ភ្លៀងកក់ខែលាយលំនឹងខ្យល់កន្ត្រាក់នៅតាមបណ្ដាខេត្តមួយចំនួន កាលពីរសៀលថ្ងៃទី១៧ មេសា បានបណ្ដាលផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នងបានដួលរលំ និងមួយចំនួនទៀតរបើកដំបូលខូចខាត។
របាយការណ៍ក្រសួងធនធានទឹកនិងឧតុនិយម ឲ្យដឹងនៅថ្ងៃទី១៨ មេសាថា ផ្ទះរបស់ពលរដ្ឋនៅឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រងការខូចខាតចំនួន១៦ ខ្នងផ្ទះ។ ចំណែកនៅឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបាក់សសររលំផ្ទះពលរដ្ឋមួយខ្នងបណ្ដាលផ្ទះឲ្យខូចខាតទាំងស្រុង ហើយរលំផ្ទះពលរដ្ឋចំនួន ៣ខ្នង និងរបើកដំបូល ២ខ្នង នៅភូមិទួលច្រេសឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្រសួងឲ្យដឹងទៀតថា នៅខេត្តប៉ៃលិនឯណោះវិញ មានភ្លៀងកក់ខែមួយធំរយៈពេលប្រមាណ ២ម៉ោង ដែលមានកម្ពស់ទឹកកម្រិតពី ៧៧ ទៅ ៩៥មិល្លីម៉ែត្រ ហើយបង្កឲ្យទឹកហក់ឡើងពេញព្រៀប នៅតាមស្ទឹង និងដងអូរជាច្រើនកន្លែងក្នុងខេត្តមួយនេះឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្តែពុំបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសនោះទេ។
ក្រសួងព្យាករឲ្យដឹងទៀតថា ភ្លៀងកក់ខែនឹងនៅបន្តកើតមានរាយប៉ាយនៅទូទាំងប្រទេស រហូតដល់ថ្ងៃទី២១ មេសា ហើយសីតុណ្ហភាពនឹងថយចុះ ចន្លោះពី ៣០ ទៅ ៣១អង្សាសេ រហូតដល់ចុងខែមេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។