ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តមណ្ឌលគិរី សម្រេចដោះលែងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មម្នាក់មកវិញ ក្រោយពីសាកសួរពេញមួយព្រឹក នៅថ្ងៃទី២១ សីហា ពាក់ព័ន្ធសំណុំរឿងនេះ ភាពមិនប្រក្រតីនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។ អ្នកនាំពាក្យតុលាការខេត្តនេះអះអាងថា ព្រះរាជអាជ្ញានឹងកោះហៅអ្នកជាប់ពាក់ព័ន្ធជាច្រើននាក់ទៀត។
អ្នកនាំពាក្យសាលាដំបូង ខេត្តមណ្ឌលគិរី លោក មាស ប្រុស ឲ្យដឹងនៅថ្ងៃទី២១ សីហាថា ព្រះរាជអាជ្ញាមិនទាន់សម្រេចបែបណានៅឡើយទេ លើលោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដោយគ្រាន់តែសាកសួរធ្វើកំណត់ហេតុ ព្រោះសំណុំរឿងនេះមានជាប់ព័ន្ធមនុស្សជាច្រើនទៀត។ លោកមិនបញ្ជាក់លម្អិតថា នឹងកោះហៅនរណាទៀតនោះទេ? លោកសង្កត់ធ្ងន់ថា ប្រសិនបើរកឃើញមានភាពមិនប្រក្រតីក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ នឹងប្រឈមចំពោះមុខច្បាប់៖ «ព្រះរាជអាជ្ញាអត់ទាន់សម្រេចអីទេ គ្រាន់តែសួរធ្វើកំណត់ហេតុទេ ព្រោះសំណុំរឿងហ្នឹង មិនមែនតែគាត់ម្នាក់ទេច្រើន ហៅចូលតៗ ទៀត។ យកចម្លើយម្តងមួយៗ ឲ្យអស់ បានសម្រេចក្នុងសំណុំរឿងហ្នឹងមួយ។ ប្រសិនបើរកឃើញ មានភាពមិនប្រក្រតី ជាប់ក្រុមហ៊ុន ដែលគ្មានអាជ្ញាប័ណ្ណ ដែលគាត់ទៅធ្វើក្រុមហ៊ុន គឺមានបញ្ហាប្រឈមហើយ » ។
អាស៊ីសេរីបានព្យាយាមទាក់ទង ព្រះរាជអាជ្ញា ខេត្តមណ្ឌលគិរី លោក ហៀង សុភក្ត្រ ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទលោកមិនអាចទាក់ទងបាននៅថ្ងៃទី២១ សីហា។
ចំណែក លោក ម៉ន វ៉ាន់ដា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បដិសេធមិនអធិប្បាយករណីនេះទេ ដោយលោកថា ទូរស័ព្ទស្ដាប់មិនឮ និងឈប់ទទួលទូរស័ព្ទ៖ «ស្ដាប់ អត់បានទេបង។ ឮដាច់ៗ បង អាឡូ » ។
កាលពីថ្ងៃទី៥ សីហា លោក ហៀង សុភក្ត្រ តំណាងអយ្យការអមសាលាដំបូងខេត្តនេះ បានកោះហៅ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក ឡោ រស្មី ពាក់ព័ន្ធការអនុញ្ញាតផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ផេស៊ីហ្វិកហ្គេន យ៉ញ-ស្តុក ខមភេនី លីមីធីត (Pacific Grand Joint-stock Company Limited) មានទំហំជិត ៨ពាន់ហិកតារ (៧.៧៤១)។
មន្ត្រីជាន់ខ្ពស់សមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកដីកាកោះហៅនេះ ជាតម្រុយថ្មីមួយ ទាមទារឲ្យអយ្យការត្រូវស៊ើបអង្កេតឲ្យហ្មត់ចត់ ព្រោះរឿងនេះជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ។ លោកថា ភាពមិនប្រក្រតីនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរាប់ពាន់ហិកតារ អាចធ្វើទៅបាន មានការសមគំនិតជាប្រព័ន្ធ រវាងក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយ៖ «បើយើងនិយាយអំពើពុករលួយវាអាចកើតឡើងបាន លុះត្រាតែសមគំនិតគ្នាច្រើន។ រឿងវាធំ ដូចជាសម្បទានដីរាប់ម៉ឺនហិកតារអ៊ីចឹង វានឹងក្លាយជាសម្លកំពឹស។ អ្វីដែលសំខាន់ គឺរឿងពិត និងយុត្តិធម៌សម្រាប់ ពលរដ្ឋទូទាំងប្រទេស ដែលត្រូវបានទទួលយុត្តិធម៌ នៅពេលដ៏ខ្លីខាងមុខហ្នឹង។ អយ្យការត្រូវស៊ើបអង្កេតឲ្យបានហ្មត់ចត់ ព្រោះរឿងហ្នឹងជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ » ។
សហគមន៍ជនជាតិដើមភាគតិច រស់នៅឃុំរយ៉ ស្រុកកោះញែក លោក ប្រុម ណច កត់សម្គាល់ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចជាដើមចម នាំឲ្យបាត់បង់ដើមឈើធំៗ ក្នុងព្រៃសហគមន៍ ព្រៃតំណម និងព្រៃអភិរក្ស ដែលជនជាតិដើមភាគតិចអាស្រ័យផលបែបប្រពៃណី។ លោកថា ក្រុមហ៊ុនស្ទើរទាំងអស់ មិនបានផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋមូលដ្ឋានទេ គឺឃើញតែធ្វើអាជីវកម្មឈើ និងបើកការដ្ឋានអារឈើ បំផ្លាញធនធានធម្មជាតិក្នុងតំបន់ពួកគេរស់នៅអស់ស្ទើរទាំងស្រុង៖ «ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចហ្នឹង បាត់បង់ព្រៃឈើខ្លាំង សំខាន់ឈើហ្មងខាងយើងនេះ។ វាធ្វើឈើឲ្យអស់សិនបានចាប់ផ្ដើមដី បាត់បង់អត្តសញ្ញាណរបស់គាត់ ( ជនជាតិដើមភាគតិច ) ព្រៃតំណមរបស់គាត់ ព្រៃអារក្សអ្នកតា មានព្រៃឈើធំៗ ក៏អស់ដែរ នៅសល់តិចតួចទេ » ។
យ៉ាងណា សកម្មជនបរិស្ថាន លោក ហេង ស្រស់ សង្ឃឹមថា តុលាការនឹងពន្លឿនវែកមុខក្រុមឧក្រិដ្ឋជន និងអាជ្ញាធរខិលខូចមកផ្ដន្ទាទោសតាមច្បាប់។ លោកថា ក្រសួងកសិកម្មបានជិះសេះលែងដៃ បណ្ដែតបណ្ដោយឲ្យក្រុមហ៊ុន កាប់បំផ្លាញព្រៃឈើខុសច្បាប់ជាច្រើនឆ្នាំមកហើយ៖ «ដើមចមដែលធ្វើឲ្យបាត់បង់ព្រៃឈើហ្នឹង ដោយសារមានការស៊ីញេចេញពីអស់លោកថ្នាក់ខាងលើៗ ហ្នឹង បានវាមានការកាប់បំផ្លាញព្រៃឈើ។ ក្នុងប្រទេសកម្ពុជាក្រុមហ៊ុនទាំងអស់ គ្មានក្រុមហ៊ុនណាមួយ អនុវត្តច្បាប់បានត្រឹមត្រូវទេ។ អាក្រុមហ៊ុន ប៊ិញភឿក១ និងប៊ិញភឿក២ នៅស្រុកលំផាត់ ក៏គ្មានដាំអីទេ ប៉ុន្មានឆ្នាំហើយ សុទ្ធតែកាប់ព្រៃឈើនៅខាងក្រោយ កំពុងដឹកយ៉ាងគគ្រឹកគគ្រេង » ។
ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថានសង្កេតឃើញថា រដ្ឋាភិបាលហាមមិនឲ្យផ្ដល់ដីសម្បទានសេដ្ឋកិច្ចវិនិយោគក្នុងតំបន់ព្រៃស្រោង ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងពុំដូច្នេះទេ ក្រសួងកសិកម្មជាអ្នកផ្ដួចផ្ដើមនាំឲ្យបាត់បង់ធនធានធម្មជាតិធំធេង រំលោភសិទ្ធិជនជាតិដើមភាគតិច និងកើតមានជម្លោះដីធ្លី។ កន្លងទៅសហគមន៍ជនជាតិដើមភាគតិចស្ទើរគ្រប់តំបន់ បានស្រែកតវ៉ា និងទាមទាររកយុត្តិធម៌ ក្រោយពីក្រុមហ៊ុនរំលោភដីធ្លី និងកាប់ឈើក្នុងតំបន់ពួកគេរស់នៅជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។