សហគមន៍ដែលធ្វើការពាក់ព័ន្ធនឹងតំបន់ព្រៃឡង់ នៅតែព្រួយបារម្ភចំពោះសកម្មភាពកាប់បំផ្លាញព្រៃឡង់។ ទន្ទឹមគ្នានេះ ពួកគេបានទទូចឲ្យរដ្ឋាភិបាល ថែរក្សាប្រព័ន្ធជីវចម្រុះដែលនៅសេសសល់ក្នុងតំបន់ព្រៃឡង់។
ការស្នើសុំនេះ ស្របពេលដែលការសិក្សារបស់អង្គការអន្តរជាតិបង្ហាញថា ព្រៃឡង់នៅកម្ពុជា គឺជាតំបន់ដែលមានជីវចម្រុះលំដាប់អន្តរជាតិមួយ ក្នុងចំណោមតំបន់ជីវចម្រុះសំខាន់ៗទាំង១០ នៅក្នុងពិភពលោក។
ការសិក្សាថ្មីមួយរបស់ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា យូ.អេស.អេ.អាយ.ឌី (USAID) បានបង្ហាញឲ្យឃើញថា ព្រៃឡង់នៅកម្ពុជា គឺជាតំបន់ដែលមានជីវចម្រុះលំដាប់អន្តរជាតិមួយ ក្នុងចំណោមតំបន់ជីវចម្រុះសំខាន់ៗទាំង១០ នៅក្នុងពិភពលោក ដែលមានសត្វ និងរុក្ខជាតិកំពុងរស់នៅជិត ១ពាន់ប្រភេទ។ ព្រៃឡង់កម្ពុជា គឺជាគំរូដ៏ល្អមួយនៃតំបន់ទំនាបព្រៃស្រោងតំបន់ឥណ្ឌូភូមា។
ទាក់ទងនឹងការសិក្សានេះដែរ តំណាងបណ្ដាញស្នូលសហគមន៍ព្រៃឡង់ លោក ហឿន សុភាព បានសម្ដែងការព្រួយបារម្ភថា បើទោះបីព្រៃឡង់ គឺជាតំបន់ដែលមានជីវចម្រុះលំដាប់ពិភពលោកក៏ដោយ តែបច្ចុប្បន្នព្រៃឡង់កម្ពុជា កំពុងតែរងការវិនាសហិនហោច ដោយសារសកម្មភាពមនុស្ស និងភាពធូររលុងនៃការការពាររបស់អាជ្ញាធរ។ លោកថា រដ្ឋាភិបាលមិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះព្រៃឡង់ គឺជាធនធានដ៏កម្រសម្រាប់កម្ពុជា និងពិភពលោក៖ «ខ្ញុំយល់ថា លោកនាយករដ្ឋមន្ត្រី គាត់គួរតែមានចំណាត់ការខ្ពស់ការពារធនធានធម្មជាតិ និងជីវចម្រុះដែលនៅសេសសល់នៅក្នុងតំបន់ព្រៃឡង់ ហើយបើសិនជារដ្ឋាភិបាលមិនបានការពារ បណ្តោយឲ្យព្រៃឡង់បាត់បង់ទៅ បណ្តោយឲ្យបរាជ័យ កម្ពុជា នឹងជួបបញ្ហាមិនខាន»។
ចំណែកអ្នកសិក្សាស្រាវជ្រាវសង្គម លោក កែម ឡី បានលើកឡើងថា តាមការសិក្សាស្រាវជ្រាវកន្លងមក ព្រៃឡង់មានលក្ខណៈពិសេសសំខាន់ ៥យ៉ាង ខុសប្លែកពីព្រៃដទៃនៅកម្ពុជា គឺមានសត្វកម្រច្រើនប្រភេទ ប្រភេទឈើប្រណីតច្រើនប្រភេទជាប្រភេទឈើស្រោងដូចជាព្រៃឈើអាម៉ាហ្សូន ជាព្រៃឈើជម្រាលស្ថិតនៅចន្លោះទន្លេមេគង្គ និងទន្លេសាប និងជាព្រៃដែលមានជីវចម្រុះច្រើនប្រភេទ ដែលអាចជួយទប់ស្កាត់ទឹកជំនន់ និងខ្យល់ព្យុះបាន។

អ្នកសិក្សាស្រាវជ្រាវសង្គមរូបនេះលើកឡើងទៀតថា បច្ចុប្បន្ន ព្រៃឡង់កំពុងរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរតាមរយៈដីសម្បទានសេដ្ឋកិច្ច ដីសម្បទានសង្គមកិច្ច ការកាប់បំផ្លាញ និងដុតព្រៃយ៉ាងអនាធិបតេយ្យ ចំណាកស្រុកផ្សេងៗមកកាន់តំបន់ព្រៃឡង់ និងការវាតទីយកដីពីសំណាក់ពលរដ្ឋនៅក្នុងតំបន់។ លោក កែម ឡី ថា រដ្ឋាភិបាលត្រូវតែបង្កើតច្បាប់ការពារព្រៃឡង់ និងដាក់ទោសជនល្មើសដែលបំផ្លាញ ទើបអាចការពារជីវចម្រុះដែលនៅសល់ក្នុងតំបន់នេះបាន៖ «រដ្ឋាភិបាលត្រូវតែចេញជាច្បាប់ និងអនុក្រឹត្យ ដើម្បីអភិរក្សព្រៃឡង់។ លើសពីនេះ រដ្ឋាភិបាលត្រូវតែដាក់ទោសចំពោះជនល្មើសណាដែលបានកាប់បំផ្លាញព្រៃឡង់ សូម្បីតែដើមឈើមួយដើម គឺត្រូវតែជាប់ពន្ធនាគារ។ អាហ្នឹងអាចនឹងជួយបានស្រោចស្រង់តំបន់ព្រៃឡង់បាន»។
ក្រៅពីព្រួយបារម្ភពីវិនាសកម្មព្រៃឡង់ សហគមន៍ព្រៃឡង់ ទាមទាររកមុខអ្នកទទួលខុសត្រូវនៅពេលព្រៃឡង់បាត់បង់។
របាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់ ឆ្នាំ២០១៣-២០១៤ បង្ហាញថា ទំហំព្រៃឡង់បច្ចុប្បន្ននៅសល់តែប្រមាណ ៣៦ម៉ឺនហិកតារ ដែលពីមុននៅក្នុងអនុក្រឹត្យស្ដីពីការបង្កើតតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះព្រៃឡង់ គឺមានផ្ទៃដីទំហំជាង ៦១ម៉ឺនហិកតារ លាតសន្ធឹងចាប់ពីខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដើម្បីឆ្លើយតបជុំវិញការស្នើសុំនេះបានឡើយនៅថ្ងៃទី១ កក្កដា។
ឆ្លើយតបនឹងការទទូចសុំរបស់សហគមន៍ អភិបាលរងខេត្តស្ទឹងត្រែង លោក ដួង ពៅ មានប្រសាសន៍ថា នេះជារឿងមួយល្អដែលព្រៃឡង់កម្ពុជា នៅតែជាតំបន់ដែលមានជីវចម្រុះក្នុងចំណោមព្រៃដទៃនៅក្នុងពិភពលោក។ លោក ដួង ពៅ ថា កន្លងមកក្នុងនាមខេត្តមួយដែលនៅជាប់នឹងតំបន់ព្រៃឡង់ អាជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់ការពារតំបន់នេះ។ តែទោះជាយ៉ាងណា សកម្មភាពកាប់បំផ្លាញនៅតែមាន ដោយសារតែធនធានសមត្ថកិច្ចតិច។ លោកថា បញ្ហានេះ អាជ្ញាធរនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ បន្តការពារព្រៃឡង់ថែមទៀត៖ «កន្លងមកយើងមិនដែលព្រងើយកន្តើយនោះទេ ហើយយើងនឹងខិតខំធ្វើបង្កើនធនធានមនុស្ស ដើម្បីអភិរក្សតំបន់ព្រៃឡង់រហូតបានប្រសើរឡើង»។
ការសិក្សារបស់ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ តាមរយៈគម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះ ដែលចេញនៅថ្ងៃទី៣០ មិថុនា បង្ហាញទៀតថា ព្រៃឡង់កម្ពុជា លាតសន្ធឹងលើផ្ទៃដីខេត្ត៤ គឺក្រចេះ កំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ ហើយប្រជាសហគមន៍ជាង ២សែន ៥ម៉ឺននាក់ រស់នៅក្នុងភូមិប្រមាណ៣៤០ ជុំវិញតំបន់ព្រៃឡង់ពឹងអាស្រ័យស្ទើរតែទាំងស្រុងទៅលើផល និងអនុផលពីព្រៃនេះសម្រាប់ការចិញ្ចឹមជីវិត។
ក្នុងនោះដែរ អ្នកស្រី ត្រេស៊ី ហ្វារេល (Tracy Farrell) នាយិកាបច្ចេកទេសរបស់អង្គការអភិរក្សអន្តរជាតិ និយាយថា បើមិនមានសកម្មភាពជាបន្ទាន់ណាមួយដើម្បីការពារព្រៃឡង់ទេ តំបន់ព្រៃជីវចម្រុះដ៏មានតម្លៃ និងសេវាកម្មព្រៃឈើដែលផ្ដល់កម្រៃច្រើនមួយនេះរបស់កម្ពុជា នឹងត្រូវបាត់បង់ជារៀងរហូត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។