សហគមន៍ការពារព្រៃឡង់ នៅតាមបណ្ដាខេត្តមួយចំនួន ទាមទារឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយការពារព្រៃឡង់។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីព្រៃឡង់ កាលពីថ្ងៃទី២៦ ខែឧសភា ដែលមានមនុស្សជាង ១០០នាក់ចូលរួម។ សហគមន៍ការពារព្រៃឡង់ ៤ខេត្ត អំពាវនាវឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ជួយការពារព្រៃឡង់។
ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីព្រៃឡង់ នៅថ្ងៃទី២៦ ខែឧសភា ដែលមានព្រះសង្ឃ មន្ត្រីក្រសួងពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល សហគមន៍ការពារព្រៃឡង់ និស្សិតជាង ១០០នាក់ ពិភាក្សារកវិធីការពារដើមឈើ និងជីវចម្រុះ ក្នុងព្រៃឡង់ ឲ្យគង់វង្ស។
អ្នករៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពីព្រៃឡង់នេះ គឺនាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បណ្ឌិត តឹក វណ្ណារ៉ា ថ្លែងថា បទល្មើសព្រៃឈើជាក់ស្ដែង ក្នុងតំបន់ព្រៃឡង់ ត្រូវបានសហគមន៍ព្រៃឡង់ ៤ខែត្រ លើកមកបង្ហាញក្នុងការប្រជុំនេះ ហើយរកវិធីដោះស្រាយ ព្រោះបញ្ហាឡើងកម្ដៅផែនដី គឺដោយសារតែគម្របព្រៃឈើបានថយចុះ៖ «ស្នើឲ្យដាក់ព្រៃឡង់ ទៅជាព្រៃតំបន់ការពារ ដើម្បីធានាថា ព្រៃឡង់ គឺត្រូវបានគ្រប់គ្រងប្រកបដោយនិរន្តរភាព ហើយនិងអាចក្លាយទៅជាតំបន់អេកូទេសចរណ៍សម្រាប់ទាញផលប្រយោជន៍យកទៅផ្គត់ផ្គង់ជីវភាពសម្រាប់សហគមន៍ ហើយអាចជាតំបន់មានការប្រើប្រាស់ព្រៃប្រកបដោយនិរន្តរភាព និងអភិរក្សសម្រាប់ធានាប្រព័ន្ធទឹកគ្រប់គ្រាន់ទៅដល់បឹងទន្លេសាប»។
ក្នុងសិក្ខាសាលានោះដែរ បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក ជា សុខហឿន ថ្លែងថា ដើមឈើក្នុងព្រៃឡង់ បានរងនូវការកាប់ឲ្យរេចរឹលជាស្នាដៃជនចំណូលថ្មី កាប់រានយកដី និងឈើលក់ ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុនជាង ៥០ក្រុមហ៊ុនឯកជន ឲ្យដាំដំណាំកសិ-ឧស្សាហកម្ម និងរុករករ៉ែ។
ទន្ទឹមនោះ សហគមន៍ការពារព្រៃឡង់ មិនទាន់មានសិទ្ធិពេញលេញក្នុងការគ្រប់គ្រងព្រៃ។ ទើបសហគមន៍ការពារព្រៃឡង់ សុំឲ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធទទួលស្គាល់សហគមន៍ ដែលជួយការពារព្រៃឡង់នេះ៖ «សម្បទានមួយលាតសន្ធឹងពីស្រុកសំបូរ ខេត្តក្រចេះ ក្រុមហ៊ុនកូរ៉េ ស៊ីបាយអូតិច លូកចូលទៅដល់មួយចំណែក ដីមួយចំនួននៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយក្រុមហ៊ុនមួយទៀតជាក្រុមហ៊ុនរបស់ចិន ប៉ុន្តែខ្ញុំមិនបានស្គាល់ឈ្មោះទេ ស្ថិតនៅក្នុងតំបន់ព្រៃកូនជ្រូក ធ្វើអាជីវកម្មរ៉ែដែរ វាសណ្ដូក ៤ឃុំ គឺឃុំស្រែឫស្សី ឃុំចំការលើ ឃុំអន្លង់ភេ និងឃុំអន្លង់ជ្រៃ។ ក្រុមហ៊ុនចិន ដែលយកថ្មម៉ាប នៅចំណុចក្បាល M ហ្នឹង គឺឋិតនៅក្នុងឃុំចំការលើ»។
ចំណែកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តក្រចេះ លោក ថៃ ប៊ុនលាង បន្ទោសថា មានការចូលកាប់ឈើ និងស៊ីឈ្នួលដឹកជញ្ជូនឈើលក់ពីព្រៃឡង់ ក្រោមលេសសម្បទានដីសេដ្ឋកិច្ច ការរុករករ៉ែក្នុងព្រៃឡង់ ការទន្ទ្រានដីសាធារណៈរបស់រដ្ឋទៅជាដីរបស់ឯកជននោះ ព្រៃឡង់នឹងវិនាស។
លោកបញ្ជាក់ថា ទំហំព្រៃឡង់ បច្ចុប្បន្ននៅសល់តែប្រមាណ ៣៦ម៉ឺនហិកតារ ដែលពីមុននៅក្នុងអនុក្រឹត្យស្ដីពីការបង្កើតតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះព្រៃឡង់ គឺមានផ្ទៃដីទំហំជាង ៦១ម៉ឺនហិកតារ លាតសន្ធឹងចាប់ពីខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង៖ «ខ្ញុំចង់ឲ្យរដ្ឋាភិបាលជួយទប់ស្កាត់ទៅលើការកាប់បំផ្លាញព្រៃបែបអានាធិបតេយ្យ ហើយនិងបំផ្លាញឈើបែបអានាធិបតេយ្យផងដែរ»។
អគ្គលេខាធិការរងអចិន្ត្រៃយ៍នៃគណៈកម្មាធិការសម្បទានសង្គមកិច្ចថ្នាក់ជាតិ ក្រសួងរៀបចំដែនដី បណ្ឌិត សារេត បូរ៉ាមី ថ្លែងថា ព្រៃឡង់ រួមតូចដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាល បានកាត់ដីសាធារណៈរបស់រដ្ឋទៅជាដីឯកជន តាមរយៈការផ្ដល់ដីសម្បទានសង្គមកិច្ច ដើម្បីឲ្យប្រជាពលរដ្ឋដែលទន្ទ្រានព្រៃមានសិទ្ធិកាន់កាប់ និងអាស្រ័យផល។
បណ្ឌិត សារេត បូរ៉ាមី៖ «អ៊ីចឹងខាងសម្បទានដីសង្គមកិច្ច នៅពេលដែលផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រនោះ ហើយពួកគាត់ពិតជារស់នៅលើដីហ្នឹងបាន ៥ឆ្នាំ ហើយគាត់អាចមានសិទ្ធិដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិបានហើយ។ ចុងក្រោយបំផុត គឺគាត់ក្លាយទៅជាអ្នកដែលមានដី ពីអត់ដីទៅមានដី គឺកម្មវិធីនេះជាកម្មវិធីដ៏ល្អមួយដែលរាជរដ្ឋាភិបាលបានគិតគូរ ក្រោយពីច្បាប់ភូមិបាលចូលជាធរមាន ដើម្បីកុំឲ្យមានការចូលទៅទន្ទ្រានដីរដ្ឋ ជាពិសេសដីសាធារណៈរបស់រដ្ឋ»។
ក្នុងកិច្ចការពារព្រៃឈើធនធានធម្មជាតិនេះដែរ តំណាងក្រសួងបរិស្ថាន លោក ឃុន គឹមស្រេង ថ្លែងថា គោលនយោបាយការពារព្រៃឈើ និងការពារធនធានធម្មជាតិ គឺប្រែប្រួលទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកថា បច្ចុប្បន្នសម្រាប់កំណើនសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាប្រភពចំណូលសំខាន់៖ «ទេសចរធម្មជាតិ គឺភាគច្រើនផ្ដោតកន្លែងណាដែលសំបូរធនធាន។ អ៊ីចឹងកន្លែងដែលសំបូរធនធាន គឺជាកន្លែងដែលយើងចង់ការពារ។ ឧទាហរណ៍តំបន់ដែលមានសត្វពងកូន កន្លែងបង្កពូជកន្លែងអីហ្នឹងយើងងាយឃើញសត្វ ប៉ុន្តែកន្លែងតំបន់ហ្នឹងគឺថា ភ្ញៀវទេសចរចង់ទៅមើលឃើញសត្វ ហ្នឹងគាត់ចង់ចូលទៅសត្វហ្នឹង អ៊ីចឹងការអនុញ្ញាតឲ្យវិនិយោគនៅលើកន្លែងហ្នឹង គឺមានចំនួនតិច»។
ព្រៃឡង់ត្រូវបានព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្ត្រព្រៃឈើ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង លោក វន មុនិន្ទ ពន្យល់ថា ទំហំព្រៃឡង់ រួមតូចដោយសារអាជីវកម្មព្រៃឈើ និងការបម្លែងដីព្រៃឈើ។ ការបម្លែងដីព្រៃឈើមាន ៤ប្រភេទ គឺការរីករាលដាលនៃកសិកម្មពនេចរនៅក្នុងព្រៃ មិនទាន់មានការគ្រប់គ្រងច្បាស់លាស់ ប្រពលវប្បកម្មលើវិស័យកសិកម្ម ដែលធ្វើឲ្យដីព្រៃឈើក្លាយទៅជាដីកសិកម្មអចិន្ត្រៃយ៍ ការបម្លែងដីព្រៃឈើទៅជាវិស័យកសិកម្មអចិន្ត្រៃយ៍ខ្នាតតូច និងឧស្សាហកម្មខ្នាតធំ ដែលនាំឲ្យគម្របព្រៃឈើលើពិភពលោកប្រែប្រួល។ លោកថា ព្រៃធម្មជាតិគឺបាត់បង់ ប៉ុន្តែវាបានជំនួសមកវិញដោយការដាំព្រៃថ្មី ដូចជាចម្ការដំឡូង ស្វាយ កៅស៊ូជាដើម។
បញ្ហាព្រៃឡង់ ត្រូវបានសហគមន៍ការពារព្រៃឡង់ បង្ហាញថា មនុស្សរុករានកាប់ឈើលក់ និងទន្ទ្រានយកដីកាន់កាប់ ដែលនាំឲ្យព្រៃឡង់ វិនាស និងរេចរឹល។ បញ្ហានេះអភិបាលរងខេត្តកំពង់ធំ លោក ប្រាក់ សារ៉ាត ថ្លែងថា បច្ចុប្បន្នទោះជាល្បីថា ព្រៃឡង់មានការកាប់ឈើអានាធិបតេយ្យ និងការទន្ទ្រានយកដីយ៉ាងច្រើនក៏ដោយ ប៉ុន្តែព្រៃឡង់ នៅមានព្រៃ និងដើមឈើធំៗច្រើនណាស់ដែលលោកមិនអាចដើរមើលក្នុងព្រៃដោយគ្មានអ្នកនាំផ្លូវបានទេ៖ «កសិករពនេចរ គាត់ទៅពីកន្លែងផ្សេង គាត់កាប់ព្រៃឈើហ្នឹងធ្វើស្រែ។ ដល់ពេលដីហ្នឹងត្រូវថ្លៃ គាត់លក់ឲ្យអ្នកដទៃទៀត ហើយគាត់ទៅកាប់កន្លែងផ្សេងទៀត ហើយអាជ្ញាធរយើងប្រឹងទប់ស្កាត់ណាស់ ហើយដល់ទប់ស្កាត់ពេកទៅ គាត់ថា យើងហ្នឹងក៏ចេះតែថាទប់គាត់ពេកៗ»។
បន្ថែមលើនេះ អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម និងវិភាគឯករាជ្យ បណ្ឌិត កែម ឡី ថ្លែងថា ព្រៃឡង់មានទន្លេ៣ ហូរកាត់ក្នុងខេត្តទាំង៤នោះ។ លោកថា ប្រសិនបើទុកព្រៃឡង់ ជាតំបន់អេកូទេសចរណ៍ គឺប្រសើរបំផុត ព្រោះវាបង្កការទាក់ទាញអ្នកទេសចរដោយសារព្រៃធម្មជាតិដុះអមដងទន្លេទាំងនោះ៖ «យើងចង់ឲ្យព្រៃឈើហ្នឹងគង់វង្សភាគច្រើន យើងដាក់តំបន់ព្រៃឡង់ហ្នឹង ជាព្រៃអភិរក្សពិសេសថែមទៀតទៅ ដូចតំបន់អភិរក្សសត្វព្រៃ តំបន់ឧទ្យានជាតិអ៊ីចឹងទៅ»។
អតីតនិស្សិតបរិស្ថាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា សេរី រ័ត្ន ថ្លែងថា គាត់ធ្លាប់ឮអំពីព្រៃឡង់ ពីការតវ៉ា និងការដណ្ដើមដីគ្នាកាន់កាប់។ ការប្រជុំនេះ បានធ្វើឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃព្រៃនៅក្នុងស្រុកខ្មែរ និងការកាប់បំផ្លាញ ដែលត្រូវរួមគ្នាការពារ និងអភិរក្ស។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បណ្ឌិត តឹក វណ្ណារ៉ា ឲ្យដឹងថា ក្រោយពីប្រមូលយោបល់ពីមន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងក្ដីបារម្ភរបស់សហគមន៍ការពារព្រៃឡង់ រួចរាល់ អង្គការនេះនឹងដាក់សំណើទៅរដ្ឋាភិបាលសុំសហការពន្លឿនចុះបញ្ជីព្រៃឡង់ ជាតំបន់ព្រៃការពារ ពិសេស ជំរុញការគ្រប់គ្រងព្រៃឈើឲ្យបានប្រសើរ បង្ការបាតុភូតធម្មជាតិ ដែលធ្វើឲ្យកម្ដៅផែនដីកំពុងកើនឡើង ខ្យល់កន្ទ្រាក់ និងការរីងរាក់នៃដៃទន្លេសាបទាំង ១១ ដែលវាជាតំបន់ស្តុក និងបង្កាត់ពូជត្រីធម្មជាតិ ដោយសារតែការមិនអាចគ្រប់គ្រងការរុករានព្រៃឈើនោះបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។