របាយការណ៍បឋមរបស់អាជ្ញាធរខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ឲ្យដឹងថា គិតពីថ្ងៃទី៥ រហូតមកដល់ថ្ងៃទី៧ ខែតុលា នេះ ជំនន់ទឹកភ្លៀងបានបណ្ដាលឲ្យមនុស្សស្លាប់ និងលិចលង់លំនៅឋានប្រជាពលរដ្ឋជាច្រើន។ ជំនន់នេះ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។ ចំណែកនៅឯខេត្តប៉ៃលិន វិញ ថ្វីត្បិតពុំមានមនុស្សស្លាប់ ប៉ុន្តែកម្លាំងទឹកដែលហូរចេញពីតំបន់ភ្នំ កំពុងបំផ្លាញ និងលិចលំនៅឋានអ្នកភូមិអស់រាប់រយខ្នងមិនអាចឲ្យពួកគាត់ស្នាក់នៅបាន។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែតុលា អភិបាលខេត្តបាត់ដំបង លោក ប្រាជ្ញ ចន្ទ បញ្ជាក់ថា រហូតមកពេលនេះ ជំនន់ទឹកភ្លៀងបានជន់លិចគ្រប់ស្រុកក្រុងទាំងអស់ក្នុងខេត្តបាត់ដំបង។ ក្នុងនោះ បណ្ដាស្រុកដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេមាននៅស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកបវេល ហើយទឹកជំនន់នេះបានសម្លាប់មនុស្សអស់ចំនួន ៥នាក់៖ «កំពុងប្រមូលផ្ដុំដោះស្រាយបញ្ហាធំៗចំពោះមុខសិន មកដល់ម្សិលមិញដូចច្បាស់លាស់ស្លាប់មោងឬស្សី ១នាក់ សង្កែ ១នាក់ ថ្មគោល ពីរនាក់ និងកំរៀង ១នាក់ នេះជារបាយការណ៍បណ្ដោះអាសន្ន»។
នៅក្រុងបាត់ដំបង ជំនន់ទឹកភ្លៀងបានជន់លិចលំនៅឋាន លិចផ្សារ លិចអគារសាលារៀន អគារធ្វើការរបស់រដ្ឋបាលមូលដ្ឋាន រួមទាំងសំណង់អគារផ្សេងជាច្រើនទៀត។ ជំនន់ទឹកភ្លៀងនេះ កំពុងហូរកាត់លើកំណាត់ផ្លូវជាតិលេខ៥។ លោកអភិបាលខេត្តបញ្ជាក់ថា ក្រុមអាជ្ញាធរកំពុងចាត់វិធានការកាយប្រឡាយ ដើម្បីរំដោះទឹកចេញពីក្រុងបាត់ដំបង និងជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមស្រុកមួយចំនួន ទៅកាន់ទីទួលសុវត្ថិភាព។
ចំណែកនៅខេត្តបន្ទាយមានជ័យ វិញ ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្សម្នាក់ នៅពេលជនរងគ្រោះបានចុះរាយមង។
អភិបាលខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន បញ្ជាក់ថា កម្ពស់ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នៅតែកើនឡើងដដែល ក្រុមអាជ្ញាធរមូលដ្ឋានកំពុងចុះជួយសង្គ្រោះប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព៖ «ឥឡូវ កំពុងចាត់ចែងហើយណាស់ បន្តបន្ទាប់បងប្អូនទាំងអស់ដែលឡើងទីទួលសុវត្ថិភាពហ្នឹង បានទទួលអស់ហើយ។ ជំហានទី២ អ្នកណាទើបឡើង យើងដោះស្រាយចំពោះមុខឲ្យគាត់សិន តិចតួចមានមីមានអីទៅសិន ឲ្យមួយគាត់មួយថ្ងៃនេះ»។
នៅខេត្តប៉ៃលិន វិញ ជំនន់ទឹកភ្លៀងកំពុងហូរចាក់យ៉ាងខ្លាំងពីតំបន់ភ្នំ ជន់លិចភូមិឋានរបស់អ្នកស្រុកនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ផ្លូវថ្នល់ សាលារៀន លំនៅឋានអ្នកភូមិរាប់រយខ្នង កំពុងជន់លិចមិនអាចធ្វើដំណើរចេញបាន។
លោក អ៊ី ឈាន អភិបាលខេត្តប៉ៃលិន បញ្ជាក់ថា លោកបានចុះធ្វើសកម្មភាពផ្ទាល់នៅក្នុងទឹក ដើម្បីជួយសង្គ្រោះអ្នកស្រុកចេញពីលំនៅឋានតាមភូមិឃុំនានាទូទាំងស្រុកសាលាក្រៅ។ លោកបន្តថា ក្នុងរយៈពេលជាង ៣០ឆ្នាំ ខេត្តប៉ៃលិន ពុំដែលជួបប្រទះទឹកជំនន់ដូចឆ្នាំនេះទេ។ បច្ចុប្បន្ន បញ្ហាចំពោះមុខ អាជ្ញាធរខេត្តបានទិញកាណូតចំនួន ៥គ្រឿង និងបណ្ដាក់គ្នាជួយសង្គ្រោះប្រជាពលរដ្ឋដែលជាប់គាំងនៅក្នុងលំនៅឋាន ចេញទៅកាន់ទីទួលសុវត្ថិភាពជាមុនសិន៖ «ខ្ញុំផ្ទាល់ ហើយនិងក្រុមការងារទាំងអស់ ចែកគ្រប់មុខសញ្ញាទាំងអស់រុញបងប្អូនឲ្យទៅដល់មូលដ្ឋានលិចលង់អត់មានទេ គាត់ទីទួលសុវត្ថិភាពដែរ ប៉ុន្តែគាត់ភ័យ យើងសង្គ្រោះកន្លែងណាដែលលិចដូចថា បើយើងមិនទៅភ្លាម អាចមានគ្រោះថ្នាក់អ៊ីចឹង ខ្ញុំឲ្យបងប្អូនទៅកន្លែងមានសុវត្ថិភាពសិនអ៊ីចឹង។ ជារួម យើងដោះស្រាយបាន អត់មានអីគ្រោះថ្នាក់ទេ ប៉ុន្តែដំណាំផ្សេងខូចអស់»។
នៅខេត្តប៉ៃលិន ដំណាំពោត និងដំឡូងមី រាប់ពាន់ហិកតារ ត្រូវបានទឹកហូរកាត់ច្រោះរបើកទាំងឫសទាំងគល់ ចេញពីដីអណ្ដែតទៅតាមទឹក។ ផ្លូវថ្នល់ លំនៅឋានអ្នកស្រុករាប់រយខ្នង កំពុងលិចលង់ស្នាក់នៅពុំកើត។ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន លំនៅឋាន រាប់ពាន់ខ្នង និងសំណង់អគារផ្សេងៗជាច្រើនទៀត កំពុងលិចទឹកមិនអាចដំណើរការបាន។ ក្រៅពីនេះ ផលដំណាំស្រូវរាប់ពាន់ហិកតារ កំពុងលិចលង់ប្រឈមទៅនឹងការខូចខាត។
ទោះយ៉ាងណា អាជ្ញាធរទាំងបីខេត្តនៅភាគពាយ័ព្យ ពុំអាចប៉ាន់ស្មានពីផលប៉ះពាល់ និងការខូចខាតបានទេ ដោយសារតែជំនន់ទឹកភ្លៀងនេះកំពុងលិចលង់នៅឡើយ ហើយការវាយតម្លៃនៃផលខូចខាតសរុប អាចធ្វើទៅបានលុះត្រាទឹកជំនន់នេះស្រកចុះទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។