បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់​ប្ដេជ្ញា​ការពារ​ព្រៃឈើ​បើ​ទោះ​ជា​មាន​ការ​គំរាម​ដល់​ជីវិត​ក្ដី

ដោយ​ សូត សុខប្រាថ្នា
2017.07.15
បណ្ដាញ​ព្រៃឡង់ ហឿន សុភាព ១៤៤០ បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ចុះ​ល្បាត​ព្រៃ​សហគមន៍​ក្បាលខ្លា ប្រទះ​ឃើញ​ការ​កាប់​ឈើ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna
RFA/Saut Sokprathna

បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​សកម្ម​ក្នុង​កិច្ច​ការពារ​ព្រៃឈើ កន្លង​មក លោក ហឿន សុភាព បាន​រៀបរាប់​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ពេល​បំពេញ​ការងារ​របស់​ខ្លួន។ បញ្ហា​ទាំង​នោះ ដូចជា​ត្រូវ​ប្រឈម​មុខជា​មួយ​ក្រុម​ជនល្មើស ប្រឈម​ជាមួយ​មន្ត្រី​អាជ្ញាធរ​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស និង​ពេល​ខ្លះ​មាន​ការ​គំរាមកំហែង​ដល់​អាយុជីវិត​ទៀត​ផង។ យ៉ាង​នេះ​ក្ដី លោក​ប្ដេជ្ញា​ថា នឹង​បំពេញ​ការងារ​សង្គម​មួយ​នេះ រហូត​ដល់​អស់​ជីវិត។

រយៈពេល​ប្រមាណ ១០​ឆ្នាំ​ក្នុង​ជីវិត​ជា​អ្នក​ការពារ​ព្រៃឈើ​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព និង​ប្រជា​សហគមន៍​ផ្សេង​ទៀត ត្រូវ​ឆ្លង​កាត់​ជីវិត​ជូរចត់​ជា​ច្រើន​ដូចជា​ត្រូវ​ស្នាក់នៅ​កណ្ដាល​ព្រៃ​ចោល​ប្រពន្ធ​កូន ពិសា​ទឹកអូរ ដាច់​បាយ​ម្ដងៗ មាន​ជំងឺ​គ្រុនចាញ់ និង​ជួប​សត្វ​សាហាវ។ ជីវិត​អ្នក​ការពារ​ធនធាន​ធម្មជាតិ​ដើម្បី​ប្រយោជន៍​ជា​សកល និង​ដើម្បី​ការពារ​ឆ្នាំងបាយ​របស់​ខ្លួន​ឯង​នោះ ពេល​ខ្លះ​ត្រូវ​ប្រឈម​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ក្ដី ដោយ​ប្រយោល​ក្ដី និង​ដល់​ជីវិត​ទៀត​ផង ដោយសារ​តែ​ក្រុម​ជនល្មើស ពិសេស​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ពួកគេ​តែង​ចាត់​ទុក​អ្នក​ការពារ​ព្រៃឈើ​ជា​សត្រូវ​ធំ​បំផុត ពោល​គឺ​ក្រុម​ជនល្មើស​ខ្លាច​ប្រជា​សហគមន៍​ខ្លាំង​ជាង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ទៅ​ទៀត។

និយាយ​មួយៗ ដោយ​ទឹក​មុខ​មាំ​លោក ហឿន សុភាព ថា ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ ពួក​លោក​មាន​ការ​នឿយហត់​ខ្លាំង ប៉ុន្តែ​លទ្ធផល​ទទួល​បាន​មួយ​ផ្នែក គឺ​ធ្វើ​ឱ្យ​ពួកគាត់​ត្រេក​អរ។ លទ្ធផល​ទាំង​នោះ ដូចជា​ព្រៃឡង់ ត្រូវ​បាន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​ទទួល​ស្គាល់ និង​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង។ បន្ថែម​ពី​នេះ ការ​តស៊ូ​មតិ​របស់​ពួកគាត់​បាន​ជោគជ័យ​មួយ​ផ្នែក​ទៀត ព្រោះ​រាជរដ្ឋាភិបាល​សម្រេច​ដាក់​បញ្ចូល​តំបន់​មួយ​នេះ​ជា​ព្រៃ​ការពារ​ថែម​ទៀត​ផង។ ជាមួយ​គ្នា​នេះ សកម្មជន​ព្រៃឡង់​ ទទួល​បាន​កិត្តិយស​នៅ​ឆាក​អន្តរជាតិ​តាម​រយៈ​ទទួល​បាន​ពាន់​រង្វាន់​អន្តរជាតិ​ធំៗ​ចំនួន ៣​លើក​រួច​មក​ហើយ។ យ៉ាង​នេះ​ក្ដី បេសកកម្ម​របស់​លោក​នៅ​មិន​ទាន់​បាន​សម្រេច​តាម​គោលបំណង​ឡើយ ពីព្រោះ​បទល្មើស​នៅ​តំបន់​ព្រៃឡង់ នៅ​តែ​កើត​មាន៖ «ធ្លាប់​មាន​ការ​គំរាមកំហែង ហើយ​មាន​ដីកា​កោះហៅ​ចំនួន​ពីរ​លើក​មក​ហើយ ទាក់ទង​ការ​ការពារ​ធនធាន​ធម្មជាតិ​នេះ»

មាន​អាយុ ៤០​ឆ្នាំ និង​មាន​កូន​ប្រុស​ចំនួន ៤​នាក់ ក្នុង​បន្ទុក​ផង លោក ហឿន សុភាព បញ្ជាក់​ថា លោក​ធ្លាប់​រង​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់ ព្រម​ទាំង​មាន​រូបភាព​ទិញ​ទឹក​ចិត្ត​ដើម្បី​ឱ្យ​លោក​បញ្ឈប់​ការងារ​សង្គម​មួយ​នេះ​ជា​ថ្នូរ​នឹង​ថវិកា​មួយ​ចំនួន។ លោក​បញ្ជាក់​ថា ជីវិត​អ្នក​ការពារ​ព្រៃឈើ​កន្លង​មក​មាន​អនុស្សាវរីយ៍​មួយ​ដែល​ធ្វើ​ឱ្យ​លោក​ចងចាំ​មិន​អាច​ភ្លេច​បាន គឺ​នៅ​ឆ្នាំ​២០១៤ ខណៈ​ក្រុម​ប្រជា​សហគមន៍​ចេញ​ពី​ល្បាត​ព្រៃ​វិញ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ស្រុក​សណ្ដាន់ ព័ទ្ធ​បម្រុង​នឹង​ចាប់​ខ្លួន​ក្រោម​លេស​ថា ការងារ​របស់​ពួកគាត់​ខុស​ច្បាប់ ប៉ុន្តែ​ដោយ​មាន​ការ​សម្របសម្រួល​គ្នា​ក្រុម​អាជ្ញាធរ​ក៏​ព្រម​ដក​ចេញ​ទៅ​វិញ។

​ម្ដងម្កាល​ម្ចាស់​ពាន់​រង្វាន់​អេក្វាទ័រ ប្រាយ (Equator Price) រូប​នេះ  បារម្ភ​ចំពោះ​ស្ថានភាព​ការងារ​របស់​ខ្លួន ព្រម​ទាំង​ក្រុម​គ្រួសារ​ផង ប្រសិនបើ​លោក​មាន​បញ្ហា​ប្រឈម​ដល់​ជីវិត​គ្រួសារ​របស់​គាត់​នឹង​គ្មាន​ទីពឹង ប៉ុន្តែ​មូលហេតុ​ជំរុញ​ឱ្យ​ពួកគាត់​បន្ត​ការងារ​សង្គម​មួយ​នេះ​ទៀត​នោះ ពីព្រោះ​ឈឺ​ចាប់​នៅ​ពេល​ឃើញ​បទល្មើស​នៅ​តែ​កើត​មាន​ឡើង ហើយ​រាជរដ្ឋាភិបាល​នៅ​មិន​ទាន់​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ទេ៖ «យើង​នៅ​តែ​ធ្វើការ​នេះ​បន្ត​ទៀត ដើម្បី​ជួយ​ជាតិ​មាតុភូមិ ជួយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​បាត់បង់​ដើម​ច្បោះ​ជ័រ​របស់​ពួកគាត់»

បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ថ្លែង​ទៅ​កាន់​អ្នក​ចូល​ដាំ​កូន​ឈើ​នៅ​ព្រៃ​សហគមន៍​ក្បាលខ្លា នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna
បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព ថ្លែង​ទៅ​កាន់​អ្នក​ចូល​ដាំ​កូន​ឈើ​នៅ​ព្រៃ​សហគមន៍​ក្បាលខ្លា នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Saut Sokprathna
RFA/Saut Sokprathna

​នៅ​ពេល​ចុះ​ល្បាត​ព្រៃ លោក សុភាព បង្ហាញ​ពី​អត្តចរិត​ម៉ឺងម៉ាត់ និង​មាន​ទឹក​មុខ​ស្រពោន​ក្រោយ​ពេល​ឃើញ​ដើម​ឈើ​ធំៗ មួយ​ចំនួន​ត្រូវ​បាន​គេ​អារ​ច្រៀក ហាក់​បង្ហាញ​ពី​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ដើម​ឈើ​ទាំង​នោះ។

​អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ថា ចាប់​តាំង​ពី​លោក​ទទួល​តំណែង​ជា​អភិបាល​ខេត្ត​មក មាន​ទិសដៅ​សំខាន់​មួយ​គឺ​ការពារ​ព្រៃឈើ ហើយ​តែងតែ​សហការ​ជាមួយ​ប្រជា​សហគមន៍​ជានិច្ច។ ចំពោះ​បញ្ហា​ប្រឈម​រហូតដល់​មាន​ករណី​គំរាមកំហែង​ប្រជា​សហគមន៍ លោក​មិន​ដឹង​ថា ករណី​ទាំង​នោះ​កើត​ឡើង​ពេល​ណា​ទេ ប៉ុន្តែ​រយៈពេល​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​របស់​ពួកគាត់ ហើយ​កន្លងមក​អាជ្ញាធរ​ខេត្ត​តែងតែ​ចូល​រួម និង​សហការ​ជាមួយ​សហគមន៍ ព្រោះ​ទាំង​អាជ្ញាធរ​ខេត្ត និង​ប្រជាពលរដ្ឋ​គឺ​មាន​ទិសដៅ​ការពារ​ព្រៃឈើ​ដូច​គ្នា។ បន្ថែម​ពី​នេះ អាជ្ញាធរ​និង​អង្គការ​ដៃគូ​ធ្លាប់​បាន​ផ្ដល់​សម្ភារៈ​មួយ​ចំនួន​ដល់​ប្រជា​សហគមន៍​ទៀត​ផង៖ «បាន​បងប្អូន​ប្រជា​សហគមន៍​យើង​ជួយ​ហ្នឹង​គឺ​ជា​កត្តា​ល្អ​ណាស់ ហើយ​ចូលរួម​ដោយ​សុទ្ធចិត្ត ហើយ​បងប្អូន​ស្រលាញ់​ព្រៃឈើ​បាន​បង​ប្អូន​ជួយ»

នាយក​ប្រតិបត្តិ​អង្គការ​ស្ពាន​សន្តិភាព លោក ស៊ុម ច័ន្ទមុនី ដែល​តែង​ចុះ​ធ្វើការ​ផ្ទាល់​ជាមួយ​ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ នៅ​ស្រុក​សណ្ដាន់ មាន​ប្រសាសន៍​ថា ខាង​លោក​តែង​លើក​ទឹក​ចិត្ត និង​សហការ​ជាមួយ​អង្គការ​ដៃគូ ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងៗ ដើម្បី​បាន​ស្វែង​យល់​ពី​ការ​ខិតខំ​ប្រែង និង​ជីវិត​របស់​អ្នក​ការពារ​ព្រៃឈើ។ បន្ថែម​ពី​នេះ ខាង​លោក​តែង​ចូលរួម​សកម្មភាព​មួយ​ចំនួន​ជាមួយ​សកម្មជន​ការពារ​ព្រៃឈើ​ទាំង​នោះ ដូចជា​ចុះ​ល្បាត​ព្រៃ​រួម​គ្នា ការ​ដាំ​កូនឈើ ព្រមទាំង​ចូលរួម​ជា​ថវិកា ឬ​សម្ភារៈ​ដល់​ពួកគាត់​ជាដើម៖ «យើង​​ក៏​មាន​ផែនការ​បន្ត​ទៀត​ក្នុង​ការ​លើក​កម្ពស់​ការ​ចុះ​ល្បាត​រួម​គ្នា​ជាមួយ​សកម្មជន​ព្រៃឡង់ ដែល​គាត់​ចុះ​ល្បាត​ព្រៃ​ជា​រៀង​រាល់​ខែ​ហ្នឹង»

​សមាជិក​ការពារ​ព្រៃឡង់ ទាំង ៤​ខេត្ត បាន​បង្កើត​ជា​បណ្ដាញ​មួយ​កាល​ពី​ឆ្នាំ​២០០៧ ហើយ​បច្ចុប្បន្ន​មាន​សមាជិក​សកម្ម​កំពុង​បំពេញ​ការងារ​ការពារ​ធនធាន​ធម្មជាតិ​ចំនួន​ប្រមាណ ៤០០​នាក់។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង បញ្ជាក់​ថា ចាប់​តាំង​ពី​សហគមន៍​បាន​ចងក្រង​គ្នា​ជា​បណ្ដាញ និង​ចូល​រួម​ការពារ​ព្រៃឡង់ រហូត​មក គឺ​មាន​សមាជិក​របស់​ខ្លួន​ប្រមាណ ២០០​នាក់ ដែល​ធ្លាប់​រង​ការ​គំរាម​កំហែង​ពី​ឈ្មួញ​និង​អាជ្ញាធរ​មួយ​ចំនួន។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ក្តី ប៉ុន្តែ​ពួកគាត់​នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន ដោយសារ​សហគមន៍​បាន​យល់​ច្បាស់​ពី​សារសំខាន់​របស់​ព្រៃឈើ៖ «ទោះ​បី​ជា​គាត់​មិន​ដឹង​ពី​វិទ្យាសាស្ត្រ​ក៏ដោយ ប៉ុន្តែ​គាត់​ដឹង​ថា ព្រៃឈើ​មាន​សារសំខាន់​ណាស់​សម្រាប់​ពួក​គាត់»

បើ​ទោះ​បី​ជា​ប្រជា​សហគមន៍​បាន​បំពេញ​ការងារ​របស់​ខ្លួន និង​ជួយ​បំពេញ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ម្យ៉ាង​ជា​ប្រយោជន៍​មនុស្ស​ទូទៅ​ក្តី ប៉ុន្តែ​លោក សេង សុខហេង សង្កេត​ឃើញ​ថា រាជរដ្ឋាភិបាល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ឬ​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់​ឡើយ។ លោក​យល់​ថា ដើម្បី​ឱ្យ​ព្រៃឡង់ នៅ​គង់វង្ស អាជ្ញាធរ​សកម្មជន​ការពារ​ព្រៃឈើ ព្រម​ទាំង​ពលរដ្ឋ​ត្រូវ​ធ្វើ​ការងារ​រួម​គ្នា ដោយ​ភាព​ស្មោះត្រង់។ លើស​ពី​នេះ រាជ​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ប្រជា​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ដោយ​គ្មាន​ការ​គំរាមកំហែង និង​ការ​ជ្រៀតជ្រែក​ជាដើម៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។