ឈើមូលធំៗ ដែលជនជាតិដើមភាគតិចព្នងជាច្រើនគ្រួសារខំថែទាំ ជាច្រើនឆ្នាំមកហើយ ឋិតក្នុងព្រៃសហគមន៍ឃុំក្បាលរមាស កំពុងប្រឈមការកាប់ផ្តួលទ្រង់ទ្រាយធំ ពីសំណាក់ក្រុមហ៊ុនចិន សេវ ហ្គេច (Sev Gek) ។
ប្រជាសហគមន៍ឃុំក្បាលរមាស ដែលរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានចាត់ទុកការបណ្តែតបណ្តោយឱ្យមានបទល្មើសព្រៃឈើខ្នាតធំនេះថា ជាការប្រមាថមើលងាយអត្តសញ្ញាណជនដើមភាគតិច ដែលលះបង់អាយុជីវិតការពារព្រៃអភិរក្សនេះ។
ជនជាតិដើមភាគតិចព្នង ៥៣គ្រួសារ ដែលបដិសេធមិនទទួលគោលនយោបាយសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរឱ្យដឹងថា ដើមឈើធំៗ បន្សល់ចុងក្រោយ ឋិតក្នុងព្រៃសហគមន៍ឃុំក្បាលរមាស ដែលប្រជាសហគមន៍ បានស្នើសុំចុះបញ្ជីជាតំបន់អភិរក្ស កំពុងប្រឈមការកាប់បំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ដោយគ្មានការទប់ស្កាត់នៅឡើយទេ។
ប្រជាសហគមន៍ទាំងនោះ រស់នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសានបានហៅ ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ គឺជាកំហុសរបស់អាជ្ញាធរខេត្តស្ទឹងត្រែងឃុបឃិតជាមួយក្រុមហ៊ុនចិនមួយនេះ ដោយមិនខ្វល់ពីទុក្ខលំបាករបស់ពលរដ្ឋ។
តំណាងសហគមន៍ឃុំក្បាលរមាស លោកស្រី ស្រាំងឡាញ់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ កញ្ញាថា មកទល់ពេលនេះ ក្រុមហ៊ុនចិន សេវ ហ្គេច នៅតែបន្តបញ្ចូនកម្មករជាច្រើននាក់ ប្រដាប់ដោយរណាយន្ត និងរថយន្តច្នៃពីរគ្រឿង កាប់ឈើធំៗ ក្នុងព្រៃសហគមន៍រួចដឹកជញ្ជូនចូលដេប៉ូអារឈើ នៅជាប់ព្រៃអភិរក្សនេះ។ លោកស្រីថា បទល្មើសព្រៃឈើទាំងនេះ បានកើតឡើងជាបន្តបន្ទាប់ ចាប់តាំងពី ខែកក្កដា រហូតមកទល់ពេលនេះនៅមិនទាន់ឃើញ អាជ្ញាធរចុះទប់ស្កាត់នៅឡើយទេ៖ «ឱ្យអាជ្ញាធរបញ្ឈប់ការកាប់ឈើដាក់រ៉ៃ បើធ្វើបែបហ្នឹងប៉ះពាល់ព្រៃជំនឿ ជម្រកសត្វព្រៃ ប៉ះមែនទែន ធ្ងន់ធ្ងរមែនទែន មិនមែនធម្មតាទេ»។
ស្ត្រីដដែលបន្ថែមថា ពួកលោកស្រី ក្រាញននៀលមិនទទួលយកសំណងពីក្រុមហ៊ុន ព្រោះចង់អភិរក្សព្រៃសហគមន៍នេះ មានតំបន់ព្រៃអារក្ស ចម្ការវិលជុំ ព្រៃកប់សព និងកន្លែងអាស្រ័យផលព្រៃឈើកេរដូនតារបស់ពួកគាត់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង សុំការបំភ្លឺជុំវិញការឈូសឆាយនេះ ពីតំណាងក្រុមហ៊ុនចិន ស៊ីវហ្គេច បាននៅឡើយទេ នៅថ្ងៃទី៥ កញ្ញា។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គុង បកស្រាយថា ក្រុមហ៊ុនអាចអនុវត្តផែនការវិនិយោគ ស្របតាមកិច្ចសន្យាវិនិយោគ ដែលរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធថ្នាក់ជាតិ កំណត់ក្នុងផែនទីមេ។ លោកបន្តថា ប៉ុន្តែ ប្រសិនបើក្រុមហ៊ុនអនុវត្តមិនត្រឹមត្រូវសមត្ថកិច្ចនឹងចុះពិនិត្យ ដើម្បីអនុវត្តច្បាប់ ស្របតាមការផ្តល់ព័ត៌មានរបស់សហគមន៍៖ «បានទទួលលិខិតពីសហគមន៍រួចហើយ ហើយអភិបាលខេត្តនឹងរៀបចំរៀបចំក្រុមការងារ ពិភាក្សាជាស្តែង និងជួបពិភាក្សាជាមួយតំណាងសហគមន៍ ដើម្បីស្តាប់របាយការណ៍ នឹងមានមូលដ្ឋានមួយចំនួនសម្រាប់ពិភាក្សាគ្នា»។
ព្រៃសហគមន៍ភូមិក្បាលរមាសមានផ្ទៃដី ៧.៨៣៦ហិកតារសហគមន៍បានស្នើសុំចុះបញ្ជីជាព្រៃអភិរក្សចាប់តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៨ ទើបក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីជនជាតិដើមភាគតិចរស់នៅតំបន់នោះជាស្វ័យអត្តសញ្ញាណ។ ព្រៃសហគមន៍នេះក្រុមពលរដ្ឋបានកំណត់លក្ខន្តិកៈផែនទី បទបញ្ជាផ្ទៃក្នុង និង ជី. ភី. អេស (GPS) កំណត់ព្រំប្រទល់ ដែលមានការជួយជ្រោមជ្រែងពីអង្គការសង្គមស៊ីវិល និងមន្ទីរអភិវឌ្ឍន៍ជនបទ។
កន្លងទៅមន្ត្រីជំនាញនៃមន្ទីរសុរិយោដី ខេត្តស្ទឹងត្រែងបានបដិសេធមិនព្រមឲ្យចុះបញ្ជីដីសមូហភាពភូមិក្បាលរមាសមានទំហំ ៧.៨៣៩ហិកតារព្រោះទំហំផ្ទៃដី ដែលសហគមន៍ស្នើសុំ ជាន់ចំដីក្រុមហ៊ុនចិន ស៊ីវ ហ្គេច និងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ។ លើសពីនេះទៀត រដ្ឋបាលខេត្តស្ទឹងត្រែង មានដីនៅតំបន់ផ្សេងទំហំ ៩៤១ហិកតារសម្រាប់ត្រៀមចុះបញ្ជីជូនសហគមន៍ ភ្ជាប់ផែនទី ដែលមានស្រាប់។
កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ អនុបយោគដីទំហំ ៧.៣៩៧ហិកតារសម្រាប់វិនិយោគឱ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ដាំដើមអាកាស្យា ម៉ៃសាក់ និងប្រភេទឈើផ្សេងៗ ទៀត។ ប៉ុន្តែប្រជាសហគមន៍សង្កេតឃើញថា មកទល់ពេលនេះ ក្រុមហ៊ុនចិនសេវហ្គេច បានអនុវត្តគម្រោងផ្ទុយពីកិច្ចសន្យាវិនិយោគ គឺដាំដំណាំកៅស៊ូតិចតួចប៉ុណ្ណោះ គឺឃើញតែឈូសឆាយព្រៃ និងកាប់ឈើធ្វើអាជីវកម្ម ដោយបើកដេប៉ូអារឈើខ្នាតធំ ក្នុងបរិវេណក្រុមហ៊ុន ឋិតក្នុងឃុំក្បាលរមាស ស្រុកសេសាន។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី សង្កេតឃើញថា អាជ្ញាធរគ្មានភាពច្បាស់លាស់ ដោះស្រាយបញ្ហាប្រឈមជូនប្រជាសហគមន៍ឱ្យត្រឹមត្រូវនៅឡើយទេ មុននឹងអនុញ្ញាតឱ្យក្រុមហ៊ុនឈូសឆាយ និងកាប់បំផ្លាញព្រៃឈើ។ លោកទាមទារឱ្យអាជ្ញាធរខេត្តស្ទឹងត្រែងចុះពិនិត្យ និងដោះស្រាយករណីនេះឱ្យជ្រះស្រឡះ មុននឹងសម្រេចឱ្យក្រុមហ៊ុនធ្វើអាជីវកម្មឈើ៖ «ការមិនដោះស្រាយ និងការមិនអើពើ របស់អាជ្ញាធរវាធ្វើប៉ះពាល់ ផលប្រយោជន៍ពលរដ្ឋ និងធ្វើឱ្យបាត់ទំនុកចិត្តពីពលរដ្ឋ បង្ហាញថា អាជ្ញាធរអសមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់ពលរដ្ឋ»។
មកទល់ពេលនេះពលរដ្ឋរស់នៅឃុំក្បាលរមាស ៥៣គ្រួសារបូករួមទាំងពលរដ្ឋបំបែកគ្រួសារបដិសេធមិនព្រមទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុន ហើយបច្ចុប្បន្នពួកគេបន្តរស់នៅលើទីទួលខ្ពស់ ត្រង់ចំណុចស្រែវាល ឆ្ងាយពីភូមិចាស់ ៤គីឡូម៉ែត្រ។
ក្រុមពលរដ្ឋទាំងនោះរស់នៅពឹងផ្អែកលើព្រៃសហគមន៍ដែលជាប្រភពចំណូលសេដ្ឋកិច្ចរបស់ពួកគេ ដូចជា នេសាទត្រី ឃ្វាលគោក្របី ធ្វើចម្ការវិលជុំ រកអនុផលព្រៃឈើបេះបន្លែ និងដងជ័រទឹកជាដើម។ជនជាតិដើមភាគតិចទាំងនោះ សុខចិត្តក្រាញននៀល មិនទទួលសំណងពីក្រុមហ៊ុន ដោយសារតែស្តាយស្រណោះព្រៃប្រឹក្សាកេរដូនតា និងចង់ការពារព្រៃឱ្យគង់វង្ស ដើម្បីកូនចៅជំនាន់ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។