ធាតុអាកាសនៅកម្ពុជាចាប់ពីខែមេសា ដល់ខែឧសភា ទទួលរងកម្ដៅរហូតជិត៤០អង្សា។ កម្មករតាមបណ្ដារោងចក្រនានា ស្នើដល់ថៅកែពួកគេឱ្យគិតគូរ និងមានការធានាថា មិនមានបញ្ហាឡើងកម្ដៅប៉ះពាល់ដល់សុខភាពកម្មករនោះទេ។
កម្មកររោងចក្រមួយចំនួនក្នុងរាជធានីភ្នំពេញបានលើកឡើងថា ក្រោយពីកម្ពុជាទទួលរងធាតុអាកាសក្ដៅ កម្មកររោងចក្រស្នើឱ្យថៅកែបន្ថែមកង្ហារ ឧបករណ៍ស្រូបកម្ដៅ ដើម្បីការពារកុំឱ្យកើតមានករណីកម្មករសន្លប់ក្នុងពេលធ្វើការដោយសារបញ្ហានេះ។
កម្មករមួយចំនួនបានលើកឡើងថា ការកើនឡើងកម្ដៅក្នុងរយៈពេលចុះក្រោយនេះ បានធ្វើឱ្យពួកគេហូរញើស អស់កម្លាំង និងពិបាកដកដង្ហើម បន្ថែមពីនេះទោះបីជាពួកគេបានលើកឡើងពីបញ្ហានេះទៅថៅកែរោងចក្រក្ដី ក៏មិនទាន់មានដំណោះស្រាយណានៅឡើយ។
កម្មករនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ កញ្ញា អ៊ូ ចរិយា ត្អូញត្អែរថា មួយរយៈនេះធាតុអាកាសក្ដៅខ្លាំងធ្វើឱ្យកញ្ញា និងកម្មករផ្សេងទៀត ហូរញើសច្រើន និងពិបាកដកដង្ហើម។
កញ្ញា ចរិយា បន្ថែមថា ទោះបីជាកម្មករ និង សហជីពលើកឡើងពីបញ្ហានេះ និងស្នើទៅថៅកែជាច្រើនដង ក៏មិនទាន់មានដំណោះស្រាយនៅឡើយ ហើយកញ្ញាថា អធិការកិច្ចការងារគួរតែមកពិនិត្យមើលស្ថានភាពក្នុងរោងចក្រជាឱ្យបានញឹកញាប់។
កញ្ញា អ៊ូ ចរិយា៖ «ជួនកាលពេលក្រសួងចុះមកដូចដដែលៗ ព្រោះក្រសួងចុះមកគេបើកឱ្យត្រជាក់តាំងពីព្រឹក ដល់អ៊ីចឹងហើយក្រសួងអត់ដឹងទេ ពេលខ្លះក្រសួងមិនបានចុះមើលដោយផ្ទាល់ផង ហើយទៅជឿពាក្យសម្ដីថា រោងចក្រអត់មានបញ្ហាកម្ដៅអីទេ ពេលអ៊ីចឹងទៅកម្មករពិបាកតវ៉ា ណាមួយកម្មករមួយៗសុទ្ធតែខ្លាច»។
ប្រធានសហជីពស្មារតីកម្មករនៃរោងចក្រសិនតៃ ហ្គាមែន ខេមបូឌា( Zhen Tai Garment Cambodia) លោក គឹម សុភេន លើកឡើងថា ក្នុងមួយរយៈចុះក្រោយនេះធាតុអាកាសក្ដៅខ្លាំងរហូតជិតដល់៤០អង្សាសេ បន្ថែមពីនេះនៅតាមបណ្ដារោងចក្រភាគច្រើនមិនមានផ្លិតស្រូបខ្យល់ក្ដៅពីរោងចក្រនោះទេ។
លោក សុភេន បន្តថា ប្រសិនបើធាតុអាកាសនៅតែបន្តកើនឡើង កម្មករមួយចំនួនពិបាកដកដង្ហើម នឹងអាចសន្លប់។ សហជីពរូបនេះស្នើឱ្យថៅកែរោងចក្រមានកង្ហារបន្ថែមទៀត ហើយក្រសួងការងារគួរតែបញ្ជូនអធិការកិច្ចការងារមកពិនិត្យ និងតាមដានពីបញ្ហាឡើងកម្ដៅដែលកម្មករកំពុងប្រឈម។
លោក គឹម សុភេន៖ «បច្ចុប្បន្នក្ដៅៗខ្លាំងនៅតាមបណ្ដារោងចក្រច្រើនពាក់ព័ន្ធនឹងកម្ដៅគឺអាចប៉ះពាល់ដល់សុខភាពបងប្អូនកម្មករយើងច្រើនណាស់ ជាពិសេសនៅពេលបំពេញការងារ គឺពួកគាត់ខំបំពេញការងារហើយ វាក្ដៅខ្លាំង បើញើសវិញដូចយើងងូតទឹកអ៊ីចឹង»។
ក្ដីបារម្ភនេះកើតមានបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៨ ខែ មេសា បានព្យាករថា នឹងអាចមានសីតុណ្ហភាពអាចឈានរហូតដល់៣៩ អង្សានៅតំបន់ទំនាបកណ្ដាល។ ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃ២៦ ខែមេសា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ការកើនឡើងកម្ដៅក្នុងរដូវប្រាំងនេះនឹងប៉ះពាល់ដល់ផលិតកម្មដំណាំកសិកម្មផងដែរ។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និង អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បាននៅឡើយទេ នៅថ្ងៃទី២៦ មេសា។
ជុំវិញរឿងនេះប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា នៅក្នុងរោងចក្រងាយកើនឡើងកម្ដៅជាងកន្លែងផ្សេងៗ ដោយសារក្នុងរោងចក្រមានកម្មករច្រើន ហប់ និងមានរោងចក្រខ្លះមាននៅកង្ហារមិនគ្រប់គ្រាន់ ហេតុដូចនេះថៅកែរោងចក្រគួរសម្រួលឱ្យកន្លែងការងារមានសីតុណ្ហភាពសមរម្យ។
លោក អាត់ ធន់៖ «ត្រូវពិនិត្យមើលម៉ាស៊ីនត្រជាក់ ឬប្រព័ន្ធត្រជាក់ក្នុងក្រុមហ៊ុនហ្នឹង ដើម្បីធានាថានៅក្នុងក្រុមហ៊ុនហ្នឹងត្រជាក់គ្រប់គ្រាន់ដែលមិនអាចឱ្យកម្ដៅប៉ះពាល់ដល់សុខភាពកម្មករ»។
កម្មករដួលសន្លប់នៅរោងចក្រនៅប្រទេសកម្ពុជា នៅតែបន្តកើតមានដោយសារទទួលទានអាហារដែលខ្វះជីវជាតិ ធ្វើការលើសម៉ោង បរិយាកាសក្នុងរោងចក្រមិនល្អ ធំក្លិនថ្នាំពីសម្ភារៈ និងពុលដោយសារសារធាតុគីមី ហើយក្នុងនោះក៏មានសន្លប់ដោយសារតែធាតុអាកាសក្ដៅខ្លាំងផងដែរ ជាក់ស្ដែងកាលពីឆ្នាំ២០១៥ កម្មករនៃរោងចក្រ ខេថេក (Ktec) នៅស្រុកត្រាំកក់ ខេត្តតាកែវ មានកម្មករជាង ១០នាក់ បានដួលសន្លប់ ហើយមន្ត្រីជំនាញសង្ស័យថា ការសន្លប់នេះគឺដោយសារអាកាសធាតុក្ដៅខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។