ក្រុមសហគមន៍ព្រៃឡង់ទាំង ៤ខេត្ត សម្រេចលើកពេល នៃការប្រារព្ធពិធីបុណ្យព្រៃឡង់ និងពិធីបំបួសដើមឈើដោយគ្មានការកំណត់ ក្រោយអាជ្ញាធរគំរាមកំហែង ម្យ៉ាងទៀត ពលរដ្ឋក៏មិនទាន់ប្រមូលដំណាំរបស់ខ្លួនរួចរាល់ផង។
ក្រុមសហគមន៍ព្រៃឡង់បង្ហាញការសោកស្ដាយ នៅពេលដែលត្រូវលើកពេលប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ។
ប្រជាសហគមន៍យល់ថា ការទាមទាររបស់អាជ្ញាធរតម្រូវឲ្យសហគមន៍ធ្វើលិខិតសុំការអនុញ្ញាតដែលជាការបង្កបញ្ហាស្មុគស្មាញដល់ពួកគេ។
តំណាងសហគមន៍ព្រៃឡង់ប្រចាំខេត្តកំពង់ធំ លោក ហឿន សុភាព ឲ្យអាស៊ីសេរីដឹងថា ការ សម្រេចលើកពេលនៃការប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើព្រោះអាជ្ញាធរនៅតាមបណ្តាខេត្តជាប់ព្រៃឡង់ មិនបង្កភាពងាយស្រួលដល់ប្រជាសហគមន៍ក្នុងការរៀបចំកម្មវិធី។
ក្រៅពីបញ្ហានេះ លោក ហឿន សុភាព ឲ្យដឹងទៀតថា ទីតាំងប្រារព្ធពិធីមិនសូវសំបូរដើមឈើ ដើម្បីបំបួស ហើយប្រជាសហគមន៍មួយភាគធំដែលជាកសិករនោះកំពុងមមាញឹក និងការប្រមូលផលដំឡូង និងស្វាយចន្ទីរបស់ពួកគាត់៖ «យើងមិនទាន់កំណត់ថា ដាក់ថ្ងៃណាទេ ខាងអាជ្ញាធរគាត់មានការរារាំងខ្លះដែរ គេតម្រូវឲ្យខាងយើងធ្វើលិខិតស្នើសុំ ធ្វើច្បាប់បុណ្យតាមខេត្ត»។
តាមគម្រោងសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តមាន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ដែលកំពុងរស់នៅ និងអាស្រ័យផល មានជំនឿ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាជនជាតិដើមភាគតិចកួយ នឹងប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៦ និង២៧ ខែមីនា ក្នុងគោលបំណងឧទ្ទិសរំឭកគុណដល់ព្រៃឈើ និងបួងសួងសុំឱ្យព្រៃឡង់នៅគង់វង្ស ដើម្បីរក្សានូវអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ ដែលរស់នៅពឹងអាស្រ័យនឹងព្រៃឈើ។ ជាងនេះទៅទៀត ប្រជាសហគមន៍មានគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាសហគមន៍ និងជាសាធារណជនទូទៅឱ្យបានដឹងថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ជាព្រៃការពារ។
ប្រជាសហគមន៍ការពារព្រៃឡង់មួយរូបទៀត លោក ស្រី ថី ឲ្យដឹងថា ស្ថានភាពសព្វថ្ងៃនេះ មិនអំណោយផលដល់ការជួបជុំឡើយ ត្បិតសព្វថ្ងៃនេះអាជ្ញាធរតែងតែចេញមករារាំងការជួបជុំរបស់ពលរដ្ឋ។ លោកបន្តថា បើអាជ្ញាធរនៅតែរឹតត្បិតការជួបរបស់ពលរដ្ឋ គម្រោងនៃការប្រារព្ធពិធីបុណ្យព្រៃឡង់អាចលើកទៅធ្វើនៅឆ្នាំ២០១៩៖ «យើងសហការគ្នាបានល្អ ប៉ុន្តែស្ថានភាពមិនអំណោយផលនិយាយទៅសកម្មភាពយើងធ្វើនៅកណ្ដាលព្រៃ បើគេចោទ យើងយើងមានបញ្ហា»។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីអាជ្ញាធរនៃខេត្តជាប់តំបន់ព្រៃឡង់ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានទេនៅថ្ងៃទី១៩ ខែមីន។ កាលពីថ្ងៃទី២២ វិច្ឆិកាឆ្នាំ ២០១៧ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងក្នុងពិធី «ការចូលរួមពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងការអភិរក្សព្រៃឈើ» ដោយបញ្ជាក់ថា សហគមន៍ការពារព្រៃឡង់ត្រូវធ្វើលិខិតស្នើសុំមន្ទីរបរិស្ថានជាមុន។
ព្រៃឡង់ឋិតក្នុងចន្លោះខេត្តចំនួនបួន គឺខេត្តក្រចេះស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដី ចំនួន ៤៣១.៦៨៣ហិកតារ ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដែលមានកាតព្វកិច្ចធានាគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងកិច្ចការពារធម្មជាតិក្នុងតំបន់ព្រៃឡង់ និងត្រូវសហការជាមួយក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។