ពលរដ្ឋ​ថា ការ​បាក់​ច្រាំង​ទន្លេ​នៅ​ស្រុក​ស្អាង បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់

0:00 / 0:00

ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការ​បាក់​ស្រុត​ផ្ទះ​ចូល​ទន្លេ​នៅ​ក្នុង​ស្រុក​ស្អាង​ខឹង​សម្បារ​ទៅ​អាជ្ញាធរ ខណៈ​ពួក​គាត់​បាន​លើក​ឡើង​ថា ការ​បាក់​ច្រាំង​ទន្លេ ដោយសារ​មាន​ការ​លួច​បូម​ខ្សាច់។ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​ថា ពុំ​មាន​ការ​អនុញ្ញាត​ឱ្យ​បូម​ខ្សាច់​នៅ​ទីតាំង​នោះ​ឡើយ ហើយ​ការ​បាក់​ច្រាំង​នោះ បណ្ដាល​មក​ពី​គ្រោះ​ធម្ម​ជាតិ។

ក្រុម​ពលរដ្ឋ​មិន​នឹក​ស្មាន​ថា ផ្ទះ​ពួក​គាត់​ជា​ច្រើន​ខ្នង ដែល​ខ្លះ​រស់​នៅ ២០ ទៅ ៣០ឆ្នាំ​ទៅ​ហើយ​នោះ បែរ​ជា​បាក់​ស្រុត​តាម​ច្រាំង​ទន្លេ​ចូល​ទៅ​ក្នុង​ទឹក ទាំង​នៅ​ក្នុង​រដូវ​ប្រាំង​គ្មាន​ទឹក​ហូរ​បុក​ខ្លាំង ដូច​នៅ​ក្នុង​ខែ​វស្សា។ ក្រុម​ពលរដ្ឋ​ទាំង​នោះ ក៏​បង្ហាញ​ការ​សោកស្ដាយ​ទ្រព្យសម្បត្តិ​ខិតខំ​រក​បាន​អស់​រាប់​ឆ្នាំ បែរ​ត្រូវ​បាត់បង់​ត្រឹម​មួយ​ពព្រិច​ភ្នែក។

ពលរដ្ឋ​ម្ចាស់​ផ្ទះ​លក់​ទូរស័ព្ទ​ដៃ ដែល​បាន​បាក់​ស្រុត​ចូល​ទន្លេ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៥ មេសា​ថា ការ​បាក់​ច្រាំង​ទន្លេ​នេះ ដោយ​សារ​មាន​ការ​លួច​បូម​ខ្សាច់ ជាពិសេស នៅ​ពេល​យប់ ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់។

លោក​ថា៖«ដោយសារ​ការ​បូម​ខ្សាច់​ខ្លាំង​ពេក អ៊ីចឹង​ណា៎។ បូម​ខ្សាច់​ហ្នឹង វា​បូម​តែ​ពេល​យប់​ទេ។ ផ្ទះ​ថ្ម​ធំៗ សុទ្ធ​តែ​មាន​ប្លង់​អចិន្ត្រៃយ៍ ៣០-៤០ឆ្នាំ​ហើយ»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​បាន​អះអាង​ថា ផ្ទះ​បួន​ល្វែង​ដែល​ឪពុក​របស់​លោក​ខិតខំ​ស្វែងរក​ថវិកា​រាប់​ឆ្នាំ យក​មក​សាងសង់​ឡើង និង​មាន​ប្លង់​បញ្ជាក់​ត្រឹមត្រូវ បាន​ប្រេះ​និង​ធ្លាក់​ចូល​ទន្លេ​បណ្ដើរៗ ថ្វីត្បិត​នៅ​ទីតាំង​នោះ ពុំ​ដែល​មាន​ករណី​បាក់​ច្រាំង ដូច​នៅ​កន្លែង​ផ្សេង​ឡើយ។ លោក​បន្ត​ថា ផ្ទះ​ទាំង​បួន​ល្វែង ដែល​មួយ​ល្វែង​មាន​តម្លៃ​មិន​ក្រោម ៣០ម៉ឺន​ដុល្លារ គឺ​ផ្ទះ​ត​តាក​ទៅ​ខាង​ក្រោយ​ប្រវែង ១៥ម៉ែត្រ បាន​បាក់​ធ្លាក់​ចូល​ទន្លេ​ទាំង​ស្រុង​រួច​ហើយ ខណៈ​ផ្ទះ​ធំ​ដែល​បាន​បុក​គ្រឹះ​រឹងមាំ​ប្រវែង ២០ម៉ែត្រ ក៏​បាន​ផ្អៀង​ត្រៀម​នឹង​បាក់​ចូល​ទន្លេ​បន្ថែម​ទៀត​។ លោក​បញ្ជាក់​ទៀត​ថា ផ្ទះ​ទាំង​បួន​ល្វែង​នេះ គឺ​ពីរ​ល្វែង​សង​ខាង មួយ​ល្វែង​សម្រាប់​បើក​ពេទ្យ​ធ្មេញ​និង​មួយ​ល្វែង​ទៀត​សម្រាប់​ទុក​ដាក់​រថយន្ត ខណៈ​ពីរ​ល្វែង​កណ្ដាល​ទុក​ធ្វើ​ជា​ផ្ទះ​ធំ​សម្រាប់​រស់​នៅ និង​បើក​កន្លែង​លក់​មាស។

ពលរដ្ឋ៖«ខ្ញុំ​ឮ​ថា អ្នក​ខ្លះ​ថា​មក​ពី​បូម​ខ្សាច់ អ៊ីចឹង ខ្ញុំ​អត់​ដឹង​ទេ គ្រាន់​តែ​ថា ពី​មុន​មក អត់​មាន​បញ្ហា​អ៊ីចឹង​ទេ។ គឺ​ផ្ទះ​ខ្ញុំ​នឹង​បុក​ផ្ដាច់(ពី​ផ្ទះ​ធំ​កណ្ដាល​ទៅ​ផ្នែក​ត​តាក​ខាង​មុខ​)​ហើយ វា​នឹង​អាច​បះ​ហើយ វា​ទៅ(បាក់)ទៅ​ទាំង ២០ម៉ែត្រ​តែ​ម្ដង ព្រោះ​វា​ជាប់​គ្រឹះ។ អ៊ីចឹង!វា​ហាក់​បី​ដូច​ជា បាត​ទន្លេ​ហ្នឹង វា​រុញ​ដី​ចូល​ទប់​នឹង​បាត​ទន្លេ​។ ដូច​បាត​ទន្លេ​អត់​មាន​ដី​អ៊ីចឹង​ទៅ វា​ជ្រាល​ទៅ​ដើម្បី​ឱ្យ​ស្មើ​គ្នា​អ៊ីចឹង»។

Land_slide_in_Kandal_042523_1a.jpgOpens in new window
​ច្រាំង​ទន្លេ​បាសាក់បាក់ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ២១​អា​ (A) ស្ថិត​នៅ​ទល់​មុខ​ផ្សារ​ស្អាង​ខាង​ជើង ក្នុង​ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែកគយ ស្រុក​ស្អាង ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែមេសា ឆ្នាំ២០២៣ បណ្ដាល​ឱ្យ​ប៉ះពាល់​ធ្ងន់ និង​ស្រាល ផ្ទះ​ចំនួន ​៤០​ខ្នង ប៉ុន្តែ​​មិន​មាន​ករណី​មនុស្ស​ស្លាប់ ​ឬ​របួស​ទេ។ រូបពីពលរដ្ឋ

ជុំវិញ​បញ្ហា​នេះ ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​កណ្ដាល​ឱ្យ​ដឹង​ថា ការ​បាក់​ច្រាំង​ទន្លេ​បាសាក់​កាល​ពី​ថ្ងៃ​ទី​២៤​ មេសា នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ២១​អា​ (A) ស្ថិត​នៅ​ទល់​ផ្សារ​ស្អាង​ខាង​ជើង ក្នុង​ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែកគយ ស្រុក​ស្អាង បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្ទះ ​៤០​ខ្នង ស្មើ​នឹង​ ២១​គ្រួសារ ក្នុង​នោះ​ផ្ទះ​រលំ​ទាំង​ស្រុង​មាន ២ខ្នង ផ្ទះ​ប៉ះពាល់​ធ្ងន់ធ្ងរ​មាន ២៨ខ្នង និង​ផ្ទះ​ប៉ះពាល់​ស្រាល​មាន ១០ខ្នង ហើយ​មិន​មាន​ករណី​មនុស្ស​ស្លាប់​ឬ​របួស​ឡើយ។

រដ្ឋបាល​ខេត្ត​បញ្ជាក់​ទៀត​ថា ការ​បាក់​ស្រុត​ច្រាំង​នេះ បណ្ដាល​មក​ពី​ទឹក​ទន្លេ​បាន​ស្រក​ចុះ​ទើប​បណ្ដាល​ឱ្យ​មាន​ការ​ទាញ​ដី ហើយ​ទម្ងន់​ផ្ទះ​បាន​ដាក់​បន្ទុក​ទៅ​លើ​ច្រាំង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​បាក់​ស្រុត​ជា​ចម្រៀកៗ។

ថ្វីត្បិត​មាន​ការ​បកស្រាយ​ពី​រដ្ឋបាល​ខេត្ត​បែប​នេះ​ក្ដី ប៉ុន្តែ​ពលរដ្ឋ​ជា​ម្ចាស់​ផ្ទះ​ខ្លះ ដែល​មាន​ផ្ទះ​បាក់​ចូល​ទន្លេ បាន​បង្ហោះ​ហ្វេសប៊ុក​រិះគន់​ថា អាជ្ញាធរ​គួរ​តែ​បើក​ភ្នែក​មើល​ឱ្យ​បាន​ច្បាស់ ដោយ​ពួកគាត់​បាន​បង្ហាញ​ពី​វីដេអូ​នៃ​សាឡង់​បូម​ខ្សាច់​ជាច្រើន​គ្រឿង​ស្ថិត​នៅ​លើ​ដង​ទន្លេ និង​បាន​ស្នើ​ឱ្យ​លោក ហ៊ុន សែន ជួយ​រក​យុត្តិធម៌។

ទាក់ទង​នឹង​រឿង​នេះ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កណ្ដាល​លោក ជា សារិទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រសួង​និង​រដ្ឋបាល​ខេត្ត​កណ្ដាល ពុំ​បាន​ចេញ​អាជ្ញាប័ណ្ណ​ណា​អនុញ្ញាត​ឱ្យ​មាន​ការ​បូម​ខ្សាច់​នៅ​ទីតាំង​បាក់​ច្រាំង​ទន្លេ​នោះ​ឡើយ ហើយ​ក៏​មិន​មាន​ការ​លួច​បូម​ខ្សាច់​ដូច​ពលរដ្ឋ​បាន​លើកឡើង​នោះ​ដែរ​។ លោក​បន្ត​ថា មាន​តែ​ទូក​ដឹក​ខ្សាច់​បើក​ឆ្លង​កាត់​នៅ​ទី​នោះ​ប៉ុណ្ណោះ ហើយ​ការ​បាក់​ច្រាំង​នេះ ដោយសារ​ដី​នៅ​ទី​នោះ​ទន់​មិន​ទ្រ​ទម្ងន់​ផ្ទះ​ថ្ម​បាន។

លោក ជា សារិទ្ធ៖«ដី​នៅ​តំបន់​ហ្នឹង គឺ​ជា​ដី​ល្បាយ គឺ​ជា​ដី​ល្បាប់ គឺ​ជា​ដី​ប្រភេទ​គេ​ហៅ​ថា ដី​ទន់។ អ៊ីចឹង!សំណង់​របស់​គាត់ វា​មាន​លក្ខណៈ​ធ្ងន់ ផ្ទះ​ល្វែង​មួយៗ សុទ្ធ​តែ​ពីរ​ជាន់​បី​ជាន់។ អ៊ីចឹង អា​ដី​ហ្នឹង វា​មិន​អាច​ទ្រ​នូវ​ទម្ងន់​ផ្ទះ​ពួកគាត់​បាន​ទេ វា​អាច​បង្ក​លក្ខណៈ​ឱ្យ​បាក់ អា​ហ្នឹង ក៏​ជា​ហេតុ​ផល​មួយ​ដែរ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សកម្មជន​បរិស្ថាន​លោក សាន់ ម៉ាឡា លើក​ឡើង​ថា អាជ្ញាធរ​តែង​បដិសេធ​មិន​ទទួល​ស្គាល់​ការ​ពិត និង​តែង​បន្ទោស​ទៅ​លើ​គ្រោះ​ធម្មជាតិ ជា​ជាង​ការ​បន្ទោស​ទៅ​លើ​សកម្មភាព​បូម​ខ្សាច់។ លោក​បន្ត​ថា ខ្សាច់​ជា​ធនធាន​កកើត​ឡើង​វិញ ប៉ុន្តែ​ការ​បូម​ខ្សាច់​ចេញ​ពី​ទន្លេ​ច្រើន​ហួសហេតុ ដោយ​គ្មាន​និរន្ត​ភាព និង​គ្មាន​ការ​បើក​ទូលាយ​ព័ត៌មាន​ច្បាស់លាស់ ប្រាកដ​ណាស់​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ។

លោក សាន់ ម៉ាឡា៖«នៅ​ពេល​បាត​ទន្លេ​កាន់​តែ​ជ្រៅ​ទៅៗ ហើយ​លែង​មាន​ស្រទាប់​ខ្សាច់​ដើម្បី​ការពារ ចង់​មិន​ចង់ វា​ប្រាកដ​ជា​ធ្វើ​ឱ្យ​កម្លាំង​ទឹក​បុក​ទៅ ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ច្រាំង​ហើយ​។ អ៊ីចឹង!អាជ្ញាធរ​មិន​គួរ​បដិសេធ​ដោយ​មិន​មាន​ការ​ស៊ើបអង្កេត​ឬ​ក៏​បកស្រាយ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ឱ្យ​ប្រជា​ពលរដ្ឋ​គាត់​អស់​ចិត្ត។ ដោយ​គ្រាន់​តែ​បដិសេធ​ដើម្បី​ដោះសា​យក​រួច​ខ្លួន»។

ផ្ទះ​ដែល​បាន​រង​ផល​ប៉ះពាល់​ពី​ការ​បាក់​ច្រាំង​ទន្លេ សុទ្ធសឹងតែ​ជា​ផ្ទះ​ថ្ម​ធំៗ មាន​កម្ពស់​ពី ២ជាន់ ទៅ ៣ជាន់ បើក​លក់​ដូរ​សម្ភារៈ​ផ្សេងៗ ដូច​ជា លក់​ទូរស័ព្ទ​ដៃ លក់​កង់ លក់​គ្រឿង​សំណង់ លក់​គ្រឿង​អលង្ការ និង​កន្លែង​ដូរ​លុយ​ជា​ដើម។ រដ្ឋបាល​ខេត្ត​កណ្ដាល​ប្រកាស​ឱ្យ​ពលរដ្ឋ​រុះរើ​សម្ភារៈ និង​ទ្រព្យ​សម្បត្តិ​មិន​ទាន់​បាត់បង់ និង​ត្រូវ​ចាកចេញ​ពី​លំនៅឋាន ដែល​មិន​មាន​សុវត្ថិភាព ព្រោះ​អាច​នឹង​មាន​ការ​បាក់​ស្រុត​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។