ពលរដ្ឋ​នៅ​ស្រុក​ថាឡាបរិវ៉ាត់​បារម្ភ​ពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់

0:00 / 0:00

ពលរដ្ឋ​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង បារម្ភ​ពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ ការ​បារម្ភ​នេះ បន្ទាប់​ពី​ប្រភព​ទឹក​សំខាន់ៗ​នៅ​មូលដ្ឋាន​ដែល​ធ្លាប់​ទ្រទ្រង់​ជីវភាព​អ្នក​ភូមិ​បាន​រីង​ហួតហែង​ជា​បណ្តើរៗ រី​ឯ​ទឹក​អណ្ដូង​មួយ​ចំនួន​បាន​រីង​ខះ គ្មាន​ទឹក។ អ្នក​ភូមិ​ខ្លះ​បាន​ជីក​រណ្ដៅ​ចម្រោះ​ទឹក​កណ្ដាល​អូរ ដើម្បី​ទាញ​យក​ទឹក​ប្រើប្រាស់​បណ្ដោះអាសន្ន។

ពលរដ្ឋ​រស់​នៅ​តំបន់​ដាច់ស្រយាល​នៃ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កំពុង​មាន​វិបត្តិ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ បង្ក​ការ​លំបាក​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់។ អ្នក​ភូមិ​មួយ​ចំនួន​បង្ខំ​ចិត្ត​ប្រើប្រាស់​ទឹក​បាត​ស្ទឹង និង​អូរ ដែល​ល្អក់ ព្រោះ​ពុំ​មាន​ជម្រើស។

ពលរដ្ឋ​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ លោកស្រី ចាន់ សុខា រៀបរាប់​ថា បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​កើត​មាន​ស្ទើរ​តែ​ទូទាំង​ស្រុក​ថាឡាបរិវ៉ាត់ ជាពិសេស​ពលរដ្ឋ​រស់​នៅ​តំបន់​ដាច់​ស្រយាល ដូចជា​ឃុំ​អន្លង់ភេ ជាដើម កំពុង​មាន​វិបត្តិ​គ្រោះ​រាំង​ស្ងួត។

លោកស្រី​ថា អ្នក​ភូមិ​ខ្លះ​បាន​ទួល​រែក​ធុង​ជញ្ជូន​ទឹក​យក​មក​ប្រើ​ប្រាស់​ដោយ​ធ្វើ​ដំណើរ​ច្រើន​គីឡូម៉ែត្រ ដើម្បី​ស្វែង​រក​ទឹក​តាម​អូរ និង​តាម​ដង​ផ្លូវ​ជាតិ​លេខ​៩។ ជាង​នេះ​ទៀត មាន​អ្នក​ភូមិ​មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​ប្រើប្រាស់​ទឹក​ល្អក់​មិន​ស្អាត​ដែល​ដង​ពី​បាត​អូរ និង​ស្រះ​ដោយសារ​តែ​ពួកគេ​ពុំ​មាន​មធ្យោបាយ​យក​ទឹក​ពី​តំបន់​ផ្សេង​ប្រើប្រាស់៖ «ប្រសិនបើ​គេ​អ្នក​មាន​លុយ​គេ​មិន​អាច​ផឹក​ទេ សូម្បីតែ​មុជ​ក៏​មិន​បាន​មុជ​ទេ សម្រាប់​យើង​អ្នក​អត់​សុខ​ចិត្ត​ទ្រាំ​អត់​ទ្រាំ​ផឹក​ទឹក​អ៊ីចឹង​ហើយ។ នាំ​គ្នា​ទៅ​ដល់​យក​ចប​កោស​ដី​ខ្សាច់​ចេញ ហើយ​យើង​ជីក យក​ចាន​មួយ​ដួស​កាក​ដី​ហ្នឹង​ចេញ​អស់​អ៊ីចឹង​ទៅ​សម្ងំ​ទឹក​វា​ចេញ​មក ហើយ​សម្ងំ​ទឹក​ថ្លាៗ​បន្តិច​ទៀត នាំ​គ្នា​ដង​ទូល​មក​ប្រើ​នៅ​ផ្ទះ»

ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ កញ្ញា សម្បត្តិ រចនា ឲ្យ​ដឹង​ដែរ​ថា ពលរដ្ឋ​នៅ​ឃុំ​អន្លង់ជ្រៃ ច្រើន​គ្រួសារ បាន​ជីក​រណ្ដៅ ឬ​អន្លង់​តាម​អូរ​ដើម្បី​ទាញ​យក​ទឹក​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន។ លើស​ពី​នេះ រណ្ដៅ​ដែល​អ្នក​ភូមិ​ជីក​នោះ​ក៏​មិន​ផ្ដល់​ទឹក​ឲ្យ​អ្នក​ភូមិ​ប្រើប្រាស់​បាន​យូរ​ដែរ។ កញ្ញា​កត់​សម្គាល់​ថា អណ្ដូង​ទឹក​ក្នុង​ភូមិ​មាន ៥ ខូចខាត​អស់ ៣ ដែល​អ្នក​ភូមិ​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន។

កញ្ញា​បារម្ភ​ថា ស្ថានភាព​ទឹក​អ្នក​ភូមិ​ប្រើប្រាស់​បច្ចុប្បន្ន​ល្អក់ ដែល​អាច​ប៉ះពាល់​សុខភាព​ពួកគេ ខណៈ​អ្នក​ភូមិ​ពុំ​សូវ​ប្រើប្រាស់​ធុង​ចម្រុះ និង​ដាំ​ទឹក​មុន​ពេល​ប្រើប្រាស់​នោះ​ទេ៖ «របៀប​ដូច​ថា អូរ ប៉ុន្តែ​គេ​ជីក​ជា​អន្លង់​ហើយ​យក​ទឹក​ហ្នឹង​មក​ប្រើប្រាស់​វិញ។ ពលរដ្ឋ​រំពឹង​ទឹក​អូរ​ដល់​ពេល​រាំង​ស្ងួត​អត់​មាន​ហើយ»

មេ​ឃុំ​អន្លង់ភេ លោក អឿន ខែន ទទួល​ស្គាល់​ថា ពលរដ្ឋ​ទូទាំង​ឃុំ​ទាំងមូល កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់ តែ​លោក​បាន​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ស្រុក​រួច​ហើយ។ លោក​ថា វិធានការ​ដំបូង​អាជ្ញាធរ​ឃុំ​ចាត់​ឲ្យ​មេភូមិ​ទាំង​អស់​ពិនិត្យ​ពី​ស្ថានភាព​ពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ជីក​អណ្ដូង​តាម​អូរ​ដើម្បី​ទាញ​យក​ទឹក​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន ព្រម​ទាំង​ជួសជុល​អណ្ដូង​ដែល​ខូច​ឡើង​វិញ៖ «កន្លែង​ខ្លះ​វា​ខះ ព្រោះ​រាល់​ឆ្នាំ​វា​មិន​ខះ​ទេ តាម​អូរ»

ឃុំ​អន្លង់ភេ មាន​ពលរដ្ឋ​រស់​នៅ​ចំនួន ៧៦៣​គ្រួសារ ក្នុង​នោះ​ពលរដ្ឋ​ជាង ៨០​ភាគរយ​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់។ ស្រុក​ថាឡាបរិវ៉ាត់ មាន​ឃុំ​ចំនួន ៥​ដែល​ប្រឈម​ខ្វះខាត​ទឹក​ប្រើប្រាស់ គឺ​ឃុំ​អន្លង់ភេ ឃុំ​ស្រែ​ឫស្សី ឃុំ​ចម្ការលើ ឃុំ​អន្លង់ជ្រៃ និង​ឃុំ​ថាឡាបរិវ៉ាត់។

នាយក​រដ្ឋបាល​សាលាស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ឃុំ​ទាំង​អស់​ស្រង់​ទិន្នន័យ​ផល​ប៉ះពាល់​នានា ទាក់ទិន​គ្រោះ​រាំងស្ងួត​ដើម្បី​ឲ្យ​ស្រុក​មាន​វិធានការ​អន្តរាគមន៍។ លោក​ថា បើ​ពលរដ្ឋ​ពិត​ជា​ខ្វះខាត​ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ អាជ្ញាធរ​នឹង​អន្តរាគមន៍​បន្ទាន់​ដោយ​ដឹក​ជញ្ជូន​ទឹក​តាម​រថយន្ត និង​ជីក​អណ្ដូង​ប្រើប្រាស់​ភ្លាមៗ​ដើម្បី​សម្រាល​ការ​លំបាក​ពលរដ្ឋ៖ «វិធានការ​របស់​យើង​ប្រុង​ដឹក​ទឹក​ជួយ​សង្គ្រោះ​ពលរដ្ឋ ប៉ុន្តែ​នៅ​ពេល​យើង​វាយ​តម្លៃ​ផល​ប៉ះពាល់​អត់​មាន​ប៉ះពាល់»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ចង់​ឃើញ​គណបក្ស​ដែល​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លើក​ជា​របៀបវារៈ​ចាប់​ដៃ​គ្នា ដោះស្រាយ​វិបត្តិ​គ្រោះ​រាំង​ស្ងួត​ជា​បន្ទាន់ ដែល​កំពុង​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ជាពិសេស អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋ​សភា​ជាតិ។

លោក​មើល​ឃើញ​ថា គ្រោះ​រាំង​ស្ងួត និង​បាតុភូត​គ្រោះធម្មជាតិ​ក្នុង​ឆ្នាំ​២០១៦ នេះ គឺ​ជា​សញ្ញា​បង្ហាញ​ពី​ការ​ងាយ​រងគ្រោះ​ខ្លាំង​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន ដូចជា ខាតបង់​ទ្រព្យ​សម្បត្តិ និង​សត្វ​ពាហនៈ និង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ជា​ដើម ដែល​ជា​ឧបសគ្គ​ចម្បង​រុញ​ច្រាន​ឲ្យ​ជីវភាព​ពួកគេ​ធ្លាក់​ចុះ៖ «គ្រោះ​រាំង​ស្ងួត​ជា​បញ្ហា​ថ្មី​សម្រាប់​ឆ្នាំ​២០១៦ ហ្នឹង។ ដូច្នេះ​វា​ជា​រឿង​មួយ​ចាំបាច់​ត្រូវ​មាន​ការ​ដោះស្រាយ និង​ការ​ឆ្លើយ​តប​ជា​បន្ទាន់»

គ្រោះ​រាំង​ស្ងួត​នៅ​ខែត្រ​ស្ទឹងត្រែង បាន​កើត​ឡើង​ស្ទើរ​គ្រប់​ស្រុក​នៃ​ខែត្រ​ស្ទឹងត្រែង ក្នុង​នោះ​ស្រុក​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ស្រុក​សៀមប៉ាង និង​ស្រុក​ថាឡាបរិវ៉ាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។