លោក សៅ សុខា បន្ត​ដឹកនាំ​កិច្ចប្រជុំ​តាម​ខេត្ត​ស្ដាប់​របាយការណ៍​ទប់ស្កាត់​បទល្មើស​ព្រៃឈើ

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី។
អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី។ (Photo courtesy of Eng Hy Facebook)

0:00 / 0:00

ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក សៅ សុខា បន្ត​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​៩ ខែ​កក្កដា បន្ទាប់ពី​ចុះទៅ​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី​រួចរាល់។ សកម្មជន​បរិស្ថាន យល់ថា​បេសកកម្ម​របស់ លោក សៅ សុខា នេះ មិន​សូវ​មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​គ្រាន់តែ​ស្ដាប់​របាយការណ៍​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​អាស៊ីសេរី​ថា បេសកកម្ម​ចុះ​តាម ខេត្ត​របស់​លោក សៅ សុខា នៅ​ពេល​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ និង​ស្ដាប់​របាយការណ៍​របស់​ថ្នាក់​ខេត្ត អំពី​ការ​បង្ក្រាប និង​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ពួកគេ។

លោក អេង ហ៊ី បន្ត​ថា ក្នុង​កិច្ចប្រជុំ​នៅ​ខេត្ត​ស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា គឺ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​រាយការណ៍​ថា គ្មាន​បទល្មើស​ព្រៃឈើ​នោះ​ទេ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ បើ​ទោះ​យ៉ាងណា លោក សៅ សុខា ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ពង្រឹង​សមត្ថភាព​និង​ការអនុវត្ត​ច្បាប់​បន្ថែម​ទៀត។ «»

បន្ទាប់ពី​ប្រជុំ​នៅ​ខេត្ត​ស្ទឹងត្រែង​រួច លោក សៅ សុខា បាន​បន្ត​ដំណើរ​ទៅ​ត្រួត​ពិនិត្យ​និង​ស្តាប់​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ទៀត​។ ចំណែក​ខេត្ត​ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​ខេត្ត​រតនគិរី បាន​ចុះ​ត្រួតពិនិត្យ​និង​ស្ដាប់​របាយការណ៍​រួចហើយ​គឺ​ចាប់ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៨ ខែ​សីហា។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ លើកឡើង​ថា ការ​ចុះ​ទៅ​បើក​កិច្ចប្រជុំ និង​អង្គុយ​ស្ដាប់​តែ របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត គឺ​មិន​មាន​ប្រសិទ្ធភាព​ឡើយ​។ លោក​ថ្លែង​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​នេះ​នៅតែ​បន្ត​មាន ប៉ុន្តែ មិន​សូវ​មាន​ជា​ទ្រង់ទ្រាយ​ធំ​ដូច​មុន​ទេ ដោយសារតែ​ជា​រដូវភ្លៀង និង​មាន​ដំណឹង​ពី​ការ​ចុះ​ទៅ​បង្ក្រាប។ «»

សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល ក៏​នៅតែ​ជំរុញ​គណៈកម្មការ​ជំនាញ ត្រូវ​ស៊ើបអង្កេត​រក​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​ចាស់ៗ ក្នុង​រង្វង់​អាជ្ញាយុកាល ១៥ ឆ្នាំ​ដែល​កំណត់​ដោយ​ក្រមព្រហ្មទណ្ឌ។ ពួកគេ ថា ការអនុវត្ត​ច្បាប់​ចំពោះ​ឧកញ៉ា សឹង សំអុល នៅ​មិនទាន់​គ្រប់គ្រាន់​ទេ នៅ​មាន​ក្រុម​ឧក្រិដ្ឋជន​ជាច្រើន​នាក់​ទៀត រួមមាន ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ជាដើម។

លោក អេង ហ៊ី ថ្លែង​ថា ការ​លើកឡើង​របស់​សកម្ម​ជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​បែបនេះ គឺជា បញ្ចេញមតិ​ដោយ​គ្មាន​មូលដ្ឋាន។ លោក​បញ្ជាក់​ថា គណៈកម្មការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស ព្រៃឈើ មិន​អាច​ធ្វើតាម​បាន​នោះ​ទេ។ «»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ទទួលស្គាល់​ថា បើ​គ្រាន់តែ​ចុះទៅ​ស្ដាប់​របាយការណ៍​របស់​អាជ្ញាធរ​តាម​ខេត្ត​នោះ​គឺ​មិន​មាន​ប្រសិទ្ធភាព​ឡើយ ពីព្រោះ​អាជ្ញាធរ​ខេត្ត​ខ្លះ​រង​ការ​ចោទ​ថា ឃុបឃិត​ជាមួយ​ឈ្មួញ និង​លាក់បាំង បទល្មើស​ព្រៃឈើ​។ លោក​នៅតែ​ស្នើសុំ​ឱ្យ​អនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​ព្រៃឈើ និង​អ្នក​ពាក់ព័ន្ធ ជាច្រើន​នាក់​ទៀត ទោះបីជា​បទល្មើស​នោះ​កើតឡើង​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ក្តី ព្រោះ​មិនទាន់​ផុត​អាជ្ញាយុកាល​១៥​ឆ្នាំ​ឡើយ ។ លោក ថ្លែង​ថា អាជ្ញាធរ​ជំនាញ ត្រូវតែ​នាំ​ពួកគេ មក​ទទួលទោស និង​សង​សំណង​ខូចខាត​ព្រៃឈើ។ «»

គិត​មក​ដល់​ពេល​នេះ សាលាដំបូង​ខេត្ត​មណ្ឌលគិរី បាន​ចេញ​ដីកា​កោះហៅ​ឧកញ៉ា​៤​នាក់​ហើយ ឱ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ ក្នុង​នោះ​មាន ឧកញ៉ា ស្រ៊ុន ម៉េងលាង ជា​ម្ចាស់​ក្រុមហ៊ុន​ម៉េង​លាង ឧកញ៉ា តុប វីដា ជា​ម្ចាស់​ក្រុមហ៊ុន​វិជ្ជរី ឧកញ៉ា វន់ ប៊ុនថៃ និង​ឧកញ៉ា គង់ ក្រឹង ខណៈ​ឧកញ៉ា សឹង សំអុល និង​កូនចៅ​៣​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​មណ្ឌលគិរី សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ។ ក្រៅពី​ឧកញ៉ា​ទាំងនេះ សាលាដំបូង​ខេត្ត​មណ្ឌលគិរី ក៏បាន​ឃាត់ខ្លួន និង​កោះហៅ​មនុស្ស​ប្រមាណ ២០​នាក់​ផ្សេងទៀត ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​អំឡុង​ចុងខែ​សីហា​នេះ​ដែរ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ម្ចាស់​ក្រុមហ៊ុន នាយក​ក្រុមហ៊ុន អ្នកចាត់ចែង​ក្រុមហ៊ុន ហើយ​មាន​ជនសង្ស័យ​មួយ​ចំនួន​គឺជា​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម​ផង​ដែរ។

ដោយឡែក​ចំពោះ​របាយការណ៍​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ បង្ហាញ​ដែរ​ថា រយៈពេល​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ គណៈកម្មការ​ជំនាញ បាន​រឹបអូស​ឈើ​ជិត ១​ម៉ឺន​ម៉ែត្រ​គូប និង​ដុត​កម្ទេច​រថយន្ត​ដែល​បម្រើ​ឱ្យ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ជាង ១​រយ​គ្រឿង ព្រមទាំង​បាន​បិទ​ទីតាំង​កែច្នៃ​ទាំងអស់​នៅ​ខេត្ត​ភាគ​ឦសាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។