ទឹក​ទន្លេ​នៅ​ខេត្ត​ភាគ​ឦសាន​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន

0:00 / 0:00

ទឹក​ទន្លេ​សេសាន ទន្លេ​សេកុង និង​ទន្លេ​ស្រែពក ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង កំពុង​ជន់​លិច​ខេត្ត​ទាំង​ពីរ បន្ទាប់​​ពី​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​ជាប់​គ្នា​នេះ។ ទន្ទឹម​នោះ​ដែរ ការ​បើក​បង្ហូរ​ទឹក​ពី​ទំនប់​វារីអគ្គិសនី​ពី​ប្រទេស​​វៀតណាម នៅ​តំបន់​ខ្សែ​ទឹក​ខាង​លើ​នៃ​ទន្លេ​ទាំង​បី​នេះ ក៏​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​គំហុក​លិច​ផ្ទះសំបែង ស្រែ​ចម្ការ ផល​ដំណាំ​ប្រជាពលរដ្ឋ​រាប់​ពាន់​ហិកតារ។

ទឹក​ទន្លេ​នៅ​ខេត្ត​ទាំង​ពីរ​នៃ​ភាគ​ឦសាន​ប្រទេស​នេះ​បាន​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន​ហើយ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ធ្វើ​ឲ្យ​ជន់​លិច​បណ្ដា​ភូមិ​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក ក្រុង ចំនួន ៤​នៅ​ខេត្ត​ស្ទឹងត្រែង និង​ជន​លិច​ភូមិ​ឃុំ​មួយ​ចំនួន​ទៀត​នៅ​ស្រុក​ចំនួន​១ ក្នុង​ខេត្ត​រតនគិរី។

​ទឹក​ទន្លេ​សេសាន សេកុង និង​ស្រែពក ចាប់​ឡើង​ខ្លាំង​ពី​ថ្ងៃ​ទី​១ ខែ​សីហា។ គិត​ត្រឹម​ម៉ោង ៨​ព្រឹក​ថ្ងៃ​​ទី​៣ ខែ​សីហា ទឹក​នៅ​ទន្លេ​ខេត្ត​ស្ទឹងត្រែង មាន​កម្ពស់ ១១.២៨​ម៉ែត្រ លើស​កម្រិត​ប្រកាស​អាសន្ន​ជាង​កន្លះ​ម៉ែត្រ។ ចំណែក​នៅ​ខេត្ត​រតនគិរី កម្ពស់​ទឹក​នៅ​ស្ថានីយ​វាស់​ទឹក​ស្រុក​លំផាត់ ទឹក​ឡើង​កម្ពស់ ១៣.១០​ម៉ែត្រ លើស​កម្រិត​ប្រកាស​អាសន្ន​ជាង ១​ម៉ែត្រ។

នាយខុទ្ទកាល័យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ បញ្ជាក់​ថា ទឹក​ទន្លេ​អាច​ឡើង​រហូត​ជិត​កន្លះ​ម៉ែត្រ​ថែម​ទៀត ដោយសារ​ប្រទេស​វៀតណាម បាន​បើក​បង្ហូរ​ទឹក​ទំនប់​វារីអគ្គិសនី​យ៉ាលី។ លោក​បន្ត​ថា ភាគី​វៀតណាម​បាន​ជូន​ដំណឹង​ថា បាន​បើក​បង្ហូរទឹក​នៅ​យប់​ថ្ងៃ​ទី​២ កន្លង​ទៅ​នេះ ហេតុ​​នេះ​អាជ្ញាធរ​ខេត្ត​បាន​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​លក្ខណៈ​ជម្លៀស​ទៅ​កាន់​ទី​ទូល​សុវត្ថិភាព​ដោយសារ​ទឹក​ទន្លេ​អាច​ជន់​លិច​ច្រើន​ថែម​ទៀត។

លោក ដួង ពៅ៖ «គេ​ប្រាប់​ដែរ បើ​សិន​កម្ពស់​ទឹក​ប៉ុណ្ណឹង​វា​អាច​ឡើង​លើស​ក្នុង​រង្វង់​ចន្លោះ​បី​តឹក​កន្លះ​ទៅ​កន្លះ​ម៉ែត្រ​យ៉ាង​ច្រើន។ យើង​បាន​ដឹង​មុន យើង​បាន​ប្រុងប្រៀប​មុន អ៊ីចឹង​ស្អី​ដែល​ជា​ផលវិបាក​ស្ដីពី​ទឹក​ជំនន់​វា​​អត់​ទាន់​កើត​មាន​ទេ»

​ដូច​គ្នា​នេះ​ដែរ អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន បញ្ជាក់​ដែរ​ថា ទឹក​ទន្លេ​ស្រែពក​ក៏​បាន​ជន់​លិច​ភូមិ ស្រែ​ចំការ​ប្រជាពលរដ្ឋ​មួយ​ចំនួន ហើយ​អាជ្ញាធរ​កំពុង​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​ទី​ទួល​សុវត្ថិភាព។

លោក​កត់សំគាល់​ថា អាជ្ញាធរ​ស្រុក​មិន​បាន​ទទួល​ដំណឹង​ផ្លូវការ​ពី​ការ​បើក​បង្ហូរ​ទឹក​​ពី​ភាគី​វៀតណាម នៅ​ខ្សែ​ទឹក​ខាង​លើ​ទន្លេ​ស្រែពក​ទេ ក៏ប៉ុន្តែ​មាន​ព័ត៌មាន​លេច​ឮ​ដូចគ្នា​ស្ដីពី​ការ​បើក​​បង្ហូរ​ទឹក​ពី​ទំនប់​វារីអគ្គិសនី​ពី​ភាគី​វៀតណាម៖ «ខ្ញុំ​កំពុងតែ​ជិះ​ទូក​តាម​ដង​ទន្លេ​ពិនិត្យ​មើល​ស្ថានភាព តើ​កម្រិត​ទឹក​វា​អាច​ឡើង​ទៀត ឬ​ប្រជាពលរដ្ឋ​អាច​នៅ​ជា​បណ្ដោះអាសន្ន ឬ​ក៏​បង្ខំចិត្ត​ឲ្យ​គាត់​ចេញ​ទៅ​ទី​ទួល អា​ហ្នឹង​តាម​ភាព​ជាក់ស្ដែង»

អ្នក​នាំ​ពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម លោក ចាន់ យុត្ថា ឲ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​ទី​២ សីហា ថា មាន​ខេត្ត​ចំនួន ១៣ ហើយ​ដែល​ទទួលរង​ផល​ប៉ះពាល់ ដោយសារ​ទឹក​ជំនន់ ទាំង​ជំនន់​ទឹក​ភ្លៀង និង​ជំនន់​ទន្លេ​មេគង្គ។ ដោយឡែក​អ្វី​ដែល​បណ្ដាល​ឱ្យ​ទឹក​ទន្លេ​មេគង្គ​លើ​ក្នុង​ប្រទេស​កម្ពុជា ហក់​ឡើង​ខ្ពស់​នោះ គឺ​ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន ហើយ​ដៃទន្លេ​មេគង្គ​ធំៗ​បី គឺ​ទន្លេ​សេសាន ទន្លេ​ស្រែពក និង​ទន្លេ​សេកុង ហូរ​នាំ​ទឹកភ្លៀង​ទាំង​នោះ​ចូល​មក​ទន្លេ​មេគង្គ ដែល​ធ្វើ​ឱ្យ​កម្រិត​ទឹក​នៅ​ខេត្ត​ស្ទឹងត្រែង លើស​ពី​កម្រិត​ប្រកាស​អាសន្ន។

​យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​អង្គការ​ទន្លេ​បី លោក មាច មៀន កត់​សំគាល់​ថា រៀង​រាល់​ឆ្នាំ​​នៅ​ខេត្ត​ប៉ែក​ឦសាន ក្រៅ​ពី​ជំនន់​ទឹក​ភ្លៀង​ការ​បើក​បង្ហូរ​ទឹក​ពី​ទំនប់​ដ៏​ច្រើន​នៃ​ភាគី​ឡាវ និង​វៀតណាម ធ្វើ​ឲ្យ​ទឹក​ជន់​លិច​គំហុក​គំរាម​កំហែង​សុវត្ថិភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​ទំនាប។

លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​សហការ​ជាមួយ​ភាគី​​ម្ចាស់​ទំនប់​បញ្ជូន​ព័ត៌មាន​ពី​ការ​បើក​បង្ហូរ​ទឹក​ហើយ​ផ្សព្វផ្សាយ​ជូន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា៖ «សូម​ឲ្យ​មានការ​ត្រៀម​ហើយ​ប្រុងប្រយ័ត្ន​ខ្ពស់​ព្យាយាម​ប្រមូល​ព័ត៌មាន​ឲ្យ​ទាន់​ពេល ដើម្បី​ឲ្យ​អាជ្ញាធរ​ដែនដី​នៅ​មូលដ្ឋាន​គាត់​មាន​លទ្ធភាព​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ»

​មិន​ទាន់​មាន​តួលេខ​ស្តីពី​ការ​ខូចខាត​ដោយ​ទឹកជំនន់​នេះ​នៅ​ឡើយ ប៉ុន្តែ​នៅ​ខេត្ត​ស្ទឹងត្រែង ទឹក​ជន់​​លិច​ផ្ទះ​ជាង ១.៣០០​ផ្ទះ (១.៣២៣) ស្រូវ​ជាង ១.៧០០​ហិកតារ (១.៧៧៤) និង​លិច​ដំណាំ​ចំការ​ជាង ២៥០​​ហិកតារ។ ចំណែក​នៅ​ខេត្ត​រតនគិរី លិច​ស្រូវ​ជាង ២០០​ហិកតារ និង​ដំណាំ​ចំការ​ជាង ១០០​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។