ពលរដ្ឋដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅស្រុកសេសាន ខែត្រស្ទឹងត្រែង ជាង ២រយនាក់ បានប្រារព្ធពិធីសែនព្រេន នៅភូមិក្បាលរមាសចាស់ នៅព្រឹកថ្ងៃទី២១ វិច្ឆិកា ក្នុងបំណងទាមទារឲ្យក្រុមហ៊ុនទទួលខុសត្រូវ ពីការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ផ្នូរដូនតា និងដីស្រែចម្ការជាដើម ដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
អ្នកភូមិក្បាលរមាស និងភូមិស្រែគរចាស់ ជាង ១រយគ្រួសារ ដែលបដិសេធមិនទទួលសំណងពីក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ បាននាំគ្នាកាប់ក្របី គោ ជ្រូក និងមាន់ទា ដើម្បីធ្វើពិធីសែនព្រេន ក្នុងបំណងបង្ហាញពីទុក្ខកង្វល់របស់សហគមន៍ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
តំណាងជនជាតិដើមភាគតិចព្នង នៅភូមិក្បាលរមាសចាស់ លោក ប្រច់ រិទ្ធី ចាត់ទុកការបិទទ្វារទឹកជាស្ថាពររបស់ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ គឺជាគ្រោះមហន្តរាយធ្ងន់ធ្ងរ នាំឲ្យខូចខាតផលដំណាំកសិកម្ម ផ្ទះសម្បែង ផ្នូរដូនតា ព្រៃឈើ និងកុមារជាង ៨០នាក់ នៅភូមិក្បាលរមាសបោះបង់ការសិក្សា។ បញ្ហានេះអ្នកភូមិទាមទារឲ្យក្រុមហ៊ុនទទួលខុសត្រូវ ខណៈមកទល់ពេលនេះអ្នកភូមិមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។ លោកថា ពិធីសែនព្រេននោះ ធ្វើឡើងបីទីតាំង គីនៅក្នុងភូមិចាស់ពួកគាត់ នៅតំបន់ផ្នូរដូនតា និងនៅទីទួលខ្ពស់ដែលពួកគាត់មករស់នៅជាបណ្ដោះអាសន្ន។ «»
ពលរដ្ឋម្នាក់ទៀត រស់នៅភូមិស្រែគរចាស់ លោក ហ្វុត ឃឿន ឲ្យដឹងនៅថ្ងៃទី២១ វិច្ឆិកា ថា ការស្វែងរកដំណោះស្រាយបញ្ហានេះ បានអូសបន្លាយរហូតបច្ចុប្បន្ន ហើយអាជ្ញាធរខែត្រនៅតែព្យាយាមផ្សព្វផ្សាយពីគោលនយោបាយសំណង ដែលពួកគាត់មិនពេញចិត្ត។ លោកថា ការចាកចេញពីភូមិកំណើត គឺជាមូលហេតុនាំឲ្យបាត់បង់ប្រពៃណីវប្បធម៌ ផ្នូរដូនតា ធនធានធម្មជាតិ និងទន្លេដែលជាប្រភពប្រាក់ចំណូលមិនចេះរីងស្ងួត។ លោកបន្ថែមថា ការសិក្សារកទីតាំងថ្មី នៅទីទួលខ្ពស់ក្បែរភូមិចាស់ ដែលពលរដ្ឋបានស្នើទៅអាជ្ញាធរ និងក្រុមហ៊ុន កំពុងឋិតក្នុងភាពមិនច្បាស់លាស់ បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សន្យានឹងដោះស្រាយបញ្ហានេះនៅចំពោះមុខអ្នកភូមិក្ដី។ «»
ជំនឿរបស់ជនជាតិព្នងភូមិក្បាលរមាស រៀងរាល់ឆ្នាំពួកគេតែងរួមគ្នារៀបចំកាប់គោ ជ្រូក ស្ងោរមាន់ និងស្រាពាង យកមកសែនខ្ទម អ្នកតា ម្ចាស់ទឹកដី ដែលអ្នកភូមិជឿថា បារមីអ្នកតា ជួយឲ្យអ្នកភូមិទទួល ទទួលបានសេចក្ដីសុខ និងជៀសផុតគ្រោះមហន្តរាយ ឬការពារមិនឲ្យកើតមានជំងឺរាតត្បាតក្នុងភូមិ។
អតីតមេឃុំស្រែគរ លោក សៀក មេគង្គ យល់ថា ពលរដ្ឋដែលក្រាញននៀលមិនទទួលសំណងពីក្រុមហ៊ុន ជួបបាតុភាពច្រើនទាំងជីវភាពរស់នៅ ធ្វើដំណើរលំបាក និងបាត់បង់ផ្ទះសម្បែងជាដើម។ លោកថា មកទល់ពេលនេះ ក្រុមហ៊ុន និងអាជ្ញាធរ មិនអាចស្រង់ស្ថិតិផ្ដល់សំណងផលដំណាំបានទេ ដោយសារទឹកលិចលង់អស់ហើយ រីឯក្រុមហ៊ុន និងអាជ្ញាធរចង់ឲ្យអ្នកភូមិប្ដូរឥរិយាបថទៅរស់នៅភូមិថ្មីដែលក្រុមហ៊ុនបានត្រៀមលំនៅឋានជូនអ្នកភូមិអស់ហើយ និងមានដីកសិកម្មមួយគ្រួសារ ៥ហិកតារ។ លោកថា អាជ្ញាធរ និងក្រុមហ៊ុន នៅតែបដិសេធមិនសងសង់ភូមិថ្មីជូនពលរដ្ឋនោះទេ ព្រោះចំណាយធនធានច្រើន។ «»
លិខិតជូនដំណឹងរបស់អភិបាលខែត្រស្ទឹងត្រែងលោក មុំ សារឿន ចុះថ្ងៃ១១ តុលា បញ្ជាក់ថា ក្នុងករណីដែលពលរដ្ឋមិនទទួលសំណង រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានផ្ដល់ជម្រើសនានា ជូនពលរដ្ឋដែលចង់យកទីតាំងថ្មី ឋិតនៅក្បែរភូមិចាស់ និងធ្លាប់អាស្រ័យផលស្រាប់ ដែលជាទីតាំងមានសុវត្ថិភាព ដើម្បីសាងសង់លំនៅឋានថ្មីរស់នៅ។ លើសពីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនអះអាងថា នឹងបន្តសហការដោះស្រាយផលប៉ះពាល់ ផ្អែកតាមគោលនយោបាយសមស្របជូនពលរដ្ឋផ្ទាល់។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខែត្រស្ទឹងត្រែង លោក ហូ សំអុល មើលឃើញថា កន្លងទៅប្រមុខរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឲ្យអ្នកភូមិសង់ទីលំនៅថ្មីបាន ហើយថា អាជ្ញាធរ និងក្រុមហ៊ុនត្រូវសហការដោះស្រាយបញ្ហានេះ។ ក៏ប៉ុន្តែបើអាជ្ញាធរខែត្រ និងក្រុមហ៊ុនមិនឯកភាពស្ថាបនាភូមិថ្មី តាមសំណូមពររបស់សហគមន៍ទេ គឺជាករណីផ្ទុយពីប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល។ «»
របាយការណ៍អាជ្ញាធរឃុំស្រែគរ អោយដឹងថា រយៈពេលប្រមាណ ៣ខែចុងក្រោយនេះ ពលរដ្ឋជាង ៥០គ្រួសារថ្មីទៀត នៅឃុំស្រែគរ បានយល់ព្រមទទួលសំណង និងចាកចេញពីភូមិចាស់ ទៅរស់នៅភូមិថ្មី ហើយបច្ចុប្បន្នពលរដ្ឋរស់នៅឃុំក្បាលរមាស ៥៧គ្រួសារ និងឃុំស្រែគរជាង ៧០គ្រួសារ នៅមិនទាន់យល់ព្រមទទួលសំណងពីក្រុមហ៊ុននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។