ពលរដ្ឋ​ថា ក្រុមហ៊ុន​ចិន​និង​វៀតណាម​នៅ​តែ​បន្ត​ទាញ​យក​រ៉ែ​មាស​នៅ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​មេមត់​អះអាង​ថា ក្រុមហ៊ុន​ទាញ​យក​រ៉ែ​មាស​បរទេស​មួយ​ចំនួន នៅ​តែ​បន្ត​សកម្មភាព​ទាញ​យក​រ៉ែ​មាស​ដោយ​ខុសច្បាប់​នៅ​ឃុំ​ជាំតាម៉ៅ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​ក្រសួង​រ៉ែ និង​ថាមពល​ប្រកាស​ថា ក្រសួង​បាន​រក​ឃើញ​ទីតាំង​ទាញ​យក​រ៉ែ​មាស ៣​កន្លែង​ទៀត កាល​ពី​ថ្ងៃ​ទី១៦ ខែ​មករា។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ដើម្បី​ទប់ស្កាត់​ការ​ទាញ​យក​រ៉ែ​មាស​ដោយ​ខុសច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​គួរតែ​មាន​ចំណាត់ការ​ផ្លូវច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​ឈ្មួញ​ទុច្ចរិត និង​អាជ្ញាធរ​ពាក់ព័ន្ធ។

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើកឡើង​ដូចៗ​គ្នា​ថា បើ​ទោះ​បី​ជា​ក្រសួង​រ៉ែ និង​ថាមពល ធ្វើ​យុទ្ធនាការ​លុប​បំបាត់​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ នៅ​តំបន់​សំពៅលូន ឃុំ​ជាំតាម៉ៅ កាលពី​ថ្ងៃទី​១០ មករា ក្ដី ក៏​ក្រុមហ៊ុន​ទាញ​យក​រ៉ែ​មាស​ទាំង​នោះ នៅ​តែ​បន្ត​សកម្មភាព​យ៉ាង​អនាធិបតេយ្យ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺ​លោក ឆៃ វ៉ិត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៨ មករា ថា ក្រុមហ៊ុន​ទាញ​យក រ៉ែ​មាស​ដែល​ថៅកែ​ភាគច្រើន​គឺជា​ជនជាតិ​ចិន និង​វៀតណាម នៅ​តែ​បន្តសកម្មភាព​ទាញ​យក​រ៉ែ​មាស នៅ​តំបន់​សំពៅលូន។

លោក ឆៃ វ៉ិត៖ «ការ​ឈូស​ឆាយ​យក​រ៉ែ​មាស វា​មិនមែន​ទើបតែ​កើតមានឡើង​ឥឡូវៗ​នេះ​ទេ គ្រាន់តែ​ថា វា​មាន​ភាព​ស្ងប់ស្ងាត់ អានេះ​គេ​ថា​លួច លួច​សហការ​បែប ខ្មោច​ស្រុក​វា​បើកដៃ ទើប​ខ្មោច​ព្រៃ​លុកលុយៗ ហើយ​ពលរដ្ឋ​គាត់​មិន​ហ៊ាន ពលរដ្ឋ​ខ្លះ​មិន​ហ៊ាន​និយាយ មិន​ហ៊ាន​សរសេរ​បង្ហោះ​តាម​ហ្វេសប៊ុក គេ​ខ្លាច​អាជ្ញាធរ​ភូមិ​ឃុំ គេ​គំរាម​គេ​បន្លាច អ៊ីចឹង​បាន​ជា​ម្នាក់ៗ​ចេះតែ​សំងំ​ទៅ»។

ដូចគ្នា​ទៅ​នឹង​ការ​លើកឡើង​នេះ​ដែរ ប្រជាពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ស្រុក​មេមត់ ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ដោយ​បារម្ភ​ពី​សុវត្ថិភាព​ថា ក្រុមហ៊ុន​ចិន និង​វៀតណាម នៅតែ​បន្ត​ទាញ​យក​រ៉ែ​មាស​នៅ​ក្នុង​ឃុំ​ជាំតាម៉ៅ។ លោកស្រី​អះអាង​ដូច្នេះ​ដោយសារតែ លោកស្រី​ឃើញ​មាន​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម​ជាច្រើន នៅតែ​ដើរ​ទិញ​ទំនិញ ម្ហូប​អាហារ​ដឹក​ចូល​ទៅ​ក្នុង​តំបន់​សំពៅលូន។

ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​១៧ ខែ​មករា អំពី​ការ​ទប់ស្កាត់​សកម្មភាព​អាជីវកម្ម​រ៉ែ​មាស អនាធិបតេយ្យ​នៅ​តំបន់​ភ្នំ​សំពៅលូន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ ទោះជា​យ៉ាងណា នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា ក្រសួង​មិន​មាន​វិធានការ​ច្បាប់​ទៅលើ​ម្ចាស់​ទីតាំង​ទាញ​យក​រ៉ែ​មាស​ទាំង​នោះ​ឡើយ ដោយ​គ្រាន់តែ​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ទាញ​យក​រ៉ែ​មាស​តែ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់​លើកឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រកប​របរ​រែង​រ៉ែ​មាស តាំង​ពី​អំឡុង​ឆ្នាំ​១៩៩០ មក​ម្ល៉េះ លុះ​មក​ដល់​ឆ្នាំ​២០១៧ ទើប​មាន​ក្រុមហ៊ុន​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន និង​វៀតណាម ប្រើប្រាស់​គ្រឿងចក្រ​ធំៗ សារជាតិ​គីមី និង​ជីក​រូង​ចូល​ក្រោម​ដី ដើម្បី​ទាញ​យក​រ៉ែ​មាស នៅ​តំបន់​ភ្នំ​សំពៅ​លូន។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​១៨ ខែ​មករា។

ជុំវិញ​រឿង​នេះ​ដែរ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ ( API ) លោក ឡាំ សុជាតិ មាន​ប្រសាសន៍​ថា សកម្មភាព​ទាញ​យក​រ៉ែ​មាស​ដោយ​ខុសច្បាប់​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មិន​អាច​ទទួល​បាន​ប្រាក់ចំណូល​តែប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម​ទៀត​ផង។ លោក​បន្ត​ថា ដើម្បី​ទប់ស្កាត់​ការ​ទាញ​យក​រ៉ែ​មាស​ដោយ​ខុសច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​ចាត់វិធានការ​ផ្លូវច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ទៅលើ​ឈ្មួញ​ទុច្ចរិត និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាជាង​គ្រាន់តែ​ចុះ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាញ​យក​រ៉ែ​តែប៉ុណ្ណោះ។

លោក ឡាំ សុជាតិ៖ «អ៊ីចឹង​បើសិនជា​គាត់​ជា​ជនជាតិ​បរទេស​ទៀត​មក​រុករក​រ៉ែ របស់​ខ្មែរ​នៅក្នុង​ប្រទេស​ខ្មែរ​ហើយ​អត់​មាន​អាជ្ញាប័ណ្ណ​ទៀត អាហ្នឹង​វា​ខុសច្បាប់​ហើយ​ខុស​ទៀត អ៊ីចឹង​វា​គួរតែ​ត្រូវ​បាន​អនុវត្ត​តឹងរ៉ឹង ទាំង​មន្ត្រី​ដែល​គប់គិត ទាំង​មន្ត្រី​ដែល​នៅ​ពីក្រោយ​អនាធិបតេយ្យ ត្រូវតែ​មាន​ការ​អនុវត្ត​តាម​ច្បាប់​ហើយ»។

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​មេមត់​អះអាង​ថា ម្ចាស់​អាជីវកម្ម​ទាញ​យក​រ៉ែ​មាស​ភាគច្រើន តែង​មាន​អ្នក​មាន​អំណាច និង​អាជ្ញាធរ​មូលដ្ឋាន​កាង​ឱ្យធ្វើ​អាជីវកម្ម ដូច្នេះ​ពួកគេ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​ចាប់​ក្រុម​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​ពាក់ព័ន្ធ​មក​ប្រឈម​នឹង​ផ្លូវច្បាប់ ជាជាង​គ្រាន់តែ​ចេញ​លិខិត​ព្រមាន និង​ត្រឹមតែ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ទាញ​យក​រ៉ែ​មាស ដែល​អាច​ឱ្យ​ឈ្មួញ​ទុច្ចរិត​ទាំងនោះ ងាយស្រួល​បន្ត​សកម្មភាព​ទាញ​យក​រ៉ែ​មាស​ឡើងវិញ ក្នុង​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។