ភ្លៀង​ជន់​លិច​ស្រូវ​ជាច្រើន​ហិកតារ​និង​ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​បាត់ដំបង

0:00 / 0:00

ផល​ដំណាំ និង​ផ្ទះ​សម្បែង​របស់​ប្រជា​កសិករ​ជាច្រើន​គ្រួសារ នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ត្រូវ​ជំនន់​ទឹក​ភ្លៀង​លិច​ខូចខាត ដោយសារ​ភ្លៀង​កក់​ខែ​ជាប់ៗ​គ្នា​ជាច្រើន​មេ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

អ្នក​ភូមិ​បញ្ជាក់​ថា ប្រសិន​បើ​ទឹក​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ប្រមាណ​មួយ​សប្ដាហ៍​ខាង​មុខ​ទៀត នោះ​ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​នឹង​ខូចខាត​គ្មាន​សល់​ជា​ពុំ​ខាន។

ជំនន់​ទឹក​ភ្លៀង​លិច​នៅ​ស្រុក​មោងឫស្សី កំពុង​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ និង​ហូរ​ចូល​ផ្ទះ​សម្បែង រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ នៅ​ម្ដុំ​ទីប្រជុំជន​ស្រុក។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទឹក​លិច​នោះ សម្ដែង​ក្ដី​កង្វល់​ខ្លាច​ដាច់​ស្បៀង​ឆ្នាំ​ក្រោយ ដោយសារ​តែ​ទឹក​ចេះ​តែ​ឡើង​បន្តបន្ទាប់ ពីព្រោះ​ដំណាំ​ស្រូវ​ភាគ​ច្រើន​ចេញ​ផ្លែ និង​ខ្លះ​ស្ទើរ​តែ​ប្រមូល​ផល​បាន​បណ្ដើរៗ​ទៅ​ហើយ។

ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក តឹក ក្រូច រស់នៅ​ភូមិ​មោងឫស្សី ឃុំ​មោងឫស្សី ថ្លែង​នៅ​ថ្ងៃ​ទី​៣០ តុលា ថា ដំណាំ​ស្រូវ​របស់​លោក​ប្រមាណ ៣​ហិកតារ ត្រូវ​ទឹក​លិច​ពាក់​កណ្ដាល​ដើម និង​ស្រែ​ខ្លះ​ស្ទើរ​តែ​លិច​អស់​ទាំង​ស្រុង​ទៅ​ហើយ។ លោក​បន្ត​ថា ជំនន់​ទឹក​ភ្លៀង​ចូល​ផ្ទះ​របស់​អ្នក​ភូមិ​ប្រមាណ​ពីរ​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ញឹកញាប់​ប្រមាណ​មួយ​សប្ដាហ៍​មក​នេះ៖ «មិន​ចំពោះ​តែ​ខ្ញុំ​ទេ អា​ត្រឡាច​ល្ពៅ រនោង ឃ្លោក វា​ម៉ា​ភូមិ​ហ្នឹង​ហ្មង ចាប់​ពី​សាលា​កាលេស​ទៅ​ស្ពាន​ស្នោ​នេះ គ្មាន​សល់​ទេ។ ស្រូវ​ហ្នឹង​ក៏​វា បើ​ថា​ទឹក​ថែម​មក​ទៀត​ហ្នឹង អស់​ហើយ​មិន​ថា​ខ្ញុំ​ទេ ប្រជាជន​នៅ​តាម​ចិញ្ចើម​ថ្នល់​ហ្នឹង អត់​មាន​ទាំង​ពូជ​ទៅ​ទៀត​កុំ​ថា​ស្រូវ​ហូប»

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​មោងឫស្សី លោក ស្រី សាម៉ុន មាន​ប្រសាសន៍​បញ្ជាក់​ថា គិត​មក​ទល់​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​៣០ តុលា ទឹក​ជំនន់​លិច​ផ្ទះ​របស់​អ្នក​ភូមិ​ប្រមាណ​ជាង ២១០​ខ្នង​ក្នុង​ភូមិ​ចំនួន​៤ គឺ​ភូមិ​រលួស ភូមិ​ប្រឡាយ ភូមិ​តាតុកពីរ និង​ភូមិ​កន្សៃបន្ទាយ ហើយ​លិច​សាលា​រៀន​មួយ​កន្លែង និង​ផល​ដំណាំ​ខូចខាត​ទាំង​ស្រុង​ប្រមាណ​ជាង ១៥​ហិកតារ។ លោក​បន្ត​ថា ដំណាំ​ស្រូវ​ប្រឈម​នឹង​ការ​ខូចខាត​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ប្រមាណ​ជាង ៥០០​ហិកតារ ប៉ុន្តែ​ពុំ​មាន​ប្រជាពលរដ្ឋ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ៖ «អឺ! ស្រូវ​យើង​ដែល​លិច​ទើប​តែ ១០​ហិកតារ​ទេ ក្រៅ​ពី​ហ្នឹង​ចុង​វា​អត់​ទាន់​ដល់​ហេតុការណ៍​ហ្នឹង វា​គិត​តែ​អា​លិច​សុទ្ធ។ សាលា​រៀន​យើង​លិច​អនុវិទ្យាល័យ​សាលា​មួយ​កន្លែង អា​ហ្នឹង​វា​ហូរ​ចូល​ក្នុង​សាលា​ហ្មង ហើយ​ដោយ​ឡែក​រោង​ម៉ាស៊ីន​ចំនួន ២​រោង​ម៉ាស៊ីន រួច​ត្រឹម​ចង្កេះ​ចុះ​ក្រោម មាន​កន្លែង​ខ្លះ​ត្រឹម​ចង្កេះ កន្លែង​ខ្លះ​ត្រឹម​ជង្គង់​លើ​ជង្គង់»

លោក​បន្ថែម​ទៀត​ថា សំទុះ​ជំនន់​ទឹក​ភ្លៀង​នៅ​តែ​ហក់​ឡើង​នៅ​ឡើយ ហើយ​ប្រសិន​បើ​ភ្លៀង​ចេះ​តែ​បន្ត​មិន​ឈប់​ទេ​នោះ ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​មោងឫស្សី អាច​នឹង​ខូចខាត​ច្រើន​ថែម​ទៀត​ក្នុង​ពេល​ខាង​មុខ។

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា កន្លង​មក​អ្នក​ភូមិ​នៅ​តំបន់​នោះ​មិន​ធ្លាប់​មាន​ជំនន់​ទឹក​ភ្លៀង​លិច​ផល​ដំណាំ​នៅ​ក្នុង​រដូវ​នេះ​ឡើយ ហើយ​ហេតុ​ដែល​មាន​ទឹក​ជំនន់​នេះ ដោយសារ​អាជ្ញាធរ​សាងសង់​ប្រពន្ធ​ប្រឡាយ​ទឹក​មួយ​ខ្សែ​នៅ​តំបន់​ឃុំ​មោងឫស្សី ដែល​ប្រឡាយ​ទឹក​នោះ​មាន​តាម​មាត់​ប្រឡាយ​ទំនប់​ខ្ពស់ ធ្វើ​ឲ្យ​ទឹក​មិន​អាច​ហូរ​ឆ្លង​កាត់​ទៅ​ខាង​ក្រៅ​បាន​ដូច​សព្វដង ទើប​បណ្ដាល​ឲ្យ​ផល​ដំណាំ និង​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​លិច​លង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។