សហគមន៍ព្រៃឡង់ថា អាជ្ញាធរខេត្តស្ទឹងត្រែង និងក្រសួងកសិកម្មគ្មានឆន្ទៈដោះស្រាយការបាត់បង់ដើមច្បោះជ័ររបស់អ្នកស្រុកត្រឹមត្រូវតាមច្បាប់នោះទេ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនស៊ីបាយអូថេកនៅតែបន្តសកម្មភាពកាប់បំផ្លាញដើមឈើដែលអ្នកភូមិដុតយកជ័រទឹកដដែលៗ។ ពួកគេអះអាងថា ការផ្ដល់ដំណឹងតិចតួច គឺជាយន្តការដោះស្រាយរបស់អាជ្ញាធរជំនាញដើម្បីបញ្ចប់ការតវ៉ាទាមទារតាមផ្លូវច្បាប់។
សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងសង្កេតឃើញថា ក្រុមហ៊ុន ស៊ីបាយអូថេក បានប្រព្រឹត្តកំហុសជាច្រើនផ្ទុយពីច្បាប់ជាពិសេសកាប់បំផ្លាញដើមឈើផលិតជ័រទឹករបស់អ្នកស្រុកអស់ជាច្រើនដើមក៏ប៉ុន្តែក្រសួងពាក់ព័ន្ធមិនត្រឹមតែព្រងើយកន្តើយនោះទេតែផ្ទុយទៅវិញនៅតែបណ្ដោយឱ្យក្រុមហ៊ុននេះប្រព្រឹត្តកំហុសដដែលៗ ជាពិសេស គឺកាប់ឈើធ្វើអាជីវកម្ម។
កាលពីព្រឹកថ្ងៃទី១០ មីនា អាជ្ញាធរពាក់ព័ន្ធខេត្តស្ទឹងត្រែង និងក្រសួងកសិកម្មបានបើកកិច្ចប្រជុំមួយ ក្នុងបំណងបញ្ឈប់សកម្មភាពម្ចាស់ច្បោះក្នុងការស្រែកតវ៉ាករណីបាត់បង់ដើមច្បោះជាច្រើនដើមដោយសារក្រុមហ៊ុន ស៊ីបាយអូថេក លួចកាប់ធ្វើអាជីវកម្ម។
សហគមន៍ថាលទ្ធផលនៃកិច្ចប្រជុំនោះសហគមន៍ព្រៃឡង់ និង ក្រសួងកសិកម្មបានខ្វែងគំនិតគ្នាដោះស្រាយបញ្ហាមួយចំនួន។
សមាជិកសហគមន៍ការពារព្រៃឡង់ខេត្តស្ទឹងត្រែង លោក យឹម សុភ័ក្រ ប្រាប់អាស៊ីសេរីនៅថ្ងៃទី១០ មីនាថា ពលរដ្ឋជាម្ចាស់ច្បោះ ៣២គ្រួសារ បានផ្ដិតមេដៃស្នើសុំឱ្យអាជ្ញាធរអន្តរាគមន៍ឱ្យក្រុមហ៊ុនបញ្ឈប់កាប់បំផ្លាញដើមច្បោះរបស់ពួកគេ ក្នុងនោះមានពលរដ្ឋមួយចំនួនបាត់បង់ដើមច្បោះទាំងស្រុង។ លោកថា នៅអំឡុងខែមករា ឆ្នាំ២០១៩ ពលរដ្ឋបាត់បង់ដើមច្បោះ ៨៩៥ដើម ហើយពួកគេបានសុំកិច្ចអន្តរាគមន៍ឱ្យក្រុមហ៊ុនទទួលខុសត្រូវ។ លើសពីនេះ មានពលរដ្ឋ ៥គ្រួសារបានបង្ខំចិត្តទទួលសំណងពីក្រុមហ៊ុនក្នុងមួយដើម ២ម៉ឺនរៀល ដែលជាដើមហេតុធ្វើឱ្យពលរដ្ឋម្ចាស់ច្បោះមួយចំនួនដេកភ័យ ខ្លាចក្រែងក្រុមហ៊ុនមិនបញ្ឈប់សកម្មភាពកាប់រំលំដើមច្បោះពួកគេទៀត៖ «នៅថ្ងៃនេះ ក៏ខ្ញុំមិនពេញចិត្តដែរ ដោយសារតែយើងមិនឃើញមានលក្ខខណ្ឌណាមួយរក្សាព្រៃច្បោះដែលនៅឈររក្សាទុក ដែលតាមការព្រមព្រៀង ក្រសួងកសិកម្ម និងក្រុមហ៊ុនដែលនិយាយថា ឆ្វៀលព្រៃច្បោះ ឬព្រៃប្រើប្រាស់របស់ប្រជាជនទុកវាមិនទាន់មានចំណុចហ្នឹង » ។
ប្រធាននាយកដ្ឋានដាំដុះ និងស្ដារព្រៃឈើឡើងវិញនៃក្រសួងកសិកម្មលោក លី ម៉េងស៊ាង បានថ្លែងក្នុងកិច្ចប្រជុំនៅចំពោះមុខសហគមន៍ព្រៃឡង់ និងម្ចាស់ច្បោះ ក្នុងសាលាស្រុកសៀមបូក កាលពីព្រឹកថ្ងៃទី១០ មីនាថា ស្ថានីយស្ដារព្រៃឈើឡើងវិញ គឺជាព្រៃដៃគូររវាងរដ្ឋាភិបាលកូរ៉េ និងរដ្ឋាភិបាលកម្ពុជា ពុំមែនជាការវិនិយោគដីសម្បទានសេដ្ឋកិច្ចនោះទេ។ លោកអះអាងថា សហគមន៍តែងតែយល់ច្រឡំរឿងនេះ ហើយបើនៅតែបន្តសកម្មភាពបែបនេះទៀត នឹងធ្វើឱ្យខូចមុខមាត់រដ្ឋាភិបាល។
សហគមន៍ការពារព្រៃឈើសង្កេតឃើញថារបាយការណ៍វាយតម្លៃហេតុផលប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុន ស៊ីបាយអូថេក ត្រូវកាត់ឆ្វៀលផលប៉ះពាល់ និងព្រៃប្រមូលអនុផលព្រៃឈើរបស់សហគមន៍ និងត្រូវវិនិយោគឱ្យឆ្ងាយពីចំណីមាត់អូរចាប់ពី ១០០រយម៉ែត្រទៅ ១៥០រយម៉ែត្រ។ ក៏ប៉ុន្តែការអនុវត្តជាក់ស្តែងក្រុមហ៊ុនមិនបានអនុវត្តត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញ សូម្បីតែព្រៃនៅតាមមាត់អូរក៏ក្រុមហ៊ុនកាប់បំផ្លាញអស់ដែរ។
អាស៊ីសេរីបានទាក់ទងទៅអ្នកនាំពាក្យក្រសួងកសិកម្មលោកស្រី វុឌ្ឍី ដើម្បីសុំការបំភ្លឺរឿងនេះតែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី១០ មីនា។
ចំណែកអភិបាលស្រុកសៀមបូក ថោង ស្រាន់ មិនអធិប្បាយរឿងនេះទេដោយលោកប្រាប់ថា ទូរស័ព្ទស្ដាប់មិនឮ៖ «ស្ដាប់ មិនបានទេ ខ្ញុំកំពុងបើកឡាន » ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល យល់ថា ក្រសួងកសិកម្ម និងក្រសួងបរិស្ថានត្រូវតែសិក្សាឡើងវិញ ពីភាពមិនប្រក្រតីនៃអាជីវកម្មឈើរបស់ក្រុមហ៊ុនស៊ីបាយអូថេក ជាពិសេសគឺសកម្មភាពកាប់បំផ្លាញដើមច្បោះអ្នកស្រុក។លោកថា ការសម្របសម្រួលផ្តល់ដំណងតិចតូចជូនម្ចាស់ច្បោះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេហើយសមត្ថកិច្ចពាក់ព័ន្ធត្រូវតែស៊ើបអង្កេតរកជនល្មើសនិងអ្នកនៅពីក្រោយខ្នងមកផ្ដន្ទាទោសតាចច្បាប់៖ «ត្រូវតែទទួលទោសមិនសំខាន់បុគ្គលឬនីតិបុគ្គលទេ សំខាន់ឱ្យតែប្រព្រឹត្តបទល្មើសត្រូវតែមានទោសស្មើពលរដ្ឋទូទៅមិនសំខាន់ក្រុមហ៊ុនទេ។ ចង់ឱ្យក្រសួងជំនាញចុះសិក្សាករណីហ្នឹងម្ដងទៀត » ។
សហគមន៍ព្រៃឡង់បន្ថែមថា ;ក្រុមហ៊ុន ស៊ីបាយអូថេក បានស្នើសុំក្រសួងកសិកម្មប្រមូលអនុផលព្រៃឈើ តែការអនុវត្តជាក់ស្ដែងវិញ បែរជាកាប់ដើមឈើធំៗ ធ្វើអាជីវកម្មទ្រង់ទ្រាយធំ និងបើកដេប៉ូអារឈើខ្នាតធំនៅជាប់ព្រៃឡង់។ពួកគេសង្កេតឃើញថាកន្លងទៅក្រុមហ៊ុននេះបានកាប់បំផ្លាញដើមច្បោះជ័ររបស់ពលរដ្ឋនៅខេត្តក្រចេះអស់ស្ទើរទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។