តំបន់មួយចំនួននៅខេត្តប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យរងផលប៉ះពាល់ពីទឹកជំនន់សាជាថ្មី នៅថ្ងៃទី២៧ ខែតុលា បន្ទាប់ពីមានភ្លៀងធ្លាក់នៅតាមព្រំដែនមួយយប់ទល់ភ្លឺ។ ទឹកជំនន់កំពុងជនលិចដំណាំពលរដ្ឋជាច្រើនគ្រួសារ។
ប្រជាពលរដ្ឋរស់នៅឃុំបួរ ស្រុកភ្នំព្រឹក លោក យិន សុធា ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី២៧ តុលា ថាមូលហេតុទឹកជនលិច ដោយសារភ្លៀងធ្លាក់ខ្លាំងមួយយប់ទល់ភ្លឺ ដែលនាំទឹកពីច្រកព្រំដែនភ្នំដីមកយ៉ាងច្រើនបណ្ដាលឱ្យជន់លិច។ លោកបន្តថា កន្លងមកភ្លៀងខ្លាំងដែរ ប៉ុន្តែមិនធ្លាប់លិចខ្លាំងដូចពេលនេះឡើយ។ លោកថា សម្រាប់ឃុំបួរលិចប្រមាណពាក់កណ្ដាលឃុំ ស្របពេលពលរដ្ឋជាច្រើនកំពុងប្រមូលផលដំណាំពោត និងស្រូវ មិនទាន់រួចរាល់នៅឡើយ។
លោក យិន សុធា៖ « វាប៉ះពាល់ដល់ផលដំណាំប្រជាពលរដ្ឋយើងច្រើន មានពោត ដំឡូង មានស្រូវជាច្រើននៅតំបន់ហ្នឹង។ ដំឡូងវាចាប់ផ្ដើមដាក់ម្សៅអ៊ីចឹង វាចាប់ផ្ដើមរលួយលឿនមែនទែន លិចប៉ុននេះរលួយអស់ហើយ ម៉ាឃុំបួរហ្នឹងវាសឹងពាក់កណ្ដាលហើយបង ទៅក្រោមៗទៀតច្រើន។ ស្ដាយណាស់បងមិនថាគេ មិនថាខ្ញុំទេ លិចអ៊ីចឹងទៅវាខូចខាត់ ធ្វើអោយស្ដាយផលដំណាំដែលខំដាំ ខំព្យាយាមធ្វើមកខាតបង់អស់។ អ្នកខ្លះច្រូតស្រូវទើបបានពាក់កណ្ដាលស្រែអ៊ីចឹងទៅក៏លិច។ បើស្រូវអ៊ំគាត់នៅមុខនេះ គាត់ទើបតែតូចៗអ៊ីចឹងទៅហើយលិចរហូតអ៊ីចឹងរលួយខូចខាតអស់ ហើយដំឡូងបង ដំឡូងខ្ញុំអីវារលួយអស់។ ក្នុងឆ្នាំនេះប្រជាពលរដ្ឋមួយផ្នែកខាងភូមិថ្មី បួរ ទូកអីខូចខាតច្រើន »។
ជុំវិញរឿងនេះ មេឃុំបួរ ស្រុកភ្នំព្រឹក លោក កើត ចិន្ដា លើកឡើងថា ប្រសិនភ្លៀងនៅតែបន្តធ្លាក់ខ្លាំងទៀត នឹងធ្វើឱ្យទឹកជន់កាន់តែខ្លាំងជាងកន្លងមក។ លោកបន្តថា ប្រភពទឹកជន់នេះគឺហូរធ្លាក់មកពីស្រុកសំពៅលូនមក និងមួយចំនួនទៀតភ្លៀងធ្លាក់នៅតំបន់ស្រុកភ្នំព្រឹកតែម្ដង។ លោក កើត ចិន្ដា អះអាងថាកំពុងរៀបចំកម្លាំងដាក់តាមតំបន់ងាយរងគ្រោះខ្លាំង ដើម្បីការពារសុវត្ថិភាពពលរដ្ឋ។ លោក កើត ចិន្ដា បញ្ជាក់ថា កន្លងមកពលរដ្ឋរងគ្រោះជិត៧រយគ្រួសារ ប៉ុន្តែលើកនេះប្រមាណជិត១ពាន់គ្រួសារ ព្រោះលោកកំពុងតាមដានបន្ត។
លោក កើត ចិន្តា៖ « ឥឡូវវគ្គនេះប្រហែលជាលើសមុន ព្រោះរាងធំជាងមុន អានៅលើវាមិនលិច តែក៏វារលួយដែរ ដំឡូងអីវារលួយអស់ ចុះវាភ្លៀងជ្រំបន្តិចៗមក អ៊ីចឹងទៅវារអើបរហូត រអើបទៅវាធ្វើឱ្យប៉ះពារដំឡូងដូចគ្នា។ ពីយប់មិញតាំងពីម៉ោង៩ រហូតពេលនេះមិនទាន់រាំងផង នៅរ៉ែៗរហូត។ ចុះហើយៗរៀបកម្លាំងចុះ កំពុង ខ្ញុំកំពុងតាមដានសភាពការហ្នឹងបន្ត »។
ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ ព្រួយបារម្ភថា ពួកគាត់នឹងប្រឈមបញ្ហាជីវភាពខ្វះខាតបន្ថែមទៀត ដោយសារតែជំនន់បន្តអូសបន្លាយពេល។ ពួកគាត់ទទូចឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់ជួយ ដល់ប្រជាពលរដ្ឋឲ្យបានច្រើន និងស្មើភាព ខណៈកន្លងមក មានការចោទប្រកាន់ការចុះចែកអំណោយពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការរើសអើងនិន្នាការនយោបាយ។
របាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង គិតត្រឹមថ្ងៃ២៤ តុលា បង្ហាញថា ពលរដ្ឋជិត ៣ម៉ឺនគ្រួសារ(២៩.៣៨៤) និងពលរដ្ឋ ដែលមានប្រភពទឹកអាចស្ដារឡើងវិញជាង ១ម៉ឺនគ្រួសារ (១១,៥២៨) ត្រូវទទួលបានអំណោយពូជស្រូវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក សុខ លូ ថា រដ្ឋបាលខេត្តធ្លាប់ជួយដល់ពលរដ្ឋរងគ្រោះទឹកជំនន់ជិត៧ពាន់គ្រួសារ និងទឹកជំនន់ធ្វើឱ្យប៉ះពាល់ស្រូវរបស់ពលរដ្ឋជាង៤ម៉ឺន៥ពាន់ហិកតារ(៤៥,៨១២)និងប៉ះពាល់ដំណាំផ្សេងៗ ជាង៣ម៉ឺនហិកតារ(៣៣,៧៩៧)និងប៉ះពាល់ផ្ទះ សម្បែងជិត៣ម៉ឺនខ្នង(២៩,៣៨៤)ខូចខាត៣២ខ្នង ព្រមទាំងហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់សាលារៀន វត្តអារាម និងមន្ទីរពេទ្យជាច្រើនកន្លែងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។