ប្រជាពលរដ្ឋមួយចំនួនរស់នៅស្រុករវៀង ខេត្តព្រះវិហារ រិះគន់ក្រុមហ៊ុនកូនប្រុសរបស់លោកឧកញ៉ា ទ្រី ភាព គឺលោក ទ្រី ដាលុច ថាកំពុងបំផ្លាញផ្លូវជាតិមួយខ្សែបង្កឲ្យមានភាពលំបាកដល់ពលរដ្ឋធ្វើដំណើរ និងបង្កគ្រោះថ្នាក់ដល់សិស្សានុសិស្សពេលចេញពីសាលា។
ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិ(213) នៃស្រុករវៀងត្អូញត្អែរពីការពិបាកធ្វើដំណើរ ក្រោយពីរថយន្តធន់ធំដឹករ៉ែដែក របស់ក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន(ខេមបូឌា) អេនើជីឌីវេឡុបមេន(GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD ដែលជារបស់កូនប្រុសលោក ទ្រី ភាព ធ្វើឲ្យផ្លូវជាតិមួយក្នុងស្រុករវៀងខូចខាតស្ទើរទាំងស្រុង មិនតែប៉ុណ្ណោះរថយន្តទាំងអស់នោះបានបង្កគ្រោះថ្នាក់ដល់សិស្សសាលានូវពេលដែលចេញពីសាលា។ អ្នកភូមិអះអាងថា អាជ្ញាធរនៅតំបន់នោះហាក់មិនខ្វាយខ្វល់ជួយដោះស្រាយបញ្ហានេះជូនដល់ពលរដ្ឋឡើយ។
ម្ចាស់តូបលក់អាហារមួយកន្លែងស្ថិតនៅឃុំរីករាយ សុំមិនបញ្ចេញឈ្មោះប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី១០កញ្ញា ថា រថយន្តធន់ធំជាច្រើនគ្រឿងធ្វើការដឹកជញ្ជូនរ៉ែដែកចេញពីចំណុចកោះកែវទាំងយប់ទាំងថ្ងៃដែលដឹកសំដៅ ទៅទីរួមខេត្តកំពង់ធំ បានធ្វើឲ្យពលរដ្ឋនៅទីនោះមានការព្រួយបារម្ភខ្លាចគ្រោះថ្នាក់ដល់កូនៗរបស់ពួកគេនៅពេលទៅសាលាដោយរថយន្តទាំងនោះបើកបរគ្មានការប្រុងប្រយ័ត្ន។
ពលរដ្ឋរស់នៅឃុំរីករាយដែរ គឺលោកស្រី ចាយ ម៉េង ថ្លែងថា លោកស្រីព្រួយបារម្ភខ្លាចកូនមានគ្រោះថ្នាក់ពេលកូនធ្វើដំណើរទៅសាលារៀនម្ដងៗ ដោយសារផ្លូវលំបាកខ្លាំង។ លោកស្រីបន្ថែមថាពេលខ្លះរថយន្តទាំងនោះបានបើកបរល្បឿនលៀនធ្វើឲ្យខ្ទាតភក់ប្រឡាក់ពេញខ្លួនក៏មាន។
លោកស្រី ចាយ ម៉េង៖ «ខ្លាចតើ ខ្លាចកូនទៅរៀនបារម្ភពីកូន កូនជិះម៉ូតូទៅរៀនរាល់ថ្ងៃតែមិនដឹងធ្វើយ៉ាងម៉េចផ្លូវត្រូវបើកបរ និយាយពីបារម្ភបារម្ភណាស់ហើយ បើផ្លូវវារអិលវារអិលយ៉ាងនេះ ជិះម៉ូតូអត់ស្រួលផង ចង់ឲ្យជួយផ្សាយចង់បានផ្លូវល្អដូចពីមុន»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោកយង់ គឹមហឿងនិងប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារលោក ស៊ុន ច័ន្ទរក្សាដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី១០ ខែកញ្ញានេះ។ចំណែអគ្គនាយករងក្រុមហ៊ុនលោកឃៀង សុជីវ័ន្តនិងអភិបាលរងស្រុករវៀងលោកទេស សំអាងក៏មិនអាចទាក់ទងបានដែរ។
បច្ចុប្បន្នក្រុមហ៊ុនគ្លូប៊លហ្គ្រីន (ខេមបូឌា)អេនើជី ឌីវេឡុបមេន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD កំពុងធ្វើអាជីវកម្មរ៉ែដែកនៅឃុំរីករាយស្រុករវៀង ខេត្តព្រះវិហារ និងបានដឹកជញ្ជូនរ៉ែដែកទាំងនោះ លក់ទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិក្អមសំណរ ខេត្តកណ្ដាលដោយដឹកជញ្ជូនពីខេត្តព្រះវិហារមកដាក់សាឡង់នៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។
ទាក់ទងនឹងបញ្ហានេះសកម្មជនចលនាមាតាធម្មជាតិ លោកលី ចាន់ដារ៉ាវុត សង្កេតឃើញថា រាល់ក្រុមហ៊ុនឯកជនធ្វើអាជីវកម្មរ៉ែនៅខេត្តព្រះវិហារ មិនឃើញមានតម្លាភាពត្រឹមត្រូវនោះទេ មួយវិញទៀតក្រុមហ៊ុនទាំងនោះមិនបានបង្ហាញពីការសិក្សាអំពីផលប៉ះពាល់ នឹងការវាយតម្លៃផលប៉ះពាល់ជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋបានដឹងនោះទេ។ លោកបន្ថែមថា ប្រសិនបើក្រុមហ៊ុនទាំងនោះធ្វើអាជីវកម្មធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅ និងសម្បត្តិសាធារណៈរដ្ឋគួរតែបញ្ឈប់ក្រុមហ៊ុនទាំងអស់នោះ។
លោកលី ចាន់ដារ៉ាវុត៖ «នេះវាកើតចេញពីមិនតម្លាភាពរបស់រដ្ឋយើង ក្នុងការគ្រប់គ្រងធនធានធម្មជាតិ វាធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចសង្គម បរិស្ថាន និងប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រុមហ៊ុនហ្នឹងគឺមានកាតព្វកិច្ចក្នុងការបញ្ចៀសផលប៉ះពាល់ទាំងអស់ហ្នឹង មានន័យថាក្រុមហ៊ុនមិនធ្វើឲ្យខូចផ្លូវប្រជាពលរដ្ឋជាផ្លូវរដ្ឋ ដែលប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ មិនធ្វើឲ្យខូចបរិស្ថានដែលពួកគេរស់នៅ ហើយក៏មិនធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចដែរ»។
កាលឆ្នាំ២០២២ ក្រុមហ៊ុនគ្លូប៊លហ្គ្រីន(ខេមបូឌា)អេនើជី ឌីវេឡុបមេន ធ្លាប់បរិច្ចាគប្រាក់ ១០លានរៀលចូលរួមជាមួយកាកបាទក្រហមកម្ពុជា។ ឧកញ៉ា ទ្រី ដាលុច មិនមែនតែជាអ្នកគ្រប់គ្រងក្រុមហ៊ុនគ្លូប៊លហ្គ្រីន(ខេមបូឌា) អេនើជីឌីវេឡុបមេននោះទេ លោកក៏ជាអគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុបផងដែរ។ លោក ទ្រី ដាលុច ត្រូវបានអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ទូលថ្វាយទៅព្រះមហាក្សត្រឲ្យផ្ដល់គោរមងារ «ឧកញ៉ា» នៅឆ្នាំ២០១៣។ ក្រៅពីទទួលបានគោរមងារ «ឧកញ៉ា» ហើយនោះ លោកទ្រី ដាលុច ក៏ជាអនុប្រធានយុវជនស្រុកកណ្ដាលស្ទឹង និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៃគណបក្សប្រជាជនកម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។