ជីវិតតស៊ូការពារដី និងព្រៃឈើរបស់ស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ
2023.05.05

ជនជាតិដើមភាគតិចកួយមួយគ្រួសារ ក្នុងចំណោម៣៦៩គ្រួសារ បានចូលរួមចំណែកការពារដីធ្លី និងព្រៃឈើយ៉ាងសកម្មនៅភូមិកំណើតរបស់គាត់ក្នុងខេត្តព្រះវិហារ ។ ដីធ្លី និងព្រៃឈើនៅតំបន់នោះ កំពុងរងការរំលោភយកដីធ្លី ជាកម្មសិទ្ធិឯកជន និងកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ ធ្វើឱ្យប្រជាសហគមន៍បាត់បង់ប្រាក់ចំណូល។ ស្ត្រីជនជាតិដើមភាគតិចម្នាក់គឺ លោកស្រី ស៊ិង សាំ បង្ហាញពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងដើម្បីថែរក្សាដី និងធនធានធម្មជាតិដែលបន្សល់ទុកតាំងពីដូនតា។
ជនជាតិដើមភាគតិចកួយរស់នៅ ភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោកស្រី ស៊ិង សាំ បានចូលរួមការពារដីធ្លី និងព្រៃឈើអស់រយៈពេល ១១ឆ្នាំមកហើយ ចាប់តាំងពីក្រុមហ៊ុនឯកជនឈូសឆាយដីសហគមន៍យកទៅដាំអំពៅ និងដាំដើមកៅស៊ូកាលពីឆ្នាំ២០១២។ ដីដែលក្រុមហ៊ុនស្ករអំពៅចិនហេងហ្វូ (Hengfu Group Sugar Industry) ទទួលបានសិទ្ធិវិនិយោគលើផ្ទៃទំហំ៤ម៉ឺនហិកតារ (៤២.០០០) គ្របដណ្ដប់លើស្រុកចំនួន ៣គឺស្រុកជ័យសែន ស្រុកឆែប និងស្រុកត្បែងមានជ័យ ។ បើទោះបីជាក្រុមគ្រួសារ លោកស្រី ស៊ិន សាំ ធ្លាក់ខ្លួនឈឺត្រូវការលោកស្រីនៅមើលថែយ៉ាងណាក្ដីក៏ លោកស្រីមិនបានយកចិត្តដាក់ទុកដាក់មើលថែប្ដីឡើយ រហូតដល់ឆ្នាំពី២០១៤ ប្ដីស្លាប់ចោលលោកស្រីនិងកូន៥នាក់។ ប៉ុន្តែ លោកស្រីបញ្ជាក់ថា លោកស្រីមិនមានពេលថែទាំប្ដីលោកស្រីដោយសារតែលោកស្រីត្រូវចេញតវ៉ាទាមទារដីសហគមន៍បាត់បង់នោះមកវិញ។ក្នុងវ័យ៦៧ឆ្នាំ ស្ត្រីជាសកម្មជនបរិស្ថាន រូបនេះបានចាត់ទុក ដីធ្លី និងព្រៃឈើ គឺជាអាយុជីវិតរបស់ប្រជាសហគមន៍ពីព្រោះពួកគាត់រំពឹងលើដីធ្វើស្រែចម្ការ និងអាស្រ័យអនុផលព្រៃឈើតាំងពីដូនតាមក ។ លោកស្រីបន្តថា លោកស្រីបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដើម្បីអាចមានប្រាក់ឧបត្ថម្ភខ្លះឱ្យប្រជាសហគមន៍ចាក់ម៉ាស៊ូតចុះល្បាតព្រៃ ពីព្រោះលោកស្រី និងប្រជាសហគមន៍ ចុះល្បាតព្រៃពុំទទួលបានថវិកាឡើយ។
លោកស្រី ស៊ិន សាំ៖ «ខ្ញុំអត់ខ្លាចទេ ព្រោះខ្ញុំអត់ធ្វើអីខុសផង បើគេសួរយ៉ាងណាថា ចុះខ្ញុំមានខុសអីខ្ញុំតស៊ូសព្វថ្ងៃរឿងដីធ្លីដោយសារក្រពះរបស់ខ្ញុំវាស្រេកឃ្លាន ហើយម្យ៉ាងទៀតទុកឱ្យកូនចៅខ្ញុំ បើស្អីក៏របស់រដ្ឋបើពួកខ្ញុំប្រជាពលរដ្ឋមិនមែនជារាស្ត្ររបស់រដ្ឋទេ បើមានតែរដ្ឋអត់រាស្ត្រគេហៅថា រដ្ឋដែលខ្ញុំតែងតែតស៊ូមតិជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់»។
លោកស្រីបន្ថែមថា ព្រៃឈើ និងដីបាត់បង់គឺដោយសារតែអាជ្ញាធរគប់គិតជាមួយក្រុមហ៊ុនឯកជនបើកដៃឱ្យឈ្មួយរំលោភយកដីធ្វើជាកម្មសិទ្ធិឯកជន និងកាប់ឈើលក់ឱ្យឈ្មួយខុសច្បាប់ថែមទៀតផង។ លោកស្រីបន្តថា ដោយសារតែលោកស្រីចេញតវ៉ាទាមទារដីឱ្យសហគមន៍ និងតែងដាក់ញាតិនៅតាមក្រសួង ស្ថានទូតជាច្រើនលើក ដូច្នេះហើយបានជាអាជ្ញាធរចោទលោកស្រីថា ញុះញង់ឱ្យប្រជាពលរដ្ឋចេញតវ៉ា បង្កភាពអសន្តិសុខសង្គម។
លោកស្រី ស៊ិន សាំ៖ «ពេលពួកខ្ញុំតវ៉ាអីដូចថាយើងភ្ជួររាស់អីនាំគ្នាទៅទប់ស្កាត់ មិនឱ្យអាត្រាក់ចូលអីគឺមានតែការគំរាមកំហែងអាឯងខំទៅប្រយ័ត្នជាប់។ គុកគ្មានអ្នកណាជួយទេចំពោះអាជ្ញាធរគ្មានអ្នកណាយកចិត្តទុកដាក់ ទោះបីមានបញ្ហាអីក៏ដោយក៏គេមិនដែលដោះស្រាយជូនប្រជាពលរដ្ឋបានមួយករណីទេ»។
ជាងនេះទៅទៀត នៅពេលក្រុមយុវជនដែលមកសិក្សារៀនសូត្រអំពីធនធានធម្មជាតិ និងការរស់នៅរបស់ប្រជាសហគមន៍ម្តងៗ អាជ្ញាធរតែងតែចុះមកសួរនាំលោកស្រី តាមថតរូបក្រុមយុវជន និងចងអង្រឹងយាមនៅក្រោមផ្ទះលោកស្រីជាដើម។ ពីព្រោះអាជ្ញាធរទាំងនោះខ្លាចយុវជនដឹងពីអំពើពុករលួយរបស់ខ្លួន។
ស្ត្រីជនជាតិដើមភាគតិចនេះអះអាងថា ពុំមែនមានតែគាត់ម្នាក់ នោះទេដែលអាជ្ញាធរគំរាមកំហែង និងធ្វើទុក្ខបុកម្នេញ សូម្បីតែស្ត្រីតស៊ូមតិផ្សេងទៀតក៏ត្រូវអាជ្ញាធរតាមថតរូបដល់ផ្ទះ និងអ្នកខ្លះជាប់ពាក្យបណ្ដឹងនៅតុលាការដែរ បន្ទាប់ពីពួកគេតវ៉ាទាមទារដី និងទាមទារឱ្យពលរដ្ឋចូលល្បាតព្រៃឡើងវិញ។
លោកស្រី ស៊ិង សាំ មានកូន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ ។ បច្ចុប្បន្នលោកស្រី ធ្វើស្រែចម្ការ ដើម្បីរកចំណូលខ្លះ ចិញ្ចឹមជីវិត។ ចំណែកអ្នកម្ដាយរបស់លោកស្រីចាស់ជរាវង្វេងស្មារតី ក្រោយពីឪពុករបស់លោកស្រីស្លាប់ចោលតាំងពីឆ្នាំ១៩៨៤។
ដោយឡែកយុវជនសកម្ម លោក ងន ហ៊ីម រស់នៅក្នុងភូមិជាមួយគ្នា ថ្លែងថា លោកស្រី ស៊ិង សាំ គឺជាស្ត្រីគំរូម្នាក់នៅក្នុងសហគមន៍គាត់តែងតែជួយឈឺឆ្អាលប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរគំរាមកំហែង និងសម្លុត។ លោកបន្តថា លោកស្រី ស៊ិង សាំ មិនដែលរុញរាជួយការពារព្រៃឈើ និងដីធ្លីនោះទេ នៅពេលក្រុមហ៊ុនឯកជនឈូសដីសហគមន៍។
លោក ងន ហ៊ីម ៖ «ពួកគាត់បានដើរតួនាទីជាសមាជិកសហគមន៍ល្អមានន័យថាគាត់មានគំនិតមានចំណេះដឹងហើយលោកស្រី ស៊ិង សាំ មិនត្រូវបានគេរឹតត្បិតសិទ្ធិសេរីភាពគាត់មានចំណេះដឹងចង់ឱ្យគាត់បន្តកិច្ចការងារទាំងនេះហើយគាត់នឹងទទួលបានចំណេះដឹងថ្មីៗហើយការដឹកនាំជីវិតមួយមានភាពច្បាស់ការ»។
ដីសហគមន៍ដែលត្រូវក្រុមហ៊ុន ស្ករអំពៅចិនហេងហ្វូ រំលោភយកមានជាង៨ពាន់ហិកតារដើម្បីដាំអំពៅ និងដាំកៅស៊ូ ដែលធ្វើឱ្យប៉ះពាល់ដល់ជនជាតិដើមភាគតិចប្រមាណ ២ពាន់គ្រួសារ មានប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់ ស្ថិតនៅក្នុងភូមិចំនួន២៥ ឃុំចំនួន១០ និងស្រុកចំនួន៣ គឺស្រុកជ័យសែន ស្រុកឆែប និងស្រុកត្បែងមានជ័យ ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះមានជនជាតិភាគតិចខ្លះបង្ខំចិត្តចំណាកស្រុកដើម្បីរកការងារធ្វើ និងអ្នកមួយចំនួនទៀតស៊ីឈ្នួលដកដំឡូងមី គ្រាន់បានប្រាក់កក់ខ្លះចិញ្ចឹមជីវិត។
វិទ្យុអាស៊ីសេរីនៅមិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ចាន់សុជាតិ និងអ្នកនាំពាក្យសាលាខេត្តព្រះវិហារ លោក យ៉ុង គឹមហឿង ដើម្បីស្រាយបំភ្លឺបាននៅឡើយទេនៅថ្ងៃទី០៤ ឧសភា។
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលគម្រោងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន មានប្រសាសន៍ថា លោកស្រី ស៊ិង សាំ ជាស្ត្រីម្នាក់ដែលសកម្មក្នុងកិច្ចការពារដីធ្លី និងព្រៃឈើក្នុងសហគមន៍។ ប្រកបដោយឆន្ទៈមោះមុត និងមានការតស៊ូបើទោះបីជាមានការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរយ៉ាងណាក្ដី។
លោក អូត ឡាទីន៖ «ខ្ញុំគិតថាសកម្មភាពរបស់សហគមន៍មូលដ្ឋានក៏ដូចជាសហគមន៍ព្រៃព្រះរកាដែលគាត់ចេញសកម្មភាពក្នុងការពារផលប្រយោជន៍របស់ពួកគាត់នឹងគួរតែត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់លើកទឹកចិត្តហើយ ជាពិសេសព្រៃឈើព្រៃព្រះរកាគឺជាព្រៃអត្តសញ្ញាណរបស់ពួកគាត់អ៊ីចឹងហើយរាជរដ្ឋាភិបាលគួរតែធ្វើការពិចារណាផ្ដល់ឱកាសឱ្យពួកគាត់ចូលការពារឱ្យបានពេញលេញ»។
អ្នកឃ្លាំមើលបញ្ហាព្រៃឈើសង្កេតឃើញថា ការមិនអើពើរបស់មន្ត្រីពាក់ព័ន្ធរដ្ឋាភិបាល លោកហ៊ុន សែន ដើម្បីទប់ស្កាត់បទល្មើសអារឈើនៅតំបន់ព្រៃអភិរក្ស ដូចជាព្រៃឡង់ ព្រៃព្រះរកា និងបញ្ឈប់ការផ្ដល់ដីសម្បទានជាដើម ធ្វើឱ្យកម្ពុជារងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ជីវភាពជនជាតិដើមភាគតិច និងធ្វើឱ្យពួកគេបាត់បង់ប្រពៃណី ដែលពាក់ព័ន្ធនឹងជំនឿ។ ជាងនេះទៀត បញ្ហានេះធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ តាមរយៈការឡើងកម្ដៅខ្លាំង មានគ្រោះរាំងស្ងួតខ្យល់កន្ត្រាក់ដែលធ្វើឱ្យប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ លោកស្រី ស៊ិង សាំ យល់ឃើញថា អាជ្ញាធរគួរតែសហការជាប្រជាពលរដ្ឋការពារធនធានធម្មជាតិឱ្យបានច្រើន ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការរំលោភយកដីពលរដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន។ លោកស្រីស្នើដល់រដ្ឋាភិបាលថា គួរតែទម្លាក់ការចោទប្រកាន់មកលើពលរដ្ឋស្លូតត្រង់ ដែលតែងតែការពារធនធានធម្មជាតិថា ជាក្រុមបក្សប្រឆាំង និងងាកមកលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ដែលពួកគាត់តែងតែរស់ពឹងអាស្រ័យលើអនុផលព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។