទុយ​គ្នា។ អារ​ឈើ​មួយ​ទៀត គេ​យក​ចាប់​ពី​មុខ ៥០ ទៅ ៦០ គេ​យក​ទៅ​ដាក់​ក្រុមហ៊ុន ធី ង៉ា ហ្នឹង​ដែល តែ​នៅ​រោងចក្រ​មាត់​អូរ​ឡង់។ អា​ហ្នឹង​គេ​ដាក់​រណា​ច្រៀក​បណ្ដោយ »

សហគមន៍​ព្រៃ​ឡង់​រូប​នេះ បង្ហាញ​ការ​សោកស្ដាយ​ពី​វិនាសកម្ម​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ ប្រសិន​បើ​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​តែ​បិទ​ភ្នែក​មិន​ចុះ​អនុវត្ត​ច្បាប់​ទេ ដើម​ឈើ​ធំៗ សល់​ចុង​​ក្រោយ​ក្នុង​ព្រៃ​ឡង់ នឹង​វិនាស​ហិនហោច។ លោក​ថា សមត្ថកិច្ច​តូចតាច និង​មន្ត្រី​បរិស្ថាន​ដែល​ឈរ​ជើង នៅ​តំបន់​នោះ មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​នេះ​ទេ។ លើស​ពី​នេះ លោក​អះអាង​ថា ក្រុមហ៊ុន​ ធី ង៉ា គ្មាន​ឈើ​សម្រាប់​កាប់​ទៀត​ទេ នៅ​ក្នុង​តំបន់​ដែល​ក្រសួង​អនុញ្ញាត៖ «យល់​ឃើញ​ថា ហួស​ចិត្ត​ពេក​ហើយ បង្កើត​មន្ត្រី​ជំនាញ​ទប់ស្កាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ រីឯ​ចុង​ក្រោយ​​មាន​ក្រុមហ៊ុន​ណា​មក​កាប់ និង​ដឹក​ជញ្ជូន​ទៀត។ ខ្ញុំ​គិត​ថា ព្រៃ​យើង​មិន​គង់វង្ស​ទេ »

ក្រុមស្នូលព្រៃឡង់ ខេត្តកំពង់ធំ លោក ខេម សុឃី ដែល​បាន​ចុះ​អង្កេត​រឿង​នេះ យល់​ថា ក្រសួង​​កសិកម្ម​​មិន​​គួរ​​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នេះ ធ្វើ​អាជីវកម្ម​ឈើ​ជាប់​ព្រៃ​ឡង់​នោះ​ទេ ព្រោះ​​ក្រុមហ៊ុន​​ងាយ​នឹងលួចកាប់ឈើក្នុងព្រៃអភិរក្ស បន្លំចូលការដ្ឋានរបស់ក្រុមហ៊ុន។ លោកថា ពួក​គេ​ប្រទះ​ឃើញ​គល់​ឈើ​ធំៗ រាប់រយដើមក្នុងព្រៃឡង់ ត្រូវ​គេ​កាប់​យក​ដើម​ដឹក​ទៅ​បាត់៖ «ពួក​​​ខ្ញុំ​​ចុះ​​​ល្បាត​​​ហ្នឹង​ឃើញ ឈើ​មុខធំៗ ចាប់ពីមុខធំៗ ចាប់ពី ២០ ដល់ ៦០ ធំៗ អ៊ីចឹង ហើយ​ឈើ​ក្នុង​តំបន់​ក្រុមហ៊ុន​ហ្នឹងមិនមានឈើធំៗ អ៊ីចឹង​ទេ។ ដឹកឈើចេញពីព្រៃវាច្រើន ក្នុងការបារម្ភរបស់ខ្ញុំ ព្រៃ​​ឡង់​​ហ្នឹង​កន្លែង ដែល​ក្រុមហ៊ុន​ដាក់​ឈើ នៅជាប់គម្របព្រៃឡង់។ ខ្ញុំថា ការងាយស្រួលដល់បទល្មើសលួចឈើ ដល់​តំបន់​អភិរក្ស​ព្រៃ​ឡង់ »

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ និង​វិនិយោគ ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៣ កុម្ភៈ។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ ដោយ​លោក​ថា កំពុង​ជាប់​រវល់៖ «អូ ! ខ្ញុំ​ជាប់​រវល់​ទៀត​បាទ »

អាស៊ីសេរីបានព្យាយាមទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា និង​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ លោក អេង ហ៊ី ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​នេះ តែ​ពួក​លោក​មិន​ទទួល​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ។

សកម្មជនបរិស្ថាន លោក ហេង ស្រស់ សង្កត់ធ្ងន់ថា ការអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើអាជីវកម្មឈើ​របស់​ក្រសួង​កសិកម្ម គឺជាការឃុបឃិតបំផ្លាញព្រៃឈើជាប្រព័ន្ធ បណ្តាលឱ្យព្រៃឡង់វិនាស​ហិនហោច។ លោក​ថា ប្រសិនបើរដ្ឋាភិបាលមានស្មារតីស្មោះត្រង់ ស្រឡាញ់ព្រៃឈើ ត្រូវអនុវត្តច្បាប់លើក្រុមហ៊ុន​នេះ និងត្រូវដកអាជ្ញាប័ណ្ណជាបន្ទាន់៖ «បើសិនជារដ្ឋាភិបាលគាត់ ស្រឡាញ់​ព្រៃ​ឈើ ប្រសិនជារដ្ឋាភិបាលគាត់​ព្រម​ថា ប្រើ​ឆន្ទៈ​ពិត និងប្រើវិធានការពិត គាត់នឹងចាត់វិធានការហើយ។ ប្រសិនជាគាត់មិនបានស្រឡាញ់ព្រៃឈើ នៅតែបណ្តែតបណ្តោយ​ទេ មាន​ន័យថា គាត់​ជា​អ្នក​នៅ​ពី​ខាងក្រោយរឿងហ្នឹងទាំងអស់ »

លិខិត​មួយ​សន្លឹក ដែល​អាស៊ី​សេរី​ទទួល​បាន មាន​ហត្ថលេខា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី ចុះ​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២០ ផ្ញើ ​ទៅ​នាយក​ក្រុមហ៊ុន ធី ង៉ា អភិវឌ្ឍន៍ បាន​បង្ហាញ​ពី​កម្មវត្ថុ​ ដែល​ក្រុមហ៊ុន​សុំ​ការ​អនុញ្ញាត​ឈូស​ឆាយ​ក្នុង​អនុ​តំបន់ ៤ និង​អនុ​តំបន់ ៥ ដោយ​យោង​លើ​របាយការណ៍ របស់​គណៈកម្មការ​ចរចា លក់​ផល អនុផល​ព្រៃឈើ ដែល​ទទួល​បាន​ពី​ការ​ឈូស​ឆាយ ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​។ លិខិត​នោះ មិនបាន​កំណត់​ទីតាំង​ដែល​ត្រូវ​ឈូស​ឆាយ ត្រឹមណា​ឱ្យ​ជាក់លាក់​នោះ​ទេ។

សកម្មជន​បរិស្ថាន​អះអាង​ថា ក្រសួង​កសិកម្ម​បាន​រួម​ចំណែក​បំផ្លាញ​ធនធាន​ធម្មជាតិ​យ៉ាង​ធំ​សម្បើម តាម​រយៈ​ផ្ដល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ឯកជន ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​ជាប់​ព្រៃ​អភិរក្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។