ប្រវត្តិ​លោក ហឿន សុភាព សកម្មជន​ការពារព្រៃឈើ៖ មួយ​ជីវិត​របស់​លោក​បូជា​ការពារ​ព្រៃ​ឡង់

0:00 / 0:00

ការ​ចូលរួម​ចំណែក​ការពារ​ព្រៃ​ឈើ​នៅ​កម្ពុជា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បេសកកម្ម​មួយ​ងាយ​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​ងាយ​ប្រឈម​នឹង​ផ្លូវ​ច្បាប់។ ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​តែ​មាន​មាន​មនុស្ស​មួយ​ចំនួន​ស្ម័គ្រ​ចិត្ត​ហ៊ាន​យក​ជីវិត​ពួក​គេ​ទៅ​ផ្សារ​ភ្ជាប់​នឹង​បេសកកម្ម​ដ៏​គ្រោះថ្នាក់​នេះ ដើម្បី​ការពារ​ព្រៃ​ឈើ ដែល​កំពុង​ប្រឈម​នឹង​ការ​កាប់​បំផ្លាញ ដើម្បី​ធ្វើ​ជំនួញ ដែល​អ្នក​ការពារ​ព្រៃ​ឈើ និង​អង្គការ​អន្តរជាតិរក​ឃើញ​ថា ពាក់ព័ន្ធ​នឹង​បុគ្គល​មាន​អំណាច និង​មហាសេដ្ឋី ដែល​មាន​លុយ​វាល់​លាន។ ក្នុង​ចំណោម​អ្នក​ហ៊ាន​យក​ជីវិត​ទៅ​ការពារ​ព្រៃ​ឈើ​នោះ មាន​សកម្មជន​ការពារ​ព្រៃ​ឈើ​ម្នាក់ នៅ​ឯ​ខេត្តកំពង់ធំ គឺ​លោក ហឿន សុភាព។

តើលោក ហឿន សុភាព មាន​ប្រវត្តិ​បែប​ណា និង​បាន​ធ្វើ​កិច្ចការ​អ្វី​ខ្លះ ដើម្បី​ការពារ​ព្រៃ​ឈើ?

អ្នក​សម្របសម្រួល​បណ្ដាញ​ព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព បាន​ចូលរួម​ការពារ​ព្រៃ​ឈើ​អស់​រយៈ​ពេល​ជាង ១៣ឆ្នាំ​ហើយ ចាប់​តាំង​ពី​លោក​ធ្លាប់​បាន​ចូលរួម​ល្បាត​ព្រៃ​ដំបូង​ជាមួយ​នឹង​សកម្មជន​ព្រៃ​ឈើ​ដ៏​លេចធ្លោ​មួយ​រូប គឺ​លោក ឈុន វុទ្ធី កាលពីឆ្នាំ២០០៦។ ក្រោយ​ពី​លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ឆ្នាំ២០១២ លោក ហឿន សុភាព នៅតែ​បន្ត​ចូលរួម​សកម្មភាព​ចុះ​ល្បាត​ព្រៃ​ឡង់​ជាមួយ​នឹង​បណ្ដាញ​សហគមន៍​ដដែល ដោយ​មិន​ភ័យ​ខ្លាច​រាល់​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​លោក​នោះ​ឡើយ។

អ្នក​ការ​ព្រៃ​ឈើ​រូប​នេះ​ឱ្យ​ដឹង​ថា ជីវិត​របស់​លោក​បាន​បូជា ដើម្បី​ការ​ការពារ​ធនធាន​ធម្មជាតិ​ដោយ​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​រក្សា​នូវ​ព្រៃ​ឈើ​ឱ្យ​បាន​គង់វង្ស លុប​បំបាត់​អំពើ​ពុករលួយ ដែល​ចេញ​ពី​អ្នក​មាន​លុយ​មាន​អំណាច និង​ការ​ផ្ដល់​នូវ​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​កំពុង​រង​ការ​រំលោភ​សិទ្ធិ​សេរីភាព និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​បន្ត​បន្ទាប់។

លោក ហឿន សុភាព៖«ចំពោះ​ខ្ញុំ​ផ្ទាល់​គឺ ឆាក​ជីវិត​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​ដាក់​ជីវិត​របស់​ខ្ញុំ​នៅ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ហើយ។ ខ្ញុំ​មិន​បោះបង់​ចោល​ទេ ទោះ​បី​ជា​រឿង មាន​រឿង​ប៉ុនណា​ក៏​ដោយ ទោះបីជា​មាន​រឿង​ប្រឈម​យ៉ាង​ណា ក៏​ខ្ញុំ​មិន​បោះបង់​ដែរ ព្រោះ​ការងារ​ខ្ញុំ គឺ​ខ្ញុំ​បាន​ដាក់​នៅ​ក្នុង​បេះដូង​ខ្ញុំ​នៅ​ក្នុង​ជីវិត​ខ្ញុំ​ហើយ លុះ​ត្រា​តែ​ខ្ញុំ​អស់​ជីវិត បាន​ខ្ញុំ​ឈប់​ធ្វើ​ការងារ​ការពារ​ព្រៃ​ឈើ​នេះ បើ​ខ្ញុំ​នៅ​មាន​ជីវិត គឺ​ខ្ញុំ​នៅ​រហូត ខ្ញុំ​អត់​បោះបង់​ចោល​ទេ។

អ្នក​ឃ្លាំមើល​បញ្ហា​ព្រៃ​ឈើ​វ័យ ៤៥ឆ្នាំ​រូប​នេះ​បង្ហាញ​ថា ព្រៃ​ឈើ​ជា​សម្បត្តិ​រួម​របស់​ពលរដ្ឋ គេ​មិន​ត្រូវ​កេង​ប្រវ័ញ្ច ដើម្បី​ផល​ប្រយោជន៍​ក្រុមហ៊ុន ឬ​អ្នក​មាន​អំណាច​នោះ​ទេ។ លោក​ថា ការ​រំលោភ​បំពាន ការ​គំរាម​កំហែង​តាម​រូបភាព​ផ្សេងៗ និង​ការ​ទិញ​ទឹក​ចិត្ត មិន​អាច​បញ្ឈប់​ឆន្ទៈ​របស់​លោក​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​បាន​ឡើយ។

លោក ហឿន សុភាព៖«កត្តា​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ការពារ​ព្រៃ​ឡង់ ទី១យើង​មើល​ឃើញ​ពី​សកម្មភាព​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស បាន​ន័យ​ថា អាជ្ញាធរ​សមត្ថកិច្ច​មួយ​ចំនួន មាន​ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ដែល​មាន​ការ​តវ៉ា មាន​ការ​ការពារ​ធនធាន​ធម្មជាតិ និង​សម្បត្តិ​ធនធាន​ធម្មជាតិ​ខ្លួន​ឯង​ខ្លះ គឺ​វា​មាន​ការ​រំលោភ​សិទ្ធិ​ដោយ​គ្មាន​ដំណោះស្រាយ។ ខ្ញុំ​ឃើញ​ទង្វើ​បែប​នោះ​ឯង ដែល​យើង​ជំរុញ និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ថា ត្រូវតែ​មាន​ការ​តស៊ូ ត្រូវតែ​មាន​ការ​ចងក្រង​បន្ត​ទៀត ហើយ​ទី២ ឃើញ​សកម្មភាព​នៃ​ការ​បាត់បង់​ព្រៃ​ឈើ មាន​ន័យ​ថា ការ​បាត់បង់​ព្រៃ​ឈើ គឺ​មាន​កំណើន​កាន់តែ​ខ្លាំង​ទៅៗ។

ជា​ធម្មតា​លោក ហឿន សុភាព តែងតែ​ដឹក​នាំ​ប្រជា​សហគមន៍ និង​បណ្ដាញ​ព្រៃ​ឡង់​ចុះ​ល្បាត​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ក្នុង​មួយ​ខែ ១លើក​ទៅ ២លើក តាម​ទិដ្ឋភាព​ជាក់​ស្ដែង ដើម្បី​ទប់ស្កាត់​បទ​ល្មើស​អារ​ឈើ​ខុស​ច្បាប់។ លោក​អះអាង​ថា ការងារ​ចុះ​ល្បាត​ព្រៃ​នេះ មិន​ដែល​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​កើត​ចេញ​ពី​ការ​ស្ម័គ្រ​ចិត្ត ព្រោះ​មិន​ចង់​ឃើញ​ព្រៃ​ឈើ​ត្រូវ​បាន​បាត់បង់។ ក្រៅពី​ការ​ចុះ​ល្បាត​ព្រៃ លោក ហឿន សុភាព ជា​ញឹកញាប់​បាន​ចូលរួម​ជា​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​សិទ្ធិ​អំណាច​ពលរដ្ឋ ឱ្យ​ពួក​គាត់​ស្វែង​យល់​ពី​សារសំខាន់​នៃ​ការ​ថែរក្សា​ធនធាន​ធម្មជាតិ​ទាំង​នោះ។

Hoeun_Sopheap_092222_Ot_Latin_CYN.jpg
លោក​ ហឿន​ សុភាព​ ថតក្នុង​កម្មវិធីជួបជុំសមាជិកបណ្ដាញព្រៃឡង់ នៅក្នុងព្រៃសហគមន៍ក្បាលខ្លា​ ស្ថិតក្នុងឃុំ​សណ្ដាន់​ ស្រុកសណ្ដាន់​ ខេត្តកំពង់ធំ នៅថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២២។ រូបពីលោក អូត ឡាទីន មន្ត្រីសម្របសម្រួល​គម្រោង នៃ​អង្គការ​បណ្ដាញ​យុវជន​កម្ពុជា (CYN)

បុរស​សម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ​អះអាង​ថា មិន​មែន​តែ​រូប​លោក​នោះ​ទេ ដែល​រស់នៅ​ក្នុង​សម្ពាធ​នៃ​ការ​ភ័យ​ខ្លាច ព្រោះ​តែ​យាយី​ពី​សំណាក​អាជ្ញាធរ លោក​ថា សូម្បីតែ​អ្នក​តស៊ូ​មតិ​ជា​ច្រើន​កន្លង​ទៅ​ក៏​ត្រូវ​បាន​ឃាតក​សម្លាប់​ទាំង​អយុត្តិធម៌​រួម​មាន​អ្នក​វិភាគ​នយោបាយ លោក បណ្ឌិត កែម ឡី និង​អ្នក​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី ជាដើម។ បន្ថែម​ពី​នេះ លោក​ថា រូប​លោក​ផ្ទាល់​អាជ្ញាធរ​ព្យាយាម​ហៅ​ទៅ​ផ្ដិត​មេដៃ​ជាមួយ​នឹង​ក្រសួង​បរិស្ថាន ដើម្បី​ឱ្យ​បញ្ឈប់​សកម្មភាព​ចុះ​ល្បាត​ព្រៃ​ជា​បន្ត​បន្ទាប់។

លោក ហឿន សុភាព៖«រូបភាព​ជា​ច្រើន​ដែល​យើង​បាន​ជួប គឺ​នៅ​ពេល​ដែល​យើង​ចាប់​ម៉ាស៊ីន​បាន ចុះ​ល្បាត​ចុះ​អី​គេ យក​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​មួយ​ស្រុក​គេ​ទៅ​ព័ទ្ធ​យើង​ជុំវិញ គេ​រក​ចាប់​យើង ថា យើង​ហ្នឹង​ជា​ក្រុម​ធ្វើ​ខុស​ច្បាប់ ចាប់​ម៉ាស៊ីន​គេ​មិន​មាន​តួនាទី​ក្នុង​ការ​ចាប់ ហើយ​ការ​ចាប់​មិន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ។ លើក​ទី២ គេ​ធ្លាប់​កោះ​ហៅ មាន​ដីកា​កោះ​ពី​កង​រាជ​អាវុធហត្ថ ឬ​ក៏​តេ(Call)ទូរស័ព្ទ​ផ្ទាល់​ពី​មេ​ប៉ូលិស ដែល​គេ​ស្នើសុំ​ឱ្យ​យើង​ទៅ​ជួប ដើម្បី​បំភ្លឺ​ករណី​យើង​ចុះ​ល្បាត​ព្រៃ»។

លោក ហឿន សុភាព មាន​ស្រុក​កំណើត​នៅ​ភូមិស្រែចង់ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជា​កូន​កសិករ​ជនជាតិ​ដើម​ភាគ​តិច​កួយ។ បច្ចុប្បន្ន លោក ហឿន សុភាព បាន​បើក​តូប​លក់​ឥវ៉ាន់​តិចតួច និង​ធ្វើ​ជា​ជាង​ប៉ះ​កង់​ម៉ូតូ ក្រោយ​ពី​ទំនេរ​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ និង​ធ្វើ​ស្រែ​ចម្ការ ដើម្បី​រក​ចំណូល​ខ្លះ ចិញ្ចឹម​កូន​ប្រាំ​នាក់ កំពុង​តែ​រៀន​នៅ​ថ្នាក់​បឋមសិក្សា រួម​នឹង​អ្នក​ម្ដាយ​ចាស់​ជរា ក្រោយ​ពី​ឪពុក​របស់​លោក​បាន​ស្លាប់​ចោល​តាំង​ពី​ឆ្នាំ១៩៩១។

ដោយឡែក ប្រពន្ធ​លោក ហឿន សុភាព លោកស្រី សូរ សៀង ប្រាប់​វិទ្យុ​អាស៊ី​សេរី ក្នុង​សម្ដី​មួយៗ ថា លោកស្រី​មិន ដែល​ហាម​ប្ដី​របស់​ខ្លួន​មិន​ឱ្យ​ចុះ​ល្បាត ឬ​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​នោះ​ទេ ដោយសារ​តែ​ដឹង​ថា ប្ដី​របស់​លោកស្រី​ស្រឡាញ់​យុត្តិធម៌ និង​ធនធាន​ធម្មជាតិ​នេះ​ជា​យូរ​មក​ហើយ។ លោកស្រី​បន្ត​ថា ថ្វីត្បិត​តែ​ពេល​ខ្លះ បារម្ភ​ពី​សុវត្ថិភាព​ប្ដី នៅ​ពេល​ចុះ​ល្បាត​ព្រៃ​ម្ដងៗ ក៏​ដោយ ប៉ុន្តែ​លោកស្រី​ថា មាន​តែ​ខាំ​ធ្មេញ​សង្កត់​ចិត្ត​ដេក​ចាំ​មើល​ផ្លូវ​ប្ដី​មក​វិញ។

លោកស្រី សូរ សៀង ៖«ខ្ញុំ​ភ័យ​ខ្លាច​ដែរ នៅ​ពេល​គាត់​ចុះ​ទៅ ភ័យ​បារម្ភ​ដែរ ពេល​គាត់​ពេល​គាត់​ទៅ ខ្លាច​គេ​ស្អប់ គេ​ធ្វើ​បាប បាន​ខ្ញុំ​មិន​សូវ​ចង់​ឱ្យ​គាត់​ទៅ»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្រ្តា បាន​ទេ នៅ​ថ្ងៃ​ទី៥ ខែមករា​នេះ ដោយសារ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន ដែល​តែងតែ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ហឿន សុភាព ក្នុង​ការ​ចុះ​ល្បាត​ព្រៃ​ឡង់​ជា​ញឹកញាប់ បាន​ថ្លែង​ថា លោក ហឿន សុភាព ជា​សមាជិក​បណ្ដាញ​ព្រៃ​ឡង់​ម្នាក់ ដែល​សកម្ម​ក្នុង​ការពារ​ព្រៃ​ឈើ។ លោក​មើល​ឃើញ​ថា ទោះបី​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​ច្រើន​លើក​ពី​សំណាក​អាជ្ញាធរ​ក៏​ដោយ ប៉ុន្តែ​ឆន្ទៈ និង​ការ​តស៊ូ ដើម្បី​យុត្តិធម៌​ព្រៃ​ឈើ ក្នុង​នាម​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ គឺ​លោក​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ដឹកនាំ​ប្រជា​សហគមន៍​បាន​យ៉ាង​ល្អ។

លោក អូត ឡាទីន៖«ជា​ធនធាន​មនុស្ស ដែល​មាន​សក្ដានុពល​បំផុត​នៅ​ក្នុង​សហគមន៍ ហើយ​ឡែក​ទៅ​រដ្ឋាភិបាល​វិញ គួរ​តែ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​ធនធាន​មនុស្ស ហើយ​បណ្ដាញ​ព្រៃ​ឡង់​មិនមែន​មាន​តែ​គាត់​ទេ មាន​មនុស្ស​សំខាន់ៗ ជា​ច្រើន​ទៀត ប៉ុន្តែ​គាត់​ជា​មនុស្ស​ម្នាក់ ចំណោម​បុគ្គល​សំខាន់ៗ ជា​ច្រើន​ទៀត ដែល​គាត់​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ហើយ​ដែល​គាត់​មាន​ឆន្ទៈ​មោះមុត ដែល​មាន​អំណត់​អត់ធន់​ក្នុង​កិច្ច​ការងារ ទោះបី​ជា​ស្ថិត​ក្នុង​ការ​គំរាម​កំហែង ទោះជា​មាន​ការ​ចង់​ទិញ​ទឹក​ចិត្ត ផ្ដល់​ជា​លាភសក្ការៈ ឬ​តួនាទី​ឱ្យ​គាត់ ក៏​គាត់​មិន​ទទួល​យក​ដែរ គាត់​សុខ​ចិត្ត​ធ្វើ​ជា​ពលរដ្ឋ​សាមញ្ញ ហើយ​ចូលរួម​ការពារ​ធនធាន​ជាតិ​តាម​លទ្ធភាព ដែល​គាត់​អាច​ធ្វើ​ទៅ​បាន»។

កន្លង​ទៅ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សន្យា​នៅ ចំពោះ​មុខ​សាធារណជន​ជុំវិញ​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស។ លោក ហ៊ុន សែន ថែម​ទាំង​អះអាង​ដាក់​ជីវិត ដើម្បី​គ្រប់គ្រង​ព្រៃឈើ ប៉ុន្តែ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ សកម្មជន​ការពារ​ព្រៃ​ឈើ រក​ឃើញ​ថា ព្រៃឈើ​នៅ​កម្ពុជា​ត្រូវ​បាន​ជន​ល្មើស​កាប់​ទន្ទ្រាន​យ៉ាង​អនាធិបតេយ្យ។ ប៉ុន្តែ​កន្លង​មក សកម្មជន​បរិស្ថាន និង​របាយការណ៍​អន្តរជាតិ​ជា​ច្រើន រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ជាពិសេស ក្រុម​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា​មួយ​ចំនួន និង​មន្ត្រី​របស់​លោក ក្នុង​ការ​កាប់​ព្រៃ​ឈើ ហើយ​នាំ​ឈើ​ចូល​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប និង​ការ​ច្បាម​យក​ដី​ពី​ប្រជាពលរដ្ឋ និង​ជនជាតិ​ដើម​ភាគ​តិច ក្រោម​រូបភាព​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច។

របាយការណ៍​អង្កេត​លើក​ទី២ របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សកលវិទ្យាល័យ​កូពែនហេហ្គែន (Copenhagen) នៃ​ប្រទេស​ដាណឺម៉ាក (Denmark) ចេញ​ផ្សាយ​កាល​ពី​ថ្មីៗ នេះ បង្ហាញ​ថា កម្ពុជា​បាន​បាត់បង់​ព្រៃ​ឈើ​ជាង ១៤ម៉ឺន​ហិកតារ (១៤៤.០០០) កាល​ពី​ឆ្នាំ​មុន។ ក្នុង​នោះ ការ​បាត់បង់​គម្រប​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​បាន​កើន​ឡើង ២២% ព្រៃ​ព្រះ​រកា​កើន​ឡើង ៤៣% និង​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃ​រុក្ខាវ័ន​ចំនួន ៤៧%។

ជុំវិញ​បញ្ហា​ឃុបឃិត​គ្នា​នេះ​ធ្វើ​ឱ្យ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ហិនហោច​ជា​បន្តបន្ទាប់។ ដោយឡែក ចំពោះ​លោក ហឿន សុភាព ឯ​ណោះ​វិញ​បង្ហាញ​ថា កត្តា​ចម្បង ដែល​លោក​មិន​អាច​បញ្ឈប់​សកម្មភាព​ការពារ​ព្រៃ​ឈើ​នេះ​បាន ក៏​ដោយសារ​តែ​បញ្ហា​អំពើពុករលួយ​របស់​មន្ត្រី​មូលដ្ឋាន​កំពុង​បំផ្លាញ​ធនធាន​ធម្មជាតិ ដោយ​គ្មាន​តម្លាភាព​ត្រឹមត្រូវ។

លោក ហឿន សុភាព៖«និយាយ​ឱ្យ​ត្រង់​ទៅ​គឺ ឈ្មួញ​ការ​បំផ្លាញ​ព្រៃ​ឈើ គឺ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​សមត្ថកិច្ច​មួយ​ចំនួន។ ទាំង​ការ​ប្រើប្រាស់​អាវុធ​កែច្នៃ[របស់​ជន​ល្មើស​អារ​ឈើ]ទាំង​ការ​ធ្វើ​រឿង​ខុស​ច្បាប់ ដូចជា ការ​កាប់​ដើម​ឈើ​ជា​ដើម​នោះ បាន​ន័យ​ថា បើសិនជា​អាជ្ញាធរ​មាន​ការ​រឹត​បន្តឹង​ពួក​នោះ​មិន​ហ៊ាន​ទេ។ ប៉ុន្តែ​យើង​ឃើញ​ជា​គំរូ​អាក្រក់​មួយ​ស្រុក​ខ្មែរ​យើង មន្ត្រី​មួយ​ចំនួន​គឺ​អ្នក​ធ្វើ​ខ្លួន​ឯង​តែ​ម្ដង មន្ត្រី​មួយ​ចំនួន​អ្នក​ចាប់​គេ​ហើយ អ្នក​អនុវត្ត​ចាប់​ហើយ ទៅ​លូក​ដៃ​ក្នុង​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ»។

លោក ហឿន សុភាព ចង់​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ ចាប់​ផ្ដើម​ស្រឡាញ់​ធនធាន​ធម្មជាតិ​ឱ្យ​បាន​ច្រើន ដើម្បី​ទប់ស្កាត់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​រក្សា​ធនធាន​ធម្មជាតិ ដែល​មាន​ស្រាប់។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​ថា គួរ​តែ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ពលរដ្ឋ​ស្លូតត្រង់ ដែល​តែងតែ​ការពារ​ធនធាន​ធម្មជាតិ​ថា ជា​ក្រុម «បក្ស​ប្រឆាំង» ហើយ​អាជ្ញាធរ​គួរតែ​បញ្ឈប់​ការ​រំលោភបំពាន​លើ​សិទ្ធិពលរដ្ឋ និង​លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ដែល​ពួក​គាត់​តែងតែ​រស់​ដោយ​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃ​ឈើ​នេះ​ជា​យូរ​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។