ទឹកទន្លេសេសាន ទន្លេសេកុង និងទន្លេស្រែពក ក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង កំពុងជន់លិចខេត្តទាំងពីរ បន្ទាប់ពីភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នានេះ។ ទន្ទឹមនោះដែរ ការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីពីប្រទេសវៀតណាម នៅតំបន់ខ្សែទឹកខាងលើនៃទន្លេទាំងបីនេះ ក៏បានធ្វើឲ្យទឹកជន់គំហុកលិចផ្ទះសំបែង ស្រែចម្ការ ផលដំណាំប្រជាពលរដ្ឋរាប់ពាន់ហិកតារ។
ទឹកទន្លេនៅខេត្តទាំងពីរនៃភាគឦសានប្រទេសនេះបានឡើងលើសកម្រិតប្រកាសអាសន្នហើយ នៅថ្ងៃទី៣ ខែសីហា ធ្វើឲ្យជន់លិចបណ្ដាភូមិឃុំមួយចំនួនក្នុងស្រុក ក្រុង ចំនួន ៤នៅខេត្តស្ទឹងត្រែង និងជនលិចភូមិឃុំមួយចំនួនទៀតនៅស្រុកចំនួន១ ក្នុងខេត្តរតនគិរី។
ទឹកទន្លេសេសាន សេកុង និងស្រែពក ចាប់ឡើងខ្លាំងពីថ្ងៃទី១ ខែសីហា។ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃទី៣ ខែសីហា ទឹកនៅទន្លេខេត្តស្ទឹងត្រែង មានកម្ពស់ ១១.២៨ម៉ែត្រ លើសកម្រិតប្រកាសអាសន្នជាងកន្លះម៉ែត្រ។ ចំណែកនៅខេត្តរតនគិរី កម្ពស់ទឹកនៅស្ថានីយវាស់ទឹកស្រុកលំផាត់ ទឹកឡើងកម្ពស់ ១៣.១០ម៉ែត្រ លើសកម្រិតប្រកាសអាសន្នជាង ១ម៉ែត្រ។
នាយខុទ្ទកាល័យសាលាខេត្តស្ទឹងត្រែង លោក ដួង ពៅ បញ្ជាក់ថា ទឹកទន្លេអាចឡើងរហូតជិតកន្លះម៉ែត្រថែមទៀត ដោយសារប្រទេសវៀតណាម បានបើកបង្ហូរទឹកទំនប់វារីអគ្គិសនីយ៉ាលី។ លោកបន្តថា ភាគីវៀតណាមបានជូនដំណឹងថា បានបើកបង្ហូរទឹកនៅយប់ថ្ងៃទី២ កន្លងទៅនេះ ហេតុនេះអាជ្ញាធរខេត្តបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋត្រៀមលក្ខណៈជម្លៀសទៅកាន់ទីទូលសុវត្ថិភាពដោយសារទឹកទន្លេអាចជន់លិចច្រើនថែមទៀត។
លោក ដួង ពៅ៖ «គេប្រាប់ដែរ បើសិនកម្ពស់ទឹកប៉ុណ្ណឹងវាអាចឡើងលើសក្នុងរង្វង់ចន្លោះបីតឹកកន្លះទៅកន្លះម៉ែត្រយ៉ាងច្រើន។ យើងបានដឹងមុន យើងបានប្រុងប្រៀបមុន អ៊ីចឹងស្អីដែលជាផលវិបាកស្ដីពីទឹកជំនន់វាអត់ទាន់កើតមានទេ»។
ដូចគ្នានេះដែរ អភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន បញ្ជាក់ដែរថា ទឹកទន្លេស្រែពកក៏បានជន់លិចភូមិ ស្រែចំការប្រជាពលរដ្ឋមួយចំនួន ហើយអាជ្ញាធរកំពុងត្រៀមជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព។
លោកកត់សំគាល់ថា អាជ្ញាធរស្រុកមិនបានទទួលដំណឹងផ្លូវការពីការបើកបង្ហូរទឹកពីភាគីវៀតណាម នៅខ្សែទឹកខាងលើទន្លេស្រែពកទេ ក៏ប៉ុន្តែមានព័ត៌មានលេចឮដូចគ្នាស្ដីពីការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីពីភាគីវៀតណាម៖ «ខ្ញុំកំពុងតែជិះទូកតាមដងទន្លេពិនិត្យមើលស្ថានភាព តើកម្រិតទឹកវាអាចឡើងទៀត ឬប្រជាពលរដ្ឋអាចនៅជាបណ្ដោះអាសន្ន ឬក៏បង្ខំចិត្តឲ្យគាត់ចេញទៅទីទួល អាហ្នឹងតាមភាពជាក់ស្ដែង»។
អ្នកនាំពាក្យនិងជានាយកខុទ្ទកាល័យក្រសួងធនធានទឹកនិងឧតុនិយម លោក ចាន់ យុត្ថា ឲ្យដឹងកាលពីរសៀលថ្ងៃទី២ សីហា ថា មានខេត្តចំនួន ១៣ ហើយដែលទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់ ទាំងជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ។ ដោយឡែកអ្វីដែលបណ្ដាលឱ្យទឹកទន្លេមេគង្គលើក្នុងប្រទេសកម្ពុជា ហក់ឡើងខ្ពស់នោះ គឺដោយសារភ្លៀងធ្លាក់ច្រើន ហើយដៃទន្លេមេគង្គធំៗបី គឺទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង ហូរនាំទឹកភ្លៀងទាំងនោះចូលមកទន្លេមេគង្គ ដែលធ្វើឱ្យកម្រិតទឹកនៅខេត្តស្ទឹងត្រែង លើសពីកម្រិតប្រកាសអាសន្ន។
យ៉ាងនេះក្តី មន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មាច មៀន កត់សំគាល់ថា រៀងរាល់ឆ្នាំនៅខេត្តប៉ែកឦសាន ក្រៅពីជំនន់ទឹកភ្លៀងការបើកបង្ហូរទឹកពីទំនប់ដ៏ច្រើននៃភាគីឡាវ និងវៀតណាម ធ្វើឲ្យទឹកជន់លិចគំហុកគំរាមកំហែងសុវត្ថិភាពប្រជាពលរដ្ឋនៅតំបន់ទំនាប។
លោកអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគណៈកម្មការជាតិទន្លេមេគង្គសហការជាមួយភាគីម្ចាស់ទំនប់បញ្ជូនព័ត៌មានពីការបើកបង្ហូរទឹកហើយផ្សព្វផ្សាយជូនមន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានទាន់ពេលវេលា៖ «សូមឲ្យមានការត្រៀមហើយប្រុងប្រយ័ត្នខ្ពស់ព្យាយាមប្រមូលព័ត៌មានឲ្យទាន់ពេល ដើម្បីឲ្យអាជ្ញាធរដែនដីនៅមូលដ្ឋានគាត់មានលទ្ធភាពផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ»។
មិនទាន់មានតួលេខស្តីពីការខូចខាតដោយទឹកជំនន់នេះនៅឡើយ ប៉ុន្តែនៅខេត្តស្ទឹងត្រែង ទឹកជន់លិចផ្ទះជាង ១.៣០០ផ្ទះ (១.៣២៣) ស្រូវជាង ១.៧០០ហិកតារ (១.៧៧៤) និងលិចដំណាំចំការជាង ២៥០ហិកតារ។ ចំណែកនៅខេត្តរតនគិរី លិចស្រូវជាង ២០០ហិកតារ និងដំណាំចំការជាង ១០០ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។