ពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង បារម្ភពីការខ្វះខាតទឹកប្រើប្រាស់សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ការបារម្ភនេះ បន្ទាប់ពីប្រភពទឹកសំខាន់ៗនៅមូលដ្ឋានដែលធ្លាប់ទ្រទ្រង់ជីវភាពអ្នកភូមិបានរីងហួតហែងជាបណ្តើរៗ រីឯទឹកអណ្ដូងមួយចំនួនបានរីងខះ គ្មានទឹក។ អ្នកភូមិខ្លះបានជីករណ្ដៅចម្រោះទឹកកណ្ដាលអូរ ដើម្បីទាញយកទឹកប្រើប្រាស់បណ្ដោះអាសន្ន។
ពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលនៃស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង កំពុងមានវិបត្តិខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ បង្កការលំបាកដល់ជីវភាពរស់នៅរបស់ពួកគាត់។ អ្នកភូមិមួយចំនួនបង្ខំចិត្តប្រើប្រាស់ទឹកបាតស្ទឹង និងអូរ ដែលល្អក់ ព្រោះពុំមានជម្រើស។
ពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ លោកស្រី ចាន់ សុខា រៀបរាប់ថា បញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃកើតមានស្ទើរតែទូទាំងស្រុកថាឡាបរិវ៉ាត់ ជាពិសេសពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ដូចជាឃុំអន្លង់ភេ ជាដើម កំពុងមានវិបត្តិគ្រោះរាំងស្ងួត។
លោកស្រីថា អ្នកភូមិខ្លះបានទួលរែកធុងជញ្ជូនទឹកយកមកប្រើប្រាស់ដោយធ្វើដំណើរច្រើនគីឡូម៉ែត្រ ដើម្បីស្វែងរកទឹកតាមអូរ និងតាមដងផ្លូវជាតិលេខ៩។ ជាងនេះទៀត មានអ្នកភូមិមួយចំនួនត្រូវបង្ខំចិត្តប្រើប្រាស់ទឹកល្អក់មិនស្អាតដែលដងពីបាតអូរ និងស្រះដោយសារតែពួកគេពុំមានមធ្យោបាយយកទឹកពីតំបន់ផ្សេងប្រើប្រាស់៖ «ប្រសិនបើគេអ្នកមានលុយគេមិនអាចផឹកទេ សូម្បីតែមុជក៏មិនបានមុជទេ សម្រាប់យើងអ្នកអត់សុខចិត្តទ្រាំអត់ទ្រាំផឹកទឹកអ៊ីចឹងហើយ។ នាំគ្នាទៅដល់យកចបកោសដីខ្សាច់ចេញ ហើយយើងជីក យកចានមួយដួសកាកដីហ្នឹងចេញអស់អ៊ីចឹងទៅសម្ងំទឹកវាចេញមក ហើយសម្ងំទឹកថ្លាៗបន្តិចទៀត នាំគ្នាដងទូលមកប្រើនៅផ្ទះ»។
ពលរដ្ឋម្នាក់ទៀតរស់នៅស្រុកថាឡាបរិវ៉ាត់ កញ្ញា សម្បត្តិ រចនា ឲ្យដឹងដែរថា ពលរដ្ឋនៅឃុំអន្លង់ជ្រៃ ច្រើនគ្រួសារ បានជីករណ្ដៅ ឬអន្លង់តាមអូរដើម្បីទាញយកទឹកប្រើប្រាស់ជាបណ្ដោះអាសន្ន។ លើសពីនេះ រណ្ដៅដែលអ្នកភូមិជីកនោះក៏មិនផ្ដល់ទឹកឲ្យអ្នកភូមិប្រើប្រាស់បានយូរដែរ។ កញ្ញាកត់សម្គាល់ថា អណ្ដូងទឹកក្នុងភូមិមាន ៥ ខូចខាតអស់ ៣ ដែលអ្នកភូមិកំពុងប្រើប្រាស់បច្ចុប្បន្ន។
កញ្ញាបារម្ភថា ស្ថានភាពទឹកអ្នកភូមិប្រើប្រាស់បច្ចុប្បន្នល្អក់ ដែលអាចប៉ះពាល់សុខភាពពួកគេ ខណៈអ្នកភូមិពុំសូវប្រើប្រាស់ធុងចម្រុះ និងដាំទឹកមុនពេលប្រើប្រាស់នោះទេ៖ «របៀបដូចថា អូរ ប៉ុន្តែគេជីកជាអន្លង់ហើយយកទឹកហ្នឹងមកប្រើប្រាស់វិញ។ ពលរដ្ឋរំពឹងទឹកអូរដល់ពេលរាំងស្ងួតអត់មានហើយ»។
មេឃុំអន្លង់ភេ លោក អឿន ខែន ទទួលស្គាល់ថា ពលរដ្ឋទូទាំងឃុំទាំងមូល កំពុងខ្វះខាតទឹកប្រើប្រាស់ តែលោកបានរាយការណ៍ករណីនេះទៅអាជ្ញាធរស្រុករួចហើយ។ លោកថា វិធានការដំបូងអាជ្ញាធរឃុំចាត់ឲ្យមេភូមិទាំងអស់ពិនិត្យពីស្ថានភាពពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ និងជីកអណ្ដូងតាមអូរដើម្បីទាញយកទឹកប្រើប្រាស់ជាបណ្ដោះអាសន្ន ព្រមទាំងជួសជុលអណ្ដូងដែលខូចឡើងវិញ៖ «កន្លែងខ្លះវាខះ ព្រោះរាល់ឆ្នាំវាមិនខះទេ តាមអូរ»។
ឃុំអន្លង់ភេ មានពលរដ្ឋរស់នៅចំនួន ៧៦៣គ្រួសារ ក្នុងនោះពលរដ្ឋជាង ៨០ភាគរយកំពុងខ្វះខាតទឹកប្រើប្រាស់។ ស្រុកថាឡាបរិវ៉ាត់ មានឃុំចំនួន ៥ដែលប្រឈមខ្វះខាតទឹកប្រើប្រាស់ គឺឃុំអន្លង់ភេ ឃុំស្រែឫស្សី ឃុំចម្ការលើ ឃុំអន្លង់ជ្រៃ និងឃុំថាឡាបរិវ៉ាត់។
នាយករដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មានប្រសាសន៍ថា អាជ្ញាធរស្រុកបានចាត់ឲ្យអាជ្ញាធរឃុំទាំងអស់ស្រង់ទិន្នន័យផលប៉ះពាល់នានា ទាក់ទិនគ្រោះរាំងស្ងួតដើម្បីឲ្យស្រុកមានវិធានការអន្តរាគមន៍។ លោកថា បើពលរដ្ឋពិតជាខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរ អាជ្ញាធរនឹងអន្តរាគមន៍បន្ទាន់ដោយដឹកជញ្ជូនទឹកតាមរថយន្ត និងជីកអណ្ដូងប្រើប្រាស់ភ្លាមៗដើម្បីសម្រាលការលំបាកពលរដ្ឋ៖ «វិធានការរបស់យើងប្រុងដឹកទឹកជួយសង្គ្រោះពលរដ្ឋ ប៉ុន្តែនៅពេលយើងវាយតម្លៃផលប៉ះពាល់អត់មានប៉ះពាល់»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ចង់ឃើញគណបក្សដែលជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លើកជារបៀបវារៈចាប់ដៃគ្នា ដោះស្រាយវិបត្តិគ្រោះរាំងស្ងួតជាបន្ទាន់ ដែលកំពុងគំរាមកំហែងធ្ងន់ធ្ងរដល់ពលរដ្ឋនៅតំបន់ដាច់ស្រយាល។ លោកថា ដើម្បីដោះស្រាយបញ្ហានេះទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាពិសេស អាជ្ញាធរថ្នាក់មូលដ្ឋាន រដ្ឋាភិបាល និងស្ថាប័នរដ្ឋសភាជាតិ។
លោកមើលឃើញថា គ្រោះរាំងស្ងួត និងបាតុភូតគ្រោះធម្មជាតិក្នុងឆ្នាំ២០១៦ នេះ គឺជាសញ្ញាបង្ហាញពីការងាយរងគ្រោះខ្លាំងសម្រាប់ពលរដ្ឋនៅមូលដ្ឋាន ដូចជា ខាតបង់ទ្រព្យសម្បត្តិ និងសត្វពាហនៈ និងការខ្វះខាតទឹកប្រើប្រាស់ជាដើម ដែលជាឧបសគ្គចម្បងរុញច្រានឲ្យជីវភាពពួកគេធ្លាក់ចុះ៖ «គ្រោះរាំងស្ងួតជាបញ្ហាថ្មីសម្រាប់ឆ្នាំ២០១៦ ហ្នឹង។ ដូច្នេះវាជារឿងមួយចាំបាច់ត្រូវមានការដោះស្រាយ និងការឆ្លើយតបជាបន្ទាន់»។
គ្រោះរាំងស្ងួតនៅខែត្រស្ទឹងត្រែង បានកើតឡើងស្ទើរគ្រប់ស្រុកនៃខែត្រស្ទឹងត្រែង ក្នុងនោះស្រុកដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។