ជនជាតិដើមភាគតិចរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ភ័យខ្លាចគ្រោះធម្មជាតិ ផ្គររន្ទះ និងខ្យល់កន្ទ្រាក់ បន្ទាប់ពីមានមនុស្សស្លាប់ និងរងរបួសជាបន្តបន្ទាប់ដោយសារបាតុភូតធម្មជាតិនេះ។ ខ្យល់កន្ទ្រាក់ និងផ្គររន្ទះនៅដើមខែវស្សានេះ កំពុងគំរាមកំហែងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពលរដ្ឋ សត្វចិញ្ចឹម និងបំផ្លាញផ្ទះសម្បែង។
ពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង នៅថ្ងៃទី១៣ ខែឧសភា អំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរកមធ្យោបាយអន្តរាគមន៍ត្រៀមបង្ការគ្រោះមហន្តរាយផ្គររន្ទះនៅមូលដ្ឋានដែលពួកគាត់រស់នៅ។ ការអំពាវនាវនេះ បន្ទាប់ពីពលរដ្ឋ ២នាក់ បានស្លាប់ដោយសាររន្ទះបាញ់ និង ២នាក់ទៀតរងរបួសធ្ងន់កាលពីថ្ងៃទី១១ ខែឧសភា។
ជនជាតិដើមភាគតិចកួយ រស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ ឲ្យដឹងថា បុរសម្នាក់ស្លាប់ដោយរន្ទះបាញ់នៅផ្ទះ និងបុរសម្នាក់ស្លាប់ដោយសាររន្ទះបាញ់ពេលកំពុងធ្វើដំណើរដោយម៉ូតូ។ ចំណែកស្ត្រីម្នាក់វ័យ ៣៩ឆ្នាំ រងរបួសធ្ងន់បាក់ឆ្អឹងខ្នងដោយផ្ទះរលំលើនៅពេលខ្យល់កន្ទ្រាក់។ លោកបន្តថា បម្រែបម្រួលអាកាសធាតុនៅឆ្នាំនេះ មិនត្រឹមតែពលរដ្ឋបាត់បង់ជីវិត ផ្ទះជាច្រើនខ្នងត្រូវខូចខាត និងដួលរលំនោះទេ បញ្ហាខ្វះទឹកប្រើប្រាស់ និងអាកាសធាតុឡើងកម្ដៅខ្លាំងក៏កំពុងគំរាមកំហែងជីវភាពរស់នៅអ្នកភូមិដែរ។ លោកចាត់ទុកបាតុភូតខ្យល់កន្ត្រាក់ ផ្គររន្ទះ គឺជាបាតុភូតកាចសាហាវមិនធ្លាប់កើតមាននៅក្នុងភូមិពីមុនមក។
លោក អ៊ុក ម៉ៅ យល់ថា ការទន្ទ្រានដីព្រៃ និងការកាប់បំផ្លាញព្រៃឈើជាប្រព័ន្ធ បង្កកើតមានការបម្រែបម្រួលអាកាសធាតុដ៏អាក្រក់នេះ៖ «កាលពីដើមឡើយមិនដែលមានទេ កាលនោះព្រៃឈើវាមានច្រើន។ តាំងពីអស់ព្រៃឈើមក អភូតហេតុកាន់តែប្លែកៗច្រើន មានតាំងពីខ្យល់ព្យុះ ខ្យល់កន្ទ្រាក់ រន្ទះបាញ់។ បើរន្ទះបាញ់ បាញ់ដើមឈើ វាមិនដែលបាញ់មនុស្ស ឥឡូវអស់ដើមឈើបាញ់ វាបាញ់មនុស្សម្ដង»។
អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍ថា អាជ្ញាធរខែត្របានយកចិត្តទុកដាក់អន្តរាគមន៍សង្គ្រោះពលរដ្ឋរងគ្រោះដោយសាររន្ទះបាញ់ ខណៈពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រមទាំងផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋរងផលប៉ះពាល់។ លោកបញ្ជាក់ថា អាជ្ញាធរមិនទាន់មានផែនការផ្ដល់ប្រព័ន្ធការពាររន្ទះនៅមូលដ្ឋាននោះទេ ដោយសារតែវិសាលភាពគ្រោះធម្មជាតិទូលំទូលាយ។ តែយ៉ាងណាលោកថា អាជ្ញាធរបានអប់រំផ្សព្វផ្សាយពលរដ្ឋឲ្យប្រុងប្រយ័ត្នពេលមានករណីខ្យល់កន្ទ្រាក់ ផ្គររន្ទះ៖ «ការអប់រំណែនាំដល់ពលរដ្ឋហ្នឹងហើយ នៅពេលដែលមានករណីផ្គររន្ទះ ភ្លៀងខ្យល់អីហ្នឹង គឺសុំឲ្យគាត់មានការប្រុងប្រយ័ត្ន»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ឲ្យដឹងថា កញ្ចប់ថវិកាគាំទ្រប្រព័ន្ធការពាររន្ទះនៅមានកម្រិត ដែលស្ថាប័នជំនាញនៅមិនទាន់ស្រាវជ្រាវពីប្រភេទឧបករណ៍ណាដែលធានាថា អាចការពាររន្ទះបាន ឬយ៉ាងណាទេនៅតំបន់ដាច់ស្រយាល ដោយសារតែបាតុភូតនោះជាបាតុភូតធម្មជាតិ។ តែយ៉ាងណាលោកអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ននៅពេលមេឃរកភ្លៀងដូចជា កុំប្រើទូរស័ព្ទ និងកុំប្រើឧបករណ៍មានជាតិដែក មិនត្រូវធ្វើការនៅទីវាលពេលមេឃភ្លៀង៖ «យើង មិនទាន់ដឹងថា ឧបករណ៍អីដែលអាចការពាររន្ទះដល់ពលរដ្ឋរបស់យើងបានទេ យើងនៅគិតថា នៅប្រទេសក្រៅៗក៏មានបញ្ហាច្រើនដែររឿងបញ្ហារន្ទះហ្នឹង»។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ថា បើរដ្ឋាភិបាលពុំមានកញ្ចប់ថវិកាដើម្បីប្រើប្រាស់ប្រព័ន្ធការពាររន្ទះ មានន័យថា រដ្ឋាភិបាលមិនទាន់ត្រៀមខ្លួនឲ្យគ្រប់ជ្រុងជ្រោយដើម្បីត្រៀមបង្ការគ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុនោះទេ។ លោករកឃើញថា ឱកាសនៃការប្រុងប្រយ័ត្នរបស់ពលរដ្ឋមានតិចតួចណាស់ ជាក់ស្ដែងមានពលរដ្ឋខ្លះត្រូវរន្ទះបាញ់ស្លាប់ក្នុងផ្ទះក៏មានដែរ។ លោកទទួលឲ្យរដ្ឋាភិបាលពន្លឿនបំពាក់ប្រព័ន្ធការពាររន្ទះនៅតំបន់ដែលងាយរងគ្រោះដូចជាទីប្រជុំជន និងសាលារៀនជាដើម៖ «ខ្ញុំនៅតែទទូចចំពោះការរៀបចំឲ្យមានប្រព័ន្ធការពាររន្ទះ។ ដាក់ទៅតំបន់ណាដែលងាយរងគ្រោះយើងចាប់ផ្តើមមុន»។
បាតុភូតគ្រោះធម្មជាតិនៅស្រុកសៀមប៉ាង និងស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ចាប់ពីខែមេសា ឆ្នាំ២០១៦ រហូតបច្ចុប្បន្ន ធ្វើឲ្យខូចខាតផ្ទះពលរដ្ឋជាង ៦០ខ្នង ក្នុងនោះជាង ១០ខ្នងដួលរលំ (ស្រុកសៀមប៉ាង ខូចខាតផ្ទះ ២៤ខ្នង)។ ចំណែកសត្វពាហនៈអ្នកស្រុកសៀមប៉ាង យ៉ាងហោចណាស់ ៣០០ក្បាលងាប់ដោយសារគ្រោះរាំងស្ងួត។
ដោយឡែកនៅខែត្រក្រចេះ ពលរដ្ឋរស់នៅស្រុកស្នួល និងស្រុកសំបូរ ២នាក់ បានស្លាប់ដោយរន្ទះបាញ់កាលពីចុងខែមេសា ក្នុងនោះ ពលរដ្ឋរស់នៅស្រុកស្នួល ម្នាក់ក្នុងចំណោម ៦នាក់បានស្លាប់នៅពេលពិសាអាហារពេលល្ងាចជាមួយក្រុមគ្រួសារ ហើយសមាជិកគ្រួសារ ៥នាក់ទៀតបានសន្លប់ដោយសាររន្ទះបាញ់នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។