ស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងកំពុងវាយលុកខ្លាំងនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជំនន់ទឹកភ្លៀងនេះ បានជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារកាលពីយប់ថ្ងៃទី១០ កញ្ញា។
ទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ (Royal Cambodian Army)បានចុះផ្សាយនៅនៅយប់ថ្ងៃសុក្រ ទី១០ ខែកញ្ញា អមដោយរូបភាពទឹកជន់លិចផងឲ្យដឹងថា៖ កម្លាំងផ្នែកសឹករងម៉ាឡៃដឹកនាំដោយ លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងស្រុកម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំង ចំនួន ១០នាក់ចុះជួយជញ្ជូនសម្ភារៈប្រជាពលរដ្ឋដែលរងគ្រោះរងដោយជំនន់ ទៅរកទីទួលសុវត្ថិភាព ស្ថិតនៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។
ទឹកជំនន់ទឹកភ្លៀងក្នុងស្រុកម៉ាឡៃ បានជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នានាប៉ុន្មានថ្ងៃកន្លងមកនេះ។
មកដល់ពេលនេះ គេនៅមិនទាន់ដឹងពីចំនួនខូចខាតនៃទ្រព្យសម្បត្តិ ឬប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ ឬយ៉ាងណានៅឡើយទេ។
ប្រភពដដែលឲ្យដឹងថា បច្ចុប្បន្ន កម្លាំងអន្តរាគមន៍ នៃអង្គភាពចំណុះយោធភូមិភាគទី៥ ដែលរួមមានកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានត្រៀមលក្ខណៈទាំងមធ្យោបាយ សម្ភារៈ ដើម្បីចុះជួយជម្លៀសប្រជាពលរដ្ឋពីតំបន់លិចលង់ទៅកាន់ទីទួលសុវត្ថិភាពនានា ហើយជាបឋមនេះ គឺត្រូវជម្លៀសទៅកាន់ភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។