ប្រជាសហគមន៍ការពារព្រៃឈើ ក្នុងខេត្តស្ទឹងត្រែងចំនួន ៥តំបន់ ដែលមានសមាជិកជាង ១០០នាក់ ត្រៀមធ្វើរបាយការណ៍ពិស្ដារផ្ញើជូនអភិបាលខេត្តស្ទឹងត្រែង ដែលទើបតែងតាំងថ្មី រកមធ្យោបាយទប់ស្កាត់បទល្មើសព្រៃឈើ ដែលកំពុងកើតមានយ៉ាងពេញទំហឹង ក្នុងតំបន់ព្រៃសហគមន៍គ្រប់តំបន់ និងដែនជម្រកសត្វព្រៃឡង់ក្នុងខេត្តស្ទឹងត្រែង។ ចំណែក អភិបាលខេត្តស្ទឹងត្រែងថ្មី លោក ស្វាយ សំអ៊ាង បានប្ដេជ្ញាចិត្តថា នឹងប្រឹងប្រែងទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងបន្តអំពាវនាវឱ្យអភិបាលខេត្តដែលទើបតែងតែថ្មីគឺលោក ស្វាយ សំអ៊ាង យកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើជាអាទិភាពលុបបំបាត់អំពើពុករលួយក្នុងរឿងបទល្មើសព្រៃឈើ និងបញ្ឈប់ការធ្វើលិខិតកាន់កាប់ដីធ្លី ក្នុងតំបន់ព្រៃសាធារណៈរបស់រដ្ឋជាដើម។ ពួកគេមើលឃើញថា អភិបាលខេត្តមុនៗ ខ្វះចន្លោះច្រើនក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងសកម្មភាពកាប់ទន្ទ្រានដីព្រៃមកធ្វើជាកម្មសិទ្ធិបុគ្គល។
សមាជិកសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែងលោក គង់ រី ប្រាប់អាស៊ីសេរីនៅថ្ងៃទី៦ តុលាថា សកម្មភាពកាប់ឈើ និងទន្ទ្រានព្រៃយកដីធ្វើជាសម្បត្តិបុគ្គល ក្នុងរដូវបិណ្ឌភ្ជុំបិណ្ឌនៅតែកើតមានច្រើន ហើយការបង្ក្រាបនៅមានតិចតួចនៅឡើយ។ លោកសង្កេតឃើញថា បច្ចុប្បន្នមានសកម្មភាពឈូសឆាយព្រៃទ្រង់ទ្រាយធំ នៅចំណុចវាលពោធិ៍ និងភូមិទាល់ក្នុងដែនព្រៃឡង់ខេត្តស្ទឹងត្រែង អស់រាប់រយហិកតារ នៅមិនទាន់ឃើញអាជ្ញាធរចុះទប់ស្កាត់នៅឡើយទេ បើទោះបីជាពួកលោក បានផ្តល់ព័ត៌មាននេះជាច្រើនលើកមកហើយក្ដី។
លោកបន្ថែមថា សកម្មភាពកាប់ឈើមានតម្លៃនៅតែកើតមានច្រើនក្នុងតំបន់ព្រៃសហគមន៍ចំនួន៥ នៅជាប់ដែនជម្រកសត្វព្រៃឡង់ខេត្តស្ទឹងត្រែង ក៏គ្មានការបង្ក្រាបដែរ៖ «បណ្ដាញ ទាំងអស់គ្នាហ្នឹង នឹងរៀបចំដាក់សំណើគោរពចូលអភិបាលខេត្ត ដើម្បីឱ្យមានវិធានការទប់ស្កាត់ ព្រោះបទល្មើសព្រៃឈើ ការឈូសឆាយ និងការកាប់ដឹកជញ្ជូនឈើ ចេញពីព្រៃឡង់ វាចេះតែកើតឡើង យប់ឡើងកាប់ទន្ទ្រានយកដី ថ្ងៃឡើងផែឈើ។ ខ្ញុំបានរៀបចំគម្រោងមួយ ទៅចួបពួកគាត់ហើយ។
សមាជិកសហគមន៍ការពារព្រៃឡង់ម្នាក់ទៀត គឺលោក ខេង ខូ ចង់ឃើញអភិបាលខេត្តថ្មីចេញកណ្ដាប់ដៃដែក បង្ក្រាបបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាពយូរអង្វែង។ លោកសង្កេតឃើញថា កន្លងទៅសមត្ថកិច្ចចុះបង្ក្រាបបទល្មើសព្រៃឈើម្ដងម្កាល ដោយមិនបានដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីស្វែងរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់នោះទេ ដែលជាហេតុធ្វើឱ្យជនប្រព្រឹត្តមិនរាងចាល។
កាលពីថ្ងៃទី៤ តុលា ក្នុងពេលប្រកាសមុខតំណែង លោក ស្វាយ សំអ៊ាង ជាអភិបាលខេត្តស្ទឹងត្រែងថ្មី លោកបានប្ដេជ្ញាចិត្តថា នឹងប្រឹងប្រែងទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់។
ឆ្លើយតបរឿងនេះអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ប្រាប់វិទ្យុអាស៊ីសេរីថា អភិបាលខេត្តចាស់ និងអភិបាលខេត្តថ្មីសុទ្ធតែមានឆន្ទៈមោះមុតទប់ស្កាត់បទល្មើសធនធានធម្មជាតិ គ្រប់ប្រភេទឋិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ លោកបញ្ជាក់ថា ការទប់ស្កាត់ និងការអនុវត្តច្បាប់ ចំពោះបទល្មើសធនធានធម្មជាតិ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានជនមួយចំនួនលួចប្រព្រឹត្តបទល្មើសនៅពេលគ្មានសមត្ថកិច្ច៖ «គោលការណ៍របស់អភិបាលខេត្តថ្មី ក៏ដូចជាអភិបាលខេត្តចាស់ដែរ គឺមានឆន្ទៈទប់ស្កាត់បទល្មើសធនធានធម្មជាតិ គ្រប់ប្រភេទនៅខេត្តស្ទឹងត្រែង។ សូមអរគុណបងប្អូនពលរដ្ឋ ខេត្តស្ទឹងត្រែង ដែលផ្តល់ព័ត៌មាន ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី មើលឃើញថា សកម្មភាពបំផ្លាញព្រៃឈើ គឺជាជំងឺមហារីកក្នុងសង្គមធ្ងន់ធ្ងរ ដែលកើតមានឡើងដដែលៗ គ្មានយន្តការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពយូរអង្វែងនោះទេ។
លោកថា កន្លងទៅពលរដ្ឋបានប្រទះឃើញសកម្មភាពកាប់ឈើទ្រង់ទ្រាយធំខុសច្បាប់ ហើយរាយការណ៍ឱ្យអាជ្ញាធរចុះទប់ស្កាត់ ប៉ុន្តែភាគច្រើនអាជ្ញាធរគ្រាន់តែពិនិត្យរួចក៏ស្ងាត់ទៅវិញ ដោយមិនបានស្រាវជ្រាវចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ និងដកហូតដីព្រៃមកជាសម្បត្តិរដ្ឋវិញនោះទេ៖ «យើងសង្ឃឹមថា អភិបាលខេត្តថ្មីគាត់នឹងអាចទប់ស្កាត់បាន ហើយនឹងដកហូតដីព្រៃដែលទន្ទ្រាន ដូចអ្វីដែលគាត់បានធ្វើនៅខេត្តមណ្ឌលគិរី គាត់បានសហការជាមួយអាជ្ញាធរជាតិ និងគណៈកម្មការទប់ស្កាត់បទល្មើសព្រៃឈើ ចុះធ្វើការងារ ហើយមានមន្ត្រីពាក់ព័ន្ធមួយចំនួន ត្រូវអនុវត្តច្បាប់ ត្រូវព្រះរាជអាជ្ញាចេញដីកាកោះ ហើយអ្នកផ្សេងទៀត ជាប់ឃុំឃាំង តែគេចខ្លួន ហើយអ្នកផ្សេងទៀត ត្រូវដកដំណែង។ ហ្នឹងហើយ គឺយើងចង់ឃើញ អ៊ីចឹង»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា បើទោះបីជាពលរដ្ឋមានភស្តុតាងជាច្រើនរួមមានវីដេអូ និងរូបថតជាដើមបង្ហាញពីសកម្មភាពកាប់ឈើខុសច្បាប់ក៏ដោយ ក៏មន្ត្រីជំនាញ និងសមត្ថកិច្ចមិនយកចិត្តទុកដាក់ដោះស្រាយដែរ។ លោកថា អ្នកប្រព្រឹត្តបទល្មើសព្រៃខ្លះមានជាប់ពាក់ព័ន្ធ បុគ្គលមានលុយមានអំណាចសមត្ថកិច្ច និងមន្ត្រីបរិស្ថានមួយចំនួន ដែលចូលដៃជើងឈូសឆាយទន្ទ្រានព្រៃធ្វើជាកម្មសិទ្ធិកំពុងកើតមានបែបអនាធិបតេយ្យក្នុងខេត្តស្ទឹងត្រែង ដែលទាមទារឱ្យអភិបាលខេត្តថ្មី ត្រូវបំបែកសំណុំរឿងនេះ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។