ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ឲ្យដឹងថា កាណូតបូមខ្សាច់ជាច្រើនគ្រឿងបានលួចបូមខ្សាច់នៅសង្កាត់ជ្រោយចង្វារ និងនៅក្បែរផ្ទះអ្នកស្រុក នៅក្នុងស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល។ ពួកគាត់បន្តថា ទោះបីក្រសួងរ៉ែនិងថាមពល និងគណៈកម្មការគ្រប់គ្រងធនធានខ្សាច់អះអាងថា មិនបានផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមអាជីវកម្មខ្សាច់នេះក៏ដោយ ប៉ុន្តែសកម្មភាពបូមខ្សាច់ពីក្នុងទន្លេនោះ នៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យ។
ខ្សាច់ជាប្រភេទរ៉ែ ដែលកំពុងមានការជួញដូរខ្លាំងក្លាក្នុងប្រទេសកម្ពុជា ខណៈការសាងសង់សំណង់នានាកំពុងត្រូវការចាំបាច់។ បញ្ហាតម្រូវការខ្សាច់ចាំបាច់នេះជំរុញឲ្យមានកាណូតច្រើនគ្រឿងលួចធ្វើអាជីវកម្មខ្សាច់នៅក្នុងទន្លេសាប ទន្លេបាសាក់ ទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម។ តំបន់ទាំងនោះហើយ ដែលក្រសួងរ៉ែនិងថាមពល និងគណៈកម្មការគ្រប់គ្រងធនធានខ្សាច់កំពុងហាមឃាត់។
ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ឲ្យដឹងថា កាណូតបូមខ្សាច់ច្រើនគ្រឿងសំចតនៅក្នុងទន្លេបួនមុខ នៅខាងមុខព្រះបរមរាជវាំង បានលួចបូមខ្សាច់នៅជ្រោយនៃសង្កាត់ជ្រោយចង្វារ និងនៅក្បែរផ្ទះអ្នកស្រុក នៅស្រុកល្វាឯម និងម្ដងម្កាលនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ពួកគាត់ឲ្យដឹងថា កាណូតទាំងនោះផ្អាកបូមខ្សាច់កាលពីពាក់កណ្ដាលខែមករា ប៉ុន្តែមុនចូលឆ្នាំចិន កាណូតបង្កើនការបូមវិញ៖ «តែដល់ពេលមុនៗប្រហែលជាកន្លះខែមុនអីហ្នឹង ខ្ញុំឃើញបូមច្រើន ពីព្រោះគេបូមមិនបូមតែកន្លែងផ្លូវកាណូតផង គឺគេបូមគ្រប់ជិតអូតែល រហូតពេញទន្លេតែម្ដង»។
លោក សារាក់ នៅស្រុកខ្សាច់កណ្ដាល ឲ្យដឹងថា ក្នុងថ្ងៃចូលឆ្នាំចិន កាណូតបានចតស្ងៀម មិនបូមខ្សាច់នៅពេលថ្ងៃទេ តែលួចបូមនៅពេលយប់៖ «មួយជួរហ្នឹង ដូចបូមៗវាហួសហេតុពេក អាជ្ញាធរដូចអត់បានប្រាប់ អត់សួរនាំគេ បានគេបូមឡើងពាសវាលពាសកាល។ ឥឡូវគ្រាន់តែមានលួចបូមបន្តិចបន្តួច ឥឡូវវាអត់ដូចមុន»។
ពាក់ព័ន្ធសកម្មភាពបូមខ្សាច់នៅក្នុងទន្លេមុខព្រះបរមរាជវាំងនេះ ក្រសួងរ៉ែនិងថាមពល និងគណៈកម្មការគ្រប់គ្រងធនធានខ្សាច់ ឲ្យដឹងនៅថ្ងៃ២០ កុម្ភៈ ថា រាល់ការបូមខ្សាច់ក្នុងទន្លេនាទឹកដីរាជធានីភ្នំពេញ ទាំងស្រុង ខេត្តកណ្ដាលមួយចំនួន និងខេត្តព្រៃវែង មួយចំនួន គឺហាមឃាត់។ ការបូមខ្សាច់នោះ គឺអនាធិបតេយ្យ ព្រោះក្នុងឆ្នាំ២០១៥ ស្ថាប័នទាំង២ មិនទាន់បានផ្ដល់អាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មខ្សាច់ទេ។
អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល លោក ស៊ុយ ឌីម៉ង់ ថ្លែងថា ក្រសួងរ៉ែនិងថាមពល ស្នើសុំឲ្យអ្នកចង់ធ្វើអាជីវកម្មខ្សាច់មកដាក់ពាក្យសុំច្បាប់អាជីវកម្មត្រឹមត្រូវ៖ «ក្រសួងអត់មានពេលណាមួយដែលគាំទ្រឲ្យការធ្វើអាជីវកម្មខ្សាច់អនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋយើងអ៊ីចឹងទេ ហើយក៏សំណូមពរដល់រដ្ឋអំណាចមូលដ្ឋាន ឲ្យជួយពង្រឹងសណ្ដាប់ធ្នាប់ការបូមខ្សាច់តាមដងទន្លេដូចគ្នា»។
មន្ត្រីលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងធនធានខ្សាច់ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា ពន្យល់ថា ក្រសួងធនធានទឹកមិនជាប់ពាក់ព័ន្ធនឹងការផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់ទេ។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងធនធានទឹកជាប្រធានគណៈកម្មការគ្រប់គ្រងធនធានខ្សាច់ ក៏មិនអាចចេញអាជ្ញាប័ណ្ណឲ្យបូមខ្សាច់ដែរ។
លោកបន្តថា គណៈកម្មការគ្រប់គ្រងធនធានខ្សាច់ កំពុងបង្កើតក្រុមការងារដើម្បីពិនិត្យករណីបូមខ្សាច់នោះ៖ «អ៊ីចឹងទេ គឺនៅក្នុងនោះ គឺមានផែនទីអីកំណត់ច្បាស់លាស់ នៅក្នុងហ្នឹង ហើយគណៈកម្មការពេលនេះកំពុងតែធ្វើកាពិនិត្យតាមដាន តើកំណត់ព្រំដែនប៉ុណ្ណាអីប៉ុណ្ណា កន្លែងណាដែលជាតំបន់ហាមឃាត់ យើងកំពុងតែធ្វើការពិនិត្យទៅលើទីតាំងភូមិសាស្ត្រទាំងអស់ហ្នឹង ហើយទើបយើងមានវិធានការទៅតាមក្រោយ»។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម បានចេញសេចក្ដីប្រកាសស្ដីពីនីតិវិធីបែបបទនិងលក្ខខណ្ឌនៃការផ្តល់អាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែ និងអាជ្ញាប័ណ្ណធនធានរ៉ែផ្សេងទៀត ជាសិប្បកម្មខ្នាតតូច ក្នុងបំណងជំរុញប្រសិទ្ធភាពក្នុងការលុបបំបាត់សកម្មភាពអាជីវកម្មយករ៉ែអនាធិបតេយ្យ និងការគ្រប់គ្រងសកម្មភាពអាជីវកម្មធនធានរ៉ែ មានលក្ខណៈជាសិប្បកម្មខ្នាតតូច។
អាជីវកម្មធនធានរ៉ែ មានលក្ខណៈជាសិប្បកម្មខ្នាតតូច ដូចជាប្រើប្រាស់ទុនវិនិយោគតិចបំផុត ប្រើប្រាស់ឧបករណ៍សាមញ្ញ ដែលមានកំណត់នៅក្នុងមូលដ្ឋាន។ អនុវត្តនៅក្នុងតំបន់ដែលកំណត់ធនធានរ៉ែ រាយប៉ាយនៅក្នុងដីល្បប់ ខ្សាច់ ក្រួស សិលា ក្នុងផ្ទៃដីមិនលើស ១ហិកតារ និងជម្រៅដីមិនលើស ៥ម៉ែត្រ។
សេចក្ដីប្រកាសរបស់ក្រសួងរ៉ែនិងថាមពលដែរ កាលពីចុងឆ្នាំ២០១៤ ថ្ងៃ៣០ ខែធ្នូ បានកំណត់តំបន់មិនអនុញ្ញាតឲ្យមានអាជីវកម្មខ្សាច់នៅតាមដងទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រៃវែង។ សេចក្ដីប្រកាសនោះបានអំពាវនាវឲ្យគ្រប់ស្ថាប័ន ប្រសិនបើឃើញមានកាណូត ទូក សាឡង់ ធ្វើសកម្មភាពបូមខ្សាច់ក្នុងទន្លេ នៅតំបន់ហាមឃាត់ទាំង៣នេះ អាជ្ញាធរពាក់ព័ន្ធត្រូវទប់ស្កាត់ បង្ក្រាប និងផ្ដន្ទាទោសអ្នកប្រព្រឹត្តបទល្មើសតាមច្បាប់ស្ដីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ តាមមាត្រា ៣៥ នៃច្បាប់នោះ ព្រោះអតីតក្រសួងឧស្សាហកម្មរ៉ែនិងថាមពល ប្រកាសនិរាករណ៍រាល់អាជ្ញាប័ណ្ណ បូមខ្សាច់ទាំងអស់ក្នុងតំបន់ទន្លេបាសាក់ ទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម តាំងពីឆ្នាំ២០១១ មកម្ល៉េះ។
អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល លោក ស៊ុយ ឌីម៉ង់ ថ្លែងថា ក្រសួងនេះមិនដែលផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់ដល់នីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយក្នុងតំបន់ទន្លេទាំង៣នេះទេ៖ «ក្រសួងរ៉ែនិងថាមពល នៅមិនទាន់បានចេញអាជ្ញាប័ណ្ណឲ្យទៅក្រុមហ៊ុនណាធ្វើការបូមខ្សាច់នៅឡើយទេ មកដល់ពេលបច្ចុប្បន្ននេះ ដោយមូលហេតុក្រុមហ៊ុនទាំងអស់នោះគាត់ត្រូវការធ្វើការសិក្សាជលវិជ្ជា ហើយកំពុងតែរង់ចាំការសិក្សាជលវិជ្ជាពីក្រសួងធនធានទឹក ពីគណៈកម្មការគ្រប់គ្រងធនធានខ្សាច់។ បើអ៊ីចឹងការបូមខ្សាច់ទាំងអស់ដែលកើតមានឡើងក្នុងអំឡុងពេលនេះ អាចសន្និដ្ឋានបានថា មិនទាន់មានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងរ៉ែនិងថាមពលនៅឡើយទេ»។
ទោះជាមានការអះអាងពីមន្ត្រីគណៈកម្មការគ្រប់គ្រងធនធានខ្សាច់ និងមន្ត្រីក្រសួងរ៉ែនិងថាមពល ថាមិនផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមបូមខ្សាច់ណាមួយនោះក៏ដោយ គេឃើញសកម្មភាពបូមខ្សាច់ក្នុងទន្លេមុខព្រះបរមរាជវាំង ដោយសាឡង់ និងកាណូតធំៗ ជាង ១០គ្រឿង នៅតែធ្វើសកម្មភាពក្នុងទន្លេហាមឃាត់ដដែល ដោយគ្មានការទប់ស្កាត់បទល្មើសនោះទេ នៅមុនចូលឆ្នាំចិន ដែលនាំឲ្យមានការបាក់ដីចូលទន្លេ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។