កូន​ប្រុស​លោក ឈុត វុទ្ធី គ្រោង​ធ្វើ​បុណ្យ​រម្លឹក​ខួប ១០ ឆ្នាំ​នៃឃាតកម្ម​ឳពុក នៅក្រុងឡូវែល

កូនប្រុស​​លោក ឈុត វុទ្ធី គឺ​​លោក ឆឺយ ឧត្តមរស្មី គ្រោង​ធ្វើ​បុណ្យ​រម្លឹក​ខួប ១០ ឆ្នាំ​នៃឃាតកម្ម​លើ​ឳពុករបស់លោក​ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត​ សហរដ្ឋអាមេរិក។

លោក ឈុត វុទ្ធី ដែលជា​សកម្មជន​ព្រៃឈើ ត្រូវ​ឃាតកបាញ់​សម្លាប់កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១២។ ប៉ុន្តែលោក ឆឺយ ឧត្តមរស្មី ជ្រើស​យក​ថ្ងៃអាទិត្យ ទី១ ខែឧសភា មក​ធ្វើ​ពិធី​រម្លឹក​ខួប​នេះដោយ​សារថ្ងៃនោះ​ប៉ះចំថ្ងៃអត់ធ្វើការ ដើម្បីឲ្យ​អ្នកដែលគោរពស្រលាញ់លោក ឈុត វុទ្ធី​ អាចចូលរួមបា​នច្រើ​​​នកុះករ។ ពិធីនេះ នឹង​ប្រព្រឹត្តទៅនៅវត្តពន្លឺពុទ្ធចក្រ (ហៅវត្តថ្មី)។

លោក ឆឺយ ឧត្តមរស្មី ដែលសព្វថ្ងៃនៅ​បន្តកេរតំណែល និង​បេសកកម្ម​របស់លោក ឈុត​ វុទ្ធី​ ថា​ពិធី​បុណ្យ​នេះ មានសារៈសំខាន់ ក្នុងការ​រម្លឹកនឹកគុណដល់វីរៈភាព​របស់​លោក ឈុត វុទ្ធី ដែល​ស្លាប់​ក្នុង​បេសកកម្ម​ការពារ​ព្រៃឈើនៅ​កម្ពុជា។ លោកបន្តថា ១០ ឆ្នាំកន្លងផុតទៅ ពន្លឺយុត្តិធម៌​សម្រាប់​ឳពុក​របស់​លោក​ក៏​នៅតែ​គ្មាន។ រីឯការកាប់​បំផ្លាញព្រៃឈើ​វិញ សកម្មភាពល្មើសនេះ នៅតែបន្តកើតមាន និង​កើនឡើងជាលំដាប់៖ «ចំពោះ​រឿង​យុត្តិធម៌ យើង​ មិនមាន​សង្ឃឹម​ចំពោះ​រដ្ឋាភិបាល ​បច្ចុប្បន្នទេ ដោយ​សារ​តែរ​ដ្ឋាភិបាលបច្ចុប្បន្ន ​មិនមានឆន្ទៈក្នុងការការពារ​ និងទប់ស្កាត់បទល្មើសព្រៃឈើ។ យើង​ មាន​តែសង្ឃឹមមានការ​ផ្លាស់ប្តូរ ​រដ្ឋាភិបាលថ្មី នឹង​អាច​រក​ឃើញ​ឃាតករពិត »

ទោះជា​ឳពុករប​ស់​លោក​ត្រូវឃាតករ​បាញ់​សម្លាប់​ដោយ​សារ​បេសកកម្ម​ការពារ​ព្រៃឈើក្តី ក៏លោក ឆឺយ ឧត្តមរស្មី ថា​លោកមិនរួញរួញក្នុងការបន្តបេសកកម្ម​ការពារ​សម្បត្តិ​ធម្មជាតិ​របស់​ខ្មែរ​នេះបន្ត​ពី​ឳពុក​លោក​នោះ​ដែរ។ លោកថា សព្វថ្ងៃ លោក​បាន​ជួយ​បណ្តុះយុវជន​ជាច្រើន ឲ្យ​មានភាព​ក្លាហាន​ក្នុង​ការ​​បន្តស្មារតី​ការពារ​ព្រៃជាពិសេស​ព្រៃ​ឡង់។ លោកថាសព្វថ្ងៃនេះ លោកជានាយកប្រតិ្តបត្តិនៃអង្គការ​ការពារ​ធនធាន​ធម្មជាតិប៉ុន្តែមិន​មាន​ប្រាក់​ខែ​នោះទេ​គឺ​លោក​ធ្វើ​ដោយ​ស្ម័គ្រចិត្តព្រោះ​ស្រលាញ់​ការងារនិង​កេរតំណែល​របស់​ឳពុក​លោក។តែ​យ៉ាង​ណា លោថា លោកបាន​ទទួលការ​ឧបត្ថម្ភ​ពី​សប្បុរសជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ជួយ​ដល់​សកម្មភាព​ការពារ​ធនធាន​ធម្ម​ជាតិ​នេះ។

លោក​សង្ឃឹម​ថា ពិធី​បុណ្យ​រម្លឹក​វិញ្ញាណក្ខន្ធ​លោក ឈុត វុទ្ធី នាពេល​ខាង​មុខ​នេះ នឹងមាន​ពលរដ្ឋ​ច្រើន​ចូល​រួម និង​ជួយឧបត្ថម្ភ និង​បរិច្ចាគជាថវិកា ដើម្បី​ទ្រទ្រង់​សកម្មភាព​នេះ​បន្ត៖«កន្លងមក​យើង​ធ្វើ​បុណ្យ​ហ្នឹង តែងតែ​មានបង​ប្អូន​ខ្មែរ​យើង គាត់ចាប់​កុសល្យផលបុណ្យចូល​ហ្នឹង ប្រាក់​ថវិកា​មួយ​ចំនួន​ហ្នឹង​យើងទុកសន្សំ​ធ្វើចេតីយរបស់គាត់ ប្រាក់​មួយ​ចំនួន​ទៀត យើង​ ជួយទៅ​យុវជន​នៅ​ប្រទេស​កម្ពុជា ដើម្បីធ្វើកិច្ច​ការងារ​ហ្នឹង​បន្ត អ្វីដែល​ខ្ញុំ​អាច​ធ្វើ​បាន ខ្ញុំនឹង​លះបង់ ហើយក៏​អរគុណ​បងប្អូន​កន្ល​ង​មក​ដែល​បាន​ជួយជា​ថវិកា ជួយជាគំនិត​យោបល់ក្នុងការងារ​នេះ។ ដូច្នេះ​ខ្ញុំសង្ឃឹមថា មាន​បងប្អូន​ខ្មែរ​យើង​នៅ​ក្រៅប្រទេស​ហ្នឹង​ជួយបន្ថែមទៀត​ដល់​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​នេះ​បាទ»

លោក ឈុត វុទ្ធី ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​បាញ់​សម្លាប់​ក្នុង​រថយន្ត​របស់​លោក។ ហេតុការណ៍​បាញ់​សម្លាប់​នេះ​ បាន​កើត​ឡើង​ក្នុង​ពេល​លោក និង​អ្នក​កាសែត​ពីរ​រូប​ បាន​ចូល​ទៅ​ស៊ើប​អង្កេត​ និង​ថត​រូបភាព​គំនរ​ឈើ​របស់​ក្រុមហ៊ុន​កាប់​ឈើ ធីមប៊ើរ ហ្គ្រីន (Timber Green) ក្នុង​ទឹក​ដី​ខេត្ត​កោះកុង។ ម្ចាស់​ភាគ​ហ៊ុន​ធំ​របស់​ក្រុមហ៊ុន​រកស៊ី​កាប់​ឈើ​មួយ​នេះ​គឺ អ្នកស្រី ខៀវ ស​ស៊ីលាភ និង​ឈ្មួញ​ម្នាក់​ទៀត​មាន​ងារ​ជា​ឧកញ៉ា​ផង និង​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​ផង​គឺ លោក ហួរ ហាប់ ដែលគេ​ដឹង​ថា​អ្នក​ទាំង​ពីរ​នេះ ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយ​មក ក៏​មាន​ការ​ចោទ​ប្រកាន់​ថា អ្នកស្រី ខៀវ ស​ស៊ីលាភ គឺជា​អ្នក​ឈរ​ឈ្មោះ​តំណាង​ឱ្យ​អ្នកស្រី ហ៊ុន ម៉ាណា ដែល​ជា​កូនស្រី​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ក្រុមហ៊ុន ធីមប៊ើរហ្គ្រីន នេះ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។