ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី ៦នាក់ រួមទាំងមន្ត្រីសង្គមស៊ីវិលម្នាក់ទៀត បានប្តឹងបរិហារអាជ្ញាធរឃុំ១រូប និងអភិបាលរងខេត្តមណ្ឌលគិរីម្នាក់ទៀត ទៅតុលាការខេត្តនេះ ពីបទចេញប័ណ្ណកម្មសិទ្ធិដីធ្លីក្នុងតំបន់ព្រៃស្រោងដោយខុសច្បាប់។ សហគមន៍ស្នើឲ្យតុលាការ បើកការស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ករណីនេះ។
សហគមន៍ជនជាតិដើមភាគតិចព្នងរស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដាអំពាវនាវឱ្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បើកការស៊ើបអង្កេតទាក់ទិនករណីអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដីធ្លី ក្នុងតំបន់ព្រៃស្រោងដោយបំពានច្បាប់។ អ្នកភូមិរកឃើញថា អតីតមេឃុំប៊ូស្រា លោក កេង ញ៉ក់ ដែលបច្ចុប្បន្នជាជំទប់ទី២នៃឃុំប៊ួស្រា និង លោក ឈឹម កាន អតីតប្រធានមន្ទីររៀបចំដែនដីខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្នជាអភិបាលរងខេត្តមណ្ឌលគិរី មានជាប់ពាក់ព័ន្ធការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ប័ណ្ណ, សលាកបត្រព័ត៌មានចំនួន ៤ ច្បាប់ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីចំនួន ៤ ច្បាប់លើដីគម្របព្រៃឈើ ឋិតក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ ដែលចូលរួមប្ដឹងអាជ្ញាធរគឺលោក គ្រើង តុលា ឱ្យដឹងនៅថ្ងៃទី២៦ មករាថា បណ្ដឹងនេះតំណាងពលរដ្ឋបានដាក់ជូនរដ្ឋបាលតុលាការរួចហើយ កាលពីថ្ងៃទី២២ មករា។ លោកថា សហគមន៍មានភស្តុតាងច្បាស់លាស់ ដែលបង្ហាញថា ដីធ្លីដែលមានកំណត់ក្នុងប័ណ្ណកម្មសិទ្ធិចំនួន៦ និងលិខិតផ្ទេរសិទ្ធិ ៤ច្បាប់ រួមទាំងសលាកបត្រព័ត៌មាន ៤ច្បាប់ទៀតនោះ ឋិតក្នុងតំបន់ព្រៃស្រោងរបស់រដ្ឋ។ លោកថា គ្រាន់តែប្លង់កម្មសិទ្ធិដីធ្លីចំនួន ៦ ដែលចុះហត្ថលេខាដោយអតីតប្រធានមន្ទីរសុរិយោដីខេត្ត មានទំហំសរុបជាង ៤០ហិកតារ ឋិតក្នុងព្រៃស្រោងក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ៖ «សំណូមពរឱ្យព្រះរាជអាជ្ញា ក៏ដូចជាចៅក្រមស៊ើបអង្កេតឱ្យជាក់លាក់ គោរពច្បាប់ ធ្វើតាមច្បាប់ ខុសដឹងខុសត្រូវដឹងត្រូវ។ សូមឱ្យគាត់ចុះ បង្កើតគណៈកម្មការមក ចុះស្រាវជ្រាវថា នៅក្នុងខេត្តមណ្ឌលគិរីហ្នឹង យើងអត់ចង់ធ្វើប៉ុន្មានប្លង់ទេ យើងចង់ធ្វើមួយខេត្តមណ្ឌលគិរី។ តើមានប៉ុន្មានប្លង់ដែលអាជ្ញាធរឃុំចេញដីក្នុងព្រៃទី១ និងទី២ ដីដែល ០០១ ប្លង់រឹងហ្នឹងមានប៉ុន្មានប្លង់ ? សូមឱ្យព្រះរាជអាជ្ញាហ្នឹងចេញដីកា មោឃភាពចោលទាំងអស់ហ្មង » ។
ប្រជាសហគមន៍លើកឡើងក្នុងបណ្ដឹងថា តាមគោលនយោបាយចាស់សកម្មភាពថ្មី ០០១ ឆ្នាំ ២០១២ ដីដែលអាចចេញប្លង់កម្មសិទ្ធិបានសម្រាប់តែដីមានដំណាំប៉ុណ្ណោះ ក៏ប៉ុន្តែចំពោះដីព្រៃរដ្ឋមិនអាច លក់ ទិញ និងផ្ទេរបានឡើយ ។ ក្រុមពលរដ្ឋអះអាងថា ករណីនេះជាទង្វើរំលោភ លើគោលនយោបាយរបស់រដ្ឋាភិបាល ដែលកំពុងកើតមានច្រើននៅក្នុងខេត្តមណ្ឌលគិរី។
អាស៊ីសេរីបានព្យាយាមទាក់ទង ជំទប់ទី១ ឃុំប៊ួស្រា លោក កេង ញ៉ក់ និងអភិបាលខេត្តមណ្ឌលគិរី ឈឹម កាន ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលគ្មានអ្នកទទួល នៅថ្ងៃទី២៦ មករា។
ទោះជាយ៉ាងណា អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុខ សេរ៉ា ពន្យល់ថា មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន គ្មានសិទ្ធិចេញប័ណ្ណកម្មសិទ្ធិដីធ្លី លើព្រៃស្រោង ដីគម្របព្រៃឈើ និងព្រៃសហគមន៍បាននោះទេ។ លោកបញ្ជាក់ថា រដ្ឋបាលខេត្តមិនទាន់ទទួលព័ត៌មានករណីនេះទេ ក៏ប៉ុន្តែប្រសិនបើសហគមន៍ប្ដឹងរឿងនេះ ទៅតុលាការ គឺជាដែនសមត្ថកិច្ចរបស់តុលាការក្នុងការស៊ើបអង្កេតតាមផ្លូវច្បាប់៖ «យើងមើលភាពជាក់ស្ដែងសិន សំខាន់យើងពិនិត្យសិន បើវាជាច្បាប់វាមិនអាចបានទេអាហ្នឹង។ ជាគោលការណ៍របស់រដ្ឋមិនអនុញ្ញាតឱ្យមន្ត្រីណាមួយ យកដីរបស់រដ្ឋ ឬក៏ដីអភិរក្សទេ។ ជាច្បាប់រដ្ឋមិនអនុញ្ញាតទេ » ។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ការចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃសាធារណៈរបស់រដ្ឋ ដីព្រៃអភិរក្ស និងដីព្រៃសហគមន៍ក្តី គឺជាទង្វើល្មើសច្បាប់។ លោកថា ពលរដ្ឋមានសិទ្ធិពេញលេញចូលរួមប្ដឹងបរិហារ ពីភាពមិនប្រក្រតីរបស់អាជ្ញាធរពាក់ព័ន្ធ ហើយស្ថាប័នតុលាការមានតួនាទីស៊ើបអង្កេតរឿងនេះ ដើម្បីរកយុត្តិធម៌តាមច្បាប់។ លោករំពឹងថា តុលាការខេត្តនេះ នឹងស៊ើបអង្កេតឱ្យគ្រប់ជ្រុងជ្រោយ ជាពិសេស ត្រូវមោឃភាពប័ណ្ណកម្មសិទ្ធិដីធ្លីទាំងឡាយណា ដែលប៉ះចំដីព្រៃអភិរក្ស និងព្រៃស្រោងរបស់រដ្ឋ៖ «ទី១ យើងមោឃភាពប័ណ្ណហ្នឹងចោល។ ទី២ បទល្មើសព្រហ្មទណ្ឌ ដែលពាក់ព័ន្ធជាមួយបទល្មើស យើងដឹងថា មានអីកើតឡើង។ ព្រោះយើងមិនជឿថា មន្ត្រីដែលចុះប័ណ្ណដីព្រៃបិទភ្នែកទេ ប្រហែលជាមានអំពើពុករលួយក្នុងហ្នឹង។ អ៊ីចឹងយើងអាចធ្វើការស្រាវជ្រាវតទៀត។ យើងប្ដឹងអភិបាលរងខេត្ត អតីតជាប្រធានមន្ទីរសុរិយោដី ព្រោះលើប័ណ្ណហ្នឹងមានឈ្មោះគាត់ » ។
លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមថា ការចេញប័ណ្ណកម្មសិទ្ធិរំលោភលើដីព្រៃរបស់រដ្ឋដោយខុសច្បាប់នេះ មិនត្រឹមតែកើតមានច្រើននៅខេត្តមណ្ឌលគិរីទេ នៅខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តកំពត និងខេត្តស្ទឹងត្រែង ក៏កើតមានច្រើនដូចគ្នានេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។