ពលរដ្ឋ ១៧៤គ្រួសារ ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ រស់នៅភូមិស្រែស្រណុក និងភូមិច្រប់ ឃុំក្បាលរមាស ដែលត្រូវជម្លៀសទៅកាន់ទីលំនៅថ្មី ឋិតនៅភូមិអូរផ្លិត ក្នុងឃុំក្បាលរមាស ដដែល គ្រោងតវ៉ាទៅអាជ្ញាធរខេត្ត ទាក់ទិនលំនៅឋានពួកគាត់ ៨ខ្នង រងការខូចខាតជាបណ្ដើរៗ។
ការខូចខាតនេះ ពួកគាត់ចាត់ទុកថា គម្រោងសាងសង់របស់ក្រុមហ៊ុនទំនប់វារីអគ្គិសនីទទួលបន្ទុកសាងសង់ ខ្វះបច្ចេកទេស និងគ្មានស្តង់ដារ។ ចំណែកអាជ្ញាធរខេត្តអះអាងថា ពលរដ្ឋអាចចូលរួមត្រួតពិនិត្យសកម្មភាពសាងសង់របស់ក្រុមហ៊ុន និងរាយការណ៍ពីភាពចន្លោះប្រហោងជូនអាជ្ញាធរមូលដ្ឋាន។
ក្រុមពលរដ្ឋគ្រោងទៅតាំងទីលំនៅថ្មីក្នុងភូមិអូរផ្លិត ឃុំក្បាលរមាស ស្រុកសេសាន ទាមទារឲ្យក្រុមហ៊ុន និងអាជ្ញាធរទទួលបន្ទុកសាងសង់លំនៅឋាន ធ្វើកិច្ចសន្យាជាក់លាក់ស្ដីពីការធានានៃគុណភាពសំណង់ ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។ ការទាមទារនេះ ធ្វើឡើងស្របពេលដែលលំនៅឋាន ៨ខ្នង ដែលក្រុមហ៊ុនសាងសង់បានជាង ៩០% រងការខូចខាតទៅវិញជាបណ្ដើរៗ ថែមទាំងមានស្នាមប្រេះជញ្ជាំងផ្ទះមួយខ្នងទៀតផង។ ក្រុមពលរដ្ឋទាំងនោះ ចាត់ទុកសកម្មភាពសាងសង់លំនៅឋាននេះ ធ្វើឡើងដោយភាពប្រញាប់ប្រញាល់ ហាក់មិនយកចិត្តទុកដាក់ក្នុងការសាងសង់ឲ្យមានគុណភាពឡើយ។ ចំណែកអាជ្ញាធរខេត្តអះអាងថា ពលរដ្ឋអាចចូលរួមត្រួតពិនិត្យសកម្មភាពសាងសង់ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាសមាជិកលេខាធិការដ្ឋាន នៃគណៈកម្មការដោះស្រាយផលប៉ះពាល់នៅតំបន់នោះផ្ទាល់ បើរកឃើញពីភាពចន្លោះប្រហោងនៃក្រុមហ៊ុនទទួលបន្ទុកសាងសង់។
តំណាងពលរដ្ឋជនជាតិដើមភាគតិចព្នង លោក ប៉ឹម ឈូក រៀបរាប់ថា ក្រុមពលរដ្ឋទាមទារឲ្យអាជ្ញាធរ ឬតំណាងក្រុមហ៊ុន ចុះកិច្ចសន្យាជាក់លាក់ស្ដីពីការធានាគុណភាពលំនៅឋាន។ លោកថា ប្រសិនបើអាជ្ញាធរខេត្តមិនយល់ព្រមតាមសំណើពលរដ្ឋនោះទេ ក្រុមពលរដ្ឋជាង ១០០គ្រួសារ នឹងមិនព្រមចាកចេញជាដាច់ខាតពីទីតាំងចាស់។ លោកបារម្ភថា ការមិនទទួលខុសត្រូវរបស់ក្រុមហ៊ុនសាងសង់ នឹងអាចកើតមានបញ្ហាច្រើនទៅថ្ងៃខាងមុខ នៅពេលគុណភាពសំណង់នេះរងការខូចខាត៖ «យើងអត់ទាន់បាននៅផង ផ្ទះហ្នឹងស្រុតបាត់ប៉ុណ្ណឹងហើយ បើថាផ្ទះយើងមកនៅ បើខូចខាតអ្នកណាដែរមកទទួលទៀត»។
ពលរដ្ឋម្នាក់ទៀតជាជនជាតិដើមភាគតិចព្រៅ អ្នកស្រី ឈៀ ក្រេង និយាយថា ផ្ទះដែលគេគ្រោងផ្តល់ជូនគ្រួសារអ្នកស្រី ដែលក្រុមហ៊ុននៅមិនទាន់សាងសង់រួចរាល់ បានខូចខាតមួយផ្នែកដូចជា បាក់ការ៉ូ ស្រុតបាត និងមានស្នាមប្រេះជញ្ជាំង។ អ្នកស្រីចង់ឲ្យអាជ្ញាធរខេត្ត ផ្តល់ជាលិខិតជាក់លាក់ស្ដីពីគុណភាពផ្ទះ ស្របតាមបច្ចេកទេសដែលធានាពីគុណភាពត្រឹមត្រូវ៖ «ហើយក្រុមហ៊ុនសន្យាថា ផ្ទះនេះនឹងស្អាតបំផុត ហើយរឹងមាំទៀត។ ឥឡូវនេះអត់ទាន់បាននឹងនផង អត់ស្អាត បើសិនថាមានកិច្ចសន្យាពីក្រុមហ៊ុន ពួកយើងអត់ទទួលយកទាំងអស់ផ្ទះនេះ ហើយក៏អត់ព្រមចេញទៀត លុះត្រាតែក្រុមហ៊ុនចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋរយៈពេលប៉ុន្មានឆ្នាំៗ ទើបពួកយើងយក»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ លោក កៅ វ៉ាងអ៊ឺវ ដែលទទួលបន្ទុកសាងសង់លំនៅឋានជូនពលរដ្ឋនោះបានទេ កាលពីថ្ងៃទី៧ កក្កដា ព្រោះទូរស័ព្ទចូលពុំមានអ្នកទទួល។

លេខាធិការនៃគណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្តស្ទឹងត្រែង និងជាអនុប្រធានរដ្ឋបាលសាលាខេត្ត លោក ម៉ែន គង់ មានប្រសាសន៍ថា លទ្ធផលនៃការចាប់ឆ្នោតរបស់ពលរដ្ឋកន្លងមក ពលរដ្ឋអាចដឹងពីលំនៅឋានតាមលេខរៀង ថែមទាំងអាចតាមដានត្រួតពិនិត្យសកម្មភាពសាងសង់លំនៅឋានដោយក្រុមហ៊ុន។ លោកថា ប្រសិនបើពលរដ្ឋរកឃើញមានចន្លោះប្រហោងកន្លែងណាមួយ ទាក់ទិនការសាងសង់របស់ក្រុមហ៊ុន ពលរដ្ឋអាចរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន។ ចំណែកអាជ្ញាធរមូលដ្ឋាន នឹងជូនដំណឹងមកលេខាធិការដ្ឋាននៃគណៈកម្មការដោះស្រាយផលប៉ះពាល់ខេត្ត។ ជាងនេះទៅទៀត អាជ្ញាធរខេត្ត នឹងជំរុញឲ្យក្រុមហ៊ុនទទួលបន្ទុកសាងសង់ជួសជុលឡើងវិញ ឲ្យស្របទៅនឹងគោលនយោបាយដោះស្រាយផលប៉ះពាល់ ប្រសិនបើរកឃើញពីការខូចខាតនៃសំណង់ទាំងនោះពិតមែន។ លោកបញ្ជាក់ថា លេខាធិការនៃគណៈកម្មការដោះស្រាយផលប៉ះពាល់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាននៅតំបន់នោះ ដើម្បីរាយការណ៍មកអាជ្ញាធរខេត្តជាបន្ទាន់ពីបញ្ហាដែលកើតមាន និងភាពចន្លោះប្រហោងនៃសកម្មភាពសាងសង់៖ «គោលនយោបាយសំណងគេនិយាយថា សំណងជូនពលរដ្ឋ ៥គ្រួសារទាំងសំណងសាធារណៈ មានន័យថា ដូចជា មណ្ឌលសុខភាពសាលាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលជាដើម ក្រុមហ៊ុនសាងសង់ ត្រូវតែធានាគុណភាពជូនពលរដ្ឋ ក៏ដូចជាជូនអាជ្ញាធរដែលទទួលខុសត្រូវតាមមូលដ្ឋាននីមួយៗ ប៉ុន្តែយើងមិនមានចែងក្នុងកិច្ចសន្យាទេ មានចែងក្នុងគោលនយោបាយហើយ»។
អ្នកភូមិឲ្យដឹងថា លំនៅឋានដែលអាជ្ញាធរផ្ដល់ជូនពួកគាត់មានទំហំដី ២០ម៉ែត្រគុណនឹង ៥០ម៉ែត្រ រួមទាំងទំហំផ្ទះបណ្តោយ ១០ម៉ែត្រ ទទឹង ៧ម៉ែត្រ មានបន្ទប់២ បង្គន់អនាម័យ១ និងអណ្ដូងទឹក ឬហៅថាអណ្ដូងស្នប់សម្រាប់ប្រើប្រាស់រួម។ ជាងនេះទៅទៀត លំនៅឋានជាង ១០០ខ្នងនៅអមសងខាងផ្លូវជាតិលេខ៧៨ ពីរាជធានីភ្នំពេញទៅខេត្តរតនគីរី។ ដោយឡែកពលរដ្ឋចំនួន ២ភូមិ មកពីភូមិស្រែស្រណុក និងភូមិច្រប់ ឃុំក្បាលរមាស ដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ តម្រូវឲ្យរស់នៅលំនៅឋាននេះ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល លើកឡើងថា ក្រុមហ៊ុនទទួលបន្ទុកសាងសង់ ត្រូវទទួលខុសត្រូវរាល់ការសាងសង់ដែលធានាគុណភាពបច្ចេកទេសសំណង់ឲ្យច្បាស់លាស់។ លោកថា ការទាមទាររបស់ពលរដ្ឋ គឺជាមូលដ្ឋានយ៉ាងសំខាន់ ដែលអាជ្ញាធរត្រូវយកចិត្តទុកដាក់ និងជំរុញឲ្យក្រុមហ៊ុនផ្តល់ជារបាយការណ៍ជាក់លាក់ស្ដីពីចំណាយ គុណភាពសំណង់ ដើម្បីឲ្យស្របទៅនឹងគោលនយោបាយដោះស្រាយផលប៉ះពាល់របស់រដ្ឋាភិបាល។ លោកបារម្ភថា គុណភាពសំណង់មិនមានបច្ចេកទេសត្រឹមត្រូវ នឹងបង្កជាគុណវិបត្តិធ្ងន់ធ្ងរដល់ការរស់នៅរបស់ពលរដ្ឋទៅថ្ងៃអនាគត។ លោកអំពាវនាវឲ្យអាជ្ញាធរខេត្ត ឬលេខាធិការដ្ឋាននៃគណៈកម្មការដោះស្រាយផលប៉ះពាល់ ជំរុញឲ្យក្រុមហ៊ុនទទួលខុសត្រូវចំពោះលំនៅឋាន៖ «ឬមួយក៏ឲ្យឯកសារជាក់លាក់ណាមួយឲ្យទៅប្រជាពលរដ្ឋ ខាងក្រុមហ៊ុន ឬមួយខាងអាជ្ញាធរខេត្តហ្នឹង គេធានាខុសត្រូវក្នុងរយៈពេល ៣ឆ្នាំ ឬ ១ឆ្នាំ ២ឆ្នាំចឹងទៅ បើមានការខូចខាតអី ឲ្យខាងក្រុមហ៊ុន ឬមួយខាងអាជ្ញាធរខេត្តហ្នឹង ជួសជុលឲ្យ ឬមួយក៏ធ្វើឲ្យសាថ្មី»។
លោក ហូ សំអុល យល់ថា ការសាងសង់លំនៅឋានជូនពលរដ្ឋដែលរងផលប៉ះពាល់ គួរតែមានអ្នកជំនាញផ្នែកសំណង់ ត្រួតពិនិត្យដោយឯករាជ្យពីគុណភាពសំណង់បច្ចេកទេស និងសកម្មភាពសាងសង់ឲ្យត្រឹមត្រូវ ទើបអាចរំពឹងថា សកម្មភាពសាងសង់ទាំងនោះធានាបាននូវគុណភាពប្រសើរ។ បន្ថែមពីលើនេះ លោកថា សកម្មភាពសាងសង់របស់ក្រុមហ៊ុនអាចមានភាពចន្លោះប្រហោងច្រើន ដោយសារតែអាជ្ញាធរមិនបានយកចិត្តទុកដាក់ ត្រួតពិនិត្យសកម្មភាពសាងសង់ និងការទទួលខុសត្រូវ។ ជាងនេះទៅទៀត ក្រុមហ៊ុនទទួលបន្ទុកសាងសង់ អាចជិះសេះលែងដៃ បើអាជ្ញាធរព្រងើយកន្តើយសកម្មភាពសាងសង់របស់ក្រុមហ៊ុន។
តួលេខសមាគមអាដហុក ឲ្យដឹងថា ក្នុងឃុំក្បាលរមាស ស្រុកសេសាន មាន ៣ភូមិ គឺភូមិស្រែស្រណុក ភូមិច្រប់ និងភូមិក្បាលរមាស ត្រូវជម្លៀសចេញពីលំនៅឋាន។ ក្នុងនោះ ពលរដ្ឋរស់នៅភូមិច្រប់ យល់ព្រមចាកចេញទាំងអស់។ ចំណែកពលរដ្ឋរស់នៅភូមិស្រែស្រណុក នៅសល់តែមួយគ្រួសារទេដែលមិនព្រមចាកចេញ និងមិនព្រមទទួលយកសំណង។ ដោយឡែកភូមិក្បាលរមាស នៅសល់ ៣០ភាគរយ មិនព្រមចាកចេញក្នុងចំណោមពលរដ្ឋជាង ១០០គ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។