នៅខេត្តសៀមរាបនេះដែរ អាជ្ញាធរអប្សរា និងមន្ត្រីរដ្ឋបាលព្រៃឈើ រងការចោទថា ខ្វះចន្លោះក្នុងការអភិរក្សព្រៃឈើ ក្នុងតំបន់ឧទ្យានអង្គរ បណ្តាលឱ្យដើមឈើធ្នង់មួយដើម មុខកាត់ជាង ១ ម៉ែត្រ ២ តឹក ប្រវែងជាង ៦ ម៉ែត្រ ត្រូវបានក្រុមជនល្មើស លួចកាប់ កាលពីថ្ងៃទី ២៧ កញ្ញា កន្លងទៅ។
ពលរដ្ឋរស់តំបន់ឧទ្យានអង្គរ ដែលចុះពិនិត្យបទល្មើសព្រៃឈើនេះ គឺ លោក លី ម៉ាលី ប្រាប់វិទ្យុអាស៊ីសេរី ថា សកម្មភាពលួចកាប់ឈើប្រណិតមានតម្លៃនេះ មានការឃុបឃិតគ្នារវាង ក្រុមជនល្មើស និងមន្ត្រីពាក់ព័ន្ធ ដែលឈរជើងយាមព្រៃនៅទីនោះ។ លោកឆ្ងល់ថា ដើមឈើមួយដើមនេះ មានមុខកាត់ជាង ១ម៉ែត្រ ដែលមានអាយុកាលរាប់រយឆ្នាំត្រូវក្រុមជនល្មើស ប្រើរណាយន្តលួចអាររំលំ មានសំឡេងលាន់រំពង ហេតុអ្វីបានសមត្ថកិច្ចជំនាញមិនចុះហាមឃាត់ភ្លាមៗ?
ករណីវាចង់បាន ដើមណាមួយត្រូវធ្វើអ៊ីចឹង កលល្បិច ឆ្លើយថា អត់ដឹង យើងចោទម៉េចទៀត? ដូចករណី ដើមគ្រញូងនៅមុខអង្គរ ដើមឡើយនៅល្អ ខ្វៀលឫស ធ្វើម៉េចបើវាងាប់ហើយ ចុះបើកាប់ឫសគ្នាអស់ហើយ ធ្វើម៉េចឱ្យគ្នារស់កើត។
វិទ្យុអាស៊ីសេរីមិនទាន់អាច ទាក់ទង អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល បាននៅឡើយទេ កាលពីថ្ងៃទី ៣០ កញ្ញា។
ពលរដ្ឋសង្កេតឃើញថា បទល្មើលព្រៃឈើទាំងនេះ ពុំមែនជារឿងថ្មីឡើយ ដែលអាជ្ញាធរអប្សរា និង មន្ត្រីរដ្ឋបាលព្រៃឈើ បានប្រព្រឹត្តកំហុសដដែលៗ ធ្វើឱ្យដើមឈើជាច្រើនប្រភេទ ដុះក្នុងតំបន់ឧទ្យានអង្គរ ទាក់ទាញភ្ញៀវទេសចរ បន្តបាត់បង់រួមមាន ដើមគ្រញូង ឈើទាល និង ធ្នង់ ជាដើម។
បន្ថែមពីនេះទៀត ដើមឈើធ្នង់ដែលគេលួចកាប់ ដុះក្នុងតំបន់ឧទ្យានអង្គរ នៅមិនឆ្ងាយ ពីអង្គរវត្ត ដោយមានរបងលួស ហ៊ុមព័ទ្ធ ហើយមានតម្លៃរាប់ម៉ឺនដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។