ក្រសួងរ៉ែនិងថាមពលនឹងឆ្លើយបំភ្លឺជុំវិញអាជីវកម្មខ្សាច់នាំចេញទៅក្រៅប្រទេសនិងប្រាក់ចំណូល
2016.11.02
ក្រសួងរ៉ែ និងថាមពល នឹងឆ្លើយបំភ្លឺចំពោះចម្ងល់ទាំងឡាយរបស់សង្គមស៊ីវិល ជុំវិញភាពមិនប្រក្រតីនៃអាជីវកម្មនាំខ្សាច់ចេញទៅក្រៅប្រទេស និងប្រាក់ចំណូលពីអាជីវកម្មនេះ។ ចំណែកក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ក៏ត្រៀមកោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ចូលឆ្លើយបំភ្លឺនៅរដ្ឋសភាជុំវិញរឿងនេះដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ក្រសួងមិនរារែកក្នុងការឆ្លើយបំភ្លឺក្នុងរឿងអាជីវកម្មខ្សាច់ និងការទទួលខុសត្រូវមួយចំនួនរបស់ក្រសួង ដោយឈរលើមូលដ្ឋានបច្ចេកទេស។
ស្ថាប័នសង្គមស៊ីវិលចំនួន៤៧ កាលពីថ្ងៃទី៣១ តុលា បានរួមគ្នាដាក់លិខិតចំហមួយទៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ឲ្យចេញមុខបកស្រាយជុំវិញរឿងកម្ពុជា បាត់លុយជាង ៧៥០លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញខ្សាច់ទៅលក់នៅសិង្ហបុរី។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា មានប្រសាសន៍កាលពីថ្ងៃទី១ វិច្ឆិកា ថា ក្រសួងបានទទួលលិខិតពីសង្គមស៊ីវិលទាំងនោះហើយ និងកំពុងពិនិត្យមើលខ្លឹមសារ ព្រមទាំងសំណួរនៅក្នុងលិខិតនោះ តើមានភាពជាក់លាក់ និងមានប្រភពច្បាស់លាស់ ឬយ៉ាងណា មុនធ្វើការឆ្លើយបំភ្លឺជុំវិញរឿងនេះដោយចំហ និងច្បាស់លាស់ត្រឡប់ទៅវិញ៖ «យើងត្រូវការទិន្នន័យមួយចំនួន ព្រោះនៅក្នុងនោះឃើញមានសំណួរដែលទាក់ទងនឹងទិន្នន័យដែរ គិតថានឹងឆ្លើយជូនឆាប់ព្រោះអត់មានរឿងអីត្រូវលាក់បាំងទេ»។
ប៉ុន្តែលោកបញ្ជាក់ថា ក្រសួងនឹងមិនបកស្រាយទៅឯកសារ ឬទិន្នន័យណាមួយដែលបានមកពីប្រភពមិនច្បាស់លាស់ និងគ្មានការទទួលខុសត្រូវ ឬឯកសារចេញដោយប្រទេសណាមួយពាក់ព័ន្ធនឹងអាជីវកម្មខ្សាច់ពីកម្ពុជា នោះឡើយ។
លិខិតចំហរបស់អង្គការសមាគមទាំង៤៧ ធ្វើឡើងក្រោយពីស្ថាប័នសង្គមស៊ីវិលទាំងនេះ ព្រមទាំងប្រជាពលរដ្ឋមិនទាន់បានទទួលការបកស្រាយច្បាស់លាស់ណាមួយពីរដ្ឋាភិបាល ទាក់ទងនឹងទិន្នន័យដ៏ចម្រូងចម្រាសពីការនាំចេញខ្សាច់នេះនៅឡើយ។
អង្គការមួយក្នុងចំណោមអង្គការ៤៧ ដែលមានឈ្មោះនៅក្នុងលិខិតនោះដែរ គឺប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជា លោក សន ជ័យ មានប្រសាសន៍បញ្ជាក់បន្ថែមលើខ្លឹមសារលិខិតនោះថា គោលបំណងសំខាន់របស់សង្គមស៊ីវិល ចង់ឲ្យមានតម្លាភាពពិតប្រាកដក្នុងអាជីវកម្មនេះ ដើម្បីឈានទៅការគ្រប់គ្រងធនធានខ្សាច់ឲ្យមាននិរន្តរភាព និងចង់ដឹងពីប្រាក់ចំណូល ដើម្បីប្រៀបធៀបនឹងទំហំនៃផលប៉ះពាល់បរិស្ថានដែលកើតមានកន្លងទៅ និងទៅអនាគត៖ «បញ្ហានេះកំពុងមានបញ្ហាចម្រូងចម្រាសខ្លះដែរ ដោយមានអ្នកជាប់គុកដោយសារការពារខ្សាច់នេះ មានអ្នករងផលប៉ះពាល់ពីអាជីវកម្មខ្សាច់នេះជាច្រើន»។
ទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បង្ហាញថា រយៈពេល ៨ឆ្នាំពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ កម្ពុជា នាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី ជិត ៣លានតោន (២.៧៧៤.៦១៣) គិតជាទឹកប្រាក់ជាង ៥លានដុល្លារអាមេរិក (៥.៥៥៧.៣៦៩ដុល្លារ) ប៉ុន្តែបើពិនិត្យមើលទិន្នន័យដែលសិង្ហបុរី នាំចូលខ្សាច់ពីកម្ពុជា វិញ មានរហូតដល់ទៅជាង ៧៣លានតោន ដែលគិតជាទឹកប្រាក់ប្រមាណ ៧៥០លានដុល្លារអាមេរិក (៧៥២.៧៦១.៩៧៨ដុល្លារ)។
ស្ថាប័នសង្គមស៊ីវិល ចង់ឲ្យលោក ស៊ុយ សែម ចេញបកស្រាយបំភ្លឺពីមូលហេតុនៃភាពខុសគ្នានៃតួលេខនោះ ដែលគិតជាទឹកប្រាក់ គឺរហូតដល់ ៧៥០លានដុល្លារអាមេរិក។
លិខិតដដែលឲ្យដឹងទៀតថា ក្រសួងក៏ត្រូវបញ្ចេញរាល់ទិន្នន័យដែលខ្លួនមានទាំងអស់ទាក់ទងនឹងការនាំចេញខ្សាច់ ទាំងបរិមាណ និងចំនួនទឹកប្រាក់។ លើសពីនេះ ក្រសួងក៏ត្រូវបង្ហាញទីតាំងដែលខ្លួនបានបូមខ្សាច់ ព្រមទាំងឯកសារវាយតម្លៃលើការប៉ះពាល់បរិស្ថានផងដែរ។
ទាក់ទងបញ្ហានេះដែរ ក្រុមអ្នកអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏មានគម្រោងកោះអញ្ជើញក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធក្នុងការគ្រប់គ្រងធនធានខ្សាច់នេះ ឆ្លើយបំភ្លឺនៅរដ្ឋសភា ជុំវិញភាពមិនប្រក្រតីមួយចំនួនក្នុងអាជីវកម្មខ្សាច់នេះ និងផលប៉ះពាល់បរិស្ថានផងដែរ៕