អាជ្ញាធរ​ខេត្តស្ទឹងត្រែង​រង​ការ​រិះគន់​ថា ​បណ្តោយ​ឱ្យ​មានការ​កាប់ឈើ ​និង​ទន្ទ្រាន​ដីព្រៃ​១០០ហិកតា​ថ្មី​ទៀត​ក្នុង​តំបន់ព្រៃឡង់​

0:00 / 0:00

ប្រជា​សហគមន៍​ព្រៃឡង់​ប្រទះ​ឃើញ ​សកម្មភាព​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ ធ្វើ​ជា​កម្ម​សិទ្ធិ​ និង​ការ​កាប់​ផ្តួល​រំលំឈើ​ហ៊ុប​ទ្រង់ទ្រាយ​ធំ​ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់​ខេត្តស្ទឹងត្រែង​ជា​ថ្មី​ទៀត​។ ពួកគាត់​ថ្លែង​បែប​នេះ ​ក្រោយពី​ចុះល្បាត​រយៈ​ពេល​ ៣​ថ្ងៃ​ នៅ​ដើម​សប្តាហ៍​នេះ​ ដើម្បី​តាម​ដាន​ពី​ស្ថានភាព​ព្រៃឡង់​នៅ​តំបន់​នោះ។

ប្រជា​សហគមន៍ព្រៃឡង់ ​រស់​នៅ​ឃុំ​កាំងចាម ​ស្រុក​ថាឡាបរិវ៉ាត់ ​អះអាង​ថា​ ដើម​កកោះ ​ដួងចែម​ និង​ឈើទាល​ ជាដើម​ មាន​មុខកាត់​ ៧​តឹក​ឡើង​ទៅ​ នៅ​តែ​បន្ត​ទទួល​រង​ការ​កាប់​រំលំ​ធ្វើ​អាជីវកម្ម​ ឋិត​នៅ​ចំណុច​ អូរពពេល ​ភ្នំអំប៉ែ ​ត្រពាំង​កកោះ ​និង​អន្លង់ពង្រ​។

​ប្រជា​សហគមន៍​បាន​ចុះល្បាត ​ប្រទះឃើញ ​សកម្មភាព​កាប់​ព្រៃទន្ទ្រាន​យក​ដី​ទ្រង់ទ្រាយ​ធំ​អស់​ប្រមាណ ១០០​ហិកតាជា​ថ្មី​ទៀត ​នៅ​តំបន់​នោះ ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ពលរដ្ឋ​ចំណូល​ស្រុក​ឃុបឃិត ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន​។

Forest_at_Stung_Treng_19_10_2021_02.jpg
ស្ថានភាពព្រៃឡង់ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

​សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ខេត្តស្ទឹងត្រែង​លោក ​គង់ រី​ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៩​ ខែតុលា​ថា ​ពួកលោក​មាន​គ្នា ​១៥​នាក់​ ប្រថុយ​ប្រថាន​ចុះ​ល្បាត​រយៈ​ពេល ​៣​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​១៧ ​ដល់​ថ្ងៃ​ទី១៩ ខែតុលានេះ ​ដើម្បី​ឃ្លាំមើល​ពី​បទល្មើស​ព្រៃឈើ ​ក្នុង​តំបន់​ព្រៃឡង់​។ ​លោក​សោកស្តាយ ​ដែលឃើញដើម​ឈើ​ធំៗ​ ត្រូវ​បាន​ជនល្មើស​កាប់ផ្តួល ​យក​ឈើ​លក់​ ឋិត​ក្នុង​ព្រៃអភិរក្ស​មួយនេះ។ ​លោក​បញ្ជាក់​ថា​ ពួកលោក​បាន​ផ្តល់​ដំណឹង​នេះ​ ឱ្យ​មន្ត្រី​បរិស្ថាន​នៅ​តំបន់​នោះ​ហើយ​ ក្រោយពី​សហគមន៍​​បាន​​រឹបអូស​គោយន្ត​ដឹកឈើ ​៥​គ្រឿង ​ផ្ទុក​ឈើ​កកោះ ​ជិត​ ១០​ម៉ែត្រ​គូប ​ដើម្បី​រក្សា​ទុក​នៅ​ទីស្នាក់​ការ​បរិស្ថាន៖ «ពលរដ្ឋ​ទាំងអស់​គ្នា​ដែល​បាន​ចុះ​ទៅ​ចូលរួម​ យើង​មាន​ការ​សោកស្តាយ​ ដោយ​គ្មាន​ការ​ទប់ស្កាត់ ​ពី​អាជ្ញាធរ​ ខ្ញុំ​សូម​ណូមពរ​ អភិបាល ​នៃ​គណៈ​អភិបាលស្រុក​ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រម​ទាំង​រដ្ឋបាល​ព្រៃឈើ ​ខេត្តស្ទឹងត្រែង ​មេត្តា​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ​ទាំង​យប់​ទាំង​ថ្ងៃ​ ដែល​មាន​អាជ្ញាធរ​បើក​ដៃ ​ពិសេស​ភូមិ /​ ឃុំ ​មេប៉ស្តិ៍​»។

​សកម្មជន​ព្រៃឡង់​រូបនេះ​បន្ថែមថា ​សកម្មភាព​ដឹក​​ឈើ​ចេញ​ពី​ព្រៃឡង់​ តាម​គោយន្ត​នៅ​តែ​កើតមាន​ទាំង​យប់​ និង​ថ្ងៃ ​ដោយ​គ្មាន​ការ​បង្ក្រាប ​និង​អនុវត្ត​ច្បាប់​ឱ្យ​តឹងរ៉ឹង​ទេ​។ រីឯ ​ក្រុម​អ្នក​កាប់​ឈើបាន​អះអាង​ថា ​ពួកគេ​បាន​បង់​លុយ​សូកប៉ាន់​ ឱ្យ​មេឃុំ ​និង​មេប៉ុស្តិ៍​កាំង​ចាម​ជា​ថ្នូរ​មិន​ចាប់​ពួកគេ​។

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះពី​ប្រធាន​មន្ទីរបរិស្ថាន​លោក ​អេង ភីរុង​ បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ​ដោយ​ទូរសព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក​។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលាខេត្តស្ទឹងត្រែង​លោក ម៉ែន គុង ប្រាប់​វិទ្យុអាស៊ីសេរីថា ​ក្រុម​ការងារ​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​រឿងនេះ​ហើយ​ និង​កំពុង​កំណត់​អត្តសញ្ញាណ​របស់​ជនល្មើស​ជាបឋម​ ដើម្បី​ស្វែង​រក​ជនល្មើស ​មក​អនុវត្ត​ច្បាប់៖ «ទាក់ទង​ការអនុវត្ត​យន្តការ​ទប់ស្កាត់​ ធនធាន​ធម្មជាតិ​មាន​គោលការណ៍​រួច​ហើយ ​ជាពិសេស​គឺ​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល ​បាន​ប្តេជ្ញា​ចិត្ត​បន្ត​ អនុវត្ត​ច្បាប់​ទាំងឡាយ ​ដែល​មាន​ការណែនាំ​ពី​រដ្ឋាភិបាល​»។

​ជុំវិញ​រឿង​នេះ ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ​ខេត្តស្ទឹងត្រែង​លោក ​ប៊ី វ៉ាន់នី​ សង្កេតឃើញ​ថា ​រឿង​បទល្មើស​ព្រៃឈើ ​គឺ​ជា​បញ្ហា​ប្រឈម​ដដែលៗ ​គ្មាន​ចំណាត់​​ការ​​ច្បាស់លាស់​ ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​នោះទេ​។ ​លោក​អំពាវនាវ​ឱ្យ​អភិបាលខេត្ត​ថ្មី​ គួរតែ​ដោះស្រាយ​រឿង​នេះ​ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ជំនុក​ចិត្ត​៖ «ពាក់ព័ន្ធ​ការ​លក់ដី​ព្រៃ​របស់​រដ្ឋ​ បើ​យើង​ធ្វើ​ជា​មន្ត្រី​ ហើយ​មិន​ការពារ​ទ្រព្យ​សម្បត្តិ​ជាតិ ​ដូចជា ​ធនធាន​ធម្មជាតិ ​និង​ដី​ព្រៃ​របស់​រដ្ឋ​។ តំបន់​អភិរក្ស​ជាដើម​ ជា​សម្បត្តិ​ជាតិ​កាលណា​យើង​មិន​បាន​ការពារ ​ហើយ​យើង​មាន​ពាក់ព័ន្ធ​បទល្មើស ​ប្រៀប​ដូច​ជា​យើង​ជា​ជន​ ក្បត់​ជាមួយ​ដែរ​។ ​យើង​ធ្វើ​ជា​មន្ត្រី​មិន​ការពារ​ធនធាន​ធម្មជាតិ ​តើ​យើង​ធ្វើ​ជា​មន្ត្រី ​ដើម្បីអ្វី ?»។

Forest_at_Stung_Treng_19_10_2021_15_people.jpg
ប្រជាសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង ១៥ នាក់​ បញ្ចប់សកម្មភាពចុះល្បាត រយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី១៩ ខែតុលា ២០២១។ រូប៖ ប្រជាសហគមន៍ព្រៃឡង់

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ​ឆ្លល់​ថា ​ក្រសួងបរិស្ថាន ​បាន​បញ្ជូន​ឆ្មាំ​អភិរក្ស​ជា​ច្រើន​នាក់ យាម​ល្បាត​ការពារ​ព្រៃ​នៅ​តំបន់​នោះ​ ប៉ុន្តែ​បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន​ដដែលៗ​ ដោយ​គ្មាន​យន្តការ​លុប​បំបាត់ ​ទាល់​តែ​សោះ ​ជាច្រើន​ឆ្នាំ​មក​ហើយ។​ លោក​ទទូច​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ​និង​ មន្ត្រី​បរិស្ថាន ​ស៊ើប​អង្កេត​រឿង​នេះ ស្វែង​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ដែល​ទទួល​ទិញ​ឈើ​និង​អ្នក​ឃុបឃិត​គ្នា​កាប់​បំផ្លាញ​ព្រៃ​ឈើ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

អង្គការ​ជាតិ និង​អន្តរជាតិ​បាន​រក​ឃើញ​ថា ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយនេះ ទំហំ​ព្រៃ​ឡង់​ជាង​១​សែន​ហិកតា (១០២ ៤៣៦) ឬ​ស្មើនឹង​២៤% ត្រូវ​បាន​បាត់បង់ ក្លាយ​ជា​វាលរហោឋាន​។ បន្ថែម​ពី​នេះ​ទៀត គិត​ត្រឹម​ឆ្នាំ​២០១៩ ព្រៃ​ឡង់​ទំហំ​ជិត ៦​ម៉ឺន​ហិកតា (៥៨ ១៣៨) ត្រូវ​បាន​បំប្លែង​ទៅជា​ដីចម្ការ​ដំណាំ ហើយ​មាន​ផ្ទៃដី​តែ​ជាង ១ពាន់​ហិកតា(១ ១១១) ប៉ុណ្ណោះ ត្រូវ​បាន​ដាំ​ដុះ​កូនឈើ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។